ភ្នំពេញៈ ជនសង្ស័យ​ក្នុង​បទល្មើស​នេសាទ​ ៥២ ​នាក់ ត្រូវបាន​កម្លាំង​បញ្ជាការ​ស្រាល​នៃ​គណៈកម្មការ​បង្ការ​ទប់​ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ​ថ្នាក់ជាតិ និង​ថ្នាក់​ខេត្ត​ជុំវិញ​តំបន់​បឹង​ទន្លេសាប កសាង​សំណុំរឿង​បញ្ជូនទៅ តុលាការ ក្នុងនោះ មាន​ ២៦ ​នាក់ ត្រូវបាន​តុលាការ​សម្រេច​ធ្វើការ​ចោទប្រកាន់ និង​ឃុំខ្លួន​ដាក់ពន្ធនាគារ​។ នេះ​បើតាម​អ្នកនាំពាក្យ​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​។​

លោក អុឹង ទ្រី អ្នកនាំពាក្យ​រដ្ឋ​បាលជ​ល​ផល បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​៨ ខែ កញ្ញា ឆ្នាំ​ ២០២២ ថា គិត​ចាប់ពី​ដើមខែ​មីនា ដល់​ដំណាច់​ខែសីហា ឆ្នាំ ​២០២២ កម្លាំង​បញ្ជាការ​ស្រាល​នៃ​គណៈកម្មការ​បង្ការ​ទប់​ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ​ថ្នាក់ជាតិ និង​ថ្នាក់​ខេត្ត​ទាំង​ ៦ ជុំវិញ​តំបន់​បឹង​ទន្លេសាប បានធ្វើការ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ​៥២ ​នាក់ និង​រឹបអូស​វត្ថុតាង​នៃ​បទល្មើស រួមមាន​អួន​អូស​ទឹកសាប​និង​អួន​ហ៊ុម សរុប​ ៥៧ ​វង់ របាំង​ស្បៃ​មុង​ និង​សាច់​អួន​សរុប​ជាង​ ៤៣​ ពាន់​ម៉ែត្រ ឧបករណ៍​ឆក់ ​១ ២៩៧ ​គ្រឿង ម៉ាញ់​ ១៤​ វង់ ឈឹប​យន្ត​ ២១ ​គ្រឿង លប​លូ​ស្បៃ​មុង​ជិត​ ៤ ៥០០​ មាត់​ ឬ​គ្រឿង បង្គោល​ចម្រឹង​ឈើ​និង​ឫស្សី​សរុប​ជិត​ ២៥ ​ម៉ឺន​ដើម និង​រឹបអូស​ទូក​និង​កាណូត​សរុប​ ១៥៤ ​គ្រឿង​។​

លោក​បាន​បញ្ជាក់ថា​៖ «​ជនសង្ស័យ​ដែល​ត្រូវបាន​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ទាំង​ ៥២ ​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ក្នុងនោះ​ជនសង្ស័យ ​២៦ ​នាក់ ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ ដោយ​ចោទប្រកាន់​ពីបទ នេសាទ​ត្រី​ដោយ​ប្រើប្រាស់​ឧបករណ៍​ឆក់ និង​ឧ​បរ​ណ៍​នេសាទ​ទំនើប​ដែល​ទើប​បង្កើត​ថ្មី ក្នុង​ដែន​អភិរក្ស​ត្រី​មេ​ពូជ តាម​ប​ញ្ញ​តិ្ត មាត្រា​ ៩៨ ​នៃ​ច្បាប់​ជលផល​»​។

យោងតាម​មាត្រា​ ៩៨ ​នៃ​ច្បាប់​ជលផល ជនសង្ស័យ​ទាំង​ ២៦ ​នាក់ នឹងត្រូវ​ប្រឈម​ការផ្ដន្ទាទោស​ជាប់ពន្ធនាគារ​ពី ​៣ ​ឆ្នាំ​ដល់​ ៥​ ឆ្នាំ​។

