
ទិដ្ឋភាពរថយន្តក្រឡាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីខែកក្កដា ឆ្នាំនេះ ។ រូបថត ហ្វេសប៊ុក
ភ្នំពេញៈ ដោយសារតែបារម្ភពីសុវត្ថិភាពចរាចរណ៍ហើយនៅក្នុងរថយន្តក៏មានឪពុកម្តាយជាមនុស្សចាស់ផងនោះលោក សាយ មុនី ដែលជាអ្នកបើករថយន្តផ្ទាល់ខ្លួននៅតែរក្សាល្បឿនតែ ៤០ គីឡូម៉ែត្រ ក្នុង ១ ម៉ោងដដែលក្នុងពេលលោកកំពុងបើកបររថយន្តសំដៅទៅខេត្តកំពត ដោយរក្សាលើគន្លងផ្លូវស្តាំរបស់ខ្លួនជាប់រហូត ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍។
ទោះជាបើកបរប្រយ័ត្នដូច្នេះក្ដី ក៏នៅថ្ងៃទី ១០ សីហា ឆ្នាំ ២០២២ កន្លងទៅ មានរថយន្តដឹកដីធុនធំ ១ គ្រឿង បានបើកបរក្នុងល្បឿនលឿនរេចង្កូតមកបំបុករថយន្តរបស់លោក សាយ មុនី ម៉ាកឡង់គ្រីស័រ ៤៧០ ពណ៌សយ៉ាងពេញទំហឹងបណ្តាលឱ្យស្លាប់ម្តាយរបស់លោកភ្លាមៗនៅក្នុងរថយន្ត ខណៈឪពុកត្រូវរងរបួសបាក់ដៃឆ្វេងម្ខាងនិងបាក់ឆ្អឹងខ្នងបន្ថែមទៀត។
រីឯលោក សាយ មុនី ដែលជាអ្នកកាន់ដៃចង្កូតក៏ត្រូវបាក់ឆ្អឹងដៃស្តាំចំនួន៣កំណាត់ផងដែរ ប៉ុន្តែក្រោយហេតុការណ៍នោះខណៈជនរងគ្រោះកំពុងតែស្វែងរកជំនួយសង្គ្រោះបន្ទាន់ ស្រាប់តែជនបង្កដែលបើករថយន្តធំ១គ្រឿងនោះបានរត់គេចខ្លួនដោយសុវត្ថិភាព។
លោក សាយ មុនី បានរំឭកពីហេតុការណ៍នៃឧបទ្ទវហេតុនោះប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា កាលពីម៉ោងជាង ៤ ល្ងាច ថ្ងៃទី ១០ សីហា ខណៈមេឃកំពុងងងឹតចាប់ផ្តើមធ្លាក់ភ្លៀងស្រិចៗ ស្របពេលដែលលោកកំពុងបើករថយន្តក្នុងល្បឿន ៤០ គីឡូម៉ែត្រ ក្នុង ១ ម៉ោង តាមផ្លូវជាតិលេខ៣ក្នុងភូមិបឹងតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូខេត្តកំពតនោះ ស្រាប់តែមានរថយន្តដឹកដីធុនធំ ១ គ្រឿង បើកក្នុងល្បឿនលឿនបានរេចង្កូតមកចូលចំណែកផ្លូវស្តាំរបស់លោកហើយបានបុករថយន្តលោកយ៉ាងពេញទំហឹងបណ្តាលឱ្យម្តាយរបស់លោកដែលជិះខាងក្រោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ រីឯឪពុករបស់លោកវិញត្រូវបាក់ដៃឆ្វេងម្ខាង និងបាក់ឆ្អឹងខ្នងទៀតផង។
