​ភ្នំពេញៈ​​ អង្គ​ការ Helen Keller បាន​ឱ្យដឹង​ថា គម្រោង​បណ្តុះ​បណ្តាល​ខ្លី​ជុំវិញ​របប​អាហារ​សុខ​ភាព​និង​ការ​ចិញ្ចឹម​ទារក និង​កុមារ​ ទៅ​ដល់​កម្មករ​ កម្ម​កា​រិនី​នៅ​តាម​បណ្តា​រោង​ចក្រ​ប្រមាណ​ ២៨​ កន្លែង នៅ​រាជ​ធានី​ខេត្ត​ចំនួន​ ៤​ អង្គការ​រំពឹង​ថា ​បុគ្គលិក​កម្មករ ​កម្មកា​រិនី​ជាង ២០ ០០០​ នាក់​នឹង​ទទួល​ផល​ប្រយោ​ជន៍​។

​គម្រោង​បណ្តុះ​បណ្តាល​ខ្លី​នេះគឺ​ជា​ផ្នែក​មួយ​នៃ​គម្រោង​សាក​ល្បង​លើក​កម្ពស់​អាហារូ​បត្ថម្ភ​និង​ការ​ចិញ្ចឹម​ទារក ​និង​កុមារ​នៅ​តាម​រោង​ចក្រ ​សហ​គ្រាស និង​កន្លែង​ធ្វើការ​ រួមទាំង​គាំទ្រ​ការ​បង្កើត​បន្ទប់​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ​ ដោយ​ទទួល​បាន​ការ​គាំទ្រ​ពី​ទីភ្នាក់​ងារ​កិច្ច​សហ​ប្រតិ​បត្តិការ​អា​ល្លឺ​ម៉​ង់ GIZ និង​គម្រោង ​MUSEFO ។​

​បន្ទាប់​ពី​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​គម្រោង​សាក​ល្បង​នេះ លោក ​ហ៊ូ ក្រើន ​នាយក​អង្គការ​ Helen Keller បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៨ កញ្ញា​ថា កាល​ពី​ថ្ងៃទី​៥ ​ដល់​៧ ខែកញ្ញា ក្រុម​ការងារ​របស់​អង្គការ​ Helen Keller បានធ្វើការ​បណ្តុះ​បណ្តាល​ខ្លី​ដល់​កម្មករ កម្ម​ការ​នី​រោង​ចក្រ Berry Apparel (Cambodia) Co., Ltd. ស្តីពី​របប​អាហារ​សុខ​ភាព និង​ការ​ចិញ្ចឹម​ទារក ​និង​កុមារ​។​

​លោក​បាន​បន្ត​ថា គម្រោង​បណ្តុះ​បណ្តាល​ខ្លី​នេះ ​បាន​និង​កំពុង​អនុវត្ត​នៅ​លើ​រោងចក្រ​សហ​គ្រាស ​ស្ថាប័នរដ្ឋ និង​អង្គ​ការ​នានា​ចំនួន​ ២៨ ​កន្លែង​ ដែល​ស្ថិត​នៅ​រាជ​ធានី​ភ្នំពេញ ​ខេត្ត​កណ្តាល ​កំពត និង​កំពង់ធំ ​ដើម្បី​អនុវត្ត​ការ​សាក​ល្បង​លើក​កម្ពស់​អាហា​រូប​ត្ថម្ភ និង​ការ​ចិញ្ចឹម​ទារក​ និង​កុមារ​នៅ​កន្លែង​ធ្វើការ​។​

​លោក​បាន​បន្តថា បុគ្គ​លិក កម្មករ កម្ម​ការិនី​ចំនួន​ជាង ​២០ ០០០​ នាក់ នឹងត្រូវ​រំពឹង​ទុក​ថា បាន​ទទួល​ផល​ប្រយោ​ជន៍ ពី​គម្រោង​តាម​រយៈ​សកម្ម​ភាព​បណ្តុះ​បណ្តាល និង​ការផ្តល់​ជា​វេទិកា​មួយ​ដល់​ស្ត្រី​ដើម្បី​ពួកគេ​មាន​ឱកាស​ចូលរួម​ក្នុង​កម្មវិធី​សំខាន់​ផ្សេងៗ ​ដូចជា ការ​អប់រំ អាហា​រូបត្ថម្ភ និង​អនា​ម័យ ការអប់រំ​ ការ​ចិញ្ចឹម​ទារក និង​កុមារ ​ការប្រឹក្សា​លើ​របប​អា​ហារ និង​សុខ​ភាព​របស់​ស្ត្រី និង​ច្បាប់​ការ​ងារ​​។

