​ភ្នំពេញៈ​ ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​ចេញ​សេចក្តី​សម្រេច​ឱ្យ​កម្មករ​និយោ ជិត​ឈប់​សម្រាក​នៅ​ថ្ងៃ​បុណ្យ​ប្រចាំ​ឆ្នាំ ២០២៣ ដោយ​មាន​ប្រាក់​ឈ្នួល​រយៈ​ពេល ២១ ថ្ងៃ​ ដូច​គ្នា​នឹង​ឆ្នាំ ២០២២ ​ដែរ​។​

​សេចក្តី​សម្រេច​របស់ លោក អ៊ិត សំហេង រដ្ឋ​មន្ត្រី​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ ចុះ​ថ្ងៃទី ៧ ខែកញ្ញា ដែល ​ភ្នំពេញ​ ប៉ុស្តិ៍​ ទទួល​បាន​នៅ​ថ្ងៃទី​ ៩ ខែ​កញ្ញា​ បង្ហាញ​ថា ក្រសួង​ការងារ​បាន​សម្រេច​អនុញ្ញាត​ឱ្យ​កម្មករ​និយោ​ជិត​នៃ​រោង​ចក្រ​ សហ​គ្រាស​ទាំង​អស់ ដែល​មាន​ចែង​ក្នុង​មាត្រា ១ នៃ​ច្បាប់​ការងារ ​បាន​ឈប់​សម្រាក​ពី​ការងារ​ដោយ​មាន​ប្រាក់​ឈ្នួល​ទៅតាម​ប្រតិ​ទិន​រយៈ​ពេល​ ២១ ថ្ងៃ​ នៃ​ថ្ងៃ​បុណ្យ​សម្រាប់​ឆ្នាំ​ ២០២៣ ​ខាង​មុខ​នេះ​។

​លោក អ៊ិត ​សំហេង បាន​ឱ្យ​ដឹង​តាម​រយៈ​លិខិត​សម្រេច​នោះ​ថា ចំពោះ​រោង​ចក្រ សហគ្រាស​ទាំង​ឡាយ​ណា ដែល​កម្មវត្ថុ​អាជី​វកម្ម​មាន​ចរិត​លក្ខណៈ​សកល​ត្រូវ​ប្រព្រឹត្ត​ទៅជាប្រចាំ និង​មិន​អាច​បញ្ឈប់​សកម្ម​ភាព​បាន ហើយ​ការ​ឈប់​សម្រាក​បុណ្យ​នៃ​កម្មករ​និយោជិត​ទាំង​អស់​ព្រម​គ្នា​ក្នុងពេល​តែ​មួយ​ នាំ​ឱ្យ​ខូច​ប្រយោជន៍​ដល់​សា​ធារណ​ជន ឬក៏​ធ្វើឱ្យ​ខូច​ដំណើរការ​របស់​រោង​ចក្រ សហ​គ្រាស ​នោះ​ម្ចាស់​ឬ​នាយក​រោង​ចក្រ សហ​គ្រាស ​ត្រូវ​រៀបចំ​បែង​ចែក​ឱ្យ​កម្មករ​និយោ​ជិត​បាន​ឈប់​សម្រាក​ទៅ​តាម​ថ្ងៃ​បុណ្យ​នីមួយៗ ​ដោយ​ផ្លាស់​ប្តូរ​គ្នា​។​

​លោក​បញ្ជាក់​ថា​៖ «​ក្នុង​ករណី​មាន​ការ​ព្រម​ព្រៀងគ្នា​រវាង​កម្មករ​និយោជិត​សាមី ​និង​និយោជក ​ឬ​មាន​ចែង​នៅក្នុង​បទ​បញ្ជា​ផ្ទៃក្នុង របស់​រោង​ចក្រ សហ​គ្រាស ឬ​អនុ​សញ្ញា​រួម ការ​ឈប់​សម្រាក​របស់​កម្មករ​និយោ​ជិត​អាច​អនុវត្ត​នៅពេល​ណា​មួយ​ ផ្សេង​ទៀត ​ដែល​ខុស​ពី​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ដូច​មាន​កំណត់​ក្នុង​ប្រកាស​នេះ​»។

