ភ្នំពេញៈ សាលា​ដំបូង​រាជធានីភ្នំ​ពេញ ​នៅ​ថ្ងៃទី ៧ ខែ កញ្ញា​ ឆ្នាំ ២០២២ បាន​សួរ​ដេញលោក​ លោក​ កឹម​ សុខា ប្រធាន​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ដោយ​ផ្តោតលើអង្គហេតុចំនួន ២ គឺទី១ វីដេអូ និងរូបភាព​បាតុ​កម្មហិង្សា​នៅផ្លូវ​វេង​ស្រេង និង​ទី២ វី​ដេអូ​ហិង្សានៅ​ស្ពាន​នាគ​ជិត​វត្តភ្នំ ក្រោម​បទ​ចោទ​ សន្ទិដ្ឋភាព ជាមួយរ​ដ្ឋបរទេស​ ដើម្បី​ផ្តួល​រំលំរាជ​រដ្ឋាភិបាល​ស្រប​ច្បាប់។

លោក ប្លង់ សុផល អ្នក​នាំពាក្យ​អយ្យ​ការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ប្រាប់ ភ្នំ​ពេញ ប៉ុស្តិ៍​ ក្រោយ​បញ្ចប់​សនាកា​រថា​ វីដេអូ​ដែល​បាន​ចាក់​សួរ​ដេញ​ដោល​នៅក្នុង​សវនាការ​នេះ និង​បាន​ចាក់​នៅក្នុង​សវ​នាការ​មុនៗ សុទ្ធ​តែជាវី​ដេអូផ្សេង​ៗ​គ្នា និង​មិ​នជា​ន់គ្នា​ឡើយ ។

លោក យឹម ស៊ីណន មនុស្ស​ជំនិត លោក​ កឹម​ សុខា ​ដែល​បានចូល​ស្តាប់​សវនាការ​ប្រាប់​អ្នកសារ​ព័ត៌​មាន នៅខាង​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ថា សវនាការ​លោក​ កឹម សុខា​ លើកទី​៥៥ នេះ ​មិន​មាន​អ្វីដែលថ្មី​នោះ​ទេ​ គឺតំណាង​អយ្យការ​បាន​សួរដេ​ញដោល​វីដេអូ​បាតុកម្ម​នៅ​ផ្លូវវេ​ងស្រេង និង​វីដេអូ​ហិង្សានៅ​ស្ពាន​នាគ​ជិត​វត្តភ្នំ។

លោក​បន្តថា ការ​សួរ​ដេញ​ដោល​អង្គហេតុ​ពាក់ព័ន្ធ​នឹង​វីដេអូទាំង ​២ ​នេះ មិន​ឆ្លើយ​តបទៅ​នឹងបទ​ចោទ​សន្ទិដ្ឋភាព​ជាមួយរ​ដ្ឋបរ​ទេស ដើម្បី​ផ្តួល​រំលំរាជ​រដ្ឋាភិបាល​នោះទេ។ ​ជាមួយគ្នា​នេះ លោក កឹម សុខា ធ្លាប់បាន​បញ្ជាក់​ជាច្រើន​លើកនៅ​ក្នុងសវនា​ការរួច​ហើយ​ថា បាតុក​ម្មដែ​លនៅ​ក្រៅពី​ទីលាន​ប្រជា​ធិតេយ្យ​ដែលដឹ​កនាំដោយ​អតីត​គណបក្ស​សង្គ្រោះជាតិ​ គឺលោក​មិន​ទទួល​ខុសត្រូ​វនោះទេ​។

លោក​ថ្លែងថា៖ «អ៊ីចឹង! រាល់កា​រលើក​ឡើង​អង្គហេ​តុទាក់​ទង​នឹងបាតុ​កម្ម​នេះ វាមិន​ដឹងជា​នរណាគេ​ជាអ្នក​ដឹក​នាំដូច​នៅផ្លូ​វវេ​ងស្រេ​ងក្តី។ វាមិ​នជា​ប់ពា​ក់ព័​ន្ធឯ​កឧ​ត្តម​ កឹម សុខា ទេ»។

