
កុមារា ផល្លា កែវនុរក្ស អង្គុយនៅក្នុងមណ្ឌលកុមារកំព្រា «មណ្ឌលមែកឈើ» ស្ថិតក្នុងភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ រូបថត សហការី
ភ្នំពេញៈ ចាប់ពីមានអាយុបាន ៣ ឆ្នាំមកកុមារា ផល្លា កែវនុរក្ស តែងទទួលរងនូវអំពើហិង្សាមិនស្រាកស្រាន្តឡើយពីសំណាក់ឪពុកចុងរបស់ខ្លួនដូចជាចាប់ហែកមាត់ យកភ្លើងដុតមាត់ទាញញ៉ឹងស្លឹកត្រចៀក ខោកក្បាល និងវាយក្បាលនឹងវត្ថុរឹងជាដើម។ មិនត្រឹមតែប៉ុណ្ណោះទេ សូម្បីតែសតិអារម្មណ៍ស្មារតីក៏ត្រូវប៉ះពាល់ខ្លាំងដែររហូតធ្វើឱ្យកុមារារូបនេះកើតមានជំងឺផ្លូវចិត្តទៀតផង។
កំពុងអង្គុយនៅលើរទេះនៅក្នុងបរិវេណទីធ្លាធំមួយជាមួយសំឡេងលាយសម្រែករបស់ក្មេងៗសើចសប្បាយ និងកំពុងសម្លឹងមិនដាក់ភ្នែកទៅរករូបគំនូរ ១ ផ្ទាំង ដែលមានបុរសម្នាក់កំពុងតែយារដំបងវាយទៅលើស្ត្រីម្នាក់ហាក់បានដាស់អារម្មណ៍ និងធ្វើឱ្យកុមារារូបនេះនឹកឃើញនូវរូបភាព និងក្តីឈឺចាប់របស់ខ្លួនដែលត្រូវបានឪពុកចុងវាយធ្វើបាបកាលពីធ្លាប់រស់នៅជាមួយគាត់ក្នុងខេត្តតាកែវ កាលពី ២ ឆ្នាំមុន។ បច្ចុប្បន្នកុមារា កែវ នុរក្ស កំពុងតែរស់នៅយ៉ាងមានសេចក្តីសុខ ជាមួយនឹងក្មេងៗជាង ១០០ នាក់ទៀត ក្នុងមណ្ឌលកុមារកំព្រា ១ ឈ្មោះថា មណ្ឌលមែកឈើ ស្ថិតក្នុងភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
បើទោះជាកុមារា កែវ នុរក្ស មិននិយាយស្តីយ៉ាងណាក្តីក៏ប៉ុន្តែតាមរយៈ លោក ផន ផល្លា ដែលជាប្រធានមណ្ឌលមែកឈើដែលបានដឹងពីប្រវត្តិនៃការរស់នៅរបស់កុមារា ផល្លា កែវនុរក្ស បានរៀបរាប់ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា កុមារា ផល្លា កែវនុរក្ស មានបងប្អូនចំនួន ៣ នាក់ និងមានម្តាយជាស្ត្រីមេម៉ាយ ប៉ុន្តែម្តាយរបស់គេបានយកគ្នាជាប្តីប្រពន្ធជាមួយបុរសម្នាក់ធ្វើជាប្តីហើយពួកគេរស់នៅខេត្តតាកែវ។ អំឡុងពេលរស់នៅជាមួយឪពុកចុង គឺកុមារា កែវនុរក្ស តែងតែត្រូវបានឪពុកចុងរបស់គេវាយធ្វើទារុណកម្មមិនលស់ពេលឡើយ។
លោកបន្តថា បើតាមសម្តីរបស់ក្មេងរងគ្រោះបាននិយាយប្រាប់លោកថា រូបគេត្រូវបានរស់នៅជាមួយឪពុកចុង ប៉ុន្តែមិនដឹងថាប៉ុន្មានឆ្នាំទេហើយក្នុងអំឡុងពេលរស់នៅជាមួយគ្នានោះ គឺឪពុកចុងរបស់គេតែងតែវាយធើ្វបាបចាប់ហែកមាត់ ទាញស្លឹកត្រចៀក និងវាយក្បាលនៅពេលគាត់ខឹង ឬនៅពេលម្តាយមិននៅផ្ទះ។ រឿងនេះតាមពិតទៅបើសិនជាមនុស្សធំអាចនិយាយរៀបរាប់បានច្រើនតែដោយសារ ផល្លា កែវនុរក្ស នៅក្មេងពេកដែលមិនចេះនិយាយដូចមនុស្សចាស់បាន។
