កម្ពុជា​ទទួល​បាន​ពាន​រង្វាន់​ពិភព​លោក​ចំនួន ២ ពីស្ថាប័ន World Travel Award លើក​ទី​២៩ ដែល​ពាន​រង្វាន់​ទាំង ២ នេះ បាន​តាមរយៈ​ការ​បោះឆ្នោត​របស់​ភ្ញៀវ​ទេសច​រប្រមាណ ២ លាន​នាក់ ជុំវិញ​ពិភព​លោក ជ្រើសរើស​ប្រទេស​កម្ពុជា ជា​គោលដៅ​ទេសចរណ៍​វប្បធម៌ និង​ជា​គោលដៅ​ទេសចរណ៍​យុវជន​ឈាន​មុខ​គេ​ក្នុង​ទ្វីប​អាស៊ី​ឆ្នាំ ២០២២។

សូម​ជម្រាប​ថា World Travel Award គឺ​ជា​កម្មវិធី​ពាន​រង្វាន់​ដ៏​មាន​កិត្យានុភាព​បំផុត​របស់​ឧស្សាហកម្ម​ទេសចរណ៍ ដែល​ផ្តល់​រង្វាន់​ដល់​អ្នក​ដឹកនាំ​ក្នុង​វិស័យ​ទេសចរណ៍ ក្រុមហ៊ុន​អាកាសចរណ៍​ សណ្ឋាគារ និង​បដិសណ្ឋារកិច្ច។

ពិធី​ប្រគល់​ពាន​រង្វាន់​ទាំង ២ នេះ បាន​ប្រារព្ធ​ធ្វើ​ឡើង​នា​ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ ITE HCMC 2022 នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម នា​ថ្ងៃទី ០៧ កញ្ញា ឆ្នាំ ២០២២។ លោក ថោង រដ្ឋសក្ដិ អគ្គនាយក​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ក្រសួង​ទេសចរណ៍ ជា​អ្នក​ឡើង​ទទួល​ពាន​រង្វាន់​ទាំង ២ នេះ តំណាង​រដ្ឋាភិបាល​ឱ្យ​កម្ពុជា។

លោក ថោង រដ្ឋសក្ដិ បាន​ឱ្យ​ដឹង​ថា តាមរយៈ​ការ​អនុវត្ត​នូវ​ផែនការ​យុទ្ធសាស្រ្ត​ស្ដីពី​ការ​បើក​ទទួល​ទេសចរណ៍​វ៉ាក់សាំង, វិធានការ​គោលនយោបាយ​ជំរុញ​ចលនា​ទេសចរណ៍​ផ្ទៃ​ក្នុង​ឆ្នាំ ២០២១-២០២៣, ផែនទី​ចង្អុល​ផ្លូវ​ស្ដីពី​ផែនការ​ស្ដារ និង​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង​និង​ក្រោយ​ដំណាក់កាល​នៃ​វិបត្តិ​ជំងឺ​កូវីដ ១៩ ឆ្នាំ ២០២០-២០២៥ ដំណាក់កាល​ទី២ (Recovery) និង​ឈរ​លើ​យុទ្ធសាស្រ្ត​ចាក់​ស្រោច​វ៉ាក់សាំង ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ៕