បើតាម​លោក អុឹង ទ្រី ខេត្តពោធិ៍សាត់ និងខេត្តសៀមរាប ត្រូវបាន​គេ​កត់សម្គាល់ថា បាន​បង្ក្រាប​​ចាប់បាន​ជន​ប្រព្រឹត្ត​បទល្មើស​នេ​សាទ បញ្ជូនទៅឱ្យ​តុលាការ ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​បាន​ច្រើនជាងគេ ក្នុងចំណោម​ខេត្ត​ទាំង​ ៦​ ជាប់​បឹង​ទន្លេសាប​។ ដោយ​ក្នុងនោះ​ខេត្តពោធិ៍សាត់ បាន​បង្ក្រាប​ចាប់​ជន​ប្រព្រឹត្ត​បទល្មើស​នេសាទ​បាន​ចំនួន ​២១ ​នាក់​បញ្ជូនទៅ​តុលាការ និង​បាន​ស្រាវជ្រាវ​រកឃើញ​មុខសញ្ញា​ជន​ប្រព្រឹត្ត​បទល្មើស​នេសាទ​ចំនួន ៦ ​នាក់​ផ្សេងទៀត ខណៈ​ខេត្តសៀមរាប បាន​បង្ក្រាប​ចាប់​ជនសង្ស័យ​ចំនួន​ ១៧ ​នាក់ បញ្ជូនទៅ​តុលាការ​ និង​ស្រាវជ្រាវ​រកឃើញ​មុខសញ្ញា​ជន​ប្រព្រឹត្ត​បទល្មើស​ចំនួន ១០​ នាក់។​

ចំណែក​ខេត្តពោធិ៍សាត់ ជាប់​លំដាប់ថ្នាក់​ទី​៣ ដែល​បាន​បង្ក្រាប​បាន​ជន​ប្រ​ព្រឹ​ត្ត​បទល្មើស​នេសាទ​ចំនួន​ ៩​ នាក់ ​បញ្ជូនទៅ​តុលាការ ខណៈ​ខេត្តកំពង់ធំ​បង្ក្រាប​ចាប់បាន​ជនសង្ស័យ ​៥​ នាក់ និង​ស្រាវជ្រាវ​រកឃើញ​មុខសញ្ញា​ជន​ប្រព្រឹត្ត​បទល្មើស​នេសាទ​ ៣ ​នាក់។ រីឯ​ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ សមត្ថកិច្ច​បង្ក្រាប​​បានតែ​វត្ថុតាង​នៃ​បទល្មើស ដូចជា មង លប និង សម្រាស់ តែប៉ុណ្ណោះ ចំណែក​ជន​ប្រព្រឹត្ត​បទល្មើស​នេសាទ ​ចាប់​មិនបាន​នោះទេ​។​

ជុំវិញ​ករណីនេះ ជួង សុភា ប្រធាន​ខណ្ឌ​រដ្ឋបាល​ជ​ល​ផល ខេត្តបាត់ដំបង បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៨​ ខែ កញ្ញា​ ឆ្នាំ​ ២០២២ ​ថា ខេត្តបាត់់ដំបង​មានស្រុក​ចំនួន​ ៤​ ជាប់​បឹង​ទន្លេសាប រួមមាន ស្រុក​សង្កែ ​ឯក​ភ្នំ មោង​ឫស្សី និង​ស្រុក​ថ្មគោល​។

លោក​បាន​និយាយថា បទ​លើ្ម​ស​នេសាទ​នៅក្នុង​ខេត្ត​នេះ ភាគច្រើន​ជា​បទល្មើស​តូចតាច មិនជា​ដុំកំភួន​នោះទេ​។ ទោះយ៉ាងណា លោក​ទទួលស្គាល់ថា ជន​ប្រព្រឹត្ត​បទល្មើស​មាន​ល្បិចកល​និង​បណ្ដាញ​ច្រើន ដែល​ពេលខ្លះ​ពួកគេ​បានដឹងខ្លួន​មុន ហើយ​បាន​លាក់ទុក​នូវ​ឧបករណ៍​នេសាទ​ខុសច្បាប់​របស់​ពួកគេ​នៅក្នុង​ព្រៃ និង​កប់​ពន្លិច​ទៅក្នុង​ទឹក នៅពេល​មានការ​ចុះបង្ក្រាប​ដោយ​កម្លាំង​សមត្ថកិច្ច ។​

