
ពលរដ្ឋមកពិនិត្យឈ្មោះបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីខែតុលា ឆ្នាំ ២០២១។ រូបថត ហេង ជីវ័ន
ភ្នំពេញៈ ក្រសួងមហាផ្ទៃ ស្នើអភិបាលរាជធានី-ខេត្ត ផ្តល់កិច្ចសហការពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យគាំទ្រដល់ដំណើការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ ២០២១ ដើម្បីពិនិត្យបញ្ជីឈ្នោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២២ ខណៈគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) លេខាធិការដ្ឋានរាជធានី-ខេត្ត រៀបចំការបោះឆ្នោត (លធ.ខប) ត្រៀមខ្លួន និងសម្ភារឧបទេស ដើម្បីបណ្តុះបណ្តាលបន្តទៅមន្ត្រី លធ.ខប និងក្រុមចុះឈ្មោះបោះឆ្នោត។
លិខិតរបស់ក្រសួងសួងមហាផ្ទៃផ្ញើទៅអភិបាលរាជធានី-ខេត្ត ដែលចុះហត្ថលេខា ដោយលោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃកាលពីថ្ងៃទី ៧ ខែកញ្ញា ឱ្យដឹងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានស្នើសុំការអនុញ្ញាតពីក្រសួងមហាផ្ទៃ ឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ផ្តល់កិច្ចសហការគាំទ្រ ក្នុងការចែកលិខិតអញ្ជើញអ្នកមានឈ្មោះបោះឆ្នោតផ្លូវការ ឆ្នាំ ២០២១ សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្នោះបោះឆ្នោត ឆ្នាំ ២០២២។
បើតាមលិខិតក្រសួងមហាផ្ទៃ ការចែកលិខិតអញ្ជើញនេះ ធ្វើនៅតាមភូមិ ក្នុងសង្កាត់ទូទាំងប្រទេស ដែលប្រព្រឹត្តនៅថ្ងៃទី ២០ ខែកញ្ញា ដល់ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២២។ ដូច្នេះ ដើម្បីធានាឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២២ ប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព ក្រសួងមហាផ្ទៃបានណែនាំដល់រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ពិសេសរដ្ឋបាលឃុំ-សង្កាត់ ត្រូវផ្តល់កិច្ចសហការ ជាមួយ គ.ជ.ប.គ្រប់លំដាប់ថ្នាក់ ធ្វើការគាំទ្រក្នុងការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ ២០២១ សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២២ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
លោក សោម សូរីដា អ្នកនាំពាក្យ គជប ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៨ កញ្ញាថា ជារៀងរាល់ឆ្នាំ មុនការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គជប តែងតែមានកម្មវិធីផ្តល់លិខិតអញ្ជើញប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ដើម្បីឱ្យពួកគាត់ពិនិត្យមើលឈ្មោះ និងទិន្នន័យរបស់ខ្លួន ដើម្បីប្រាកដថា ពិតជាមានឈ្មោះ និងទិន្នន័យ ត្រូវបានកត់ត្រាត្រឹមត្រូវតាមឯកសារ ដែលពលរដ្ឋទាំងនោះផ្តល់ជូនកាលពីចុះឈ្មោះបោះឆ្នោតមុន។ ឯកសារនោះ គឺអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រាប់បម្រើឱ្យការបោះឆ្នោត។
