ភ្នំពេញៈ របាយការណ៍​ស្ទង់​មតិ​មួយ​បាន​បង្ហាញថា ​អ្នក​តបកិច្ច​សម្ភាសន៍​ជាង​ពាក់កណ្តាល​ចង់ឱ្យ​ប្រទេស​សមាជិក​អាស៊ាន​បញ្ឈប់​ការសាងសង់​រោងចក្រ​​ដើរ​ដោយ​ធ្បូ​ង​ថ្ម​ថ្មី​ជាបន្ទាន់ ខណៈ​ជិត​ ២ ​ភាគ​ ៣ ​នៃ​អ្នក​តប​កិច្ចសម្ភាសន៍​ ចង់ឱ្យ​ប្រទេស​របស់​ពួកគេ​បញ្ឈប់​ការប្រើប្រាស់​ធ្យូងថ្ម​ជាបន្ទាន់ ​ឬ​នៅត្រឹម​ឆ្នាំ​ ២០៣០​។​

របាយការណ៍​រកឃើញ​ថា ​ជិត​ ១ ​ភាគ ​៣​ នៃ​អ្នក​តប​កិច្ចសម្ភាសន៍ ​បានកត់សម្គាល់​នូវ​បាតុភូត​អាកាសធាតុ ​គឺជា​ការគំរាម​កំហែង​ចម្បង​ទៅដល់​ការផ្គត់ផ្គង់​ស្បៀងអាហារ​នៅក្នុង​ប្រទេស​របស់​ពួកគេ​។​

វិទ្យាស្ថាន​ Yusof Ishak (ISEAS)​ ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​ នា​ថ្ងៃទី​ ៨ ​ខែកញ្ញា ​បានចេញ​ផ្សាយ​របាយការណ៍​ស្ទង់មតិ​អាកាសធាតុ​លើក​ទី៣ ​របស់ខ្លួន​ស្តីពី​ឥរិយាបថ ​និង​ការយល់ឃើញ​របស់​ប្រជាជន​ នៃ​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍ ​ដោយបាន​បង្ហាញ​ពី​ការព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​ផលប៉ះពាល់​នៃ​រោងចក្រ​ដើរ​ដោយ​ធ្យូងថ្ម ​និង​អាកាសធាតុ​ទៅលើ​សន្តិសុខ​ស្បៀង​។ ការស្ទង់មតិ​ប្រចាំឆ្នាំ​ ២០២២ ​នេះ ​ត្រូវបាន​ធ្វើឡើង​ទាំង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ​និង​ដោយ​ការចុះ​ជួប​ផ្ទាល់ ​ចាប់ពី​ថ្ងៃទី​ ៨ ​ខែមិថុនា ​ដល់​ថ្ងៃទី​ ១២ ​ខែកក្កដា ​ដែលមាន​ប្រធានបទ​ពាក់ព័ន្ធ​នឹង​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ ​និង​សន្តិសុខ​ស្បៀង ​អភិបាលកិច្ច​អាកាសធាតុ ​និង​កិច្ចសហ​ប្រតិបត្តិការ​អន្តរជាតិ​។​

​ក្រៅពី​ភាសា​អង់គ្លេស ​ការស្ទង់មតិ​នេះ ត្រូវបាន​ធ្វើឡើង ជា​ភាសា​អាស៊ីអាគ្នេយ៍​ ចំនួន ​៦​ ផ្សេងទៀត​ រួមមាន ​ភាសា​Bahasa របស់​ឥណ្ឌូនេស៊ី ​ភូមា​ ឡាវ ​ខ្មែរ ​ថៃ ​និង​វៀតណាម ​ដោយមាន​អ្នក​តប​កិច្ចសម្ភាសន៍​សរុប​ចំនួន​ ១ ៣៨៦​ នាក់​ មកពី​ប្រទេស​អាស៊ាន​ទាំង​ ១០។​

