
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ រូបថត SPM
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ឆ្នាំនេះកម្ពុជាអាចរៀបចំប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា នៅទូទាំងប្រទេស ស្របពេលដែលសភាពការណ៍ប្រទេសជាតិបានសម្រេចជោគជ័យដ៏ធំធេង ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ ដោយសារគ្រប់គ្រងបានយ៉ាងល្អប្រសើរ គ្មានអ្នកស្លាប់ដោយសារកូវីដ ១៩ ជាពិសេសអាចបើកដំណើរការគ្រប់សកម្មភាពសេដ្ឋកិច្ចសង្គមឡើងវិញយ៉ាងពេញលេញ តាមគន្លងប្រក្រតីភាពថ្មី។
លោក ហ៊ុន សែន បានថ្លែងដូចនេះតាមរយៈសារលិខិតអបអរសាទរឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ឆ្នាំ ២០២២ ក្រោមប្រធានបទ «អក្ខរកម្មជាស្ពានឆ្ពោះទៅរកជំនាញមុខរបរ និងការសិក្សាបន្ត» ក្នុងអត្ថន័យជំរុញប្រជាពលរដ្ឋកម្ពុជា គ្រប់រូបឱ្យទទួលបានឱកាសសិក្សាពេញ ១ ជីវិត គ្រប់ពេលវេលា គ្រប់ទីកន្លែង និងគ្រប់មធ្យោបាយ ប្រកបដោយវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងគុណសម្បទា ដើម្បីរួមចំណែកស្តារឡើងវិញសង្គម-សេដ្ឋកិច្ចបន្ទាប់ពីវិបត្តិកូវីដ ១៩។
លោកបញ្ជាក់ថា៖ «ទស្សនទាននៃប្រធានបទនៅឆ្នាំនេះផ្តោតលើការគិតគូរ និងការផ្ដល់ឱកាសដល់ប្រជាពលរដ្ឋទាំងអស់នូវចំណេះដឹង ចំណេះធ្វើ សហគ្រិនភាព ជំនាញមុខរបរ និងនវានុវត្តន៍លើគ្រប់ផ្នែក គ្រប់វិស័យ ជាពិសេសអក្ខរកម្ម បច្ចេកវិទ្យា និងអក្ខរកម្មឌីជីថល ដែលសព្វថ្ងៃកំពុងមានភាពចាំបាច់ និងកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស»។
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ថ្លែងអបអរទិវានេះថា ដើម្បីរួមចំណែកក្នុងការស្តារសេដ្ឋកិច្ចជាតិឡើងវិញ ក្រោយបរិបទកូវីដ ១៩ ប្រជាពលរដ្ឋគ្រប់រូបគួរតែរៀនសូត្របន្តទាំងអស់គ្នាដែលការសិក្សារៀនសូត្រនោះមិនត្រឹមតែរៀនពីអក្ខរកម្មនោះទេ គឺត្រូវរៀនសូត្រដោយចាប់យកជំនាញ ដើម្បីទទួលមុខរបរមួយសមរម្យ។ លោកថា ក្នុងពេលបច្ចុប្បន្ន ក្រសួងអប់រំ យុវជន និងកីឡាបានសហការជាមួយក្រសួងស្ថាប័នផ្សេងៗ និងដៃគូអភិវឌ្ឍន៍ដើម្បី បង្កលក្ខណៈអាចឱ្យយុវជនកម្ពុជារៀនសូត្របន្តពេញមួយជីវិត ដែលអាចរៀនសូត្រពីកន្លែងណា ពេលណាក៏បានដើម្បីចាប់យកជំនាញមួយដែលអាចទទួលបាននូវមុខរបរ ក៏ដូចជាទទួលបានប្រាក់ចំណូលសមរម្យ។
លោកថ្លែងថា៖ «ខ្ញុំសូមអំពាវនាវ សូមឱ្យប្រជាពលរដ្ឋក៏ដូចជាយុវជនយើង សូមបន្តសិក្សាពេញ ១ ជីវិត ហើយទទួលបានអក្ខរកម្ម គ្រប់ប្រភេទទាំងលេខ នព្វន្ត អក្សរ ក៏ដូចជាអក្ខរកម្មវិជ្ជាជីវៈ ក្នុងគោលដៅធ្វើយ៉ាងណាទទួលបាននូវជំនាញពិតប្រាកដ ក៏ដូចជាទទួលបាននូវមុខរបរមួយដែលអាចជួយឱ្យយុវជនក៏ដូចជា បងប្អូនប្រជាពលរដ្ឋ ចូលរួមចំណែកស្តារ និងកសាងប្រទេសជាតិឡើងវិញក្រោយវិបត្តិកូវីដ ១៩»។
