
កងកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ត្រួតពិនិត្យរថយន្តដឹកទំនិញធុនធំនៅតាមបណ្តោយផ្លូវជាតិលេខ ៤។ រូបថត នគរបាល
កំពង់ស្ពឺ/សព្រះសីហនុៈ បញ្ហាអ្នកបើកបររថយន្តធុនធំត្រូវបានរកឃើញមានប្រើប្រាស់សារធាតុញៀន និងអ្នកបើកបររថយន្តធម្មតាស្រវឹង មានតិចតួចនៅចំណុចគោលដៅដែលមានបទល្មើសចរាចរណ៍នៅតាមផ្លូវជាតិលេខ ៤ ខណៈបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានកាត់បន្ថយដូចគ្នានៅតាមដងផ្លូវនេះ ក្នុងខេត្តកំពង់ស្ពឺ កោះកុង និងខេត្តព្រះសីហនុ។ នេះបើតាមមន្ត្រីនគរបាលនៃខេត្តទាំង ២។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត ព្រះសីហនុ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៦ កញ្ញាថា ក្នុងអំឡុងពេល ២ ខែមកនេះ (សីហា-កញ្ញា) លោកបានធ្វើការសាកល្បងដោយបានដាក់កម្លាំងចល័តតាមគោលដៅដែលឧស្សាហ៍កើតមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ នៅតាមផ្លូវជាតិលេខ ៤ ដោយរកឃើញអ្នកបើកបរប្រើប្រាស់គ្រឿងញៀនគឺមានចំនួន ២ ទៅ ៣ នាក់ប៉ុណ្ណោះ។
គ្រោះថ្នាក់ចរាចរណ៍រថយន្តបុកគ្នា និងបង្កឱ្យមានមនុស្សស្លាប់ផងនោះ ត្រូវបានគេមើលឃើញថា តែងតែកើតមានជាញឹកញាប់នៅតាមបណ្តោយផ្លូវជាតិលេខ ៤ ដែលជាផ្លូវឆ្លងកាត់រវាងខេត្តព្រះសីហនុ ខេត្តកោះកុង និងខេត្តកំពង់ស្ពឺ។
លោកថ្លែងថា៖ «បើខ្ញុំតាមដានមើលរថយន្តធុនធំ ដូចជាមានការកាត់បន្ថយច្រើន អំពីបញ្ហាការប្រើប្រាស់សារធាតុស្រវឹងហើយនឹងសារធាតុញៀន។ ចំពោះចំនួនអ្នកបើកបររកឃើញមានសារធាតុគ្រឿងញៀន គឺតិចតួចទេហើយយើងបានណែនាំ និងធ្វើការទំនាក់ទំនងទៅខាងក្រុមហ៊ុនគាត់ដើម្បីមកទទួល»។
លោក កៅ ផាត នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺឱ្យ ភ្នំពេញ ប៉ុស្តិ៍ ដឹងនៅថ្ងៃទី ៦ កញ្ញា ថា មួយរយៈកន្លងមកនេះ កម្លាំងសមត្ថកិច្ចចរាចរណ៍ខេត្តកំពង់ស្ពឺត្រូវបានលោក ស្នងការ សម សាមួន រៀបចំចល័តនៅចំណុចគោលដៅតាមបណ្តោយផ្លូវជាតិលេខ ៤ ដើម្បីត្រួតពិនិត្យអ្នកបើកបររថយន្តធុនធំប្រើសារធាតុញៀន និងគ្រឿងស្រវឹង។
ដោយសារតែបែបនេះហើយ លោកសង្កេតឃើញថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍មានការថយចុះច្រើន។
