
ពុទ្ធបរិស័ទរាប់បាត្រនៅថ្ងៃទី ១ នៃពិធីកាន់បិណ្ឌនៅវត្តព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញកាលពីថ្ងៃម្សិលមិញ។ ហុង មិនា
ភ្នំពេញៈ តាមរយៈសារអនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌក្នុងថ្ងៃដាក់បិណ្ឌ នៅថ្ងៃទី ១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋ និងទេសចរ ក្នុងអំឡុងពេលបុណ្យភ្ជុំឆ្នាំនេះ។
តាមរយៈហ្វេសប៊ុក នៅថ្ងៃទី ១១ ខែកញ្ញា លោក ហ៊ុន សែន លើកឡើងថា ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ ២០២២ នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ២៤ ខែកញ្ញា។ ចន្លោះពេលនេះជាឱកាសដ៏ល្អ សម្រាប់ប្រជាពលរដ្ឋជួបជុំគ្នា និងធ្វើបុណ្យឧទ្ទិសកុសលដល់សាច់ញាតិ។
លោកបញ្ជាក់ថា៖ «ថ្ងៃទី ១១ កញ្ញានេះ ត្រូវនឹងថ្ងៃ ១ រោច ខែភទ្របទ គឺជាថ្ងៃកាន់បិណ្ឌ ១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបង-ប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូននៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេស តាមទីវត្តអារាមនានា»។
ពាក់ព័ន្ធនឹងបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌនេះដែរ ក្រសួងសុខាភិបាលក៏បានណែនាំដល់សាធារណជន ស្ថាប័នពាក់ព័ន្ធ អង្គភាពសាធារណៈ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សេវាឯកជន និងជនបរទេសដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ចូលរួមអនុវត្តវិធានការចាំបាច់ ដើម្បីការពារការចម្លងវីរុសកូវីដ ១៩ និងការពុលចំណីអាហារ ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះផងដែរ។
សេចក្តីណែនាំរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី ១០ ខែកញ្ញា ឱ្យដឹងថា៖ «ដើម្បីសុវត្ថិភាព និងភាពរីករាយក្នុងក្រុមគ្រួសារ សូមលោកអ្នកអនុវត្តបន្តប្រកបដោយការបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងឱ្យបានគ្រប់ៗគ្នានូវវិធានការ ៣ ការពារ និង ៣ កុំ»។
ចំពោះវិធានការចាំបាច់ក្នុងការការពារការពុលអាហារ ក្រសួងសុខាភិបាលបញ្ជាក់ថា ត្រូវរក្សាភាពស្អាត (លាងដៃជាមួយសាប៊ូ និងទឹកស្អាតនៅពេលរៀបចំអាហារ)។ ទុកដាក់អាហារឆៅ និងឆ្អិនឱ្យដាច់ដោយឡែកពីគ្នា ចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ ជាពិសេសសាច់សត្វស្លាប ស៊ុត និងអាហារសមុទ្រ។ នៅពេលលោកអ្នកទិញម្ហូបអាហារ ដែលឆ្អិនស្រាប់ នៅតាមផ្សារ ឬតាមដងផ្លូវ ត្រូវប្រាកដថា អាហារទាំងនោះមានសុវត្ថិភាព។
