សៀមរាបៈ ​បន្ទាប់ពី​រដ្ឋាភិបាល​ស​ម្រេច​ធ្វើ​ចំណាត់ការ​លើ​ករណី​សំណង់​ខុសច្បាប់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ និង​ផ្តល់​ទីតាំង​ថ្មី​រួចមក មាន​ប្រជាពលរដ្ឋ​ជិត​ ២​ ពាន់​គ្រួសារ​ ហើយ​ដែល​ស្ម័គ្រចិត្ត​រុះរើ​ចេញទៅ​ចាប់​ទីតាំង​ថ្មី​នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯកនៃ​ស្រុក​បន្ទាយស្រី​។ នេះបើតាម​ការបញ្ជាក់​ពី​អាជ្ញាធរ​ជាតិ​អប្សរា​។

លោក ​ឡុង កុសល អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​ ៧ ខែ កញ្ញា ឆ្នាំ​ ២០២២​ ថា មកដល់​ពេលបច្ចុប្បន្ន​នេះ ខាង​អាជ្ញាធរ​និង​ស្ថាប័ន​ពាក់ព័ន្ធ​កំពុង​យកចិត្តទុកដាក់​ចាត់វិធានកា​រលើ​បញ្ហា​សំណង់​ខុសច្បាប់ និង​សំណង់​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តំបន់​បេតិកភណ្ឌ​អង្គរ ហើយ​ប្រជាពលរដ្ឋ​ប្រមាណ​ជិត ២ ​ពាន់​គ្រួសារ​មកពី​ភូមិ​ត្រពាំង​សេះ និង​ភូមិ​ទក្សិណ​ខាងត្បូង នៃ​សង្កាត់​គោកចក ក្រុង​សៀមរាប បាន​ស្ម័គ្រចិត្ត​រុះរើ​ និង​ចាក​ចេញទៅ​ចាប់ដី​ឡូ​ត៍ថ្មី​នៅ​ទីតាំង​ភូមិ​ធម្មជាតិ​រុន​តា​ឯក ​ដែល​រៀបចំ​ដោយ​អាជ្ញាធរ​ហើយ​។

លោក ឡុង កុសល​៖ «​ការពិត​ប្រជាពលរដ្ឋយល់​ពី​គោលបំណង​របស់​រដ្ឋា​ភិបាល​ក្នុង​ការរៀបចំ​តម្រង់ទិស​កែប្រែ​តំបន់​បេ​តិក​ភ​ណ្ឌ​។ ពួកគាត់​សប្បាយចិត្ត​ក្នុងការ​ចូលរួម​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​តំបន់​អង្គរ​កាន់​តែមាន​ភាពល្បីល្បាញ កាន់តែ​មានការ​ទាក់ទាញ​សម្រាប់​ភ្ញៀវទេសចរ រក្សាបាន​អង្គរ​ជា​បេ​តិក​ភណ្ឌ​ពិភពលោក​»។​

លោក កុសល ថ្លែងថា ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​ទៅ​រស់នៅក្នុង​ទីតាំង​ថ្មី​ ភូមិ​ធម្មជាតិ​រុន​តា​ឯក ដែល​រដ្ឋ​បាន​គិតគូរ​ចែក​ដី​ឡូ​ត៍​ថ្មី​នោះ ដោយ​ឆន្ទៈ​របស់​ពួកគាត់​ផ្ទាល់ គ្មាន​ការបង្ខិតបង្ខំ​ពី​អាជ្ញាធរ​ឡើយ​។

