ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ផ្អាក​ការ​ប្រារព្ធ​ព្រះរាជពិធី​បុណ្យអុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះខែ អកអំបុក ថ្នាក់ជាតិ​ឆ្នាំ២០២២​នេះ ប៉ុន្តែ​ពិធី​ទាំង​នេះ​ធ្វើ​ទៅ​បាន​នៅ​តាម​បណ្តា​រាជធានី​ខេត្ត​ទូទាំង​ប្រទេស តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន។ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន លទ្ធផល​នៃ​សម័យ​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី កាលពី​ម្សិលមិញ។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​រាជរដ្ឋាភិបាល​មិន​បាន​បញ្ជាក់​ច្បាស់​ពី​មូលហេតុ​នៃ​ការ​ផ្អាក​ព្រះ​រាជពិធី​បុណ្យ​នេះ​ទេ ប៉ុន្តែ ចំពោះ​ការ​រៀបចំពិធី​បុណ្យ​អុំទូក​កម្សាន្ត​សប្បាយ​នៅ​តាម​បណ្តា​ខេត្ត​អាច​ប្រព្រឹត្ត​ទៅ​បាន​តាម​លទ្ធភាព​ជាក់​ស្តែង ដើម្បី​ជា​ការ​សប្បាយ​រីករាយ​សម្រាប់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន រាជរដ្ឋាភិបាល​បញ្ជាក់​ថា៖ «នៅ​តាម​បណ្តា​រាជធានី​ខេត្ត​នានា​ទូទាំង​ប្រទេស គឺ​អាច​ប្រព្រឹត្ត​ទៅ​បាន​តាម លទ្ធភាព​ជាក់ស្តែង ដោយ​គិត​ទាំង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ នៅ​ខែ​កញ្ញា និង​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះព្រះខែ អកអំបុក នៅ​ខែ​វិច្ឆិកា ដើម្បី​បង្កភាព​សប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ បង្កើន​បរិយាកាស​ទេសចរណ៍ ក៏​ដូចជា ផ្តល់​ឱកាស​នៃ​ការ​រក​ប្រាក់​ចំណូល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ផងដែរ»៕