លោកថ្លែងថា៖ «ឪពុកចុងសុទ្ធតែចាប់ហែកមាត់គ្នារយះមាត់ដល់ច្រមុះហើយមិនមែនហែកមាត់តែម្តងហ្នឹងទេ មានម្តងនោះយកភ្លើងដុតមាត់គ្នាឡើងដំបៅពេញមាត់ដោយសារខឹង កែវនុរក្ស យំទារអីញ៉ាំព្រោះគាត់ថាមាត់ហ្នឹងប៉ិនទារអីស៊ី។ គាត់មានរបួសសុសខ្លួនតែម្តងហើយបើនៅក្បាលគ្នាវិញគឺមិនក្រោម ៣០ បំណះទេ គឺវាយឡើងសុសក្បាលតែម្តង»។
បើតាមលោក ផល្លា មូលហេតុដែលលោកដឹងព័ត៌មានថាមានឪពុកចុងធ្វើបាបនេះ ដោយសារតែបងប្អូនអ្នកភូមិបានផ្តល់ព័ត៌មានហើយបន្ទាប់ពីទទួលបានព័ត៌មានមកលោកក៏សុំសហការជាមួយអាជ្ញាធរមូលដ្ឋានចុះទៅអន្តរាគមន៍និងយក កែវនុរក្ស មកចិញ្ចឹមបីបាច់នៅក្នុងមណ្ឌលរហូតមកដល់បច្ចុប្បន្ននេះ។ ប៉ុន្តែបន្ទាប់ពីលោកយកក្មេងមកចិញ្ចឹម គឺលោកបានដូរត្រកូលឪពុកចុងនោះចេញហើយបានស្នើសុំអាជ្ញាធរសង្កាត់កំបូលធ្វើសំបុត្រកំណើតឱ្យថ្មីហើយខាងអាជ្ញាធរមូលដ្ឋានក៏បានជួយប្តូរឈ្មោះដោយដាក់ឈ្មោះថា [ផល្លា កែវនុរក្ស] ផល្លា គឺជាឈ្មោះរបស់លោកផ្ទាល់រីឯពាក្យថាកែវគឺដោយសារគាត់រស់នៅខេត្តតាកែវ ឯពាក្យនុរក្ស គឺមកពីពាក្យថា ជាអ្នកដែលរក្សាគ្រប់គ្រងមើលការខុសត្រូវគេ។
ពាក់ព័ន្ធករណីខាងលើត្រូវបានលោក មោង អាន ជាចៅសង្កាត់កំបូលបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា នៅក្នុងមូលដ្ឋានសង្កាត់កំបូលមានមណ្ឌលកុមារកំព្រា ១ ឈ្មោះថា មណ្ឌលកុមារកំព្រាមែកឈើហើយមណ្ឌលនេះបានចិញ្ចឹមថែរក្សាក្មេងៗជាង ១០០ នាក់ឯណោះ ហើយកន្លងមកលោកប្រធានមណ្ឌលបានស្នើសុំលោកដែលជាអាជ្ញាធរមូលដ្ឋានឱ្យជួយសម្របសម្រួលធ្វើសំបុត្រកំណើតដើម្បីឱ្យស្របច្បាប់ផ្តល់ដល់ក្មេងតូច ក្មេងៗខ្លះត្រូវបានឪពុកម្តាយបោះបង់ចោលមិនដឹងពីប្រវត្តិសាវតាររបស់ក្មេងពិតប្រាកដ ប៉ុន្តែការសម្របសម្រួលចុះសំបុត្រកំណើតនេះក៏លោកសុំយោបល់ពីលោកអភិបាលខណ្ឌកំបូលដែរ។
លោកថ្លែងថា៖ «ក្មេងខ្លះគាត់អត់ដឹងថាឪពុកម្តាយគាត់ឈ្មោះអីទេហើយបើយើងមិនធ្វើឱ្យគាត់ទេ គាត់ធំឡើងធ្វើម៉េចទៅ។ យើងធ្វើសំបុត្រកំណើតនេះបានក្មេងច្រើននាក់ដែរក៏ប៉ុន្តែខ្ញុំមិនចាំអស់ទេក្នុងប៉ុន្មានឆ្នាំមកនេះ»។
