
ភ្នំពេញៈ ក្រសួងសុខាភិបាលប្រកាសណែនាំដល់សាធារណជន ស្ថាប័នពាក់ព័ន្ធ អង្គភាពសាធារណៈ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សេវាឯកជន និងជនបរទេសដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ចូលរួមអនុវត្តនូវវិធានការចាំបាច់ ដើម្បីការការពារការចម្លងវីរុសកូវីដ ១៩ និងការពុលចំណីអាហារ ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ២៦ ខែកញ្ញានេះ។
សេចក្តីណែនាំរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី ១០ ខែកញ្ញានេះ បានឱ្យដឹងថា ដើម្បីសុវត្ថិភាព និងភាពរីករាយក្នុងក្រុមគ្រួសារ សូមលោកអ្នកអនុវត្តបន្តប្រកបដោយការបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងឱ្យបានគ្រប់ៗគ្នានូវវិធានការ “៣ ការពារ (ពាក់ម៉ាស់ លាងដៃ ឱ្យញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) និង ៣ កុំ (កុំទៅកន្លែងមានមនុស្សច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) និងវិធានការសំខាន់ៗ ក្នុងការបង្ការការពុលចំណីអាហារ។
ក្រសួងបានគូសបញ្ជាក់ថា ដើម្បីការពារការពុលអាហារ វិធានការចាំបាច់នោះគឺ រក្សាភាពស្អាត (លាងដៃជាមួយសាប៊ូ និងទឹកស្អាត នៅពេលរៀបចំអាហារ)។ ទុកដាក់អាហារឆៅ និងឆ្អិន ឱ្យដាច់ដោយឡែកពីគ្នា ចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ ជាពិសេសសាច់សត្វស្លាប ស៊ុត និងអាហារសមុទ្រ។ នៅពេលលោកអ្នកទិញម្ហូបអាហារ ដែលឆ្អិនស្រាប់ នៅតាមផ្សារ ឬតាមដងផ្លូវ ត្រូវប្រាកដថាអាហារទាំងនោះមានសុវត្ថិភាព។
ក្រសួងសុខាភិបាលបញ្ជាក់ថា៖ «ទុកដាក់ចំណីអាហារក្នុងសីតុណ្ហភាពមានសុវត្ថិភាព (ត្រជាក់តិចជាង ៥ អង្សាសេ និងក្តៅលើសពី ៦០ អង្សាសេ) ឬចម្អិនអាហារមួយពេល សម្រាប់តែការបរិភោគមួយពេល ប្រើប្រាស់ទឹកស្អាត និងវត្ថុធាតុដើមឆៅល្អ មិនប្រើប្រាស់សារធាតុគីមីបន្ថែម»។
បន្ថែមលើនោះ ក្រសួងក៏បានណែនាំដល់អាជ្ញាធរខេត្ត ស្រុក ក្រុង ខណ្ឌ រដ្ឋបាលឃុំ និងសង្កាត់ទាំងអស់ ត្រូវចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងធ្វើការណែនាំការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាពចំណីអាហារ និងត្រូវមានការរៀបចំទុកដាក់ម្ហូបអាហារឱ្យបានល្អនៅតាម ទីវត្តអារ៉ាម (កុំច្របូកច្របល់គ្នា) ចៀសវាងការពុលចំណីអាហារ ឬជំងឺបណ្តាលមកពីអាហារមិនមានសុវត្ថិភាព៕