
លោក ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា។ រូបថត ហ្វេសប៊ុក
ភ្នំពេញៈ វិស័យដឹកជញ្ជូនកម្ពុជាចាប់ផ្តើមងើបឡើងវិញបន្តិចតាំងពីរាជរដ្ឋាភិបាលបើកសេដ្ឋកិច្ចសង្គម កាលពីខែវិច្ឆិកា ឆ្នាំ ២០២១ ។មិនថាតែវិស័យដឹកជញ្ជូននោះទេ វិស័យផ្សេងទៀតនៅក្នុងប្រទេសក៏បានទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិជំងឺកូវីដ ១៩ ផងដែរ។
ដើម្បីអាចប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់និងពិភពលោក រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែនការសំខាន់ៗមួយចំនួនដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់វិស័យដឹកជញ្ជូនដើម្បីធ្វើយ៉ាងណាឱ្យមានតម្លៃទាប។ជុំវិញដំណើរការនៃវិស័យមួយនេះ លោក ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជាបានផ្តល់កិច្ចសម្ភាសជាមួយកាសែតភ្នំពេញប៉ុស្ដិ៍ ដោយលោកបានរៀបរាប់ពីបញ្ហាប្រឈម និងរីកចម្រើនលើវិស័យដឹកជញ្ជូនរបស់កម្ពុជាតាមរយៈសំណួរដូចខាងក្រោម ៖
តើវិស័យដឹកជញ្ជូនមានស្ថានភាពបែបណាគិតមកទល់ពេលនេះ?
បញ្ហាការរីករាលដាលនៃជំងឺកូវីដ ១៩ បានធ្វើឱ្យនាវាឡើងថ្លៃហួសហេតុ និងកង្វះខាតទូកុងតឺន័រដែលធ្វើឱ្យវិស័យនេះជួបបញ្ហាប្រឈម។ នៅខែកុម្ភៈ ឆ្នាំ២០២២ ក៏បន្តមានសង្គ្រាមរវាងប្រទេសអ៊ុយក្រែន និងរុស្ស៊ី និងមកដល់បច្ចុប្បន្ននេះតម្លៃប្រេងឥន្ធនៈក៏នៅមានតម្លៃខ្ពស់។
ទោះជាយ៉ាងណា បើពិនិត្យមើលជាក់ស្តែង វិស័យដឹកជញ្ជូនកម្ពុជា នៅតែមានដំណើរការធម្មតា ជាពិសេសការដឹកទំនិញចេញ-ចូលពីតំបន់អាមេរិក សហភាពអឺរ៉ុប និងប្រទេសចិនជាដើម បន្ទាប់ពីរាជរដ្ឋាភិបាលបានបើកសេដ្ឋកិច្ចសង្គមរបស់ប្រទេសឡើងវិញ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២១។ និយាយរួម តម្លៃនាវាចំពោះការដឹកជញ្ជូនបច្ចុប្បន្ននេះ វាមានភាពល្អប្រសើរច្រើនប្រមាណជា ១០ ភាគរយ បើធៀបទៅនឹងអំឡុងពេលមានផ្ទុះនូវជំងឺកូវីដ ១៩ បើទោះប្រេងនៅឡើងថ្លៃក៏ដោយ តែសហរដ្ឋអាមេរិកក៏បានខិតខំពុះពារក្នុងការដោះស្រាយបញ្ហានេះ។ជាមួយគ្នានេះទូកុងតឺន័រក៏ត្រូវបានដោះស្រាយល្អប្រសើរផងដែរដោយសារប្រទេសជាច្រើននៅតំបន់អឺរ៉ុប និងអាមេរិកបើកដំណើរការសេដ្ឋកិច្ចឡើងវិញ។
ចំពោះបញ្ហាប្រេងឡើងថ្លៃ កម្ពុជាក៏នៅមានភាពល្អប្រសើរផងដែរ ព្រោះតម្លៃប្រេងឥន្ធនៈក៏ត្រូវបានបញ្ចុះជាបន្តបន្ទាប់ ហើយក្រុមហ៊ុនដឹកជញ្ជូនស្ថិតនៅក្នុងសមាគមឃើញថា បានបញ្ចុះតម្លៃបន្តិចផងដែរ ព្រោះអំឡុងពេលប្រេងឡើងថ្លៃបានធ្វើឱ្យក្រុមហ៊ុនមួយចំនួនធំបានដំឡើងតម្លៃពី ១០ ទៅ ១៥ ភាគរយ។ យើងបានធ្វើការសម្របសម្រួលគ្នារវាងអ្នកប្រើប្រាស់ក៏ដូចជាដៃគូ បានបន្ធូរបន្ថយតម្លៃដឹកជញ្ជូនឡើងវិញ។
តើក្រុមហ៊ុនដឹកជញ្ជូនទាំងអស់បានដំណើរការប្រក្រតីភាពឡើងវិញហើយឬនៅ?
