ភ្នំពេញៈ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​អង្គការ Helen Keller ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នូវ​បន្ទប់​បំបៅ​ដោះ​កូន ដើម្បី​ជួយ​សម្រួល​ដល់​មន្ត្រីរាជកា​រ​ជា​ស្ត្រី​ដែលមាន​កូនតូចឱ្យមាន​កន្លែង​សមរម្យ​ក្នុងការ​បន្ត​បំបៅ​ដោះ​កូន​នៅពេល​ត្រឡប់មក​បំពេញការងា​រវិ​ញ ក្រោយពី​ការ​សម្រាក​មាតុភាព​រយៈពេល ៣ ខែ។

ការសហការ​គ្នា​យ៉ាង​ល្អ​ក្នុង​ការរៀបចំ​បង្កើត​ប​ន្ទ​ប់​បំបៅ​ដោះ​កូន និង​ពិធី​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​នៅក្នុង​ក្រសួង​ឧស្សា​​ហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​នេះ បានធ្វើ​ឡើង​នៅ​ថ្ងៃទី ៨ ខែកញ្ញា ដោយមាន​អ្នកចូលរួម​ប្រមាណ ១០០ នាក់។

លោក គឹម ទូច រដ្ឋលេខាធិការក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍បាន​ថ្លែង​ថា អត្ថប្រយោជន៍​នៃ​ទឹកដោះ​ម្ដាយ ដែលជា​អាហារូបត្ថម្ភ​ដ៏​មាន​សារៈសំខាន់​បំផុត ក្នុងការ​ចិញ្ចឹម​ទារក និង​កុមារ ក្រសួង​ក៏មាន​គំនិត​ផ្តួចផ្តើម​ក្នុងការ​បង្កើត​បន្ទប់​បំបៅ​ដោះ​កូន​នេះ​ឡើង។ ការបង្កើត​បន្ទប់​នេះ​ដើម្បី​ជួយ​សម្រួល​ដល់​មន្ត្រីរាជកា​រ​ជា​ស្ត្រី​ដែលមាន​កូនតូច មាន​កន្លែង​សមរម្យ​ក្នុងការ​បន្ត​បំបៅ​ដោះ​កូន​ប្រកបដោយ​អារម្មណ៍​ស្រស់ស្រាយ​កក់ក្ដៅ នៅពេល​ពួកគាត់​ត្រឡប់មក​បំពេញ​ការងារ​វិញ​ក្រោយពី​ការ​សម្រាក​មាតុភាព​រយៈពេល ៣ ខែ។

លោកថា៖ «ខ្ញុំ​ជឿជាក់ថា​ នៅពេលដែល​កុមារ​របស់​យើង​មាន​សុខ​ភាពល្អទាំង​រាងកាយ និង​មានការ​អភិវឌ្ឍ​ខួរក្បាល​ល្អ មានគំនិត​ប្រាជ្ញា​ស្មារតី ឆ្លាត​វាងវៃ និង​ប្រកបដោយ I​Q ខ្ពស់​នោះ ជាការរួមចំណែក​ដ៏​សំខាន់​ក្នុងការ​លើកកម្ពស់​ការ​អភិវឌ្ឍ​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ នាពេលខាងមុខ។ ព្រោះ​វិស័យនេះ គឺ​ទាមទារ​ខ្លាំងណាស់​នូវ​កត្តា​ធនធានមនុស្ស​ដែលមាន​សតិបញ្ញា ភាព​ច្នៃប្រឌិត​ខ្ពស់ ដើម្បី​ជំរុញ​កំណើន​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​បាន​យ៉ាង​ឆាប់រហ័ស»។

លោកថ្លែងថា ប្រសិនបើ​ស្ថាប័ននីមួយៗ យកចិត្តទុកដាក់​លើក​ទឹកចិត្ត និង​សម្រួល​ឱ្យ​ស្ត្រី​បន្ត​បំបៅ​ដោះ​កូន​នៅ​កន្លែងធ្វើការ​បន្តទៀត នោះ​​អាចមាន​សង្ឃឹមថា​អាត្រា​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​នឹងមាន​សម្ទុះ​កើនឡើង​វិញ ជាក់​ជាមិនខាន។