​លោក​បាន​បញ្ជាក់​ថា​៖ «​យើង​ផ្តោត​សំខាន់​លើ​ការអប់រំ​ដល់​បុគ្គ​លិក ​កម្មករ​ កម្មការិនី​អំពី​សារៈ​សំខាន់​នៃ​សុខ​ភាព​ និង​អាហា​រូប​ត្ថម្ភ​ ដូច​ជា ​អាហា​រូប​ត្ថម្ភ​ពេល​មាន​ផ្ទៃ​ពោះ និង​ក្រោយ​សម្រាល​។ ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ ​ការផ្តល់​អាហារ​បន្ថែម​ដល់​កុមារ​ ការប្រឹក្សា​លើ​របប​អាហារ​ សារ​:​សំខាន់​អនាម័យ ​អត្ថ​ប្រយោជន៍​ការ​បរិភោគ​អា​ហារ​ចម្រុះ​ដែល​មាន​សារ​ជាតិ​ចិញ្ចឹម​ខ្ពស់​ដើម្បី​សុខ​ភាព​ និង​ថាម​ពល​មាំមួន​។ ការអប់រំ​ស្តីពី​ការ​ចិញ្ចឹម​ទារក​ និង​កុមារ​តូច​អំឡុង​ពេល​ធ្វើ​ការងារ​ដើម្បី​ឱ្យ​កូនៗមាន​សុខ​ភាព​ល្អ ឆ្លាត​វៃ​ និង​ក្លាយជា​ពលរដ្ឋ​មាន​សក្តានុ​ពល​ប្រកប​ដោយ​ផលិតភា​ព​ការងារ​ខ្ពស់​ក្នុង​ការ​លើកស្ទួ​យ​សេដ្ឋកិច្ច​ជាតិ​នា​ពេល​អនា​គត​»​។​

​ការសិ​ក្សា​ស្រាវ​ជ្រាវ​​តាមបែប​វិទ្យាសា​ស្ត្រ​នៅ​ប្រទេស​ផ្សេង​នាពេល​កន្លង​មក​បាន​រកឃើ​ញថា គម្រោង​លើក​កម្ពស់​អាហា​រូបត្ថម្ភ​និង​ការ​ចិញ្ចឹម​ទារក​និង​កុមារ​នៅតាម​រោង​ចក្រ​សហ​គ្រាស និង​កន្លែង​ធ្វើការ​មាន​ផល​ចំណេញ​ច្រើន​សម្រាប់​និយោ​ជិត និង​និយោ​ជក​រួម​មាន​ កាត់​បន្ថយ​ថ្លៃ​ថែទាំ​សុខភាព​សម្រាប់​ម្តាយ​ និង​កូន​, កាត់​បន្ថយ​ការ​អវត្ត​មាន​បុគ្គលិក​, បង្កើន​ផលិត​ភាព​ការងារ​,ធ្វើ​ឱ្យបរិយា​កាស​នៅ​កន្លែង​ធ្វើការ​មាន​លក្ខណៈ​ល្អ​ប្រសើរ​, បុគ្គលិក​ស្ត្រី​ដែល​បន្តការ​ងារ​រយ​:​ពេល​យូរ​មាន​អត្រា​ខ្ពស់​, កម្មករ​មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ធ្វើការងារ​និង​មាន​ការ​កាត់​បន្ថយ​ការ​ចំណាយ​លើ​ការជ្រើស​រើស និង​ការ​បណ្តុះ​បណ្តាល​និយោ​ជក។ នេះ​បើ​តាម​ការ​អះ​អាង​របស់​លោក ​ហ៊ូ ក្រើន​ ។​

