ភ្នំពេញៈ លោក ជូង ជូងី មេធាវី​ការពារ​ក្ដី ឱ្យ​កញ្ញា សេង ធារី នៅថ្ងៃទី ​១១ ​កញ្ញា​ បាន​លើក​ឡើងថា សហរដ្ឋ​អាមេ​រិក និងសង្គម​ស៊ីវិល​ នៅក្នុង​ស្រុក​ អាចជួយ​កញ្ញា​ សេង ធារី ឱ្យ​មាន​សេរី​ឡើង​វិញ​បាន និង​ការចរចា​ផ្នែក​នយោ​បាយ​ក៏ជាច្រក​មួយ​សំខាន់​ដែរ។ ប៉ុន្តែ​អ្នកនាំ​ពាក្យ​ក្រសួង​យុត្តិធម៌​បាន​គូស​បញ្ជាក់​ថា បញ្ហា​សញ្ជាតិ​មិន​អាច​យក​មក​ធ្វើការ​ដោះដូរ​ជាមួយ​បញ្ហា​ផ្លូវច្បាប់​បាន​ទេ។

លោក ជូង ជូងី បាន​លើក​ឡើង​យ៉ាង​ដូច្នេះ បន្ទាប់ពី​បណ្ដឹង​សារ​ទុក្ខប្រឆាំង​នឹង​សេចក្ដី​សម្រេ​ច របស់​សាលា​ឧទ្ធរណ៍ នៅថ្ងៃ​ទី​ ០១ កញ្ញា សម្រេច​មិន​ដោះលែង​​​កញ្ញា សេង ធារី ឱ្យ​នៅ​ក្រៅឃុំ​បណ្តោះ​អាសន្ន​បានទៅ​ដល់​ដៃ​តុលាការ​កំពូល​។

លោក​ថា៖ «កញ្ញា សេង​ ធារី មាន​សញ្ជាតិ​អាមេរិក​ស្រាប់។ អ៊ីចឹង​សហរដ្ឋអា​មេរិក​មាន​លទ្ធភាព​អាច​ជួយ​គាត់​បាន​។ តាំង​ពីគាត់​ត្រូវ​បាន​ឃុំខ្លួន​ខ្ញុំធ្លាប់​ទៅ​ស្ថាន​ទូតអា​មេរិក នៅ​ទីក្រុង​ភ្នំពេញ​បាន​ម្ដង ហើយ​បន្ត​បន្ទាប់​មក​ទៀត ខ្ញុំតែង​តែ​ទាក់​ទង​​ជាប់​ជានិច្ច​ជាមួយ​ក្រុម​ការងារ​ស្ថាន​ទូត​។​ រី​ឯ​សង្គម​ស៊ីវិល​នៅក្នុង​ស្រុក​ក៏អាច​ជួយ​កញ្ញា សេង ធារី បាន​ដែរ​តាម​រយៈ​ការ​តស៊ូ​មតិនា​នា»។​

លោក ហ៊ុន វណ្ណៈ សមា​ជិក​ក្រុម​យុវជន​ខ្មែរ​ថាវរៈ ដែល​ធ្លាប់​ធ្វើសកម្ម​ភាព​ទាម​ទារ​ឱ្យមាន​ការ​​​ដោះ​លែង​​​កញ្ញា សេង ធារី អះអាង​ថា កន្លង​មក​សមត្ថ​កិច្ច​ខេត្ត​ព្រះវិហារ​ បាន​ដាក់របាំង​រារាំង​ពួកគេ​​ និងក្រុម​​​ស្រ្តីថ្ងៃសុក្រ​ មិនឱ្យ​​​ធ្វើ​ដំណើរ​​ទៅកាន់​​មុខ​​ពន្ធនា​គារ​ខេត្ត​ព្រះវិហារ​​ ដើម្បី​បង្ហោះ​ប៉ោង​ប៉ោង​​លើក​ទឹក​ចិត្ត​កញ្ញា​សេង ធារី​ដែល​ជាប់​ឃុំ​នៅ​ទីនោះ​ឡើយ។

លោក​ថា៖ «សកម្ម​ភាព​របស់​ពួក​យើងតិច​ក្ដី​ច្រើន​ក្ដីខ្ញុំ​ជឿ​ថា នឹង​មាន​ការ​ចាប់​អារម្មណ៍ពី​មហា​ជន​ ដែល​មួយ​ផ្នែក​អាច​ចូល​រួម​ជួយ​ជំរុញ​ឱ្យមា​នការ​ដោះលែង​កញ្ញា សេង ធាវី បាន​ឆាប់ ប្រសើរ​ជាង​យើង​មិន​បាន​ធ្វើអ្វី​សោះ​»។