ដោយឡែកលោក ភិន ភាព នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកំបូលក៏បានឱ្យដឹងដែរថា ចំពោះកុមារដែលខាងមណ្ឌលកុមារកំព្រាមែកឈើយកមកចិញ្ចឹម គឺជាក្មេងអនាថានៅតាមផ្លូវឬកុមារខ្លះត្រូវបានឪពុកម្តាយបោះបង់ចោល ឬឪពុក ឬម្តាយមានជំងឺអេដស៍ស្លាប់ចោល និងជួនកាលខាងមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ យកមកប្រគល់ជូន។ ប៉ុន្តែសមត្ថកិច្ចនគរបាលប៉ុស្តិ៍កំបូលគ្រាន់តែជួយសម្រួលបញ្ជូនឈ្មោះក្មេងៗទាំងនោះចូលក្នុងសៀវភៅស្នាក់នៅដែលដាក់ឈ្មោះលោកប្រធានមណ្ឌលជាមេគ្រួសារ។ ការបញ្ចូលឈ្មោះក្មេងៗចូលទៅក្នុងសៀវភៅស្នាក់នៅ គឺដើម្បីឱ្យពួកគាត់បានថតធ្វើអត្តសញ្ញាណប័ណ្ណ។
លោកថ្លែងថា៖ «បើយើងមិនជួយសម្រួលឱ្យគាត់គឺគាត់អត់មានលិខិតបញ្ជាក់ស្របច្បាប់ផ្ទាល់ខ្លួនទេ គាត់អត់អីប្រើការស្របច្បាប់ទេព្រោះពួកគាត់ខ្លះរស់នៅក្នុងមណ្ឌលតាំងពីតូចរហូតដល់អាយុជាង ១៥ ឆ្នាំហើយ។ ខាងខ្ញុំជួយជាសៀវភៅស្នាក់នៅដល់គាត់គ្រប់អាយុទៅយើងធ្វើអត្តសញ្ញាណប័ណ្ណឱ្យគាត់»។
បើតាមលោកប្រធានមណ្ឌលមែកឈើ គឺចាប់កកើតឡើងតាំងពីឆ្នាំ ១៩៩៤ ដែលមានស្ត្រីម្នាក់ជាជនជាតិខ្មែរបង្កើតឡើងក្នុងទំហំដី ១ ហិកតា។ ប៉ុន្តែស្ត្រីជាស្ថាបនិករូបនោះបានស្លាប់ហើយហើយលោកជាអ្នកបន្តវេនព្រោះរូបលោកក៏ជាអតីតកូនកំព្រារស់នៅក្នុងមណ្ឌលនេះតាំងពីតូចមកម្ល៉េះ។ បច្ចុប្បន្នមានក្មេងៗរស់នៅក្នុងមណ្ឌលមានចំនួន ១២១ នាក់ (ក្មេងប្រុស ៧១ នាក់) ដែលមានអាយុចាប់ពីក្រោមអាយុ ១ ឆ្នាំដល់ ១៤ ឆ្នាំ និងមានអ្នកថែរក្សាចំនួន ២៥ នាក់។ ជាគោលការណ៍ក្មេងៗដែលលោកយកមកចិញ្ចឹមរក្សាបីបាច់គឺមានជាក្មេងកំព្រាម្តាយ ក្មេងត្រូវឪពុកម្តាយបោះបង់ចោល ក្មេងខ្លះម្តាយឪពុកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ឬក្មេងដែលរងអំពើហិង្សាក្នុងគ្រួសារជាដើម។ ក្នុងនោះលោកក៏ទទួលក្មេងពីខាងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញដែរ។
ចំពោះក្មេងដែលរស់ក្នុងមណ្ឌលភាគច្រើនទី១ គឺជាក្មេងដែលត្រូវម្តាយឪពុកស្លាប់ចោលដោយគ្រោះថ្នាក់ចរាចរណ៍ ទី២ ក្មេងដែលឪពុកម្តាយលែងលះគ្នាហើយពួកគេមិនទទួលស្គាល់កូនទាំងសងខាង។
