ព្រះសីហនុៈ លោក ឡុង ឌីម៉ង់ អភិបាលរង​ខេត្ត​ព្រះសីហនុ​បាន​ស្នើសុំ​កិច្ចសហការណ៍​ពី​រដ្ឋបាល​ក្រុង​កោះរ៉ុង និង​មន្ទីរ​សុខាភិបាល​ខេត្ត​ ដើម្បី​ចាប់ផ្តើម​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ឡើងវិញ​ជូន​ប្រជាពលរដ្ឋ​នៅ​ក្រុង​កោះរ៉ុង សម្រាប់​ឆ្នាំ​ ២០២២ ដែល​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​ ១០ ដល់ ទី ​១៦ ខែកញ្ញា ឆ្នាំ​ ២០២២ ​នេះ​។

ការស្នើសុំ​របស់​អភិបាលរង​ខេត្ត​ព្រះសីហនុ​រូបនេះ ធ្វើ​ឡើង​នា​រសៀល​ថ្ងៃទី​ ៩ ខែកញ្ញា គ្រា​ដែល​លោក​បាន​ទទួល​ជួប​សម្ដែង​ការគួរសម​ជាមួយ​លោក យស ផានីត្តា លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា និង​លោកស្រី​ ខាឡា ចូ ប្រិនធិស តំណាង​អង្គការ​សង្គ្រោះ​វេជ្ជសាស្ត្រ​អន្តរជាតិ នៅ​សាលប្រជុំ​គណៈអភិបាល​ខេត្ត​។

លោក​ថ្លែងថា​៖ «​នេះ​ជា​មោទនភាព​ សម្រាប់​ប្រជាពលរដ្ឋ​តំបន់​កោះ​នៃ​ខេត្ត​ព្រះសីហនុ​យើង ព្រោះ​នាពេល​បច្ចុប្បន្ន តំបន់​កោះ​នៅ​មិនទាន់​មាន​គ្រូពេទ្យ​ជំនាញ​នៅ​ឡើយ ដូច្នេះ​ពេល​ប្រជាពលរដ្ឋ​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​មក​ព្យាបាល​នៅ​ដីគោក ហើយ​ការធ្វើ​ដំណើរ​តាម​ផ្លូវទឹក​ទៀតសោត គឺ​មាន​ភាព​ពិបាក ពិសេស​រដូវវស្សា​នេះ​តែម្តង​»​។

ក្នុងឱកាស​នោះ​លោក​អភិបាលរង​ខេត្ត​បាន​ថ្លែង​ការកោតសរសើរ និង​អរគុណ​ដល់​ក្រុម​ការងារ​អង្គការ​សង្គ្រោះ​វេជ្ជសាស្ត្រ​អន្តរជាតិ ដែល​បាន​បំពេញ​បេសកកម្ម​មនុស្សធម៌​នៅ​ក្រុង​កោះរ៉ុង​កន្លងមក​។ បន្ថែម​លើ​នោះ​លោក​ក៏បាន​សម្តែង​ការគាំទ្រ​ថែមទៀត​ឱ្យ​រដ្ឋបាល​ក្រុង​កោះរ៉ុង និង​មន្ទីរ​សុខាភិបាល​ខេត្ត​ផ្តល់​កិច្ចសហការ​ជាមួយ​អង្គការ​សង្គ្រោះ​វេជ្ជសាស្ត្រ​អន្តរជាតិ ក្នុង​ការចុះ​ទៅ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ដើម្បី​ជាការ​រួមចំណែក​ក្នុង​ការ​លើកកម្ពស់​សុខភាព​សាធារណៈ ក៏ដូចជា​ការចូលរួម​សកម្មភាព​មនុស្សធម៌​ សម្រាប់​ប្រជាជន​កម្ពុជា​ផងដែរ​។

សូម​ជម្រាប​ថា ជំនួប​នេះ​មាន​ការចូលរួម​ពី​លោក​ នួន ប៊ុនថុល អភិបាលក្រុង​កោះរ៉ុង លោក ឈិត រតនៈ នាយករង​រដ្ឋបាល លោកស្រី មិន សុគន្ធា អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត ដើម្បី​ស្តាប់​របាយការណ៍​ស្តីពី​ការចុះ​បេសកកម្ម​ពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​នៅ​ក្រុង​កោះរ៉ុង ដែល​ក្រុម​ការងារ​របស់​អង្គការ​សង្គ្រោះ​វេជ្ជសាស្ត្រ​អន្តរជាតិ ធ្លាប់​បាន​ធ្វើ​សកម្មភាព​ពិនិត្យ និង​ព្យាបាល​តាំងពី​ឆ្នាំ​ ២០១៣ ​មក តែ​ត្រូវ​បាន​ផ្អាក​មួយរយៈ ដោយសារ​ផល​រំខាន​នៃ​ជំងឺ​កូវីដ​ ១៩៕