
រូបភាព ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យៈ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យចំនួន ៨៨ នាក់បានហ្វឹកហាត់ពង្រឹងជំនាញបើកបរទូកម៉ាស៊ីន ដោយប្រើទូកម៉ាស៊ីន ០៩ គ្រឿង និងហាត់ពីវិធីជួយសង្គ្រោះប្រជាពលរដ្ឋ ពេលរងគ្រោះដោយទឹកជំនន់ និងគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។ ការហ្វឹកហាត់នេះដឹកនាំដោយ លោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ៩ ខែកញ្ញា។
លោកស្នងការនគរបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ការហ្វឹកហាត់នេះ គោលបំណង ដើម្បីពង្រឹងសមត្ថភាពជំនាញលើការបើកបរទូកម៉ាស៊ីន ដើម្បីត្រៀមអន្តរាគមន៍ ២៤ ម៉ោងលើ ២៤ ម៉ោង ការពារសន្តិសុខសណ្តាប់ធ្នាប់ និងជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិ (ទឹកជំនន់) និងគ្រោះថ្នាក់ផ្សេងៗដែលកើតឡើងជាយថាហេតុ។
ក្នុងឱកាសនោះ សិទ្ធិ ឡោះ ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលោក លោកស្រី ស្នងការរង នាយ នាយរង និងពលនគរបាលទាំងអស់ ដែលបានបំពេញនូវតួនាទីភារកិច្ចតាមផែនការ និងបទបញ្ជារបស់ថ្នាក់លើប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន៕