
ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការមន្ទីរពិសោធន៍គណៈវិស្វករកម្ពុជា ដែលរៀបចំធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២នេះ។
ភ្នំពេញៈ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ថ្លែងថា មន្ទីរពិសោធន៍គណៈវិស្វករកម្ពុជា នឹងផ្តល់លទ្ធភាពគ្រប់គ្រាន់ដល់គណៈវិស្វករកម្ពុជា ក្នុងការគ្រប់គ្រង ត្រួតពិនិត្យ វិភាគ តាមដាន និងធ្វើកោសល្យវិច័យលើការប្រកបវិជ្ជាជីវៈវិស្វកម្ម របស់វិស្វករអាជីពនៅគណៈវិស្វករកម្ពុជា។
លោករដ្ឋមន្ត្រីក្រសួងការងារ បានថ្លែងបែបនេះក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការមន្ទីរពិសោធន៍គណៈវិស្វករកម្ពុជា ដែលរៀបចំធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២នេះ។
លោកបានគូសបញ្ជាក់ថា៖ «មន្ទីរពិសោធន៍ដែលផ្តល់លទ្ធភាពគ្រប់គ្រាន់ដល់វិស្វករអាជីពនៅគណៈវិស្វករកម្ពុជានេះ ជាការចូលរួមគិតគូរជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណ ដើម្បីអភិវឌ្ឍធនធានបញ្ញាវ័ន្តវិស្វកម្មជាតិ ដែលជាតម្រូវការចាំបាច់ក្នុងការកសាងប្រទេស ប្រកបដោយកិត្តិយស សេចក្តីថ្លៃថ្នូរ សុច្ចរិតភាព និងការទទួលខុសត្រូវខ្ពស់របស់វិស្វករយើង»។
លោក អ៊ិត សំហេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា ដែលបានចាប់យកកិច្ចសហការជាមួយក្រុមហ៊ុន CAST Laboratories PTE Ltd នៃប្រទេសសិង្ហបុរី ដែលជាក្រុមហ៊ុនមួយមានបច្ចេកវិទ្យាខ្ពស់ កម្រិតស្តង់ដារអន្តរជាតិ ISO មានជំនាញ និងបទពិសោធយូរឆ្នាំ ទៅលើការងារតេស្តសម្ភារគ្រឿងផ្គុំ ការផ្តល់វិញ្ញាបនប័ត្រ និងការវាយតម្លៃប្រកបដោយគុណភាព និងការទទួលខុសត្រូវខ្ពស់ទៅលើការសាងសង់ ដោយមានការទទួលស្គាល់ជាសកល ទាំងអង្គភាពបទប្បញ្ញត្តិជាតិ និងអន្តរជាតិ។
លោករដ្ឋមន្ត្រីក្រសួងការងារថ្លែងថា៖ «គណៈវិស្វករកម្ពុជា ពិតជាមានការវិវត្តរីកចម្រើនគួរឱ្យកត់សម្គាល់តាំងពីចាប់ផ្តើមបង្កើតឡើងកាលពី ឆ្នាំ២០០៩ រហូតមកដល់បច្ចុប្បន្ន ដែលមានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានកិត្តិយសរបស់ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ហើយមានអគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា ជាសេនាធិការ បានខិតខំសម្រេចនូវសមិទ្ធផលធំៗជាច្រើន»។
លោកបញ្ជាក់ទៀតថា សមិទ្ធផលទាំងនេះ គឺសម្រេចបានដោយសារការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយឆន្ទៈមោះមុត និងភាពឈ្លាសវៃ និងដោយការដាក់ចេញនូវគោលនយោបាយយុទ្ធសាស្រ្ត និងផែនការអភិវឌ្ឍន៍ដ៏ត្រឹមត្រូវ ច្បាស់លាស់ និងមានលក្ខណៈប្រាកដប្រជា គួបផ្សំនឹងយន្តការរបស់ស្ថាប័ននីមួយៗ ដែលមានការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ ក្នុងនោះក៏មានការរីចម្រើនយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលមានសំណង់អគារខ្ពស់ៗ ងើបឡើងប្រណាំងគ្នាយ៉ាងផុលផុស ការស្ថាបនាផ្លូវថ្នល់ខ្វែងខ្វាត់ ផ្លូវក្រោមដី ផ្លូវអាកាស ផ្លូវហាយវ៉េ ជាដើម។
លោកថ្លែងថា៖ «សមិទ្ធផលទាំងអស់នេះសបញ្ចាក់ឱ្យឃើញថា ការអភិវឌ្ឍធនធានវិស្វកម្ម គឺជាកម្លាំងចលករមួយដ៏ខ្លាំងក្លាបំផុតមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍសង្គមជាតិមួយឱ្យមានការរីកចម្រើន។ ដូចនេះ វាជាការចាំបាច់ក្នុងការបង្កើនយន្តការដឹកនាំ ដើម្បីធ្វើឱ្យស្ថាប័នវិស្វកម្មមួយនេះ ក្លាយជាមជ្ឈមណ្ឌលមួយដ៏រឹងមាំ ដែលអាចចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការរៀបចំផែនការអភិវឌ្ឍន៍សង្គមជាតិប្រកបដោយចីរភាព»។
លោក សុខុម រិទ្ធីវុធ អគ្គលេខាធិការ នៃគណៈវិស្វករកម្ពុជា ថ្លែងថា គណៈវិស្វករកម្ពុជា គឺជាអាជ្ញាធរវិស្វកម្មជាតិមួយ ដែលត្រូវបានបង្កើតឡើង ស្របទៅនឹងការវិវត្តនៃសង្គមសេដ្ឋកិច្ច និងកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក លើសេវាកម្មវិស្វកម្មឆ្លងដែនក្នុងតំបន់អាស៊ាន ក្នុងគោលបំណងប្រមូលផ្តុំធនធានបញ្ញាវន្តវិស្វករជាតិចុះបញ្ជី គ្រប់គ្រង និងអភិវឌ្ឍសមត្ថភាពប្រតិបត្តិវិជ្ជាជីវៈ ដើម្បីធានាឱ្យការប្រកបវិជ្ជាជីវៈវិស្វកម្មមាន គុណភាព ប្រសិទ្ធភាព សុវត្ថិភាព ស្ថិរភាព និងការទទួលខុសត្រូវខ្ពស់ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ៕