បន្ទាយមានជ័យៈ កម្លាំង​នៃ​អធិការ​ដ្ឋាន​នគរបាល​​ក្រុង​ប៉ោយ​ប៉ែត នៅថ្ងៃទី ១១ កញ្ញា កំពុង​បន្តធ្វើការ​សាកសួរក្រុមក្មេង​ទំនើង​ចំនួន​ ១៣ នាក់ បន្ទាប់ពីចាប់​ខ្លួនបាន​កាល​ពី​យប់​ថ្ងៃទី​ ១០ កញ្ញា ពាក់​ព័ន្ធករណី​លួច និង​កាប់​ប្លន់​យក​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ​។

លោក​ សៅ សារឿន អធិការ​នគរ​បាល​ក្រុង​ប៉ោយ​ប៉ែត បាន​ប្រាប់ ភ្នំពេ​ញ​ ប៉ុស្តិ៍​ថា ការចុះ​ល្បាត​ស្រាវ​ជ្រាវ​និង​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ទាំង​នេះ ក្រុម​កម្លាំង​សមត្ថ​កិច្ច​​បាន​ដាក់​ពង្រាយ​កម្លាំង​ពួន​ស្ទាក់​នៅ​តាម​ចំណុច​ផ្លូវ​សំខាន់ៗ​មួយ​ចំនួន​នៅ​ទូទាំង​ក្រុង​ប៉ោយ​ប៉ែត ជា​ពិសេស​ក្នុង​ភូមិ​សាស្ត្រដែលមាន​សេចក្ដី​រាយ​ការណ៍ និងពាក្យ​បណ្ដឹង​ពីពលរដ្ឋ​រង​គ្រោះ អំពីករណី​ក្រុម​ក្មេង​ទំនើង​ជិះ​ម៉ូតូតាម​កាប់​ប្លន់​​យក​ម៉ូតូ និងទ្រព្យ​សម្បត្តិ​។

លោកបាន​បញ្ជាក់​ថា៖ ​«តាម​រយៈបណ្ដឹង​របស់​ជនរង​គ្រោះ កម្លាំង​សមត្ថ​កិច្ច​យើង​បានបើក​ប្រតិ​បត្តិ​ការ​ល្បាត​ស្រាវ​ជ្រាវ​ និង​ពួន​ស្ទាក់ ដោយ​ដាក់​ពង្រាយ​កម្លាំង​គ្រប់​ច្រកល្ហក នៅ​តាមប​ណ្ដាផ្លូវ​ដែល​តែងតែ​កើត​មាន​បទ​ល្មើស»។

លុះដល់​ព្រលប់​ថ្ងៃទី​ ១០​ ខែ កញ្ញា ឆ្នាំ ២០២២ កម្លាំង​សមត្ថកិច្ច​ ​ក៏បានប្រទះឃើញ​ក្រុមក្មេងទំនើង​​ទាំង​នោះ​​ជិះម៉ូតូ​ចេញ​ធ្វើ​សកម្ម​ភាពទាំង​ហ្វូង ដោយ​មាន​កាំបិទវែង​ខ្លីស្ទើរគ្រប់​ដៃ ទើប​សមត្ថ​កិច្ច​​ធ្វើការ​បង្ក្រាប​​តែ​ម្ដង ដោយចាប់បាន​ចំនួន​ ១៣​ នាក់។ ​

បើតាម​លោក​ សារឿន​ នៅពេល​នេះ ក្រុម​ជន​សង្ស័យ​ទាំង ១៣ ​នាក់ កំពុង​ត្រូវ​បាន​ក្រុមមន្ត្រី​នគរ​បាល​យុត្តិ​ធម៌​នៃ​អធិការ​ដ្ឋាន​នគរបាល​ក្រុងប៉ោយ​ប៉ែត ធ្វើការ​សាក​សួរ​ជុំវិញ​សកម្មភាព​បទ​ល្មើ​ស​រប​ស់​ពួកគេ ដើម្បី​ក​សា​​ងសំ​ណុំរឿ​ងប​ញ្ជូ​នទៅ​​តុ​លាការ​​ចា​ត់​វិ​ធានកា​រប​ន្តតាម​​នីតិវិធី​ច្បាប់ ​។