លោកបន្តថា បច្ចុប្បន្នមានទារកដែលនៅបៅទឹកដោះគោចំនួន ១៤ នាក់ ហើយក្នុងទារក ២ នាក់ ត្រូវមានម្តាយមេដោះមើលថែរក្សាម្នាក់ ប៉ុន្តែបុគ្គលិកបម្រើការនៅក្នុងមណ្ឌលសុទ្ធតែជាស្ត្រីមេម៉ាយហើយគ្មានកូនទើបលោកអនុញ្ញាតឱ្យចូលធ្វើការក្នុងមណ្ឌលបាន។ មូលហេតុដែលលោករើសបុគ្គលិកបែបនេះបើពួកគាត់មានប្តី ឬមានកូន គឺពួកគាត់ច្បាស់ជាបែងចែកទៅប្តីផងទៅកូនគាត់ផងដែលធ្វើឱ្យគាត់បែងចែកមិនដាច់ក្នុងការងារឬពិបាកស្នាក់នៅក្នុងមណ្ឌល។ ចំពោះក្មេងៗខ្លះដែលរស់នៅក្នុងមណ្ឌល គឺមានឯកសារផ្ទាល់ខ្លួនគាត់ដែលបានពីសាច់ញាតិរបស់គាត់ហើយក្មេងខ្លះបានបាត់ព័ត៌មានផ្ទាល់ខ្លួនរបស់គេ។ ដូច្នេះហើយលោកទទួលបានការយោគយល់ពីអាជ្ញាធរមូលដ្ឋាន ជួយសម្រួលធ្វើសំបុត្រកំណើតឱ្យក្មេងៗទាំងនោះដើម្បីឱ្យគាត់បានចូលរៀនតាមសាលារដ្ឋ។
លោកថ្លែងថា៖ «យើងបានធ្វើការជិតស្និទ្ធជាមួយខាងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញព្រោះខាងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍លើផ្នែកផ្លូវច្បាប់លើកុមារ ការពារកុមារ ឬក៏សង្គ្រោះកុមារតែគាត់គ្មានមណ្ឌលផ្ទាល់ខ្លួន អ៊ីចឹងគាត់ធ្វើទំនាក់ទំនងមណ្ឌលណាដែលអាចផ្ញើកូនៗបាន»។
បើតាមលោក ផន ផល្លា ចំពោះក្មេងៗ ដែលគ្រប់អាយុត្រូវបានលោកបញ្ជូនទៅសាលារៀនទាំងអស់ដែលមានជាង ៦០ នាក់ ដែលមានរថយន្តចំណុះ ១២ កៅអី ១ គ្រឿង និងម៉ូតូកង់បីសម្រាប់ដឹកជញ្ជូនពួកគេ។ ក្នុងថ្ងៃៗលោកត្រូវចំណាយអង្ករ ១ បាវ ទម្ងន់ ៥០ គីឡូក្រាម ក្នុងការដាំបាយឱ្យក្មេងហូបរីឯម្ហូបត្រូវបានសប្បុរសជនជាជនជាតិខ្មែរបានទទួលរ៉ាប់រងលើការចំណាយប្រចាំខែហើយក្រៅពីនេះមានសប្បុរសជនខ្មែរក្នុងស្រុកមកលេងម្តងម្កាលតែបើមូលនិធិពីក្រៅប្រទេសគឺអត់ទាន់មានទេ។
លោកបានលើកឡើងថា ចំពោះការចំណាយលើម្ហូបអាហារ អាចទ្រទ្រង់បានប៉ុន្តែបញ្ហាឈឺស្កាត់របស់ក្មេងដែលក្មេងប៉ះពាល់តាមរយៈហ្ស៊ែនពីឪពុលម្តាយដែលត្រូវការព្យាបាលរហូតឬក៏ការចំណាយទូទៅដូចជាទឹកភ្លើង គឺត្រូវចំណាយលុយច្រើន។
លោកបញ្ជាក់ថា បច្ចុប្បន្នមានយុវជនចំនួន ១៤ នាក់ កំពុងសិក្សានៅមហាវិទ្យាល័យហើយទាំង ១៤ នាក់នេះក្នុងម្នាក់ៗមានអ្នកធានាជួយឧបត្ថម្ភសម្រាប់ចេញថ្លៃសិក្សា និងថ្លៃជួយបន្ទប់ស្នាក់នៅរយៈពេល ៤ ឆ្នាំតែម្តង។ លោកក៏បានអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេសជួយចែករំលែកនូវក្តីស្រឡាញ់ជាអ្វីក៏បានដើម្បីទ្រទ្រង់ដល់កុមារដែលកំព្រា ព្រោះពួកគាត់សុទ្ធតែជាក្មេងៗដែលរងនូវការរំលោភបំពានសិទ្ធិ កុមាររងនូវអំពើហិង្សាក្នុងគ្រួសារដែលលោកគិតថា វាជាការលើកទឹកចិត្តជាគុណតម្លៃមួយដែលមិនអាចកាត់ថ្លៃបាន៕