
បន្ទាយមានជ័យៈ លោក ជុំ សេដ្ឋា មេបញ្ជាការរង នាយសេនាធិការ កងពលតូចថ្មើរជើងលេខ៥១ បានណែនាំកងកម្លាំងត្រូវបន្តតាមដានយកចិត្តទុកដាក់ពីស្ថានភាពគ្រោះមហន្តរាយធម្មជាតិ ដូចជាខ្យល់កន្រ្តាក់ ទឹកជំនន់ ឱ្យបានជាប់ជាប្រចាំ។
លោកមេបញ្ជាការរងបានណែនាំបែបនេះ ក្នុងពេលចុះធ្វើទស្សនកិច្ចសិក្សា ការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ អង្គភាពការិយាល័យទី៤ និងការិយាល័យអភិវឌ្ឍន៍ ស្ថិតនៅទីបញ្ជាការកងពល ភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅទី៩ ខែកញ្ញា នេះ។
លោកជុំ សេដ្ឋា បញ្ជាក់ថា៖ «ត្រូវបន្តតាមដានយកចិត្តទុកដាក់ស្ថានភាពគ្រោះមហន្តរាយធម្មជាតិ ដូចជាខ្យល់កន្រ្តាក់ ទឹកជំនន់ ឱ្យបានជាប់ជាប្រចាំ រាយការណ៍តាមឋានានុក្រម និងចុះជួយភ្លាមៗ មិនថាយប់ឬថ្ងៃធានាបាននូវការជួយសង្គ្រោះបានទាន់ពេលវលា ជាពិសេសត្រូវបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ និងវិធានការសុខាភិបាល ដើម្បីការពារការឆ្លងរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងអង្គភាព និងសហគមន៍»។
ក្នុងឱកាសនោះដែរ លោក ជុំ សេដ្ឋា បានដាក់ផែនការ ឱ្យគ្រប់អង្គភាពបន្តខិតខំការងារកសាងហេដ្ឋារចនាសម្ព័ន្ធ ការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ បន្ថែមលើគោលរបបហូបប្រចាំថ្ងៃ សម្រាប់កម្លាំងជួរមុខ និងកម្លាំងត្រៀមក្នុងទីតាំង ក៏ដូចជា គ្រួសារយោធិនក្នុងអង្គភាព និងមួយចំនួនលើសតម្រូវការ លក់ទៅទីផ្សារ សន្សំថវិកា កសាងក្នុងអង្គភាពនីមួយៗ។
លោកមេបញ្ជាការរងកងពល ក៏បានថ្លែងកោតសរសើរដល់អង្គភាពទាំង២ ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តតាមផែនការដែលថ្នាក់លើប្រគល់ជូន និងអនុវត្តតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមផែនការ កសាងអង្គភាពរឹងមាំលើគ្រប់វិស័យ៕