​លោក​បាន​បន្ថែម​ថា ការសិក្សា​ស្រាវ​ជ្រាវ​នេះ ក៏បាន​រក​ឃើញ​ថា គម្រោង​ដូចនេះ​ក៏បាន​ផ្តល់​ជា​វេទិកា​មួយ​ដល់​ស្ត្រី​ដើម្បី​ពួកគេ​មាន​ឱកាស​ចូលរួម​ក្នុង​កម្មវិធី​សំខាន់ៗ​ដូច​ជា​ ការអប់រំ​អាហា​រូប​ត្ថ​ម្ភ​ និង​អនា​ម័យ ​ការអប់រំ​ ការ​ចិញ្ចឹម​ទារក​ និង​កុមារ​ ការ​ប្រឹក្សា​លើ​របប​អាហារ​ និង​សុខ​ភាព​របស់​ស្ត្រី និង​ច្បាប់​ការ​ងារ​។

​របាយ​ការណ៍​អង្កេត​សុខភាព​និង​ប្រជា​សាស្ត្រ​កម្ពុជា​ឆ្នាំ​ ២០២២​ នេះ បាន​បង្ហាញ​ថា ​អត្រា​នៃ​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​តែ​មួយ​មុខ​គត់​នៅ​កម្ពុ​ជា មាន​និន្នា​ការ​បន្ត​ធ្លាក់​ចុះ​គួរឱ្យ​ព្រួយ​បារម្ភ​យ៉ាងខ្លាំង​ពី​អត្រា​ ៦៥​ ភាគរយ​នៅ​ឆ្នាំ​ ២០១៤ មក​នៅ​ត្រឹម ​​៥១​ ភាគ​រយ​ នៅ​ឆ្នាំ ២០២២ ​នេះ​។​

​ជា​មួយ​នឹង​ការ​ធ្លាក់​ចុះនេះ​ ប្រទេស​កម្ពុជា​បាន​ប្តេជ្ញា​ចិត្ត​នៅក្នុង​កិច្ច​ប្រជុំ​កំពូល​ទីក្រុង​តូ​ក្យូ​ស្តីពី​អាហា​រូបត្ថម្ភ​ដើម្បី​កំណើន​នា​ខែ​ធ្នូ ឆ្នាំ​ ២០២១ ​កន្លង​ទៅ​ថា នឹង​បង្កើន​អត្រា​ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​តែ ១ ​មុខ​គត់​ សម្រាប់​ទារក​ និង​កុមារ​អាយុ​ពី​សូន្យ​ដល់ ៦ ​ខែ ឱ្យ​បាន​ដល់ ​៨៥​ ភាគ​រយ នៅ​ឆ្នាំ​ ២០៣០​។

​លោក​ស្រី ទុង រដ្ឋា​វី ទីប្រឹក្សា​ក្រសួង​សុខាភិ​បាល​បាន​ថ្លែងថា ការ​ប្ដេជ្ញា​ចិត្ត​របស់​កម្ពុជា​នា​ពេល​នោះ​បាន​ធ្វើ​ឡើង​ដោយ​សារ​តែ​អត្រា​ការ​បំបៅ​កូន ដោយ​ទឹកដោះ​ម្តាយ ​បាន​ធ្លាក់​ចុះ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ យ៉ាង​ណា ​លោក​ស្រីបាន​អះ​អាងថា ​មិន​ទាន់​មាន​ការ​សិក្សា​ណា​មួយ​បញ្ជាក់​ពី​មូល​ហេតុ​ក្នុង​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​នៃ​អត្រា​ការ​បំបៅ​ដោះ​កូន​នេះ​នៅ​ឡើយ​ទេ​។​