ការស្ទង់មតិ​នេះ​លើកឡើងថា​៖ «អ្នក​តប​សម្ភាសន៍​ នៃ​បណ្តា​ប្រទេស​អាស៊ាន ​ជាង​ ៦០​ ភាគយ ​ជឿជាក់ថា​ ប្រទេស​ក្នុង​តំបន់​គួរតែ​បញ្ឈប់​ការសាងសង់​រោងចក្រ​ថាមពល​ធ្យូងថ្ម​ថ្មី​ជាបន្ទាន់​។ ចំណែកឯ​ជាង​ ៧២​ ភាគរយ ​ចង់ឱ្យ​បញ្ឈប់​ការពឹង​ផ្អែកលើ​ធ្យូងថ្ម​ជាបន្ទាន់ ​ដែល​ភាគរយ​នេះ​មានការ​ធ្លាក់ចុះ​បន្តិច​បើ​ធៀប​នឹង​ឆ្នាំមុន»។​

ការស្ទង់មតិ​នេះ​បង្ហាញថា ​អ្នក​តបកិច្ច​សម្ភាសន៍​ជិត ​២ ​ភាគ​ ៥ ​បានកត់សម្គាល់​ឃើញថា ​សហភាព​អឺរ៉ុប ​និង​សហរដ្ឋ​អាមេរិក​គឺជា​ប្រទេស​ដឹកនាំ​អាកាសធាតុ​ពិភពលោក​។ ទោះជា​យ៉ាងណា ​នៅពេល​សួរថា​ តើ​ប្រទេស​ណា​អាច​ដើរតួនាទី​សកម្ម​ជាង​ក្នុងការ​ចែករំលែក​ជំនាញ ​និង​ចំណេះដឹង​ផ្នែក​អាកាសធាតុ​នៅក្នុង​ប្រទេស​របស់​ពួកគេ​ អ្នក​តប​សម្ភាសន៍​បាន​ឆ្លើយ​សំដៅ​ដល់​ប្រទេស​ជប៉ុន ​និង​សហរដ្ឋអាមេរិក ​ជាជាង​ប្រទេស​ដៃគូ​សន្ទនា​អាស៊ាន​ដទៃ​ទៀត។​

​ការស្ទង់មតិ​បានបង្ហាញ​ថា​ ក្នុងចំណោម​ប្រទេស​អាស៊ាន​ អ្នក​តប​កិច្ចសម្ភាសន៍​ជាង​ពាក់កណ្តាល​ជឿជាក់ថា​ សិង្ហបុរី​មាន​សក្តានុពល​ក្នុង​ការក្លាយជា​ប្រទេស​ដឹកនាំ​អាកាសធាតុ​ក្នុង​តំបន់​ ខណៈ​ប្រជាជន​ឥណ្ឌូនេស៊ី​ទំនង​ជ្រើសរើស​ប្រទេស​របស់​ពួកគេ​សម្រាប់​តួនាទី​ដឹកនាំ​។​

លោក ​Choi Shing Kwok ​នាយក​ប្រតិបត្តិ​វិទ្យាស្ថាន ​ISEAS ​បាន​ថ្លែង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ ​ISEAS នា​ថ្ងៃទី ៨ ​ខែកញ្ញា​ថា ​បញ្ហា​ប្រឈម​នៃ​ថាមពល​ និង​អសន្តិសុខ​ស្បៀង​ កាន់​តែ​មាន​ភាពស្មុគស្មាញ​ ដោយសារ​វិបត្តិ​ ដូចជា​ជំងឺ​កូវីដ ១៩​ និង​ជម្លោះ​អ៊ុយក្រែន​។ ប៉ុន្តែ​គេ​ក៏​មិនត្រូវ​ភ្លេច​កត្តា​ចម្បង ​ដែល​បណ្តាល​មកពី​ការគំរាមកំហែង​ នៃ​ការប្រែប្រួល​អាកាសធាតុ​នោះដែរ​ ដែល​នឹងធ្វើ​ឱ្យមាន​ការព្រួយបារម្ភ​ដល់​តំបន់ ​និង​ពិភពលោក​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​។​