លោកបន្តថា ដើម្បីដំណើរការផ្តល់លិខិតអញ្ជើញនេះ ទៅដល់ដៃរបស់ប្រជាពលរដ្ឋ គឺ គជប តែងតែធ្វើលិខិតទៅក្រសួងមហាផ្ទៃ សុំឱ្យក្រសួងមហាផ្ទៃណែនាំដល់អាជ្ញាធររាជធានី-ខេត្ត ជាពិសេស អាជ្ញាធរថ្នាក់ក្រោមជាតិទាំងអស់ឱ្យផ្តល់កិច្ចសហការក្នុងដំណើរការផ្តល់ និងចែកលិខិតអញ្ជើញនេះ ។
លោកថ្លែងថា៖ «អ៊ីចឹងទេ! លិខិតរបស់ក្រសួងមហាផ្ទៃបានរួមចំណែកយ៉ាងសំខាន់ ដែលអនុញ្ញាតឱ្យ គជប ផ្តល់លិខិតអញ្ជើញប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត ទៅតាមគោលដៅ ដូចបញ្ជាក់ គឺមកពិនិត្យមើលឈ្មោះរបស់ខ្លួន នៅក្នុងបញ្ជីបោះឆ្នោត ចុងក្រោយឆ្នាំ ២០២១ ក្នុងន័យធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត»។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៨ កញ្ញាថា ក្នុងនាមអភិបាលខេត្ត រដ្ឋបាលខេត្តព្រះសីហនុ ក៏ដូចរដ្ឋបាលខេត្តផ្សេងទៀតដែរ បានទទួលលិខិតរបស់ក្រសួងមហាផ្ទៃនេះរួចហើយ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានចាត់ចែងផ្សព្វផ្សាយ និងបញ្ជូនបន្តទៅស្ថាប័ន និងអាជ្ញាធរដែលពាក់ព័ន្ធ ដើម្បីផ្តល់កិច្ចសហការ ធ្វើយ៉ាងណាឱ្យការងារនេះប្រព្រឹត្តទៅដោយរលូន និងតាមការគ្រោងទុក ។
លោក ទេព នីថា អគ្គលេខាធិការ គជប ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២២” កាលពីថ្ងៃទី ៧ ខែកញ្ញា បានណែនាំដល់ (លធ.ខប) ទាំងអស់ ត្រូវត្រៀមរៀបចំសម្ភារឧបទេស និងត្រៀមលក្ខណៈ ដើម្បីធ្វើការបណ្តុះបណ្តាលបន្តទៅមន្ត្រី លធ.ខប ក្រុមចុះឈ្មោះបោះឆ្នោត និងភាគីពាក់ព័ន្ធផ្សេងទៀតក្នុងក្របខ័ណ្ឌរាជធានី-ខេត្តរបស់ខ្លួន ស្របតាមផែនការ និងប្រតិទិនដែលបានកំណត់ និងតាមគោលការណ៍ណែនាំរបស់ គ.ជ.ប.ព្រមទាំងគោរពឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលនៃជំងឺកូវីដ ១៩។
ទន្ទឹមនឹងនេះ លោកបានស្នើសុំភាគីពាក់ព័ន្ធ មេត្តាជួយផ្សព្វផ្សាយបន្ត ដើម្បីអប់រំដល់សាធារណជនអំពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ព្រមទាំងចូលរួមសហការអនុវត្តតាមតួនាទី និងភារកិច្ចរៀងៗខ្លួនតាមគោលការណ៍ណែនាំ របស់ គ.ជ.ប. សំដៅធានាឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២២ សម្រេចបានជោគជ័យ ប្រកបដោយបរិយាកាសសន្តិសុខ សុវត្ថិភាព និងមានសណ្ដាប់ធ្នាប់ល្អ ស្របតាមច្បាប់ បទបញ្ជា នីតិវិធី និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
បើតាមលោក ទេព នីថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២២ នេះ សម្រាប់ការរៀបចំបញ្ជីបោះឆ្នោតបម្រើឱ្យការបោះឆ្នោតជាសកល ដើម្បីជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ ២០២៣។ ដូចនេះ គ.ជ.ប. បានកំណត់កាលបរិច្ឆេទចាប់ផ្តើមពីថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២២ និងបញ្ចប់នៅថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២៣។ ឯការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ-សង្កាត់ គឺមានរយៈពេល ៥០ ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី ២០ ខែតុលា រហូតដល់ថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ ២០២២៕