ដោយឡែកសម្រាប់រយៈពេលប៉ុន្មានខែមកនេះ កម្លាំងជំនាញនគរបាលចរាចរណ៍របស់លោក បាននិងកំពុងអនុវត្តច្បាប់ចរាចរណ៍ដោយចាប់ល្បឿនរថយន្ត។
នៅពេលដែលកម្លាំងសមត្ថកិច្ចរបស់លោកដាក់គោលដៅត្រួតពិនិត្យពង្រឹងច្បាប់ចរាចរណ៍មកឃើញថា មានការថយចុះច្រើនពីករណីគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវជាតិលេខ ៤។
បើតាមលោក កៅ ផាត កម្លាំងនគរបាលតែងតែធ្វើការផ្សព្វផ្សាយអប់រំជាប្រចាំ ដល់ស្រទាប់មហាជន នៅសាលារៀន និងនៅតាមរោងចក្រសហគ្រាសនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺពីច្បាប់ចរាចរណ៍។
ករណីដែលបណ្តាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ គឺមានកត្តាផ្សេងៗគ្នាដូចជាអ្នកបើកបរមិនគោរពសិទ្ធិអាទិភាព មកពីកត្តាយានយន្ត ពិសេសរថយន្ត ១ ទឹក ដែលនាំចូលមកពីស្រុកគេ និងបណ្តាលមកពីកត្តាមនុស្ស និងកត្តាផ្លូវថ្នល់ផងដែរ។
លោកបញ្ជាក់ថា៖ «ឥឡូវនេះអ្នកបើកបរស្រវឹងគឺកាត់បន្ថយច្រើនដោយសារគាត់ (អ្នកបើកបរ) យល់ដឹងច្រើនព្រោះបើកាលណាគាត់ដឹងថា ស្រវឹងស្រា គឺគាត់ដេកនៅផ្ទះ។ ប៉ុន្តែបើគាត់ធ្វើដំណើរគឺគាត់ឱ្យសាច់ញាតិទៅយក តែបើគាត់ល្មើសបំពានច្បាប់ដឹងថាខ្លួនស្រវឹងហើយនៅតែបើកបរ គឺនឹងត្រូវសមត្ថកិច្ចផាកពិន័យតាមច្បាប់ចរាចរណ៍»។
លោក សេក សុជាតិ ស្ថាបនិក អង្គការផ្លាស់ប្តូរផ្នត់គំនិត បានថ្លែងថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ជាបញ្ហារួមរបស់សង្គមជាតិ និងប្រជាពលរដ្ឋ។
ក្នុងស្ថានភាពមនុស្សធ្វើដំណើរតាមដងផ្លូវកាន់តែច្រើន ហើយស្ថានភាពផ្លូវនៅមានកម្រិត បញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅតែបន្តកើតមានជាប្រចាំ។
លោកបន្តថា រដ្ឋាភិបាលគួររៀបចំគន្លងផ្លូវសម្រាប់អ្នកបើកបរម៉ូតូឱ្យបានធំ ពិសេសធ្វើការអប់រំដល់អ្នកបើកបរម៉ូតូ និងរ៉ឺម៉កឱ្យគាត់យល់ដឹងពីគន្លងផ្លូវ ដែលពួកគាត់ត្រូវប្រកាន់ខ្ជាប់ដែលគាត់កុំរំលោភលើផ្លូវរថយន្ត។ បើគាត់រំលោភលើផ្លូវរថយន្ត គឺ គាត់នឹងត្រូវរងការផាកពិន័យ តាមរយៈការឃាត់ទុកម៉ូតូមួយរយៈ។
លោកថ្លែងថា៖ «តម្រូវឱ្យគាត់ត្រូវរៀនសូត្រពីការបើកបរឡើងវិញយ៉ាងតិច ៣ ម៉ោង។ សមត្ថកិច្ចតម្រូវឱ្យអ្នកបើកបរម៉ូតូ និងរ៉ឺម៉ក និងរថយន្តគ្រប់ប្រភេទត្រូវប្រឡងបើកបរ និងរៀនសូត្រពីច្បាប់ចរាចរណ៍»៕
វីដេអូ៖