​ក្នុង​​អំ​ឡុង​​ពេល​នៃការ​សួរ​ចម្លើយ នៅ​ព្រឹក​ថ្ងៃទី​ ១១ ខែ​កញ្ញា ជនសង្ស័យ​ម្នាក់ ឈ្មោះ ឃុន សុខ​ហេង អាយុ​ ១៦ ឆ្នាំ មានលំនៅ​ភូមិ​ក្បាល​ស្ពាន​ ១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែត បាន​សារភាព​ថា កាលពី​យប់​ថ្ងៃទី​ ៥​ ខែកញ្ញា ខ្លួន​និង​បក្ខ​ពួក​ មានគ្នា​ ៨ នាក់ បានធ្វើ​សកម្មភាព​ជិះម៉ូតូ​ដេញ​​កាប់ប្លន់​យក​ម៉ូតូ​ ១ ​គ្រឿង (C125) ពីជនរង​គ្រោះ​ ២ នាក់ ​​នៅភូមិ​ដុង​អារ័ញ្ញសង្កាត់​និមិ្មត ក្រុង​ប៉ោយ​ប៉ែត។ នេះបើតាមលោក ម៉ា រីន នាយនគរ​បាល​ប៉ុស្តិ៍​​និមិ្មត។

លោក មារីន បាន​និយាយ​ថា៖«​តាម​ចម្លើ​យសារ​ភា​ពរ​បស់​ជ​នស​ង្ស័យ ឈ្មោះ ឃុន​ សុខហេង ម៉ូតូរបស់​ជន​រង​គ្រោះ ដែល​ពួក​គេកា​ប់​ប្លន់​បាន​នោះ ត្រូវ​​ពួក​គេលក់​បាន​តម្លៃ​ ១ ២៥០ ​ដុល្លារ។ ​បច្ចុ​ប្បន្ន លុយ​ទាំង​នោះ ពួក​គេ​បាន​យក​មក​ផឹក​ស៊ី ចូល​បារ៍ខារា​អូខេ​អស់​ទៅ​ហើយ»។

យោង​តាម​របាយ​ការណ៍​សម​ត្ត​កិច្ច​នគ​របាល​​ក្រុ​ងប៉ោយ​ប៉ែត​ ក្រុម​ក្មេងទំនើ​ងដែលធ្វើ​សកម្មភាព​ ជិះម៉ូតូ​ដេញកា​ប់​ប្លន់​យកទ្រព្យ​សម្បត្តិ​ពីប្រជា​ពល​រដ្ឋ​នៅតាម​ដងផ្លូវ​នាពេល​យប់ មាន​ ២ ក្រុម។ ​ក្រុម ១ ​ដឹកនាំ​ដោយ​ឈ្មោះ ឃុន សុ​ខហេង មាន​គ្នា​ ៨ នាក់ ក្រុម​នេះតែង​ប្រើ​ប្រាស់​កាំបិទផ្គាក់​ដង​វែង និង​ធ្វើសកម្មភាព​តែនៅពេលយ​ប់ និង​នៅតែ​ក្នុង​តំបន់​ភូមិ​សាស្ត្រសង្កាត់​និមិ្មត​តែប៉ុណ្ណោះ។​

ចំណែក​ ១ ក្រុម​ទៀត ដឹកនាំ​ដោយ​ឈ្មោះ ហេង លីហ៊ាង អាយុ​ ១៦​ ឆ្នាំ មាន​លំនៅ​ភូមិ​សាមគ្គី​មាន​ជ័យ​ សង្កាត់​អូរជ្រៅ​ ក្រុង​ប៉ោយ​ប៉ែត។

ក្រុម​នេះមាន​គ្នា​ ៥ ​នាក់ ជាក្រុម​សកម្ម​និង​សាហាវ ដែល​តែង​តែធ្វើ​​សកម្ម​ភាព​ជិះម៉ូតូ​ឆក់កា​បូប​នៅ​ពេល​ថ្ងៃ និងធាក់​ផ្ដួល​ម៉ូតូ ព្រម​ទាំង​កាប់​ប្លន់​យក​ម៉ូតូ​ពីអ្នក​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​សាធា​រណៈ​នៅ​ពេល​យប់ ក្នុង​ភូមិ​សាស្ត្រ​ក្រុង​ប៉ោយ​ប៉ែត ហើយ​ពេលខ្លះក្រុម​នេះ ​បាន​ធ្វើ​ស​កម្មភាព​ដល់​ភូមិ​សាស្ត្រ​ស្រុក​ម៉ាឡៃ និងស្រុក​អូរ​ជ្រៅ។ អាវុធ​ដែល​ក្រុមនេះ​ប្រើ គឺកាំបិត​ស្នៀត​និង​ដាវ​សាំមូរ៉ៃ​៕