​លោក​បាន​ថ្លែងថា​៖ «​បទល្មើស​នេសាទ​ភាគច្រើន​កើតឡើង​នៅក្នុង​តំបន់​ព្រៃ​លិច​ទឹក​នៃ​បឹង​ទន្លេសាប ដែល​នៅ​ឆ្ងាយ​ពី​ភូមិ ការធ្វើដំណើរ​ចុះទៅ​បង្ក្រាប​តាមផ្លូវ​ទឹក​គឺមាន​រយៈ​ចម្ងាយ​ឆ្ងាយ អ៊ីចឹ​ង​ទេ​ពេលខ្លះ​ទម្រាំ​កម្លាំង​សមត្ថកិច្ច​យើង​ចុះទៅ​ដល់ ជន​ប្រព្រឹត្ត​បទល្មើស​បាន​ដឹងខ្លួន​មុន ហើយ​ពួកគេ​រើ​ឧបករណ៍​ខុសច្បាប់​ចេញ ឬ​កប់​លាក់ទុក​នៅក្នុង​ទឹក​អស់​» ។

​ថ្វីបើ​យ៉ាង​ដូច្នេះ​ក្ដី លោក ជួង សុភា បាន​ប្រាប់​ឱ្យដឹងថា ក្នុង​រយៈ​ ១ ខែ​កន្លងមកនេះ កម្លាំង​សមត្ថកិច្ច​នៃ​គណៈបញ្ជាការ​ស្រាល​ខេត្តបាត់ដំបង បាន​បង្ក្រាប​បទល្មើស​នេសាទ​សរុប ១៩ ​លើក ដោយ​រឹបអូស​វត្ថុតាង​សាច់​មង​បាន​ជាង​៣​ម៉ឺន​ម៉ែត្រ ឡុ​ក​ចំនួន​ ១១៥​ ក្បាល លូ​ស្បៃ​មុង ​៣១ ​មាត់ បង្គោល ​១៥ ៧៣០ ​ដើម សម្រាស់​សាច់​អួន​ ៨ ២០០ ​ម៉ែត្រ អ៊ុយ​ ១៨​ មាត់ និង​លែង​ត្រី​ចម្រុះ​ចូល​បឹង​ធម្មជាតិ​វិញ ៥១២ ​គីឡូក្រាម ព្រមទាំង​ប្រមូល​ឧបករណ៍​នេសាទ​ខុសច្បាប់​ពី​ប្រជាពលរដ្ឋ​យកមក​ប្រគល់ជូន​មានដូចជា សាច់​មង​ ១៧ ​ពាន់​ម៉ែត្រ អាំង​វុិច​ទ័​រ ៤៣១ ​គ្រឿង ដង​ឆក់ ១៣​ គូ ព្រមទាំង​ឧបករណ៍​កែច្នៃ​ខុសច្បាប់​មួយចំនួន​ផងដែរ​។​

​ស្រដៀង​គ្នា​នេះ លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាលជលផល​ខេត្តកំពង់ឆ្នាំង បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ទោះជា​កម្លាំង​សមត្ថកិច្ច​បាន​ប្រឹងប្រែង​ចុះ​ល្បាត និង​យាម​ប្រចាំការ​នៅក្នុង​តំបន់​ដែល​ធ្លាប់​កើតមាន​បទល្មើស​នេសាទ​ជា​ញឹក​ញាប់​ហើយក៏​ដោយ ក៏​បទល្មើស​នេះ​នៅតែ​បន្ត​កើតមាន​ក្នុង​ទ្រង់ទ្រាយ​តូច​និង​ដោយ​អន្លើ នៅក្នុង​ទីតាំង​ផ្សេងទៀត ព្រោះ​ភូមិសាស្ត្រ​តំបន់​បឹង​ទន្លេសាប​វា​មាន​វិសាលភាព​ធំ​។​

​លោក​ថ្លែងថា​៖​ «​ការបង្ក្រាប​បទល្មើស​នេសាទ ពិតជា​មិនមាន​ភាពងាយស្រួល​នោះទេ ប្រសិនបើ​គ្មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ និងអាជ្ញាធរ​មូលដ្ឋាន​ភូមិ​-​ឃុំ »​។

​ជាមួយគ្នានេះ​លោកបាន​អំពាវនាវ​សុំឱ្យ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​-​ឃុំ បន្ត​ចូលរួម​រាយការណ៍​ផ្ដល់ព័ត៌មាន​អំពី​ទីតាំង ឬជន​ប្រព្រឹត្ត​បទ​ល្មើស​នេសាទ​ដល់​សមត្ថកិច្ច ដើម្បី​មាន​ចំណាត់ការ បង្ក្រាប​ទប់ស្កាត់​បទល្មើស​បាន​ទាន់ពេលវេលា​៕