លោកបាន​បញ្ជាក់ថា៖​​ «ខ្ញុំ​សូម​អំពាវនាវ​ដល់​មន្ត្រី​រាជការ​ជា​ស្ត្រី ដែលមាន កូន​អាយុ​ក្រោម ២ ឆ្នាំ ឬ​ស្ត្រី​ដែល​ទើប​សម្រាលកូន​ហើយ សូម​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​សុទ្ធ​រហូតដល់ ៦ ខែ ទោះបីជា​ត្រូវ ត្រឡប់មក​ធ្វើការ​វិញ​ក៏ដោយ និង​បន្ត​បំបៅ​ដោះ​កូន​រហូតដល់​អាយុ ២ ឆ្នាំ។ (ខ្ញុំ) សូម​អំពាវនាវ​ដល់​ក្រសួង និង​ស្ថាប័នផ្សេងៗទៀត សូមមេត្តា​ពិចារណា​ក្នុងការ​រៀបចំ​បន្ទប់​បំបៅ​ដោះ​កូន​ដើម្បី​សម្រួល​ឱ្យ​ស្ត្រី​ដែល​ត្រឡប់មក​ធ្វើការ​វិញ​អាច​បន្ត​ការ​បំបៅ​ដោះ​កូន តទៅទៀតបាន»។

ការ​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ​ម្តាយ​ពិតជា​បានរួម​ចំណែក​កាត់បន្ថយ​អត្រា​មរណភាព​របស់​មាតា ទារក និង​កុមារ និង​ជួយ​ឱ្យ​កុមារ​មាន​សុខ​ភាពល្អ មាន​ប្រាជ្ញា​ឆ្លាត​វាងវៃ។ តាមរយៈ​ការធ្វើ ឱ្យមាន​ភាពប្រសើរឡើង​នូវ​ស្ថានភាព​អាហារូបត្ថម្ភ​ស្ត្រី និង​កុមារ និង​តាម​ការប្តេជ្ញាចិត្ត​របស់​កម្ពុជា​ក្នុងការ​បង្កើន​អត្រា​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​តែ ១ ​មុខ​គត់​សម្រាប់​ទារក និង​កុមារ​អាយុ​ពី​សូន្យ ដល់ ៦ ខែ ឱ្យបាន​ដល់ ៨៥% នៅ​ឆ្នាំ ២០៣។

លោក គឹម ទូច ថ្លែងថា តាម​ការសិក្សា​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​បាន​បង្ហាញថា ការបង្ក​បរិយាកាស សមស្រប​ដូចជា​ការបង្កើត​បន្ទប់​បំបៅ​ដោះ​កូន​សមរម្យ​នៅ​កន្លែងធ្វើការ​ផ្ដល់​ពេលវេលា​សម្រាក​ដល់​ស្ត្រី​ក្នុងការ​បំបៅ​ដោះ​កូន នៅ​កន្លែងធ្វើការ ផ្តល់​ពេលវេលា​ក្នុងការ​ច្របាច់ ឬ​បូម​ទឹកដោះ​ម្តាយ​ក្នុង​បន្ទប់​បំបៅ​ជាមួយនឹង​ការបំពាក់​សម្ភារ និង​ឧបករណ៍ គ្រប់គ្រាន់ នឹង​ធ្វើឱ្យ​ស្ត្រី​មានការ​ពេញចិត្ត មាន​អារម្មណ៍ល្អ​ស្រស់ថ្លា​នៅ​កន្លែងធ្វើការ​ទទួលបាន​សុខភាព​ល្អប្រសើរ​ទាំង​ខ្លួន គាត់​ផ្ទាល់ កូន និង​ក្រុមគ្រួសារ​ដែលជា​បច្ច័យ​នាំមក​នូវ​ការកើនឡើង​ផលិតភាព​ការងារ និង​កាត់បន្ថយ​អវត្តមាន​បុគ្គលិក ព្រមទាំង​កាត់បន្ថយ​ការចំណាយ​លើ​ការធានារ៉ាប់រង​សុខភាព​បុគ្គលិក​ផងដែរ។

លោកស្រី ទុង រដ្ឋា​វី ទីប្រឹក្សា​ក្រសួងសុខាភិបាលថ្លែងថា កិច្ចខិតខំ​ប្រឹងប្រែង និង​ការចាប់ផ្តើម​មួយ​ដ៏​ល្អ ដើម្បី​ចូលរួមចំណែក​ក្នុងការ​លើកកម្ពស់ គាំទ្រ​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ ដែលជា​អាទិភាព​ចម្បង​មួយ របស់​ក្រសួងសុខាភិបាល និង​រាជរដ្ឋាភិបាល​កម្ពុជា។

