
កម្ពុជាទទួលបានពានរង្វាន់ក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិនៅវៀតណាម ពីថ្ងៃទី ៧ កញ្ញា។រូប ក្រសួងទេសចរណ៍
ភ្នំពេញៈ កម្ពុជាទទួលបានពានរង្វាន់ពិភពលោកចំនួន ២ ពីក្រុមហ៊ុន World Travel Awards ក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ ITE HCMC 2022 និងខួបទី ២៩ឆ្នាំរបស់ក្រុមហ៊ុន ក្រោមប្រធានបទ «ការរីកចម្រើនឆ្ពោះទៅមុខទាំងអស់គ្នា Growing Forward Together» នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីថ្ងៃទី ៧ ខែកញ្ញា។
ពានរង្វាន់ទាំង ២ នេះគឺពានរង្វាន់គោលដៅវប្បធម៌ឈានមុខគេ ក្នុងទ្វីបអាស៊ី ឆ្នាំ ២០២២ (Asia''s Leading Culture Destination 2022) និងពានរង្វាន់គោលដៅទេសចរណ៍យុវជនឈានមុខគេ ក្នុងទ្វីបអាស៊ី ឆ្នាំ ២០២២ (Asia''s Leading Youth Travel Destination 2022) ។
បើតាមក្រសួងទេសចរណ៍ ការទទួលបានពានរង្វាន់ទាំង ២ នេះ បន្ទាប់ពីភ្ញៀវទេសចរប្រមាណ ២ លាននាក់ជុំវិញពិភពលោក បានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសប្រទេសកម្ពុជា ជាគោលដៅទេសចរណ៍វប្បធម៌ និងជាគោលដៅទេសចរណ៍យុវជនឈានមុខគេ ក្នុងទ្វីបអាស៊ីឆ្នាំ ២០២២។
លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ ជាអ្នកឡើងទទួលពានរង្វាន់ទាំង ២ ក្នុងនាមតំណាងរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ លោកឱ្យដឹងថា តាមរយៈការអនុវត្តផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ ២០២១-២០២៣ ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយដំណាក់កាលនៃវិបត្តិជំងឺកូវីដ ១៩ ឆ្នាំ ២០២០-២០២៥ ដំណាក់កាលទី២ (Recovery) និងឈរលើយុទ្ធសាស្ត្រចាក់ស្រោចវ៉ាក់សាំង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្រោមការដឹកនាំរបស់លោកហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យកម្ពុជាមានសម្ទុះចំនួនភ្ញៀវទេសចរអន្តរជាតិកើនឡើង ៥៨០ ភាគរយ ក្នុងរយៈពេល ៨ ខែដើមឆ្នាំ ២០២២ ដែលមានចំនួនជិត ១ លាននាក់។
លោកបន្តថា កត្តាទាំងនេះ ធ្វើឱ្យកម្ពុជាត្រូវបានជ្រើសរើស តាមរយៈការបោះឆ្នោតពីអ្នកទេសចរ ជាង ២ លាននាក់ ក្លាយជាម្ចាស់ពានរង្វាន់ចំនួន ២ ក្រោមប្រធានបទ «គោលដៅសម្រាប់ទ្វីបអាស៊ី» ទី១ គឺគោលដៅវប្បធម៌ឈានមុខគេក្នុងទ្វីបអាស៊ី ២០២២ និងទី២ គឺគោលដៅទេសចរណ៍យុវជនឈានមុខគេក្នុងទ្វីបអាស៊ីឆ្នាំ ២០២២។ ក្រៅពីកម្ពុជា ក៏មានប្រទេសដទៃទៀត ដែលទទួលបានពានរង្វាន់នេះដែរ ដូចជា ឥណ្ឌា ជប៉ុន ថៃ និងវៀតណាម ព្រមទាំងប្រទេសដទៃទៀត សរុបចំនួន ៣៥ ប្រទេស។
លោកថ្លែងថា៖ «អ្នកដំណើរអន្តរជាតិទាំងអស់មកទស្សនាកម្សាន្តនៅកម្ពុជា តាមរយៈការបើកឡើងវិញនូវ Visa-on-Arrival (Free Visa for ASEAN Travelers)។ ចំពោះភ្ញៀវទេសចរដែលចាក់វ៉ាក់សាំងពេញលេញអាចចូលមកតាមច្រកចេញ/ចូលប្រទេស គ្រាន់តែបង្ហាញកាត/វិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ១៩ រីឯភ្ញៀវទេសចរមិនបានចាក់វ៉ាក់សាំង គ្រាន់តែធ្វើតេស្តរហ័សតែប៉ុណ្ណោះ»។