លោកបានរៀបរាប់ថា មុនហេតុការណ៍កើតឡើងគឺលោកបានបើករថយន្តពីទិសខាងជើងទៅទិសខាងត្បូង សំដៅឆ្ពោះទៅក្រុងកំពតដោយមានឪពុកម្តាយរបស់លោករួមដំណើរជាមួយផង។ ក្នុងពេលលោកកំពុងបញ្ជារថយន្តនោះក៏មិនបានចាប់អារម្មណ៍ថា នឹងមានហេតុការណ៍អ្វីកើតឡើងដែរ ព្រោះតាមផ្លូវមានរថយន្តបើកទៅមកមួយៗប៉ុណ្ណោះ។ប៉ុន្តែអ្វីដែលលោកនឹកស្មានមិនដល់នោះគឺស្រាប់តែមានរថយន្តធុនធំដឹកដី ១ គ្រឿង កំពុងរត់នៅគន្លងផ្លូវផ្នែកខាងឆ្វេងសុខៗក៏ស្រាប់តែរេចង្កូតឆ្លងកាត់ផ្លូវជាតិមកបុកនឹងរថយន្តរបស់លោកពេញទំហឹងតែម្តង។
ក្រោយពីកើតហេតុភ្លាមៗលោកបានខំស្វះស្វែងស្រែកហៅអ្នកដំណើរជួយ ហើយអ្វីដែលលោកតក់ស្តុកខ្លាំងនោះគឺពេលឃើញឪពុកម្តាយនៅផ្នែកខាងក្រោយរថយន្តមានសភាពស្តូកស្តឹងលែងមាត់លែងកអស់ទៅហើយ។ លុះមួយសម្ទុះធំទើបលោកឃើញនគរបាលចរាចរណ៍ស្រុកទឹកឈូខេត្តកំពត មកដល់ជួយធ្វើអន្តរាគមន៍ភ្លាមៗហើយលោកក៏បានដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកទឹកឈូ ដើម្បីសុំជំនួយផ្នែកផ្លូវច្បាប់ក្នុងរឿងនេះដែរបន្ទាប់ពីកើតហេតុ។
លោកថ្លែងថា៖ «ខ្ញុំគេចមិនទាន់ទេព្រោះនៅចម្ងាយប្រហែលតែជាង ៥ ម៉ែត្រពីគ្នាប៉ុណ្ណោះ ហើយរថយន្តដឹកដី ១ គ្រឿងនោះ ហក់មកបុករថយន្តខ្ញុំតែម្តង។ តាមខ្ញុំមើលត្រង់ចំណុចដែលរថយន្តរេចង្កូតមកបុករថយន្តខ្ញុំមិនបង្ហាញជាតម្រុយរអិលកង់ទេ។ ខ្ញុំមានការសង្ស័យមួយចំនួនពាក់ព័ន្ធនឹងចេតនាប៉ុនប៉ងព្រោះថា រថយន្តបង្កបើកក្នុងល្បឿនលឿន រីឯកន្លែងកើតហេតុដូចជាគ្មានស្នាមជាន់ហ្វ្រាំងទេ ហេតុអីក៏ត្រូវរអិលរេចង្កូតមកកើត។ អ៊ីចឹងវាអាចមានចេតនាកាច់ចង្កូតចូលមកគន្លងផ្លូវខ្ញុំ។ ខ្ញុំសំណូមពរដល់សមត្ថកិច្ចមេត្តាជួយរកចាប់ជនបង្កដើម្បីចូលខ្លួនមកដោះស្រាយកុំឱ្យរត់គេចអ៊ីចឹងអី បើគេចអ៊ីចឹងវាជារឿងផ្សេងមួយទៀត»។
ពាក់ព័ន្ធករណីនេះលោក សៅ ម៉ាលី អធិការរងទទួលផែនសណ្តាប់ធ្នាប់ស្រុកទឹកឈូប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា នៅមុនពេលកើតហេតុនោះ ទាំងរថយន្តរងគ្រោះ ទាំងរថយន្តបង្ក បានបើកដំណាលគ្នាមកដល់ចំណុចផ្លូវរួមដែលខាងមន្ទីរសាធារណការខេត្តកំពតបានដាំបង្គោលជាសញ្ញាទាំងទៅ ទាំងមក ព្រោះនៅទីតាំងនោះមានដាក់លូ។ ចៃដន្យរថយន្តដឹកដីដែលបើកបរលឿន ហើយជាន់ហ្វ្រាំងមិនជាប់ ក៏បានរអិលកង់ចូលទៅចំណែកគន្លងខាងស្តាំហើយបានបុកនឹងរថយន្តឡង់គ្រីស័រនោះតែម្តង។
