
ក្មេងៗដែលមានពិការភាពកំពុងទទួលបានការបណ្តុះបណ្តាលនៅអង្គការក្រៅរដ្ឋាភិបាល។ រូបថតអង្គការ Action Education
ភ្នំពេញៈអង្គការ Aide et Action/Action Education ប្តេជ្ញាជួយដល់កម្មវិធីអប់រំបរិយាប័ន្នសម្រាប់សិស្សមានពិការភាពតាមរយៈការបន្តគាំទ្រ និងសហការជាមួយអង្គការដៃគូពាក់ព័ន្ធនានាដោយបានដាក់បញ្ចូលនូវតម្រូវការសម្រាប់កុមារដែលមានពិការភាព តាមរយៈកម្មវិធីរួមគ្នាផ្ដល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសនៅកម្ពុជា។
តាមរយៈកម្មវិធីនេះអង្គការ Action Education បានគាំទ្រដល់អង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា និងអង្គការប្រតិបត្តិការកុមារកម្ពុជា ដើម្បីកំណត់រកកុមារនៅខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ដែលជួបការលំបាកទាក់ទងនឹង«ការមើល និងការស្តាប់»ដើម្បីអន្តរាគមន៍ជួយពួកគាត់ឱ្យទាន់ពេលវេលា។
កាលពីថ្ងៃទី ៩ កញ្ញា ក្រសួងអប់រំយុវជន និងកីឡា និងអង្គការដែលធ្វើការពាក់ព័ន្ធនឹងវិស័យអប់រំ បានប្រារព្ធវេទិកាថ្នាក់ជាតិលើកទី១០ ស្តីពីការអប់រំបរិយាប័ន្នក្រោមប្រធានបទ«រួមគ្នាផ្តល់អាទិភាពលើការអប់រំបរិយាប័ន្នសម្រាប់សិស្សមានពិការភាពក្រោយកូវីដ ១៩ នៅគ្រប់ភូមិសិក្សា»។
ក្នុងវេទិកានេះ លោក វន សំភាស់ នាយកប្រចាំប្រទេសនៃអង្គការ Action Education បានបន្តអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ធ្វើការរួមគ្នាពង្រឹងសមត្ថភាពគ្រូបង្រៀន គណៈគ្រប់គ្រងសាលាតាមរយៈការបណ្តុះបណ្តាលនិងបំប៉នសមត្ថភាពអប់រំបរិយាប័ន្ន និងបង្កើនចំនួនគ្រូបង្រៀនអប់រំបរិយាប័ន្ន ក៏ដូចជាផ្តល់អាទិភាពដល់ជនមានពិការភាពមានជំនាញស្រាប់ឱ្យក្លាយជាគ្រូបង្រៀន។
បន្ថែមពីនេះ លោកក៏បានស្នើឱ្យមានការបង្កើនថវិកានិងសម្ភារសម្រាប់គាំទ្រថ្នាក់អប់រំបរិយាប័ន្ន ជួយនាយកសាលាឱ្យយល់ច្បាស់ពីការអប់រំបរិយាប័ន្ន កំណត់អត្តសញ្ញាណកុមារពិការ ច្នៃប្រឌិតសក្ដានុពលផ្សព្វផ្សាយឱ្យអ្នកពាក់ព័ន្ធយល់ពីតម្លៃនៃការអប់រំ បង្កើនកិច្ចសហប្រតិបត្តិការរវាងសាលានិងអ្នកពាក់ព័ន្ធ ផ្តល់ការលើកទឹកចិត្តដល់គ្រូបង្រៀនកិច្ចសន្យា ផ្តល់ឧបករណ៍ជំនួយ ក៏ដូចជាផលិតសម្ភារបង្រៀនទៅតាមប្រភេទពិការភាពផងដែរ។
ក្នុងរយៈពេល ១០ ឆ្នាំមកនេះ អង្គការ Action Education បានគាំទ្រដល់អង្គការសាលារៀនទន្សាយក្នុងដំណើរការកម្មវិធីអប់រំសម្រាប់កុមារពិការសតិបញ្ញា និងអូទីសឹម នៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តសៀមរាប និងខេត្តកំពង់ស្ពឺ។
ក្រៅពីនេះអង្គការ Action Education ក៏បានផ្តល់ជាការគាំទ្រដល់អង្គការសេវាកម្មអភិវឌ្ឍន៍ជនពិការ សម្រាប់អនុវត្តកម្មវិធីជួយដល់កុមារពិការក្នុងខេត្តពោធិ៍សាត់ និងគាំទ្រអង្គការប្រតិបត្តិការកុមារកម្ពុជាសម្រាប់ជួយដល់កុមារពិការនៅខេត្តបាត់ដំបង។
សូមជម្រាបជូនថា ការអប់រំបរិយាប័ន្នសម្រាប់សិស្សមានពិការភាព គឺជាផ្នែកមួយនៃគោលនយោបាយជាតិស្តីពីការអប់រំបរិយាប័ន្ន ដែលមានចក្ខុវិស័យអភិឌ្ឍន៍ជនស្ថិតក្នុងសេចក្តីត្រូវការពិសេសគ្រប់រូបឱ្យទទួលបានការអប់រំពេញ១ជីវិតប្រកបដោយគុណភាព បរិយាប័ន្ន និងសមធម៌៕