រហូតមកទល់ពេលនេះ បើក្រឡេកមើលក្រុមហ៊ុនស្ថិតនៅក្នុងសមាជិករបស់សមាគមជាង ១០០ ក្រុមហ៊ុន ដែលជាក្រុមហ៊ុនធ្វើពាណិជ្ជកម្មនៅក្រៅប្រទេសក៏ដូចជា នៅក្នុងប្រទេសបានដំណើរការអាជីវកម្មរបស់ខ្លួនឡើងវិញអស់ហើយ នៅឡើយតែទំនិញនាំចេញ និងនាំចូលមានការធ្លាក់ចុះ ដោយសារបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធទៅនឹងការធ្វើអាជីវកម្ម។
កន្លងមកនេះ រាជរដ្ឋាភិបាលដោះស្រាយបញ្ហាច្រើនពាក់ព័ន្ធនឹងការដឹកជញ្ជូននេះ តើលោកយល់យ៉ាងណាដែរលើបញ្ហានេះ?
តាមពិតទៅ បញ្ហាហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនស្ថិតនៅក្នុងផែនការរយៈពេលវែង រយៈពេលមធ្យម និងរយៈពេលខ្លីរបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ប៉ុន្តែអ្វីដែលយើងបានឃើញក្រសួងបានដាក់ប្រព័ន្ធ EDI Port ដែលទទួលបានពីជប៉ុន ហើយក្រសួងបានធ្វើកិច្ចការនេះជាយូរណាស់មកហើយ។
ចំពោះប្រព័ន្ធ EDI Port នេះ យើងទើបតែបានប្រើប្រាស់ ប៉ុន្តែមែនទែនទៅ ប្រទេសជិតខាងរបស់យើង គេប្រើប្រាស់យូរណាស់មកហើយ ដើម្បីឱ្យអ្នកប្រើប្រាស់ផ្តល់ព័ត៌មានឱ្យដូចគេ ព្រោះប្រព័ន្ធនេះជួយឱ្យយើងដឹងពីព័ត៌មាននានាពាក់ព័ន្ធទំនិញ និងការចេញ-ចូលរបស់នាវា មានភាពងាយស្រួល។
អ្នកប្រតិបត្តិការនាវាអាចប្រើប្រាស់ប្រព័ន្ធនេះដើម្បីប្រាប់ព័ត៌មានទៅកាន់អ្នកប្រើប្រាស់។វាជាល្បឿនមួយដែលរុញឱ្យយើងបន្ថយការប្រើប្រាស់ទិន្នន័យលើក្រដាស យើងគ្រាន់តែដំឡើងប្រព័ន្ធនេះគឺយើងអាចមើលឃើញ។ នេះគឺជាជំហានកាន់តែធ្វើឱ្យប្រសើរឡើងបន្តិចនៅកំពង់ផែក្រុងព្រះសីហនុ។
ចុះមានបញ្ហាផ្សេងទៀតដែរទេពាក់ព័ន្ធនឹងការដឹកជញ្ជូននេះ?