លោកបន្តថា៖ «តាមសាក្សីប្រាប់ខ្ញុំថាដោយកម្លាំងល្បឿនលឿននៅពេលបុកនោះរថយន្តដឹកដីវិល ២ ទៅ ៣ ជុំទើបឈប់ ខណៈរថយន្តឡង់គ្រីស័រ ១ គ្រឿងនោះ ត្រូវខ្ទាតទៅក្រោយ។ ស្ត្រីចំណាស់ម្នាក់ដែលស្លាប់ក្នុងរថយន្តនោះគាត់អត់មានត្រូវរបួសអីទេ។ តែគាត់អង្គុយខាងក្រោយ បានន័យថា ឡានធំវាប៉ះនៅខាងមុខ តែនៅខាងក្រោយយើងមិនដឹងថា គាត់ពាក់ខ្សែក្រវាត់ឬប៉ះទង្គិចអីយ៉ាងម៉េចទេ បានជាស្ត្រីម្នាក់នោះស្លាប់»។
បើតាមលោក ម៉ាលី ក្រោយកើតហេតុ អ្នកបើករថយន្តដឹកដីបានរត់គេចខ្លួនបាត់ រីឯរថយន្ត ១ គ្រឿងនោះ គឺមានម្ចាស់រស់នៅខេត្តកំពតដែរ ដោយទិញមកទុកជួលដឹកដីជាលក្ខណៈគ្រួសារ និងជួលគេបើកបរ។ ប៉ុន្តែម្ចាស់រថយន្តបង្កបានឱ្យតំណាងមកជួបលោកចំនួន ៣ លើករួចមកហើយក្រោយកើតហេតុ ដើម្បីរង់ចាំជួបភាគីរងគ្រោះចូលខ្លួនដោះស្រាយគ្នានៅអធិការដ្ឋាននគរបាលស្រុកទឹកឈូ។
ពាក់ព័ន្ធការបើកបររថយន្តឬម៉ូតូបង្កគ្រោះថ្នាក់ចរាចរណ៍នេះលោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពបានថ្លែងថាបញ្ហាគ្រោះថ្នាក់នេះនៅតែមិនថមថយឡើយ ដោយមួយផ្នែកមកពីក្រុមហ៊ុនរថយន្តធំៗដែលអាងខ្នងបង្អែក គឺបើកបរមិនសូវខ្លាចក្រែងគេឯងទេ ខណៈអ្នកបើកបររថយន្តខ្លះទៀតបំពានច្បាប់ចរាចរណ៍។ ក៏ប៉ុន្តែមានអ្នកខ្លះក៏គេបើកបរគោរពច្បាប់និងចេះយោគយល់អធ្យាស្រ័យដល់អ្នករួមដំណើរនៅលើផ្លូវជាមួយដូចគ្នាដែរ។ បញ្ហាគ្រោះថ្នាក់ចរាចរណ៍បច្ចុប្បន្នបានបង្កផលវិបាកនិងបង្កជាសោកនាដកម្មយ៉ាងធ្ងន់ធ្ងរនៅក្នុងសង្គម ដល់ជនរងគ្រោះ និងដល់ក្រុមគ្រួសារពួកគេ។
លោកបានលើកឡើងថា បញ្ហាដែលនៅតែចាក់ស្រែះធំៗនៃគ្រោះថ្នាក់ចរាចរណ៍នេះលោកមើលឃើញថា មានចំណុចសំខាន់ៗមួយចំនួនទី១- គឺអ្នកបើកបរមួយចំនួនអាងសែស្រឡាយឬអាងខ្នងអ្នកនេះអ្នកនោះ រីឯខាងក្រុមហ៊ុនរថយន្តធំៗក៏មានអាងបែបក្រុមហ៊ុនទៅ។ ទី២- ពាក់ព័ន្ធនឹងការបើកបរនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងដែលជារឿងមួយសំខាន់ណាស់ដែរ។ បញ្ហាទី៣ ដែលសំខាន់ដែរនោះគឺការអនុវត្តច្បាប់ចរាចរណ៍នៅទន់ខ្សោយដែលខុសកាលពីចេញច្បាប់ដំបូងមានការអនុវត្តតឹងរ៉ឹងតែក្រោយមកក៏បន្ទន់ដៃដោយអនុវត្តមិនសូវបានតឹងរឹង។ រីឯចំណុចទី៤ គឺពាក់ព័ន្ធនឹងអ្នកបើកបរខ្លះដែលគ្មានបណ្ណបើកបរនិងអ្នកខ្លះទៀតមានបណ្ណបើករបរ ប៉ុន្តែមិនទាន់ចេះបើកបរស្ទាតជំនាញ។