ក្រសួងបញ្ជាក់ថា៖ «ទុកដាក់ចំណីអាហារក្នុងសីតុណ្ហភាពមានសុវត្ថិភាព (ត្រជាក់តិចជាង ៥ អង្សាសេ និងក្តៅលើសពី ៦០ អង្សាសេ) ឬចម្អិនអាហារ ១ ពេល សម្រាប់តែការបរិភោគ ១ ពេល ប្រើប្រាស់ទឹកស្អាត និងវត្ថុធាតុដើមល្អ មិនប្រើប្រាស់សារធាតុគីមីបន្ថែម»។
បន្ថែមលើនោះ ក្រសួងក៏បានណែនាំដល់អាជ្ញាធរខេត្ត ស្រុក ក្រុង ខណ្ឌ រដ្ឋបាលឃុំ និងសង្កាត់ទាំងអស់ ត្រូវចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងធ្វើការណែនាំការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាពចំណីអាហារ និងត្រូវមានការរៀបចំទុកដាក់ម្ហូបអាហារឱ្យបានល្អនៅតាមទីវត្តអារាម ចៀសវាងការពុលចំណីអាហារ ឬជំងឺបណ្តាលមកពីអាហារមិនមានសុវត្ថិភាព។
លោក តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាបប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី ១១ កញ្ញា ថា សម្រាប់ពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានរៀបចំកិច្ចការពារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសម្រួល ចរាចរណ៍ ដោយបង្កើនការយកចិត្តទុកដាក់ក្នុងកម្រិតខ្ពស់បំផុត។ លោកថា ថ្ងៃដាក់បិណ្ឌ មិនមែនជាថ្ងៃឈប់សម្រាក ហេតុនេះការកកស្ទះចរាចរណ៍មិនមានទេ ប៉ុន្តែបើចំថ្ងៃឈប់សម្រាក គឺមានការកកស្ទះចរាចរណ៍គួរសមដែរ។ ទោះជាយ៉ាងណា កងកម្លាំងក្នុងគណៈបញ្ជាការឯកភាពខេត្ត មានទាំងមន្ត្រីនគរបាលចរាចរណ៍ រួមជាមួយកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ធ្វើការសហការគ្នាដើម្បីសម្រួល និងបញ្ចៀសចរាចរណ៍ ធ្វើយ៉ាងណាឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានរលូនល្អ។
លោកថ្លែងថា៖ «ចៀសមិនផុតពីការកកស្ទះទេ ប៉ុន្តែយើងធ្វើយ៉ាងម៉េចឱ្យរំហូរចរាចរណ៍ហ្នឹងបានរំកិលទៅមុខកុំឱ្យមានការកកស្ទះ។»
លោកស្នងការ ឱ្យដឹងថា កម្លាំងសមត្ថកិច្ច ក៏ត្រូវបានដាក់នៅតាមវត្តអារាមនីមួយៗដោយមានផែនការច្បាស់លាស់ ក្នុងការប្រចាំការ ដោយមានការសហការជាមួយប្រជាការពារ ដើម្បីជួយសម្រួលរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍បន្ថែមទៀត នៅតាមទីវត្តអារាមមួយចំនួន និងផ្សព្វផ្សាយបំផុសឱ្យរក្សាអនាម័យស្អាត និងមានការប្រុងប្រយ័ត្ន ការពុលចំណីអាហារផងដែរ។
លោកថ្លែងថា៖ «ទាក់ទងចំណីអាហារនេះវាជារឿងមួយ ដែលត្រូវយកចិត្តទុកដាក់ផងដែរ ហើយរឿងនេះវាអាស្រ័យទៅលើបុគ្គលទេ។ កាលណាចូលរួម ថែរក្សាអនាម័យទាំងអស់គ្នាទុកដាក់ស្អាតហូបស្អាត នោះមិនងាយមានបញ្ហាអ្វីទេ ហើយមន្ទីរសុខាភិបាលក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ក៏យើងបានខិតខំផ្សព្វផ្សាយទាក់ទងរឿងពុលចំណីអាហារ អីអីផ្សេងៗទៀតដែរ»។
