
អ្នកចូលរួមវេទិកាថ្នាក់ជាតិលើកកម្ពស់សហគ្រិនភាពស្ដ្រីពីថ្ងៃ ៧ កញ្ញា។ រូបថត ក្រសួងកិច្ចការនារី
ភ្នំពេញៈ ក្រសួងកិច្ចការនារី និងអង្គការអុកស្វាម រួមគ្នារៀបចំវេទិកាថ្នាក់ជាតិ ដើម្បីលើកកម្ពស់សហគ្រិនភាពរបស់ស្ត្រីនៅតំបន់អាស៊ាន តាមរយៈគោលនយោបាយគាំពារសង្គម និងគាំពារគ្រួសារ បន្ទាប់ពីមើលឃើញថា អាជីវកម្មដែលគ្រប់គ្រងដោយស្ត្រីនៅមានតិចតួច និងទទួលបានប្រាក់ចំណេញតិច ហើយងាយរងគ្រោះ។
វេទិកានេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី ៧ កញ្ញា ដោយមានអ្នកចូលរួមផ្ទាល់ប្រមាណ ២០០ នាក់ នៅសណ្ឋាគារសុខាភ្នំពេញ និងចូលរួមតាមរយៈ Zoom ប្រមាណ ៥០០ នាក់ ដែលជាថ្នាក់ដឹកនាំ និងតំណាងមកពីក្រសួងមន្ទីរ រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិលសហជីព សហគ្រិន និងស្វ័យនិយោជន៍ស្ត្រី អង្គទូតនានា ដៃគូអភិវឌ្ឍន៍និងលេខាធិការដ្ឋានសមាគមអាស៊ានផងដែរ។
សេចក្តីប្រកាសរួមរបស់ស្ថាប័នទាំងនេះឱ្យដឹងថា វេទិកានេះ គឺជាផ្នែកមួយនៃកិច្ចផ្តួចផ្តើមរួមរបស់ក្រសួងកិច្ចការនារី និងអង្គការអុកស្វាមក្រោមចក្ខុវិស័យកម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ ២០២២ ក៏ដូចជាលេខាធិការដ្ឋានអាស៊ាន ដើម្បីលើកកម្ពស់សហគ្រិនភាពស្ត្រី ពង្រឹងកិច្ចគាំពារសង្គម និងរួមចំណែកដោះស្រាយបញ្ហាការងារថែទាំគ្មានប្រាក់កម្រៃ និងការងារផ្ទះនៅតំបន់អាស៊ាន។
សេចក្តីប្រកាសរួមបញ្ជាក់ថា៖ «ការលើកកម្ពស់សហគ្រិនភាពស្ត្រីនៅអាស៊ានតាមរយៈគោលនយោបាយគាំពារសង្គម និងគាំពារគ្រួសារ គឺដើម្បីលើកកម្ពស់សហគ្រិនភាពស្ត្រីនៅកម្ពុជា និងថ្នាក់តំបន់។ វេទិកាថ្នាក់ជាតិនេះ បានរៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹង និងការចូលរួមពីភាគីពាក់ព័ន្ធនៅកម្ពុជា និងអាស៊ានក៏ដូចជាប្រមូលមតិយោបល់បន្ថែមទៀត ដើម្បីរៀបចំផែនទីបង្ហាញផ្លូវសម្រាប់គោលនយោបាយនេះនៅកម្ពុជានាពេលអនាគត»។
ក្នុងរយៈពេល ៥០ ឆ្នាំចុងក្រោយនេះ ការសិក្សាមួយបានបង្ហាញថា សេដ្ឋកិច្ចនៅអាស៊ានមានការកើនឡើង ហើយបានក្លាយជាតំបន់មានសេដ្ឋកិច្ចខ្ពស់ក្នុងតំបន់នៅឆ្នាំ ២០១៩ ដែលមានផលិតផលក្នុងស្រុកសរុបជាង ៣០ ពាន់លានដុល្លារ បន្ទាប់ពីឆ្នាំ ២០១៥ ចំនួនស្ត្រីដែលបានចូលរួមជាកម្លាំងពលកម្មនៅប្រទេសអាស៊ីអាគ្នេយ៍មានជាង ៦៧% ដែលចំនួននេះនឹងបន្តកើនឡើងបន្តបន្ទាប់។ នេះបើតាមសេចក្តីប្រកាសរួមដដែល។
សេចក្តីប្រកាសនោះបានអះអាងថា នៅអាស៊ាន សហគ្រិនភាព គឺជាប្រភពដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច និងជាស្នូលនៃសេដ្ឋកិច្ចជាតិ។ នៅទូទាំងតំបន់ សហគ្រាសធុនតូច និងមធ្យម បានរួមចំណែកដ៏ធំជាងគេនៃផលិតផលក្នុងស្រុក និងជាប្រភពដ៏ធំក្នុងការបង្កើតទីផ្សារការងារ ដែលបង្កើនប្រាក់ចំណូល។
ប្រភពដដែលបន្តថា៖ «ទោះបីជាអត្រាអ្នកដែលបង្កើតការងារដោយខ្លួនឯង (ស្វ័យនិយោជន៍) មានកម្រិតខ្ពស់ ប៉ុន្តែអាជីវកម្ម ដែលគ្រប់គ្រងដោយស្ត្រីនៅមានតិចតួចជាងអាជីវកម្មដែលគ្រប់គ្រងដោយបុរសទាំងទំហំអាជីវកម្ម និងផលិតភាព ហើយអាជីវកម្ម ឬសហគ្រាសទាំងនោះ មាននិន្នាការទទួលបានប្រាក់ចំណេញតិច និងមានភាពងាយរងគ្រោះពីវិបត្តិសេដ្ឋកិច្ច ជាងសហគ្រាស ឬអាជីវកម្មដែលកាន់កាប់ដោយបុរស ហើយប្រទេសកម្ពុជាក៏ស្ថិតក្នុងគន្លង និងនិន្នាការនេះដែរ»។
លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីបានថ្លែងក្នុងឱកាសនោះថា វេទិកានេះនឹងផ្តល់ឱកាសដល់អ្នកចូលរួមបានស្វែងយល់កាន់តែស៊ីជម្រៅលើគោលនយោបាយ និងកម្មវិធីពាក់ព័ន្ធនឹងការងារថែទាំ គ្មានប្រាក់កម្រៃ និងគោលនយោបាយគាំពារសង្គម ដែលមាននៅក្នុងក្របខ័ណ្ឌអាស៊ាន និងក្នុងតំបន់។
លោកស្រីបន្តថា៖ «តាមរយៈការចែករំលែកនូវមេរៀនពិសោធន៍ពីវាគ្មិនកិត្តិយស និងដើម្បីប្រមូលនូវព័ត៌មាន និងមតិយោបល់សម្រាប់ក្រសួងកិច្ចការនារី និងដៃគូពាក់ព័ន្ធមករៀបចំចងក្រងជាផែនទីបង្ហាញផ្លូវជាក់លាក់មួយ ដែលនឹងយកទៅអនុវត្តបាននាពេលអនាគត ក្នុងកិច្ចការដ៏សំខាន់នេះ»។
អង្គការអុកស្វាម បានលើកឡើងដែរថា ស្ត្រីរកចំណូលបានតិចជាងបុរស ដែលភាគច្រើនការប្រកបការងាររបស់ស្ត្រី គឺមិនទៀងទាត់ និងមានប្រាក់កម្រៃទាប។ ម្យ៉ាងទៀត យើងសង្កេតឃើញថា ស្ត្រីកម្ពុជាភាគច្រើនមានកាតព្វកិច្ចក្នុងការមើលថែគ្រួសារក្នុងអំឡុងពេលប្រកបអាជីវកម្មនិងធ្វើការខាងក្រៅ។
អង្គការនេះបញ្ជាក់ថា៖ «តាមការស្រាវជ្រាវបានបង្ហាញថា ស្ត្រីកម្ពុជា ជាមធ្យមចំណាយពេលប្រមាណ ១៨៨ នាទី ក្នុងការថែទាំគ្រួសារ ចំណែកបុរសវិញ គឺចំណាយពេលជាមធ្យមប្រមាណ ១៨ នាទី សម្រាប់ថែទាំគ្រួសារ។ ការងារថែទាំ និងការងារគ្មានប្រាក់កម្រៃ បានកម្រិតនូវពេលវេលា និងកម្រិតលទ្ធភាពឱ្យស្ត្រីអាចបង្កើនជំនាញ ចំណេះដឹង និងទំនាក់ទំនងនៅខាងក្រៅផ្ទះ។ ការងារថែទាំ និងការងារគ្មានប្រាក់កម្រៃនេះមានផលប៉ះពាល់ដល់សក្តានុពលរបស់ស្ត្រីក្នុងការចាប់ផ្តើម ឬអភិវឌ្ឍអាជីវកម្មរបស់ពួកគេ ហើយភាគច្រើនស្ត្រីត្រូវបង្ខំចិត្តឈប់ ឬកាត់បន្ថយនូវការងារដែលមានប្រាក់កម្រៃ»។
លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាមបានលើកឡើងក្នុងវេទិកានេះដែរថា គោលនយោបាយគាំពារសង្គម និងគាំពារគ្រួសារ មានសារៈសំខាន់ណាស់ក្នុងការជួយជ្រោមជ្រែងកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយវិសមភាពយេនឌ័រ និងភាពក្រីក្រ ជាពិសេសស្ត្រី។
លោកស្រីបានបញ្ជាក់ថា៖ «វេទិកាថ្ងៃនេះ ឆ្លុះបញ្ជាំងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកិច្ចការនារី និងការចូលរួមចំណែករបស់ស្ថាប័ននានា និងអង្គការសង្គមស៊ីវិលក្នុងការលើកកម្ពស់គោលនយោបាយគាំពារសង្គម និងគាំពារគ្រួសារប្រកបដោយបរិយាប័ន្នក្នុងប្រទេស និងសហគមន៍អាស៊ាន។ អង្គការអុកស្វាម និងអង្គការដៃគូ នឹងបន្តជួយជ្រោមជ្រែងរដ្ឋាភិបាលកម្ពុជា ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា»។
តាមរបាយការណ៍សិក្សាស្រាវជ្រាវមួយបានប៉ាន់ប្រមាណថា ស្ត្រីលើពិភពលោកបានធ្វើការថែទាំដែលមិនទទួលបានកម្រៃ បើគិតជាទឹកប្រាក់ គឺប្រមាណជា ១ ០០០ ពាន់លានដុល្លារ (US$ ១០ ទ្រីលាន) ក្នុង ១ ឆ្នាំៗ។ ជាក់ស្តែងក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ ១៩ របាយការណ៍របស់អង្គការសហប្រជាជាតិបានរកឃើញថា បន្ទុកការងារផ្ទះរបស់ស្ត្រីកម្ពុជាមានការកើនឡើងរហូតដល់ទៅ ២០% ស្របពេលដែលបន្ទុកការងារផ្ទះបុរសមានការកើនឡើងតែ ១០% ប៉ុណ្ណោះ។ នេះបើតាមសេចក្តីប្រកាសរួមរបស់ស្ថាប័នទាំង ២ នេះ៕