លោក គិម អេង ថ្លែងថា បញ្ហានេះអាចពាក់ព័ន្ធនឹងរឿងពុករលួយមួយចំនួន ខណៈអ្នកខ្លះមិនបានរៀនបើកបរស្ទាត់ និងមិនបានស្គាល់ពីស្លាកសញ្ញាចរាចរណ៍ ឬស្ថានភាពផ្លូវបែបម៉េចផងតែក៏មានបណ្ណបើកបរ។ ដូច្នេះទាំងអស់នេះចំពោះអ្នកមានបណ្ណបើកបរហើយគាត់មកបើកបរលើផ្លូវបង្កឱ្យកើតមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ច្រើន។
លោកថ្លែងថា៖ «បើយើងចង់ដោះស្រាយនូវបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះឱ្យកាន់តែប្រសើរ គឺយើងត្រូវគិតអំពីចំណុចសំខាន់ទាំង ៤ ខាងលើនេះ ឱ្យចេញសិនទើបយើងអាចទៅដោះស្រាយបញ្ហាជាប់ពាក់ព័ន្ធផ្សេងៗទៀតបាន។ បើអ្នកបើកបរនោះគាត់បានរៀនបើកបរនិងបានយល់ដឹងពីច្បាប់ចរាចរណ៍ត្រឹមត្រូវទៅក៏វាមិនសូវជាបង្កគ្រោះថ្នាក់អីប៉ុន្មានដែរ។ ប៉ុន្តែរឿងសំខាន់បំផុតគឺអ្នកខ្លះគាត់មិនបានរៀនបើកបរត្រឹមត្រូវទេ តែក៏ទៅកាន់ដៃចង្កូតរថយន្តដែរ»។
បើតាមលោក គិមអេង កន្លងមកមន្ត្រីជំនាញរកឃើញថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍បណ្តាលមកពីកត្តាមនុស្ស យានយន្ត ការផឹកគ្រឿងស្រវឹងនិងបណ្តាលមកពីកត្តាផ្សេងៗទៀត។ ប៉ុន្តែគាត់មិនទាន់រកឃើញចំណុចជាបញ្ហាធំនៃគ្រោះថ្នាក់ចរាចរណ៍ដែលនៅតែជាវិបត្តិសង្គមនោះទេ។ ជាក់ស្តែងប្រសិនបើមានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង គឺសម្បូរអ្នកធ្វើអន្តរាគមន៍ដែលពេលខ្លះសឹងតែនគរបាលធ្វើចរាចរណ៍ក៏មិនកើតផង។
លោកថា ករណីនេះពលរដ្ឋត្រូវតែកសាងទំនុកចិត្តឱ្យបានច្បាស់លាស់ដោយជឿលើនគរបាលចរាចរណ៍។ រីឯនគរបាលចរាចរណ៍គួរព្យាយាមដោះស្រាយឈរលើគោលការណ៍ច្បាប់ត្រឹមត្រូវទោះបីមានអ្នកណាមកអន្តរាគមក៏ដោយគឺត្រូវដោះស្រាយតាមភាពជាក់ស្តែងដោយអ្នកខុសថា ខុស អ្នកត្រូវថា ត្រូវ អ៊ីចឹងប្រហែលជាអាចបង្កើនជំនឿទុកចិត្ត និងលែងមានអ្នករកខ្នងបង្អែកទៀត។
ពាក់ព័ន្ធផលវិបាកនៃគ្រោះថ្នាក់ចរាចរណ៍នេះលោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូននិងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានលើកឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ ២០២២ នេះថា យោងតាមរបាយការណ៍ក្នុងរយៈពេល ៦ ខែ ក្នុងឆ្នាំ ២០២២ នេះមានជនរងគ្រោះស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ចំនួន ៩៤២ នាក់ និងរងរបួសចំនួន ២ ២៣៥ នាក់ (ធ្ងន់ ១ ៤២៩ នាក់) បើធៀបនឹង ១ ឆមាសទី១ ឆ្នាំ ២០២១ មានការកើនឡើង ៣៤៨ លើកស្មើ ២៨ ភាគរយ អ្នកស្លាប់កើន ២៣៣ នាក់ ស្មើ ៣៣ ភាគរយ និងរបួសកើន៤៤៣ នាក់ ស្មើ ២៥ ភាគរយ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុដែលជាខេត្តមួយមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេក្នុងចំណោម ៣ ខេត្តបានថ្លែងថា ក្នុងឆមាសទី១ ឆ្នាំ ២០២២ នេះគ្រោះថ្នាក់ចរាចរណ៍នៅខេត្តព្រះសីហនុ មានកំណើនរហូតដល់១១១ ករណី។ ក្នុងនោះគ្រោះថ្នាក់បង្កដោយរថយន្តចំនួន ៧៦ លើក ម៉ូតូ ៣១ លើក និងរថភ្លើងចំនួន ៤ លើក បណ្ដាលឱ្យស្លាប់មនុស្សចំនួន ៦៣ នាក់ ក្នុងនោះជនបរទេស ៣ នាក់ និងអ្នករងរបួសចំនួន ១២៥ នាក់។
លោកបន្តថា មូលហេតុបង្កឱ្យមានគ្រោះថ្នាក់បណ្តាលមកពីបើកបរហួសល្បឿនចំនួន ៦១ ភាគរយ បើកបរវ៉ាជែង ១៧ ភាគរយ បើកបរមិនប្រកាន់ស្តាំ ៨ ភាគរយ និងការបត់មិនប្រុងប្រយ័ត្ន ៨ ភាគរយ ការឆ្លងផ្លូវមិនប្រុងប្រយ័ត្ន២ ភាគរយ បើកបរមិនគោរពសិទ្ធិ ១ ភាគរយ កត្តាយានយន្ត ១ ភាគរយ បើកបរដោយគ្រឿងស្រវឹង ១ ភាគរយ និងកត្តាផ្លូវថ្នល់ ១ ភាគរយ។
បើតាមលោក គួច ចំរើន អ្វីដែលបានរកឃើញគឺកត្តាមនុស្សបើកបរហួសល្បឿនកំណត់ បើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងឬគ្រឿងញៀនការមិនគោរពសិទ្ធិអាទិភាព ការបត់ ការជែងដោយខ្វះការប្រុងប្រយ័ត្ន ប្រជាពលរដ្ឋមួយចំនួនយល់ដឹងពីច្បាប់ចរាចរណ៍នៅមានកម្រិត ។
ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ លោក គួច ចំរើន បានស្នើគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោករៀបចំជាស្ប៉ត ឬវីដេអូខ្លីណែនាំអំពីការប្រើប្រាស់ផ្លូវល្បឿនលឿនព្រោះប្រជាពលរដ្ឋភាគច្រើនមិនទាន់ចេះប្រើប្រាស់ផ្លូវល្បឿនលឿនទេ។ នៅខេត្តព្រះសីហនុយើងមានផ្លូវល្អ និងផ្លូវអាក្រក់ជាក់ស្តែងផ្លូវជាតិលេខ ៣ រាល់ថ្ងៃខូចខាតលំបាកក្នុងការធ្វើដំណើរអ៊ីចឹងដើមឆ្នាំ ២០២១ កន្លងមកគ្មានអ្នកស្លាប់ទេ តែផ្លូវកសាងសង់រួចងាយស្រួលបើកបរ តែបង្កឱ្យមានគ្រោះថ្នាក់បាត់ជីវិតលឿនឆាប់។
លោកបានបញ្ជាក់ថា៖ «យើងខ្ញុំមានការព្រួយបារម្ភថានៅពេលខាងមុខ ប្រសិនបើគ្មានការពន្យល់ណែនាំឱ្យបានច្បាស់លាស់អំពីរបៀបប្រើប្រាស់ផ្លូវល្បឿនលឿននេះទេ អាចបង្កឱ្យមានគ្រោះថ្នាក់ និងអាចឈានដល់ការបាត់បង់ជីវិតដល់អ្នកធ្វើដំណើរ»។