លោកថា ចំពោះអក្ខរជនមានជំនាញអាជីពមួយច្បាស់លាស់ ដូចជាជំនាញក្នុងការបង្កបង្កើនផល ការចិញ្ចឹមសត្វ ការជួសជុលសម្ភារប្រើប្រាស់ ការចេះកែច្នៃសម្ភារប្រើប្រាស់ក្នុងសហគមន៍ និងលក់ជាវត្ថុអនុស្សាវរីយ៍ជូនភ្ញៀវទេសចរផងនោះ ក៏ត្រូវខិតខំបន្ថែមទៀតលើការពង្រឹងគុណភាព និងការពង្រីកអាជីវកម្ម ដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងជួយលើកស្ទួយសេដ្ឋកិច្ចជាតិថែមទៀតផង។
ប្រការនេះបង្ហាញថា អក្ខរកម្មមិនគ្រាន់តែបង្រៀនអ្នកសិក្សាឱ្យចេះអាន ចេះសរសេរ ចេះនិយាយបានល្អនោះទេ ថែមទាំងបង្រៀនអ្នកសិក្សាចេះប្រើប្រាស់ជំនាញអាជីព ដើម្បីបង្កើនប្រាក់ចំណូលចិញ្ចឹមជីវិតប្រចាំថ្ងៃ សម្រាប់គ្រួសារ ព្រមទាំងធ្វើឱ្យសហគមន៍មានការរីកចម្រើនផងដែរ។
លោក សាដា អ៊ូមា អាឡាម តំណាងអង្គការយូណេស្កូប្រចាំកម្ពុជាថ្លែងថា អក្ខរកម្មគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធនធានមនុស្ស សម្រាប់គ្រប់ជាតិសាសន៍ទាំងអស់។ ប្រទេសកម្ពុជាសម្រេចបានអត្រាអក្ខរកម្ម ៨៧ ភាគរយ ហើយនៅឆ្នាំ ២០២២ នេះ កម្ពុជាបានធ្វើបដិវត្តន៍កម្មវិធីអក្ខរកម្ម។ ស្ត្រីដែលធ្វើការនៅតាមរោងចក្រប្រហែលជា ៨០ ភាគរយ មានបញ្ហាប្រឈមទៅនឹងបំណិនអាន សរសេរ និងគិតលេខនព្វន្ត។
លោកថ្លែងថា៖ «ឥឡូវនេះយើងធ្វើការតាមរយៈវិស័យឯកជន ជាពិសេសជាមួយនិយោជក និងជាមួយសមាគមរោងចក្រកាត់ដេរ នៅកម្ពុជាក្នុងការបើកថ្នាក់អក្ខរកម្ម ដើម្បីផ្តល់ឱកាសឱ្យពួកគេទទួលបានការអប់រំនៅនឹងកន្លែងការងារ»។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថា អត្រាអក្ខរកម្មជនពេញវ័យចាប់ពី ១៥ ឆ្នាំឡើង តាមការអង្កេតសេដ្ឋកិច្ច-សង្គមកិច្ចឆ្នាំ ២០១៩-២០២០ បង្ហាញថា អត្រាអក្ខរកម្មជនពេញវ័យចាប់ពី ១៥ ឆ្នាំឡើងមាន ៨៧,៨ ភាគរយ ប្រការនេះបានបញ្ជាក់ឱ្យឃើញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយអនក្ខរជន តាមរយៈ ទិវាអក្ខរកម្មជាតិ ៨ កញ្ញា ដែលជាកម្លាំងចលករជួយជំរុញឱ្យកម្មវិធីនេះកាន់តែមានប្រសិទ្ធភាព។
លោក គួច គូលំអ ប្រធាននាយកដ្ឋានអប់រំក្រៅប្រព័ន្ធនៃក្រសួងអប់រំ យុវជន និង កីឡា ថ្លែងថា នៅកម្ពុជាមានអនក្ខរជន ឬជនមិនចេះអក្សរប្រមាណជាង ១,៧ ម៉ឺននាក់បានចូលរៀនក្នុងកម្មវិធីបង្រៀនអក្ខរកម្មរបស់ក្រសួងអប់រំជារៀងរាល់ឆ្នាំ ហើយក្នុងចំណោមនោះមានជាង ១,៤ ម៉ឺននាក់ បានបញ្ចប់ការសិក្សាដោយស្ថាពរ។
លោកថ្លែងថា៖ «រាជរដ្ឋាភិបាលកម្ពុជាបានប្រារព្ធទិវាអក្ខរកម្ម ៨ កញ្ញាជារៀងរាល់ឆ្នាំ ដើម្បីបំផុសប្រជាពលរដ្ឋកម្ពុជាគ្រប់រូបឱ្យទទួលបានឱកាសសិក្សាពេញ ១ ជីវិត គ្រប់ពេលវេលា គ្រប់ទីកន្លែង និងគ្រប់មធ្យោបាយ ប្រកបដោយវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងគុណសម្បទា»។
លោកបន្តថា ក្រសួងអប់រំយុវជន និងកីឡា បានយកចិត្តទុកដាក់លើកម្មវិធីបង្រៀនអក្ខរកម្ម សម្រាប់អនក្ខរជនទូទៅ ហើយបច្ចុប្បន្នកម្មវិធីបង្រៀនអក្ខរកម្ម កំពុងតែពង្រឹងបន្ថែមនៅតាមបណ្តារាជធានី ខេត្ត ក្រុង នៅទូទាំងប្រទេស ដើម្បីកាត់បន្ថយអនក្ខរជន និងដើម្បីឱ្យសិស្សរៀនអក្ខរកម្មអាចបន្តការសិក្សាទៅថ្នាក់មធ្យមសិក្សា ឬចូលសិក្សាជំនាញណាមួយដែលខ្លួនចង់បាន៕