បាទមាន!ហេដ្ឋារចនាសម្ព័ន្ធផ្លូវនានានៅក្នុងប្រទេស ត្រូវបានលើកកម្រិតគុណភាព និងធ្វើឱ្យប្រសើរឡើងដើម្បីគាំទ្រដល់វិស័យដឹកជញ្ជូនកម្ពុជាឱ្យមានការរីកចម្រើន ជាពិសេសផ្លូវល្បឿនលឿនពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុដែលនឹងត្រៀមដាក់ឱ្យដំណើរការខាងមុខនេះ តែយ៉ាងណាក៏ដោយ បើទោះបីយើងមានគ្រប់សព្វក៏ដោយ ក៏នៅមានបញ្ហាមួយចំនួនទៀតធ្វើឱ្យអ្នកប្រើប្រាស់មិនទាន់សប្បាយចិត្តដែរ។
មួយទៀតអ្វីដែលធ្វើឱ្យវិស័យដឹកជញ្ជូនរបស់កម្ពុជាកាន់តែល្អប្រសើរថែមទៀតនោះធ្វើយ៉ាងណាឱ្យតម្លៃដឹកជញ្ជូននេះ ទាបចុះ ដែលអាចប្រកួតប្រជែងជាមួយនឹងប្រទេសជិតខាង ដែលបញ្ហានេះ គឺត្រូវតែធ្វើឱ្យខាងតែបាន បើធ្វើមិនបានទេ គឺយើងទៅមិនទាន់គេនោះទេ ហើយផលិតផលរបស់យើងទៅដល់ទីផ្សារ ហើយក៏នៅតែលក់មិនដាច់ ព្រោះមានតម្លៃថ្លៃជាងគេ។
ដូច្នេះ ផែនការកសាងកំពង់ផែទឹកជ្រៅដើម្បីអនុញ្ញាតឱ្យនាវាធំៗចូលចត ដោយមិនចាំបាច់ចូលចតនៅប្រទេសជិតខាងគឺជាផែនការ និងភារកិច្ចមួយដ៏ធំរបស់កម្ពុជាដែលត្រូវតែធ្វើដែរ ដើម្បីឆ្លើយតបនៅនឹងសេចក្តីត្រូវការរបស់យើងចង់បាន។
តើការដឹកជញ្ជូនរបស់កម្ពុជាទៅកាន់តំបន់ណាខ្លះនៅលើពិភពលោក?
បច្ចុប្បន្ននេះ បើពិនិត្យមើលទៅគឺថា ការដឹកជញ្ជូនរបស់កម្ពុជាឆ្ពោះទៅទូទាំងតំបន់ពិភពលោកដោយប្រើប្រាស់មធ្យោបាយផ្លូវអាកាស ផ្លូវទឹក និងថែមទាំងមានផ្លូវគោកទៀត។
ជាក់ស្តែង ប្រសិនបើចង់ដឹកជញ្ជូនទំនិញទៅកាន់ប្រទេសចិនក៏អាចដឹកជញ្ជូនតាមផ្លូវគោកបានដែរ។និយាយរួមទៅឱ្យតែកម្ពុជាធ្វើពាណិជ្ជកម្មជាមួយប្រទេសណាមួយនៅលើពិភពលោកគឺការដឹកជញ្ជូនទៅដល់ទីនោះ។
តើវិស័យដឹកជញ្ជូននេះ ផ្តល់នូវប្រយោជន៍ផ្នែកសេដ្ឋកិច្ចសង្គមយ៉ាងណាដែរ?
មែនទែនទៅមិនមែនខ្ញុំធ្វើការនៅក្នុងវិស័យនេះ ហើយចេះតែថា នោះទេ។ នៅក្នុងសេដ្ឋកិច្ចជាតិ វិស័យដឹកជញ្ជូននេះគឺមាន ៨ ភាគរយនៃផលិតផលសរុបក្នុងស្រុករបស់កម្ពុជា (GDP) ។មួយទៀតបើនិយាយពីវិស័យពាណិជ្ជកម្មទាំងអស់ទាំងនៅក្នុងប្រទេស និងក្រៅប្រទេសគឺត្រូវការជាចាំបាច់វិស័យដឹកជញ្ជូននេះ ប្រសិនបើវិស័យនេះមិនដំណើរការគឺវិស័យពាណិជ្ជកម្ម មិនមាននោះទេ។
សូម្បីតែនៅក្នុងអំឡុងពេលកូវីដ ១៩ នេះ បើមិនមានវិស័យដឹកជញ្ជូនទេ យើងមិនអាចទៅរកទិញអ្វីមកញ៉ាំបានទេ។ទាំងអ្នកផលិតជាកសិករ និងវិនិយោគិនបង្កើតរោងចក្រសហគ្រាសផ្សេងៗគឺត្រូវការវិស័យដឹកជញ្ជូនជាចាំបាច់បំផុតដើម្បីផ្តល់ជូនទៅឱ្យអ្នកទិញនិងអ្នកប្រើប្រាស់។ ដូច្នេះ ខ្ញុំគិតថា វិស័យនេះគឺមានសារៈសំខាន់ជួយដល់សេដ្ឋកិច្ចសង្គមជាតិ និងពិភពលោក។ ដោយឡែក អង្គការស្បៀងអាហារពិភពលោកបច្ចុប្បន្ននេះកំពុងតែត្រូវការចាំបាច់វិស័យដឹកជញ្ជូនដើម្បីដឹកជញ្ជូនម្ហូបអាហារ ទៅកាន់តំបន់ទទួលរងគ្រោះអត់ចំណីអាហារ៕