​លោក​ថ្លែងថា​៖ «ការកសាង​ភាពធន់​នឹង​អាកាសធាតុ​ គឺជា​ធាតុ​ផ្សំ​ដ៏​សំខាន់ ​ក្នុងការ​ធ្វើឱ្យ​មាន​ការផ្លាស់ប្តូរ ​នៃ​ផលិតកម្ម​កសិកម្ម​ក្នុង​តំបន់​ ដែល​ប្រជាជន​អាស៊ីអាគ្នេយ៍​ជាច្រើន​យល់ស្រប​ថា វា​ជា​អាទិភាព​ខ្ពស់​បំផុត»។​

លោកស្រី ​Sharon Seah ​មន្ត្រី​សម្របសម្រួល​ជាន់ខ្ពស់ ​នៃ​កម្មវិធី​ប្រែប្រួល​អាកាសធាតុ​នៅ​អាស៊ីអាគ្នេយ៍​ នៅ​វិទ្យាស្ថាន ​ISEAS ​ថ្លែង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា ​ការព្រួយបារម្ភ​អំពី​អាកាសធាតុ​បាន​កើនឡើង​ពី​ ១​ ឆ្នាំ​ទៅ ​១​ឆ្នាំ ​ដោយសារ​តំបន់​បន្ត​ប្រឈម​នឹង​ផលប៉ះពាល់​អាកាសធាតុ​ខ្លាំង ​ប៉ុន្តែ​រដ្ឋាភិបាល ​ក្រុមហ៊ុន​អាជីវកម្ម ​និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​ត្រូវបាន​មើល​ឃើញថា ​មាន​ភាពយឺតយ៉ាវ​ និង​ពុំមាន​ប្រសិទ្ធភាព​ក្នុង​ការឆ្លើយ​តប។​

លោក ​Stanley Loh​ រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​និរន្តរភាព ​និង​បរិស្ថាន ​របស់​ប្រទេស​សិង្ហបុរី ​បាន​ថ្លែង​ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ស្ទង់មតិ​នេះ ​នា​ថ្ងៃទី ​៨ ​ខែកញ្ញា​ថា ​កាលពី​ឆ្នាំមុន ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល ​ស្តីពី​ការប្រែ​ប្រួល​អាកាសធាតុ ​(IPCC) ​បាន​លើកឡើងថា ​គ្រប់​តំបន់​ទាំងអស់​ក្នុង​ពិភពលោក​ត្រូវបាន​ព្យាករ​ថា​នឹង​ជួបប្រទះ​រលក​កម្តៅ​​រយៈពេល​យូរ ​និង​ខ្លាំង​ជាង​មុន​គ្រោះរាំងស្ងួត ​និង​ទឹកជំនន់​ដែល​មិន​ធ្លាប់មាន​ពីមុន​មក​ ការកើនឡើង​ល្បឿន​នៃ​កម្ពស់​ទឹកសមុទ្រ ​និង​ការកើន​ឡើង​ព្យុះ​។​

​លោក​ថ្លែងថា​៖ «របាយការណ៍​ដដែល​នេះ​ក៏បាន​វាយតម្លៃថា ​តំបន់​អាស៊ីអាគ្នេយ៍ ​ក៏​នឹង​ស្ថិតក្នុង​ចំណោម​តំបន់ ​ដែល​រងគ្រោះ​ខ្លាំង​ជាងគេ​ផងដែរ​។ ការប្រែប្រួល​អាកាសធាតុ ​គឺជា​បញ្ហា​ប្រឈម​សកល​ដែល​ទាមទារ​ឱ្យមាន​ទាំង​វិធានការ​ថ្នាក់ជាតិ ​និង​ការឆ្លើយតប​ជាសកល ​ពីព្រោះ​កិច្ចសហ​ប្រតិបត្តិការ ​និង​ភាពជា​ដៃគូ​នៅ​គ្រប់​កម្រិត​បង្កើត​ឡើងវិញ​នូវ​ភាពជាដៃគូ​អន្តរជាតិ​ និង​ភាពជា​ដៃគូ​ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ផង​ដែរ»៕