​ប៉ុន្តែ​លោក​ស្រី​បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​គិត​ថា​មាន​កត្តា​ជា​ច្រើន​ដែល​រួមចំណែក​ដូច​ជា ​ស្ត្រី​​ ៧៦​ ភាគ​រយ ធ្វើ​ការងារ​នៅក្នុង​ប្រព័ន្ធ ​ហើយ​ពួក​គាត់​ភាគ​ច្រើន​បាន​បញ្ឈប់​ការ​បំបៅ​ដោះ​កូន​នៅពេល​ត្រឡប់​មក​ធ្វើការ​ងារ​វិញ​។ បញ្ហា​សំខាន់​មួយ​ទៀត គឺ​កង្វះ​ខាត​ការ​គាំទ្រ​ពី​ស្ថា​ប័ន និង​ពី​និយោ​ជក​នៅ​កន្លែង​ធ្វើការ ​គ្មាន​ការ​លើក​ទឹកចិត្ត​ពី​សំណាក់​សមាជិក ​គ្រួសារ​ផ្ទាល់​ដូចជា​ប្តី ម្តាយ ​ឪពុក​ខ្លួន​ឯង ម្ដាយ ​ឪពុក​ក្មេក ជីដូន ​ជីតា និង​មនុស្ស​ជុំវិញ​ខ្លួន​ដោយ​គិត​ថា​ ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​ជា​ការ​ទទួល​ខុស​ត្រូវ​ផ្តាច់​មុខ​របស់​ម្តាយ​តែ​ម្នាក់​ឯង ដែល​នេះ​ជា​ការគិត​ប្រកប​ដោយ​គ្រោះ​ថ្នាក់​មួយ​ដែល​ឱ្យស្ត្រី​ងាយ​នឹង​បោះ​បង​ការ​បំបៅ​ដោះ​កូន​»​។​

​បន្ថែម​ពីនេះ ​លោក​ស្រីបាន​អះ​អាង​ទៀត​ថា ការ​ផ្សព្វ​ផ្សាយ​លក់​ផលិត​ផល​ទឹកដោះ​គោ​ម្សៅ​ផ្សំ​តាម​រូបមន្ត ក៏​ជា​កត្តាសំខាន់​ដែល​ធ្វើឱ្យ​មាន​ការ​ភា​ន់ច្រឡំ​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​មហា​ជន​អំពី​គុណ​តម្លៃ​ដ៏​ល្អឥ​តខ្ចោះ​របស់​ទឹកដោះ​ម្តាយ សម្រាប់​ការ​ចិញ្ចឹម​ទារក​ និង​កុមារ ​និង​យល់​ខុស​ថា​ ទឹកដោះ​គោ​ម្សៅ​ផ្សំ​តាម​រូបមន្ត​ជា​អាហារ​ទំនើប​ទាន់​សម័យ​សម្រាប់​ទារក​ ក៏​ជាមូល​ហេតុ​ដែល​ធ្វើ​ការ​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ ​មាន​ការ​ធ្លាក់ចុះ​ផង​ដែរ​។​

​ក្នុង​នាម​ក្រសួង​សុខាភិបាល​ លោកស្រី ទុង រដ្ឋា​វី អំពាវ​នា​ឱ្យ​បងប្អូន​កម្មករ​ កម្ម​ការីនី​ចូលរួម​ពិចារ​ណា​ឱ្យបាន​ដិត​ដល់​លើ​គុណ​តម្លៃ​ទឹកដោះ​ម្តាយ​សម្រាប់​កូនៗ​របស់​យើង ​ព្រោះ​ខ្ញុំ​ដឹង​ច្បាស់​ថា ​បងប្អូន​ទាំង​អស់​ពិតជា​ចង់ឱ្យ​កូនៗ​មាន​បញ្ញា​ឈ្លាស​វៃ មាន​ខួរ​ក្បាល​ល្អ រៀន​ពូកែ មាន​សុខ​ភាព​ល្អប្រសើរ​ គ្មាន​ជំងឺ​ រាង​កាយ​មាំមួន​ស គ្នា​និង​កូនៗ​មាន​អនា​គត​បវរ​រុង​រឿង ​ហើយ​ដែល​គុណ​ភាព​ទាំង​អស់​នេះ​អាច​សម្រេច​បាន​ដោយ​គ្រាន់តែ​អនុវត្ត​ការ​បំបៅដោះ​កូន​ឱ្យបាន​ពេញ​លេញ​តែ​ប៉ុណ្ណោះ​៕