
អ្នកគាំទ្រនិងថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ពេលជួបជុំគ្នានៅប្រាសាទអង្គរវត្ត កាលពីថ្ងៃទី ៨ កញ្ញា ។ រូបថត CP page
ភ្នំពេញៈ គណបក្សភ្លើងទៀន បានបដិសេធចូលរួម «សម្ព័ន្ធនយោបាយ ២០២៣ » តាមការស្នើរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សផ្សេងទៀត ដែលមាននិន្នាការស្រដៀងគ្នានោះទេ ពីព្រោះគណបក្សនេះយល់ថា មិនមានភាពចាំបាច់ និងមិនមានពេលវេលាគ្រប់គ្រាន់។
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១១ ខែកញ្ញាថា គណបក្សភ្លើងទៀនយល់ថា ការចូលរួម «សម្ព័ន្ធភាពនយោបាយ ២០២៣ » សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ ២០២៣ គឺមិនមានពេលវេលាគ្រប់គ្រាន់ ពីព្រោះគណបក្សបាននិងកំពុងរៀចំថ្នាក់ដឹកនាំមូលដ្ឋាន។
លោកបន្តថា មួយវិញទៀត ការច្របាច់បញ្ចូលគ្នា ដើម្បីបង្កើតគណបក្សថ្មី ក៏មិនអាចទៅរួច និងមានភាពលំបាកយ៉ាងខ្លាំង ប៉ុន្តែគណបក្សស្វាគមន៍ចំពោះគណបក្សដទៃមកចូលរួមជាមួយនឹងគណបក្សភ្លើងទៀន ព្រោះអត់មានការលំបាកធ្វើច្រើន ហើយបើធ្វើក្រៅពីនេះ មាននីតិវិធីច្រើន និងទម្រាំចរចាត្រូវគ្នា ហើយប្រើពេលវេលាយូរ។
លោកបានបញ្ជាក់ថា៖ «ដូចខ្ញុំជាអ្នកធ្លាប់ចរចា សម័យភ្លើងទៀន និងសិទ្ធិមនុស្សថា តើមានតម្លៃប៉ុនណា ក្នុងការបែងចែកកូតា។ ដំណាក់កាលនេះ គណបក្សយល់ថា មិនមានមធ្យោបាយទៅចរចា បែងចែកខេត្ត ឬច្របាច់ចូលគ្នាទេ »។
ទោះជាយ៉ាងណា លោកថា គណបក្សភ្លើងទៀនស្វាគមន៍នូវកិច្ចសហការ និងធ្វើការរួមគ្នាជាមួយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សផ្សេងទៀតដដែល ដូចដែលគណបក្សធ្លាប់បានធ្វើកន្លងមក ជាពិសេសធ្វើកិច្ចសហការជាមួយគណបក្សប្រជាធិបតេយ្យមូលដ្ឋាននៅក្នុងឃុំមួយចំនួន ដើម្បីផ្តល់ផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ។
បើតាម លោក សុន ឆ័យ បច្ចុប្បន្ននេះ គណបក្សភ្លើងទៀនបាននិងកំពុងរៀបចំរចនាសម្ព័ន្ធ និងរបៀបរៀបរយល្អ ដើម្បីធ្វើយ៉ាងណាឱ្យក្លាយទៅជាជម្រកមួយដ៏ល្អសម្រាប់ទទួលស្វាគមន៍គណបក្សណាដែលមានបំណងចូលរួម ពីព្រោះក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ទទួលបានពេញនិយម និងគាំទ្រច្រើន។
លោក ឡឹក សុធារ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១១ ខែកញ្ញាថា ក្នុងនាមគណបក្ស លោកបានសម្តែងការសោកស្តាយចំពោះការសម្រេចចិត្តរបស់គណបក្សភ្លើងទៀនដែលមិនចូលរួម«សម្ព័ន្ធភាពនយោបាយ ២០២៣ »ជាមួយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលមាននិន្នាការស្រដៀងគ្នា ហើយមិនអាចរួបរួមគ្នាបាន ។
លោកបន្តថា ការដែលមិនអាចបង្រួបបង្រួបគ្នាបាននេះ បង្ហាញថា អ្នកនយោបាយខ្មែរមិនអាចធ្វើការជាមួយគ្នាបាននៅឡើយទេ។ ប៉ុន្តែយ៉ាងណាក៏ដោយ ការសម្រេចចិត្តនេះ ជាសិទ្ធិរបស់គណបក្សភ្លើងទៀន។ម្យ៉ាងគណបក្សនេះ ក៏គិតថា ខ្លួនមានទុននយោបាយធំរួចហើយ មិនទៅចាំបាច់ពឹងពាក់គណបក្សនយោបាយផ្សេងទៀតនោះទេ ។
លោកថ្លែងថា៖ «យ៉ាងណាក៏ដោយ ការមិនចូលរួម «សម្ព័ន្ធភាពនយោបាយ ២០២៣» នេះ ក៏វាមិនប៉ះពាល់ដល់ការសហការតស៊ូមតិរួមគ្នាកន្លងមកទេ ពីព្រោះថា ទោះបីមិនរួមគ្នាក៏ដោយ ក្នុងនាមក្រោមឆត្រគណបក្សមួយ ប៉ុន្តែគណបក្សភ្លើងទៀនក៏មិនបដិសេធ ជំហរសហការគ្នាក្រោមរូបភាពផ្សេងដើម្បីតស៊ូមតិដែរ »។
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយនៅកម្ពុជាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១១ ខែកញ្ញាថា គណបក្សក្រៅរដ្ឋាភិបាលដែលមាននិន្នាការស្រដៀង បើមិនរួបរួមគ្នា ឬចងសម្ព័ន្ធភាពជាកម្លាំងរួម ១ ទេ គឺពិបាកក្នុងការចូលរួមទៅប្រកួតប្រជែងឬដណ្តើមអំណាចពីគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងគ្រប់គ្រង់អំណាចបច្ចុប្បន្នណាស់។
គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានដាក់សំណើនិងជម្រើសចំនួន ៣ រួមមាន ១ ការចែកមណ្ឌលគ្នាឈរឈ្មោះ ២ ការរួមគ្នាឈរឈ្មោះក្រោមឆត្របក្សដែលមានស្រាប់ណាមួយ និង ៣ ការរួមគ្នាបង្កើតបក្សថ្មី ១ ទៅកាន់គណបក្សនយោបាយក្រៅរដ្ឋាភិបាលដែលមាននិន្នាការស្រដៀងគ្នាដើម្បីចូលរួម«សម្ព័ន្ធភាពនយោបាយ ២០២៣ » សម្រាប់ការបោះឆ្នោតសភាជាតិឆ្នាំ ២០២៣ ដើម្បីធ្វើយ៉ាងណា ឱ្យមានពហុសំឡេងក្នុងសភាជាតិ និងធ្វើឱ្យរដ្ឋាភិបាលមានការទទួលខុសត្រូវកាន់តែខ្ពស់ក្នុងការបម្រើប្រជាពលរដ្ឋ។
ក្រោយការដាក់សំណើនេះ គណបក្សឆន្ទៈខ្មែរបានបង្ហាញឆន្ទៈក្នុងការចូលរួមជាមួយគណបក្សភ្លើងទៀន គណបក្សកែទម្រង់កម្ពុជាបានបង្ហាញឆន្ទៈចូលរួមក្រោមរូបភាពណាមួយក៏បាន។ រីគណបក្សប្រជាធិបតេយ្យមូលដ្ឋានវិញបង្ហាញឆន្ទៈចែកមណ្ឌលគ្នាឈរឈ្មោះ៕