កាល​ពី​ថ្ងៃទី​ ១៤​ មិថុនា​ កន្លង​មក ក្រសួង​ការ​បរទេស​អាមេរិក ​បាន​អំពាវ​នាវ​ឱ្យមាន​ការ​ដោះលែង​កញ្ញា​​ សេង ធារី ដោយ​បាន​ចាត់​ទុក​សកម្មភាព​ធ្វើការ​ចោទ​ប្រកាន់​និង​ឃុំខ្លួន​កញ្ញា​ សេង ធារី ថា ធ្វើ​ឱ្យប៉ះ​ពាល់​ដល់​លទ្ធិប្រ​ជាធិប​តេយ្យ​ សេរី​ពហុបក្ស និង​នីតិរដ្ឋ​នៅ​កម្ពុជា ហើយ​​ថា ប្រជាជន​កម្ពុជា​ទាំង​អស់ គួរតែ​អាច​អនុវត្ត​សិទ្ធិ​បញ្ចេញ​ទស្សនៈ​ដោយ​សេរី ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី និង​អាច​ប្រើប្រាស់​សិទ្ធិ​ជ្រើស​រើស​មេដឹក​នាំ។

ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួង​យុត្តិ​ធម៌ បាន​គូស​បញ្ជាក់​ថា បញ្ហា​សញ្ជាតិ​មិន​អាច​យក​មក​ធ្វើជា​ថ្នូរ នឹង​ការដោះ​លែង​ឱ្យ​មាន​សេរីភាព​ ចំពោះជនណាម្នាក់​ ដែលប្រព្រឹត្តល្មើសច្បាប់បាន​​ទេ។

លោក ជិន ម៉ាលីន​ បញ្ជាក់​ថា​៖ «បញ្ហា​របស់​កញ្ញា សេង ធារី ជា​បញ្ហា​ផ្លូវ​ច្បាប់។ មិន​ថា គាត់​ជាសកម្ម​ជន ឬ​សញ្ជាតិ​ផ្សេង ក៏ដោយ ឱ្យ​តែបទ​ល្មើស​ប្រព្រឹត្ត​នៅ​កម្ពុជា​គឺដំណើរ​ការនីតិ​វិធី​ត្រូវ​ធ្វើ​តាម​ច្បាប់​ខ្មែរ។ អ៊ីចឹង​ភាគីណា​ក៏ដោយ​មិន​ថា អង្គការ​ឬ​សហ​រដ្ឋ​អាមេរិក​បើចង់​ជួយ​គាត់​ត្រូវ​ចូល​រួម​ដំណើរ​ការ​នីតិវិធី​របស់​តុលា​ការ​កម្ពុជា​»។

លោក​មេធាវី ជូង ជូងី បាន​ឱ្យដឹង​ថា បន្ទាប់​ពី​សេចក្ដី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ចូល​ជា​ធរ​មាន​កាល​ពី​ថ្ងៃទី ១ ​កញ្ញា លោក​បាន​ធ្វើ​ដំណើរ​ទៅ​ជួប​កញ្ញា សេង ធារី នៅ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ​កាល​ពីថ្ងៃទី​ ៦​ កញ្ញា និង​បាន​ជម្រាប​ប្រាប់​កញ្ញា ​ពី​ដំណើរ​ការ របស់​តុលាការ​នៅ​ភ្នំពេញ​។

លោក​បន្ថែម​ថា៖ «ស្ថាន​ភាព​សុខ​ភាព​របស់​កញ្ញា​ធម្មតា ហើយ​ឆន្ទៈរ​បស់​គាត់ នៅតែ​មុត​មាំ​ដដែល ក្នុង​ការ​តស៊ូ​មតិដើម្បី​ឱ្យ​មាន​​លំហរ​សេរី​ភាព​និង​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា​»។

កញ្ញា ​សេង ធារី ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​មុខ​សាលា​ដំបូង​រា​ជ​ធានី​ភ្នំពេញ និង​បាន​​ដឹក​យក​ទៅ​ឃុំខ្លួន​នៅ​ពន្ធនា​គារ​ព្រៃសភ្លាម​ៗ កាលពី​ថ្ងៃទី ១៤ ខែ​ មិថុនា ឆ្នាំ​ ២០២២ បន្ទាប់ពី​តុលាការ​ចេញ​សាល​ក្រមផ្ដន្ទា​ទោស កញ្ញា​ឱ្យជាប់​ពន្ធ​នាគារ​ ៦ ឆ្នាំ​​ ក្នុង​សំណុំរឿង​រួម​គំនិត​ក្បត់​ពាក់​ព័ន្ធ​នឹង​គម្រោង​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​លោក​សម រង្ស៊ី ៩ ​វិច្ឆិកា​។ កញ្ញា សេង ធារី ត្រូវ​បាន​​បញ្ចូន​ពី​ភ្នំពេញ ទៅឃុំ​ខ្លួន​នៅ​ពន្ធនា​គារ​ខេ​ត្តព្រះ​វិហារ កាល​ពី​ថ្ងៃទី​ ១៥ ខែ​​ មិថុនា ឆ្នាំ​ ២០២២ ក្រោម​ហេតុផល​បារម្ភពី​​បញ្ហា​សន្តិសុខ​សណ្តាប់​ធ្នាប់​​៕