លោកស្រីបាន​បន្តថា៖ «យើងទាំងអស់គ្នា​បាន​យល់ច្បាស់​រួចមកហើយ លើ​គុណ​តម្លៃ​ទឹកដោះ​ម្តាយ​ចំពោះ​សុខភាព ការលូតលាស់​ផ្នែក​រាងកាយ ការអភិវឌ្ឍ​សតិបញ្ញា​ស្មារតី​របស់​កុមារ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ។ ភ័ស្តុតាង​វិទ្យាសាស្ត្រ​បញ្ជាក់​ច្បាស់​ថា ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​ភ្លាមៗ​អំឡុង​ម៉ោង​ដំបូង​បន្ទាប់ពី​សម្រាល​អាច​ទប់​ស្កាត់​មរណភាព​ទារក​បាន​ប្រហែល ២០% កុមារ​ដែល​បានទទួល​ការ​បំបៅ​ដោយ​ទឹកដោះ​ម្តាយ​តែ ១ មុខ​គត់​សម្រាប់​រយៈពេល ៦ ខែ​ដំបូង អាច​កាត់បន្ថយ​ជំងឺ​រាករូសបាន ១១ ដង និង​ជំងឺ​រលាក​សួត​បាន ១៥ ដង បើ​ប្រៀបធៀប​ជាមួយ​កុមារ ដែល​មិន​បានទទួល​ការ​បំបៅ​ដោយ​ទឹកដោះ​ម្តាយ បាន​ពេញលេញ»។

លោកស្រី ទុង រដ្ឋា​វី បន្ថែមថា ការ​មិនបាន​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ​ធ្វើឱ្យប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការអភិវឌ្ឍ​ខួរក្បាល និង​សតិ​ប​ញ្ញា ស្មារតី​របស់​កុមារ។ កុមារ​មិន​ទទួល​បានការ​បំបៅ​ដោយ​ទឹកដោះ​ម្តាយ​ពេញលេញ មាន​ទំហំ​ខួរក្បាល​តូច​ជាង​កុមារ​ដែល បាន​បៅ​ដោយ​ទឹកដោះ​ម្តាយ​ពេញលេញ។ មិនតែប៉ុណ្ណោះ​លោកស្រីថា ពួកគេ​បាត់បង់​ភាព​វៃឆ្លាត ឬ​ IQ ចំនួន ២.៦ ពិន្ទុ​ ប្រៀបធៀប​នឹងកុមារ​ទទួល​បានការ​បំបៅ​ទឹកដោះ​ម្តាយ​ពេញលេញ។

លោក ហ៊ូ ក្រើន នាយក​អង្គការ Helen Keller បាន​និយាយថា នេះ​គឺ​កិច្ចសហការ​គ្នា​យ៉ាង​ល្អ​ក្នុង​ការរៀបចំ​បង្កើត​ប​ន្ទ​ប់​បំបៅ​ដោះ​កូន និង​ពិធី​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់។

លោកបាន​បន្តថា៖ «ខ្ញុំ​ក៏​សង្ឃឹមថា​គម្រោង​នេះ​នឹងចូលរួម​អនុវត្ត​ការប្តេជ្ញាចិត្ត​របស់​កម្ពុ​ជា​ក្នុងការ​បង្កើន​អត្រា​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​តែ ១ ​មុខ​គត់​សម្រាប់​ទារក និង​កុមារ​អាយុ​ពី​ ០ ដល់ ៦ ខែ ឱ្យបាន​ដល់ ៨៥% នៅ​ឆ្នាំ ២០៣០»។

សូមជម្រាប់ថា តាមរយៈការបង្កើតបន្ទប់បំបៅដោះកូននេះ អង្គការ Helen Keller ក៏នឹងផ្តល់នូវឧបករណ៍ និងសម្ភារដូចជា ទូទឹកកក តុ កៅអី កង្ហារ ម៉ាស៊ីនបូមទឹកដោះ កន្សែងជូតដៃ និងសាប៊ូលាងដៃជាដើម និងសម្ភារប្រាស្រ័យ​ទាក់​ទង​ដើម្បីការផ្លាស់ប្តូរឥរិយាបថ៕