
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន (ឆ្វេង) និងលោក សុខ ឥសាន អ្នកនាំពាក្យ CPP។ រូបថត ហុង មិនា និងព្រឹទ្ធសភា
ភ្នំពេញ: គណបក្សភ្លើងទៀន (CP) បានចេញគោលការណ៍ធំៗ ៧ ចំណុច ដើម្បីអនុវត្តចាប់ពីពេលនេះតទៅ ដើម្បីឈានឆ្ពោះទៅរកការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ ២០២៣ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សកាលពីថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២២ ឱ្យដឹងថា គោលការណ៍នោះ រួមមាន ការឯកភាពផ្ទៃក្នុង ការរៀបចំរចនាសម្ព័ន្ធគណបក្សពីក្រោមឡើងលើឱ្យមានគុណភាព និងសមត្ថភាព ការរៀបគោលនយោបាយដែលឆ្លុះបញ្ចាំងពីសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ និងកិច្ចសហការល្អ ជាមួយក្រសួងសមត្ថកិច្ច ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈម និងការបំភិតបំភ័យនានា ដែលប៉ះពាល់ដល់សិទ្ធិនយោបាយរបស់ពលរដ្ឋជាដើម។
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១១ ខែកញ្ញាថា ក្រោយពីមានការជជែកពិគ្រោះយោបល់យ៉ាងផុលផុសពីថ្នាក់ដឹកនាំគណបក្សភ្លើងទៀន លើប្រធានបទមួយចំនួន រយៈពេល ៣ ថ្ងៃនៅឯខេត្តសៀមរាប គណបក្ស ដាក់ចេញគោលការណ៍ទាំងនេះក្នុងចំណោមបញ្ហាផ្សេងៗទៀត ក្នុងគោលបំណងសំខាន់ គឺដើម្បីឈានឆ្ពោះទៅដណ្ដើមភាពជោគជ័យ នៃការបោះឆ្នោត ឆ្នាំ ២០២៣។
លោកបន្តថា គណបក្សភ្លើងទៀនក៏បានឯកភាពគ្នា មិនជេរប្រមាថក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងអាចឈានដល់ ចេញសេចក្តីថ្លែងការណ៍អបអរសាទរចំពោះជ័យជម្នះរបស់គណបក្សណាដែលទទួលបានសំឡេងច្រើនទៀតផង នៅក្នុងរដ្ឋសភា។
លោក សុន ឆ័យ ថ្លែងថា ក្នុងការបោះឆ្នោតខាងមុខនេះ គណបក្សភ្លើងទៀន ផ្តោតសំខាន់លើគោលនយោបាយ ដើម្បីទាក់ទាញប្រជាពលរដ្ឋ។ តាមរយៈគោលនយោបាយនេះ នឹងធ្វើឱ្យប្រជាពលរដ្ឋទទួលបានផល សេចក្តីថ្លៃថ្នូរ យុត្តិធម៌ក្នុងសង្គម និងជីវភាពល្អប្រសើរ។
លោក សុន ឆ័យ ថ្លែងបន្តថា៖«លែងប្រកួតបុគ្គលនឹងបុគ្គលទៀតហើយ យើងតស៊ូ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន។ ហើយសង្ឃឹមថា គជប រៀបចំការបោះឆ្នោត ឱ្យល្អបន្តិច និងប្រហែលជាលើកទី១ យើងនឹងជូនពរគ្នា ដើម្បីប្រែក្លាយប្រវត្តិសាស្ត្រថ្មី។ យើងចង់ចូលរួមពង្រឹងសង្គមជាតិ ឱ្យបានល្អ បម្រើសេវាល្អ នេះជាបំណងសំខាន់ ដែលយើងជជែកគ្នានៅក្នុងសិក្ខាសាលា»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) បានប្រាប់កាសែត ភ្នំពេញ ប៉ុស្តិ៍ថា គណបក្សប្រជាជនកម្ពុជា ស្វាគមន៍គណបក្សនយោបាយទាំងអស់មិនថាតែគណបក្សភ្លើងទៀនប៉ុណ្ណោះទេ ដែលមានបំណងចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ ២០២៣ ដើម្បីដណ្តើមខ្សែក្រវាត់ពីគណបក្សប្រជាជនកម្ពុជា។
លោកថា គណបក្សភ្លើងទៀន ដែលជាឫសគល់របស់អតីតគណបក្សសង្គ្រោះជាតិ មិនជារឹងមាំប៉ុន្មានទេ ហើយការរៀបចំរចនាសម្ព័ន្ធ ក៏ដូចជាប្រជុំនៅក្នុងខេត្តសៀមរាបនេះ មានភាពរង្គោះរង្គើផ្ទៃក្នុងរបស់គណបក្ស មិនតែប៉ុណ្ណោះគណបក្សនេះទទួលបានសន្លឹកឆ្នោតតែ ២០% ប៉ុន្តែដើរអួតថា ខ្លួនឈ្នះឆ្នោត។
លោកបន្តថា ចំពោះថ្នាក់ដឹកនាំរបស់គណបក្សនេះ ទៅជួបប្រជុំនៅឯខេត្តសៀមរាប គ្រាន់តែដើម្បីរក្សាទុកសំឡេង ២០% នេះទេ។ ហើយសំឡេង ២០% ដែលទទួលបានពីការបោះឆ្នោត ឆ្នាំ ២០២២ វាគ្រាន់តែសំឡេងលម្អលទ្ធិប្រជាធិតេយ្យ ឱ្យគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេស បន្តនៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ ២០២៣ ប៉ុណ្ណោះ។ លោកថ្លែងថា៖ «យើងសង្ឃឹមថា ភ្លើងទៀនដែលយកគំរូតាម គណបក្សសង្គ្រោះជាតិ ក៏នៅតែអនុវត្តគោលការណ៍របស់គណបក្សសង្គ្រោះជាតិដដែល ហើយនឹងទទួលបរាជ័យដដែល»៕
វីដេអូ៖