បើតាមលោក ថោង រដ្ឋសក្តិ នេះសបញ្ជាក់ឱ្យឃើញថា «កម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព ផ្តល់ភាពកក់ក្តៅ ស្អាត និងបៃតង»។ លោក រំពឹងទុកថា តាមរយៈការដាក់ចេញនូវផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយដំណាក់កាល នៃវិបត្តិជំងឺកូវីដ ១៩ ឆ្នាំ ២០២០-២០២៥ យុទ្ធនាការទស្សនាកម្ពុជា ឆ្នាំ ២០២៣ និងការចូលរួមព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ ITE HCMC 2022 នឹងជួយទាក់ទាញកំណើនវិនិយោគិន និងទេសចរវៀតណាមកាន់តែច្រើនថែមទៀត ព្រោះវៀតណាមជាទីផ្សារលំដាប់ទី ២ របស់កម្ពុជា ដែលមាន ១៨៩-៧៨២ នាក់ សម្រាប់រយៈពេល ៧ ខែដើមឆ្នាំ ២០២២។
លោកស្រីឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៨ ខែកញ្ញា ថា ក្នុងនាមសមាគម លោកស្រីស្វាគមន៍ចំពោះកម្ពុជាដែលទទួលបានពានរង្វាន់ទាំង ២ ពីព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ ITE HCMC 2022 នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដែលនេះគឺជាសញ្ញាល្អសម្រាប់ប្រទេសកម្ពុជា។
លោកស្រីបន្តថា ការទទួលបានពានរង្វាន់ទាំង ២ នេះ ពិតជាស័ក្តិសមបំផុត សម្រាប់កម្ពុជា ពីព្រោះកម្ពុជា មានគោលដៅទេសចរណ៍វប្បធម៌ច្រើនដោយមានប្រាង្គប្រាសាទច្រើននៅក្នុងប្រទេស ដែលមានភាពទាក់ទាញ និងមានការថែទាំបានល្អប្រសើរផងដែរ។ ជាមួយគ្នានេះ យុវជនកម្ពុជាយ៉ាងច្រើន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានចូលរួមយ៉ាងសកម្មក្នុងវិស័យទេសចរណ៍។
លោកស្រីថ្លែងថា៖ «ជាចំណុចមួយដែលគួរអបអរសាទរ ប៉ុន្តែទន្ទឹមនឹងការអបអរសាទរនេះ យើងក៏គួរតែខិតខំប្រឹងប្រែងបន្ថែមទៀតដែរ។ មិនមែនយើងទទួលបានប៉ុណ្ណឹងហើយ [លែង] ដៃចោលនោះទេ។ យើងត្រូវតែបន្តខិតខំប្រឹងប្រែងបន្ថែមទៀត។ គេនឹងតាមដានថា កម្ពុជាអ៊ីចឹងមែនអត់? បើមិនខំប្រឹងប្រែងទេ គេនឹងវាយតម្លៃថា កម្ពុជាយើងមិនស័ក្តិសមនឹងទទួលបានពានរង្វាន់ទេ»។
លោកធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា ថ្លែងថា គ្រប់ពានរង្វាន់ដែលទទួលបាន វានឹងជួយផ្សព្វផ្សាយពីភាពលេចធ្លោ ឬជាលក្ខណពិសេស នៃវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក ដោយគ្មានដែនកំណត់ និងមិនចាំបាច់ចំណាយ ថវិកាសម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្ម។ ជាក់ស្តែងក្នុងបរិបទនៃជំងឺកូវីដ ១៩ កម្ពុជាត្រូវបានគេចាត់ទុកជាប្រទេសឈានមុខគេលើពិភពលោកក្នុងការទទួលភ្ញៀវទេសចរអន្តរជាតិ។
លោកបន្ថែមថា នៅពេលវិស័យទេសចរណ៍ មានដំណើរការល្អ វានឹងមិនត្រឹមតែ ផ្តល់ផលប្រយោជន៍ដល់អ្នកក្នុងវិស័យនេះប៉ុណ្ណោះទេ ប៉ុន្តែវិស័យផ្សេងៗទៀត ក៏នឹងបានទទួលផលដូចគ្នា។ កន្លងមកវិស័យទេសចរណ៍ ក៏ជាផ្នែកសំខាន់មួយដែលនាំចំណូលជាតិ និងប្រជាជន។
លោកបញ្ជាក់ថា៖ «ប្រទេសកម្ពុជាស័ក្តិសមបំផុតក្នុងការទទួលនូវពានរង្វាន់ទាំង ២ ខាងលើ ព្រោះក្រៅពីអ្វីដែលកម្ពុជាមានពីមុនមក (ទីតាំងភូមិសាស្ត្រកេរដំណែលពីដូនតា) រាជរដ្ឋាភិបាល និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍កម្ពុជានៅពេលនេះក៏បានខិតខំយ៉ាងសកម្មក្នុងការអភិរក្ស និងអភិវឌ្ឍវិស័យទេសចរណ៍ផងដែរ» ។
ឆ្នាំ ២០១៩ គឺជាពេលដែលវិស័យទេសចរណ៍កម្ពុជាមានភាពល្អប្រសើរជាងគេ ដោយទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប ៦,៦១ លាននាក់ កើនឡើង ៦,៦ ភាគរយ បើធៀបនឹងឆ្នាំ ២០១៨ និងទទួលបានចំណូលសរុប ៤ ៩១៩ លានដុល្លារ កើនឡើង ១២,៤ ភាគរយ។ នេះបើយោងតាមក្រសួងទេសចរណ៍៕