លោក ណៅ សំបូរ អាចារ្យវត្តអង្គស្តុក ស្រុកអង្គរជ័យ ខេត្តកំពត ឱ្យដឹងថា គណៈកម្មការវត្តបានយកចិត្តទុកដាក់រៀបចំឱ្យមានការចេញចូលក្នុងសាលាឆាន់មានរបៀបរៀបរយល្អ។ មានផ្លូវចេញផ្សេង ផ្លូវចូលផ្សេង ហើយនៅមាត់ទ្វារចូលសាលាឆាន់ ទៀតសោត ក៏មានដាក់ម៉ាស៊ីនវាស់កម្តៅ និងទឹកអាល់កុល សម្រាប់ពុទ្ធបរិស័ទអាចប្រើប្រាស់បានផងដែរ។ គណៈកម្មការអាចារ្យវត្តបានផ្សព្វផ្សាយអប់រំបន្ថែមទៀតពីការទុកដាក់ចង្ហាន់ព្រះសង្ឃ។
លោកថ្លែងថា៖ «តាមរយៈសំឡេងឧគ្ឃោសនស័ព្ទ អាចារ្យក្នុងវត្តបាននិយាយអប់រំណែនាំបន្ថែមទៀត ក្នុងការទុកដាក់ចំណីអាហារ ការរាប់បាត្រ ការដាក់ចង្ហាន់ប្រគេន ព្រះសង្ឃ និងការអង្គុយយ៉ាងណាឱ្យមានរបៀបរៀបរយល្អ»។
លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច មកពីរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា ពលរដ្ឋខ្មែរនៅតែចំណាយលើការធ្វើបុណ្យ ទៅតាមលទ្ធភាពធនធានរបស់ខ្លួនដែលមាន រួមផ្សំនឹងការសន្សំសំចៃត្រៀមបម្រុងទុកជាមុន។
លោកថ្លែងថា៖ «វាមានកត្តារួមផ្សំ ដោយសារតែវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ខ្មែរ តាំងពីបុរាណមកហើយមានលុយ ឬអត់លុយក៏ត្រូវតែនាំគ្នាទៅវត្ត។ បន្ទាប់ពីបើកសេដ្ឋកិច្ចឡើងវិញ តាំងពីដើមឆ្នាំ មកដល់ជិតដំណាច់ឆ្នាំផង ពលរដ្ឋអាចរកចំណូលបានសមគួរ។ ដូច្នេះដោយសារតែចំណូលដែលសន្សំតាំងពីដើមឆ្នាំមកនេះ វាមិនបង្កជាបញ្ហារំខានដល់ការធ្វើបុណ្យពលរដ្ឋឡើយ»។
អ្នកស្រី ពៅ ញ៉េប រស់នៅរាជធានីភ្នំពេញថ្លែងថា ការធ្វើបុណ្យមិនចាំបាច់ទាល់តែមានលុយធំ ទើបហៅថា ការធ្វើបុណ្យទេ សូម្បីលុយ ១ ពាន់រៀលចូលរួមចំណែកកសាងវត្តក៏ជាបុណ្យដែរ។ អ្នកស្រីថ្លែងថា៖ «បើមិននាំគ្នាធ្វើបុណ្យបែកបាក់សាមគ្គី បាត់ទំនៀមទម្លាប់ លែងស្គាល់ការដឹងគុណ ខុសត្រូវហើយ។ ទោះជាវត្តចាល់ម្ហូបដែល បានមកពីចង្ហាន់ ក៏ព្រះសង្ឃគង់ក្នុង វត្តធ្វើទានឱ្យអ្នកឃ្លានដែរ។ តើវាខ្ជះខ្ជាយត្រង់ណា ១ ឆ្នាំមានម្ដង»។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា វាយតម្លៃថា ថ្ងៃទី ១ នៃពិធីបុណ្យកាន់បិណ្ឌ ពលរដ្ឋក្នុងចំនួនដ៏ច្រើនបាននាំគ្នាទៅវត្ត។ លោកចាត់ទុក នេះជាបរិយាកាសមួយល្អ បន្ទាប់ពីស្រុកទេសស្រាកស្រាន្តពីវិបត្តិកូវីដ ១៩ ពលរដ្ឋសប្បាយនឹងការធ្វើបុណ្យ។ នេះឆ្លុះបញ្ចាំងពីភាពសុខដុមនីយកម្មក្នុងសង្គម៕