លោក ​ឡុង កុសល បន្ថែមថា ប្រជាពលរដ្ឋ​ដែល​ព្រម​រុះរើ​ចាក​ចេញពី​ឧទ្យាន​អង្គរ មាន​សេចក្តីសោមនស្ស​ជា​ពន់ពេក ដែល​ពួកគាត់​បានទទួល​អត្ថ​ប្រយោជន៍​ជាច្រើន​តួយ៉ាង​ដី​ឡូ​ត៍ និង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​គិតគូរ​យ៉ាង​ល្អិតល្អន់​ពី​រដ្ឋាភិបាល ហើយ​ពួកគាត់​បាន​ចាក​ចេញពី​លំនៅឋាន​ចាស់​ដែល​ខុសច្បាប់ ទៅ​ទីតាំង​ថ្មី​ដែល​ស្របច្បាប់​។

​តាម​ការ​ឲ្យ​ដឹង​ពី​អាជ្ញាធរ​ជាតិ​អប្សរា តំបន់​រមណីយដ្ឋាន​អង្គរ បាន​ចុះបញ្ជី​ក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ឆ្នាំ​ ១៩៩២ ដោយ​អង្គការ​យូណេស្កូ​ (UNESCO)​ និង​មាន​ទំហំ​ផ្ទៃដី​ចំនួន ៤០១ ​គីឡូម៉ែត្រ​ការ៉េ ដែល​ចាត់ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​។​

លោក​ ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ បាន​សរសេរ​ក្នុង​ទំព័រ Facebook ផ្លូវការ​របស់លោក​នៅ​ថ្ងៃទី ​៧ ខែ កញ្ញា ឆ្នាំ​ ២០២២ ​ថា​​ ប្រជាពលរដ្ឋ ២៥៥ ​គ្រួសារ ស្ថិតនៅ​តំបន់​អក្សរ K មកពី​ភូមិ​ត្រពាំង​សេះ និង​ភូមិ​ទក្សិណ​ខាងត្បូង សាទរ​ទទួលយក​ដី​ឡូ​ត៍ និង​បាន​ទៅពិនិត្យ​ឃើញ​ដី​គ្រប់ៗ​គ្នា​នៅ​តំបន់​អភិវឌ្ឍន៍​ភូមិ​ធម្មជាតិ​រុន​តា​ឯក ពិសេស​ការដាំ​ដើមឈើ​ហូប​ផ្លែ​ជូន​គ្រប់​ដីឡូត៍​ដែល​រៀបចំ​ដោយ​ក្រសួងបរិស្ថាន​។​

​គួររំឭកថា ​កាលពី​ខែសីហា ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ បានប្រកាស​ពី​យុទ្ធនា​ការចុះវាស់វែង កំណត់​និយាម​កា​ក្បាលដី និង​អត្តសញ្ញាណ​អ្នកកាន់កាប់​ដី និង​សំណង់​ខុសច្បាប់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​ដទៃទៀត ស្ថិតក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។ យុទ្ធនាការ​នេះ មាន​រយៈពេល​ ១៥ ​ថ្ងៃ ដោយ​ចាប់ផ្តើម​តាំងពី​ថ្ងៃទី​ ១៨ ខែសីហា ​និង​មាន​មន្ត្រី​ពាក់ព័ន្ធ​ចូលរួម​សរុប​ជាង ៧០០ ​នាក់​។​

នៅក្នុង​យុទ្ធនាការ​នេះ​លោក ​ជា សុផារ៉ា បានប្រកាស​ចាត់វិធានកា​រយ៉ា​ង​ម៉ឺងម៉ាត់ និង​គ្មាន​ការអនុគ្រោះ​នោះឡើយ ចំពោះ​សំណង់​ខុសច្បាប់​ទាំងឡាយ​នៅក្នុង​តំបន់​ការពារ​រមណីយដ្ឋាន​អង្គរ ដោយ​បញ្ជា​ឱ្យ​ម្ចាស់​សំណង់​ខុសច្បាប់​ទាំងឡាយ ក្នុង​រមណីយដ្ឋាន​អង្គរ​ ត្រូវ​រុះរើ​ចេញ​ជាដាច់ខាត ប្រសិនបើ​មិន​ចង់​ប្រឈមមុខ​នឹង​វិធានការ​ច្បាប់​៕