ធនាគារ​វិនិយោគ​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ និង​គ្រោង​វិនិយោគ​លើ​គម្រោង​វិនិយោគ​បៃតង​នៅ​កម្ពុជា ក្នុង​គោលដៅ​លើក​កម្ពស់​វិស័យ​សេដ្ឋកិច្ច​បៃតង ការការពារ​តំបន់​ធម្មជាតិ ការវិនិយោគ​លើ​ថាមពល​កកើត​ឡើងវិញ និង​បច្ចេកវិទ្យា​បៃតង​ជាដើម​។ ចំណាប់​អារម្មណ៍​នេះ បង្ហើប​ឱ្យដឹង នាឱកាស​ជំនួប​ពិភាក្សា​រវាង​ក្រសួង​បរិស្ថាន​ និង​គណៈប្រតិភូ​ធនាគារ​វិនិយោគ​អឺរ៉ុប​នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន​នៅ​ថ្ងៃទី​ ១១ ខែកញ្ញា​។

ជំនួប​នេះ ធ្វើឡើង​ក្រោម​វត្តមាន​គណៈប្រតិភូ​ធនាគារ​វិនិយោគ​អឺរ៉ុប​ (European Investment Bank) ដឹកនាំ​ដោយ​លោក Kris Peeters ជា​អនុប្រធាន និង​លោក​ សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​កម្ពុជា​។

ក្នុង​ជំនួប​នោះ Kris Peeters អនុប្រធាន​ធនាគារ​វិនិយោគ​អឺរ៉ុប​បាន​គូសបញ្ជាក់​ពី​គម្រោង​ពង្រីក​ការវិនិយោគ​នៅ​កម្ពុជា ដោយ​លោក​បាន​លើកឡើង​ពី​ចំណាប់​អារម្មណ៍​លើ​ការវិនិយោគ​បៃតង និង​ការប្រឹក្សា​យោបល់​បន្ថែម​ ដើម្បី​ទទួល​កម្ចី និង​ហិរញ្ញ​ទាន​បៃតង បន្ទាប់ពី​ភាពជោគជ័យ​កន្លងមក​លើ​កិច្ចសហប្រតិបត្តិការ​លើ​គម្រោង​នានា​ដែល​មាន​ទំហំ​ទឹកប្រាក់​សរុប ២៤០ ​លាន​អឺរ៉ូ​។

ចំណែក​លោក​ សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​វិញ​បាន​ឆ្លើយតប​ទៅ​ភាគី​ធនាគារ​វិនិយោគ​អឺរ៉ុប ដោយ​បាន​លើកឡើង​ពី​លទ្ធភាព​ក្នុង​កិច្ចសហប្រតិបត្តិការ​រវាង​ក្រសួង​បរិស្ថាន​ជាមួយ​ធនាគារ​វិនិយោគ​អឺរ៉ុប លើ​គម្រោង​អាទិភាព​មួយចំនួន​ដូចជា ការលើក​កម្ពស់​សេដ្ឋកិច្ច​មូលដ្ឋាន​បៃតង​តាមរយៈ​ការទិញ​ផលិតផល​សហគមន៍​នៅក្នុង​ និង​ជុំវិញ​តំបន់​ការពារ​ធម្មជាតិ ការជួយ​ស្វែងរក​ទីផ្សារ​សម្រាប់​ផលិតផល​កសិកម្ម ការទិញ​ឥណទាន​កាបូន ការវិនិយោគ​លើ​ថាមពល​កកើតឡើង​វិញ​ និង​បច្ចេកវិទ្យា​បៃតង​។

បន្ថែម​ពីនេះ លោក​ សាយ សំអាល់ បង្ហាញ​ពី​គម្រោង​របស់​រដ្ឋាភិបាល​ក្នុងការ​រៀបចំ​ភូមិ​រុនតាឯក​ឱ្យ​ក្លាយ​ភូមិ​ធម្មជាតិ​គំរូ ជម្រាប​ដល់​គណៈប្រតិភូ​ធនាគារ​វិនិយោគ​អឺរ៉ុប​ផងដែរ​។

គួរ​បញ្ជាក់ថា គោលនយោបាយ​ជាតិ​ស្តីពី​ការអភិវឌ្ឍ​បៃតង​របស់​កម្ពុជា បាន​កំណត់​និយមន័យ ការវិនិយោគ​បៃតង ដូច្នេះ​ថា​៖ «​វិនិយោគ​បៃតង សំដៅ​ដល់​គម្រោង​ ឬ​សកម្មភាព​វិនិយោគ​លើ​ការអភិវឌ្ឍ​បៃតង ដោយ​ផ្តោតលើ​បច្ចេកវិទ្យា​បៃតង សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ បរិស្ថាន​បៃតង​ និង​ធនធាន​ធម្មជាតិ ធនធាន​ទឹក​និង​អនាម័យ សន្តិសុខ​ស្បៀង​ និង​សុវត្ថិភាព​ចំណីអាហារ ការប្រើប្រាស់​ដីធ្លី​ប្រកប​ដោយ​និរន្តរភាព គមនាគមន៍ ឧស្សាហកម្ម​ និង​ថាមពល និង​ទេសចរណ៍​បៃតង​»​។

ក្រៅពី​បញ្ហា​វិនិយោគ​ និង​បរិស្ថាន ភាគី​ក្រសួង​បរិស្ថាន តាមរយៈ​លោក​ សាយ សំអាល់ បាន​លើកឡើង​ពី​ភាពជោគជ័យ​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការទប់ស្កាត់​ជំងឺ​កូវីដ​ ១៩ និង​ការស្តារ​សេដ្ឋកិច្ច​ជាតិ​ឡើងវិញ​ ក្រោយ​វិបត្តិ​កូវីដ​ ១៩ ព្រមទាំង​អះអាង​ប្រាប់​ធនាគារ​វិនិយោគ​អឺរ៉ុប​ថា កម្ពុជា​ឈាន​ដល់​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​ខ្លួន​ជាង ៥០០ ​ឆ្នាំ​មកហើយ​។

គួររំឭក​ផងដែរ​ថា ធនាគារ​វិនិយោគ​អឺរ៉ុប​បាន​ផ្ដល់​ការគាំទ្រ​យ៉ាងសកម្ម​ដល់​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​របស់​កម្ពុជា​ចាប់​តាំងពី​ឆ្នាំ​ ២០១៨ រហូត​មកដល់​ពេលបច្ចុប្បន្ន​នេះ​។ នៅ​អំឡុង​ពេលនេះ ធនាគារ​វិនិយោគ​អឺរ៉ុប​បាន​ដាក់​ទុនវិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ២៤០ ​លាន​អឺរ៉ូ ដើម្បី​បង្កើន​លទ្ធភាព​ទទួល​បាន​ទឹកស្អាត​ដែល​អាច​ទទួលទាន​បាន​នៅ​រាជធានី​ភ្នំពេញ និង​ការស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ​ឡើងវិញ​នៅតាម​ទីជនបទ​ជាដើម​៕