
លោក អ៊ិត សំហេង ពេលជួបពិភាក្សាជាមួយលោកស្រី Jyotsana Varma កាលពីថ្ងៃទី៧កញ្ញា។ រូបថត ក្រសួងការងារ
ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាននិងកំពុងសិក្សាស្រាវជ្រាវរៀបចំ «គម្រោងជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (Skills for Future Economy)” ក្នុងគោលបំណងចម្បងគឺ ដើម្បីធ្វើឱ្យឧស្សាហកម្មនៅកម្ពុជាកាន់តែប្រសើរឡើង។ នេះបើតាម លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក អ៊ិត សំហេង ថ្លែងបែបនេះក្នុងជំនួបជាមួយលោកស្រី Jyotsana Varma នាយិកាប្រចាំប្រទេស នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានពិភាក្សាការងារមួយចំនួន ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ (TVET) នាថ្ងៃទី ៧ ខែកញ្ញា។
លោកបញ្ជាក់ថា គម្រោងនេះ បានចូលរួមអនុវត្តឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម, គោលនយោបាយ អភិវឌ្ឍន៍មុខរបរ និងការងារ និងគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។
គម្រោងនេះ ក៏នឹងឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផែនការយុទ្ធសាស្រ្ត សកម្មភាពការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងផែនការមេសម្រាប់ការអភិវឌ្ឍគ្រឹះស្ថាន TVET រួមមាន ហេដ្ឋារចនាសម្ព័ន្ធ ការបំពាក់ឧបករណ៍សម្ភារ ការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍកម្មវិធីសិក្សា ការបណ្តុះបណ្តាល ប្រាក់ឧបត្ថម្ភសិស្ស កម្មសិក្សា (គ្រូ និងសិស្ស) និងការសិក្សាផ្អែកលើការងារ។
ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានស្វាគមន៍ និងវាយតម្លៃខ្ពស់ ចំពោះបេសកម្ម និងកិច្ចសហប្រតិបត្តិការនាពេលកន្លងមក របស់លោកស្រី Jyotsana Varma ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ លោកថ្លែងថា៖« តាំងពីកម្ពុជាមានសន្តិភាពពេញលេញ ADB បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងភាពជាដៃគូ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាឱ្យមានវឌ្ឍនភាព ប្រកបដោយផ្លែផ្កា»។
បើតាមលោក អ៊ិត សំហេង ADB គឺជាដៃគូអភិវឌ្ឍន៍ដ៏ល្អមួយក្នុងរយៈពេល៣ទសវត្សរ៍កន្លងមកនេះ ដោយបានគាំទ្រវិស័យ TVET តាំងពីឆ្នាំ ១៩៩៦ ជាមួយនឹងការផ្តល់ហិរញ្ញប្បទានលើគម្រោង Basic Skills Project និងបន្តគាំទ្រវិស័យ TVET តាមរយៈកម្មវិធីអភិវឌ្ឍន៍វិស័យអប់រំទី១ និងទី២ គម្រោងពង្រឹងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (STVET) គម្រោងអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVETSDP) ដែលនឹងចប់ជាស្ថាពរនៅខែកញ្ញា ឆ្នាំ ២០២២ និងគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (Skills for Competitiveness) ដែលកំពុងអនុវត្ត ហើយនឹងត្រូវបញ្ចប់នៅខែមេសា ឆ្នាំ ២០២៥»។
នាឱកាសនោះ នាយិកាប្រចាំប្រទេសនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លោកស្រី Jyotsana Varma ថ្លែងថា នៅក្នុងដំណាក់កាលកូវីដ ១៩ ទាំងADB និងរាជរដ្ឋាភិបាលកម្ពុជា មានកិច្ចការច្រើនណាស់ ដើម្បីរួមគ្នាសម្រេចបានជោគជ័យ ធ្វើយាងណាឱ្យយុវជនទទួលបានការបណ្តុះបណ្តាល ទាំងចំណេះដឹង ជំនាញ កសាងអនាគតរបស់ពួកគេឱ្យភ្លឺស្វាង។ យុវជនកម្ពុជាចាំបាច់ត្រូវមានការអភិវឌ្ឍចំណេះដឹងរបស់ខ្លួន ដើម្បីដើរឱ្យទាន់នូវការរីកចម្រើននៃបច្ចេកវិទ្យាដ៏ឆាប់រហ័ស។
យ៉ាងនេះក្តី លោករដ្ឋមន្ត្រី ក៏បានលើកឡើងពីយុវជន និងសហគមន៍មិនទាន់បានផ្តល់តម្លៃទៅលើជំនាញ TVET នេះ ឱ្យបានច្រើននៅឡើយភាគច្រើនអ្នកដែលបានចូលរៀនជំនាញ TVET ជាក្រុមជនរងគ្រោះ អ្នកបោះបង់ការសិក្សា និងអ្នកដែលធ្វើការហើយ ត្រូវការបណ្តុះបណ្តាលបន្ត។
ដើម្បីធ្វើកិច្ចការទាំងនេះឱ្យមានលទ្ធផលល្អ រដ្ឋាភិបាលកម្ពុជា ត្រូវការការចូលរួមពី ADB ដែលមានជំនាញ និងបទពិសោធ ក្នុងការជួយលើកិច្ចការទាំងនេះបន្ថែមទៀត។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រី Jyotsana Varma បានបញ្ជាក់ថា កម្ពុជាត្រូវផ្តោតលើវិស័យអាទិភាពមួយចំនួន ឱ្យក្លាយជាវិស័យនាំមុខ ដោយការបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍ជាដើម ដោយមានការទទួលស្គាល់ជំនាញពីគ្នាទៅវិញទៅមក។ ចំណែក ការជំរុញឱ្យមានការចុះឈ្មោះចូលរៀនជំនាញ TVET លោកស្រីចង់ឱ្យកម្ពុជា បង្កើតជាទូតសុឆន្ទៈគំរូឱ្យបានច្រើន ដើម្បីពន្យល់ពីភាពជោគជ័យ បន្ទាប់ពីបានរៀនជំនាញ TVET នេះ ទៅកាន់យុវជន និងសហគមន៍ ឱ្យបានយល់ដឹងកាន់តែទូលំទូលាយ៕