​លោក​រដ្ឋ​មន្ត្រី​ក្រសួង​ការ​ងារបាន​ឱ្យ​ដឹង​ទៀត​ថា ម្ចាស់ ឬ​នាយក​រោង​ចក្រ ​សហ​គ្រាស ​ត្រូវ​រៀបចំ​បញ្ជី​ឈ្មោះ​កម្មករ​និយោ​ជិត​ដែល​ត្រូវ​ផ្លាស់​ប្តូរ​គ្នា​ឈប់​សម្រាក នៅ​ថ្ងៃ​បុណ្យ​នីមួយៗ ​ហើយ​រក្សា​ទុក​ជាប្រចាំ​សម្រាប់​ការត្រួត​ពិនិត្យ​របស់​អធិការ​កិច្ច​ការងារ​។ ក្នុង​អំឡុង​ពេល​នៃ​ការ​ឈប់​សម្រាក​ដោយ​ផ្លាស់​ប្តូរ​គ្នា​នេះ​ ម្ចាស់ ឬ​នាយក​រោង​ចក្រ​ សហគ្រាស​អាច​ប្រើ​ប្រាស់កម្មករ​និយោ​ជិត​ផ្សេង​ជា​បណ្តោះ​អាសន្ន​មក​ជំនួស​កម្មករ​និយោ​ជិត​ដែល​បាន​ឈប់​សម្រាក​។​

​ក្នុង​លិខិត​សម្រេច​នោះ​ដែរ​លោក អ៊ិត សំហេង បាន​ប្រាប់​ទៅ​នាយក​ខុទ្ទ​កា​ល័យ អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​រដ្ឋបាល ​និង​ហិរញ្ញ​វត្ថុ អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​ការងារ​ អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​អប់រំ​បណ្តុះ​បណ្តាល​បច្ចេក​ទេស ​និង​វិជ្ជាជីវៈ ​ប្រធាន​នាយក​ដ្ឋាន​អធិការ​កិច្ច​ការ​ងារ ប្រធាន​នាយក​ដ្ឋាន​វិវាទ​ការងារ ​និង​ប្រធាន​អង្គ​ភាព​ពាក់​ព័ន្ធ កម្មករ​និយោ​ជិត និង​និយោ​ជក​ ត្រូវ​ទទួល​បន្ទុក​អនុវត្ត ប្រ​កាស​របស់​ក្រសួង​ការ​ងារតាម​ភារ​កិច្ច​រៀងៗ​ខ្លួន ចាប់​ពី​ថ្ងៃទី​ ១ ​ខែមករា​ ឆ្នាំ​ ២០២៣ ​តទៅ​។​

​លោក លី វិចិត្រ ប្រធាន​សហ​ភាព​សហ​ជីព​សុភម​ង្គល​កម្មករ​កម្ពុ​ជា ថ្លែង​នៅ​ថ្ងៃទី ៨​ ខែកញ្ញា​ថា ជា​រៀង​រាល់ឆ្នាំ​ គឺ​មុន​ពេល​ឆ្លង​ឆ្នាំ ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ តែមាន​ការ​ចេញ​សេចក្តី​សម្រេច​ឱ្យមាន​កម្មករ ​និយោជិត បាន​ឈប់​សម្រាក ​ដែល​ជា​ការកត់​សម្គាល់​ឃើញថា​ មិន​មាន​បញ្ហា​អ្វី​ទេ​។ លោក​ថា ការ​ឈប់​សម្រាក​នៅ​ប្រទេស​កម្ពុជា​ បើ​ប្រៀប​ធៀប​ជាមួយ​បណ្តា​ប្រទេស​មួយ​ចំនួន ឃើញ​ថា មានការ​ឈប់​សម្រាក​បាន​ច្រើន​ជាង​គេ​ផង​ដែរ​​។

​លោក​បន្ត​ថា ​ជាទូទៅ​ការ​ប្រកាស​របស់​ក្រសួង​ការ​ងារឱ្យ​បងប្អូន​កម្មករ ​និយោជិត​បាន​ឈប់​សម្រាក គឺ​បណ្តា​រោង​ចក្រ​តែង​ផ្តល់ឱ្យ​​បង​ប្អូន​មាន​ការ​ឈប់​សម្រាក​ លើក​លែង​តែ​មាន​រោង​ចក្រ​មួយ​ចំនួន​តូច​ ដែល​មមា​ញឹក​ការងារ​ច្រើន ​ដែល​មិន​អាច​អនុញ្ញាត​ឱ្យ​មាន​ការ​ឈប់​សម្រាក​ព្រម​គ្នា​បាន ដែល​ត្រូវ​បែ​ងចែក​វេន​គ្នា​សម្រាប់​ឈប់​សម្រាក​។

​លោក​ថ្លែងថា​៖ «​មួយរ​យៈ​ពេលនេះ​ខ្ញុំ​ស​ង្កេត​ឃើញថា តាម​បណ្តា​រោង​ចក្រ សហ​គ្រាស គឺ​អត់​សូវ​សម្បូរ​ការងារ​ធ្វើ​ទេ អ៊ីចឹង​ការឈប់​សម្រាក​ដូច​ជា​ភ្ជុំបិណ្ឌ​នេះ​អី ប្រហែលជា​មិន​មាន​ការងារ​បន្ថែម​ទេ គឺ​បង​ប្អូន​អាច​ធ្វើ​ការ​ឈប់​សម្រាកទាំង​អស់​តែម្តង​» ៕