លោក ស ខេង ជាប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ ២០២២ នេះដែរថា បន្ទាប់ពីការឆ្លងជំងឺកូវីដបានធូរស្រាល រាជរដ្ឋាភិបាលប្រកាសបើកដំណើរការប្រទេសឡើងវិញកាលពីថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅ។ ស្ថិតក្នុងកាលៈទេសៈវិជ្ជមាននេះយើងក៏បានពិនិត្យឃើញថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកហាក់មានការកើនឡើងបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។ ជាក់ស្តែងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើនឡើង ៣៤៨ លើក ស្មើនឹង ២៨ ភាគរយ។ បើគិតជាមធ្យមក្នុង ១ ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៩ លើក បណ្តាលឱ្យស្លាប់មនុស្សចំនួន ៥ នាក់ និងរបួសចំនួន ១០ នាក់។ ភាគច្រើនបានកើតនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ។
លោកបន្តថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានចាត់ទុកហេតុការណ៍នៃគ្រោះថ្នាក់ចរាចរណ៍ និងជនរងគ្រោះក្នុងឆមាសទី១ ឆ្នាំ ២០២២ នេះនៅតែជាបញ្ហាប្រឈម។
លោកបញ្ជាក់ថា៖ «ខ្ញុំគិតថា ចំណុចនេះគឺមកពីកត្តាមនុស្សតែម្តង មនុស្សមិនគោរពច្បាប់ទោះបីម៉ូតូក្តីឡានក្តី បើកាលណាគាត់ស្រវឹងហើយគាត់បើកឡានបើកម៉ូតូ វាគ្រោះថ្នាក់។អ៊ីចឹងខ្ញុំគិតថាចំណុចនេះជាចំណុចមួយដែលយើងគួរប្រមូលផ្តុំ។ យើងឃើញហើយគឺថារឿងរថយន្តធ្ងន់ រឿងម៉ូតូអីហ្នឹង វាជារឿងមួយហើយ សរុបសេចក្តីមក មនុស្សមិនគោរពច្បាប់ និងមិនទទួលខុសត្រូវក្នុងការធ្វើដំណើរតាមផ្លូវ។ យើងប្រមូលផ្តុំបញ្ហាដើម្បីយើងឈានទៅដោះស្រាយឱ្យចំបញ្ហាយើងផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋទូទៅវាជាការចាំបាច់ហើយ ក៏ប៉ុន្តែយោបល់ខ្ញុំថា អ្នកដែលពាក់ព័ន្ធផ្ទាល់ហ្នឹងតែម្តងយកអ្នកនោះមកដើម្បីត្រួតពិនិត្យអប់រំ ហើយចាប់ផ្តើមអនុវត្តវិន័យជាមួយអ្នកទាំងអស់នោះឱ្យតឹងរ៉ឹង។ខ្ញុំឯកភាពការប្រឡងយកបណ្ណបើកបរតែមិនមែនតែក្រសួងសាធារណការ បើទោះបីថាក្រសួងមហាផ្ទៃក៏ដោយ យើងថាប្រឡងអ៊ីចឹងមែន តែបើប្រឡងគ្មានតម្លាភាពវាក៏អត់មានន័យដែរ ដែលខ្ញុំកំពុងយកចិត្តទុកដាក់ដើម្បីនឹងពង្រឹងគុណភាពនៃការប្រឡង»៕