បើតាម​ លោក យឹម ស៊ីណន ​នៅក្នុង​សវនាការ​ លោក កឹម សុខា នៅតែបន្ត​សហការ​ជាមួយនឹង​តំណាងអយ្យការ​ និង​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​នៃសាលា​ដំបូង​រាជធានី​ភ្នំពេញ​ និង​ការ​ពារនូវ​ភាពយុត្តិ​ធម៌របស់​លោក ក្នុង​នាមជាជន​រងគ្រោះ​ម្នាក់នៅក្នុង​សំណុំរឿង​នេះ ។

សវនាកា​របន្តរបស់​លោក​ កឹម សុខា នឹង​ធ្វើនៅ​ថ្ងៃទី ១៤ ខែ ​កញ្ញា ឆ្នាំ ២០​២២ ខាង​មុខទៀ​ត។​

ក្រោយ​ចេញពីបន្ទប់​សវ​នាការ​នៅថ្ងៃ​ទី​ ៧ ខែកញ្ញា​ ដដែល​​លោក កឹម សុខា បានសរសេរ​នៅ​លើទំព័រ​ហ្វេស​ប៊ុក​របស់​លោក​ដោយ​ថ្លែង​អំណរ​គុណ​ចំពោះ ​«បងប្អូន​ជនរួម​ជាតិខ្មែរ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស ព្រមទាំង​មិត្ត​សហគមន៍​អន្តរជាតិ​ផងដែរ ដែល​តែងតែ​តាម​ដាន និង​ទាម​ទារ​នូវ​សិទ្ធិ សេរីភាព​ឱ្យ​ខ្ញុំ​ដែល​ទទួល​រង​នូវ​ភាព​អយុត្តិធម៌​អស់​រយៈ​ពេល​ជាង៥​ឆ្នាំមក​នេះ»​។

ជាពិសេស​លោកបាន​សម្តែង​នូវ​ការកោតសរ​សើរ និង​អរគុណ​ចំពោះ​សហមេធាវី​ការពារ​ក្តី សហ​ការី អ្នកគាំទ្រ​របស់​លោក និង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​តែង​តែជួយ​ការពារ លើក​ទឹក​ចិត្ត និង​ផ្តល់​យុត្តិធម៌​ដល់​លោក ដោយ​បាន​ចូល​រួម​ផ្ទាល់​ក្នុង​តុលាការ​និង​តាម​ដាន​នៅខាង​មុខ​តុលាការ ទោះបី​សវនាការ​នេះ ត្រូវ​បាន​អូស​បន្លាយ​រយៈ​ពេល​យ៉ាង​យូរ​រហូតដល់​ទី៥៥​ ហើយ​ក៏ដោយ។

ជាមួយ​គ្នា នេះ​ដែរ​លោក​ថ្លែង​ថា​៖ «ក្នុង​នាម​ជាអ្នក​មាន​ជំនឿលើ​ព្រះពុទ្ធសាសនា ​មាន​ព្រហ្មវិហារ​ធម៌ ប្រកាន់​យកនូវ​គោល​ការណ៍​អហិង្សា និង​ក្នុង​នាម​ជាអ្នក​គោរព​ប្រពៃណី​ទំនៀម​ទម្លា​ប់ជាតិ​ខ្មែរ ដែល​យើង​តែងតែធ្វើ​អំពើជា​កុសល ស្គាល់​បុណ្យ និង​បាប​ កតញ្ញូ​ចំពោះមាតុ​ភូមិ​កម្ពុជា បុព្វកា​រីជន ញាតិ​សន្តាន ទោះបី​សេរីភាព​មិន​មាន​ពេញ​លេញ​ក៏ដោយ ខ្ញុំនឹង​ទៅចូល​រួម​ប្រារព្ធ​ពិធី​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំបិណ្ឌ​ជាមួយ​បងប្អូន​ជន​រួម​ជាតិ​នៅតា​ម​វត្តអារាម​ខ្លះ​តាម​សទ្ធានា​ពេលឆាប់ៗ​ក្នុង​សប្តាហ៍ខាង​មុខ​នេះ»​។

ជាមួយគ្នា​នេះ លោក កឹម សុខា ក៏បាន​រំលេច​នូវ​ខ្លឹម​សារ​បន្ថែម​ថា៖ ««ការ​សម្រេច​ដោយ​អគតិ គឺជាអំ​ពើបាប» ហើយ «ជួបជុំគ្នា​ធ្វើបុណ្យតាម​ទំនៀម​ទម្លាប់​ខ្មែរ គឺអំ​ពើជា​កុសល​»៕

វីដេអូ៖