
ក្រុមការងារអង្គការ WCS កំពុងធ្វើការពិនិត្យតាមដានសុខភាពអណ្តើកហ្លួង ១ ក្បាលមុននឹងលែងវាចូលទៅទីជម្រកធម្មជាតិវិញ។ រូបភាព WCS Cambodia
កោះកុងៈ ក្រុមការងារអង្គការ WCS កំពុងធ្វើការពិនិត្យតាមដានសុខភាពអណ្តើកហ្លួង ១ ក្បាលមុននឹងលែងវាចូលទៅទីជម្រកធម្មជាតិវិញ ដែលអណ្តើកហ្លួងនេះត្រូវបានអង្គការសម្ព័ន្ធមិត្តសត្វព្រៃ រឹបអូសបានពីអ្នកនេសាទម្នាក់កាលពីសប្តាហ៍មុន។
តាមរយៈហ្វេសប៊ុកអង្គការ WCS នៅល្ងាចថ្ងៃទី ៩ ខែកញ្ញានេះបានឱ្យដឹងថា កាលពីសប្តាហ៍កន្លងទៅ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) បានរឹបអូសយកអណ្តើកហ្លួងមេ ចំនួនមួយក្បាល ពីអ្នកនេសាទម្នាក់ មកប្រគល់ជូនក្រុមការងារអង្គការ WCS ប្រចាំនៅស្រុកស្រែអំបិលខេត្តកោះកុង។
អណ្តើកហ្លួងមេនោះមានទម្ងន់ ១៤ គីឡូក្រាមបានជាប់ផ្លែសន្ទូចរបស់អ្នកនេសាទនោះដោយចៃដន្យនៅក្នុងស្ទឹងជីផាត់ ខេត្តកោះកុង ចម្ងាយប្រមាណ ១០០ គីឡូម៉ែត្រពីទីតាំង។ អណ្តើកហ្លួងនេះត្រូវបានលែងចូលក្នុងប្រព័ន្ធព្រែកស្រែអំបិលកាលពីឆ្នាំមុន។
យោងតាមទិន្នន័យនៅក្នុងបន្ទះឈីប (Chip) ដែលបង្កប់នៅក្នុងជើងក្រោយរបស់អណ្តើកនោះ ក្រុមការងារអង្គការ WCS អាចស្គាល់អត្តសញ្ញាណច្បាស់ថា អណ្តើកនោះត្រូវបានលែងចូលក្នុងប្រព័ន្ធព្រែកស្រែអំបិលកាលពីចុងខែវិច្ឆិកា ឆ្នាំ ២០២១ ដែលកាលនោះវាមានទម្ងន់ ៨ គីឡូក្រាម៕