បាត់ដំបងៈ ​អាជ្ញាធរ​មូលដ្ឋាន​បាន​និយាយថា លំនៅឋាន​ប្រជាពលរដ្ឋ​ចំនួន​ ១០៣​ គ្រួសារ នៅ​ឃុំ​ព្រៃ​ខ្ពស់ ស្រុក​ប​វេ​ល ខេត្តបាត់ដំបង បាន​រង​ការ​ជន់​លិច បន្ទាប់ពី​មានការ​បាក់​ធ្លាយ​ទំនប់​សំណង់​អូរសណ្តាន់ កាលពី​យប់​ថ្ងៃទី​ ១១ ខែកញ្ញា ឆ្នាំ​ ២០២២​។​

លោក ហាច ហាន មេឃុំ​ព្រៃ​ខ្ពស់ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា នៅពេលនេះ ទឹកបាន​បង្ក​ការ​ជន់​លិច​ប៉ះពាល់​ដំណាំ​ស្រូវ​និង​ដំណាំ​រួមផ្សំ​របស់​ប្រជាកសិករ​សរុប​ជិត ​១០០​ ហិកតា និង​ហូរ​ច្រោះ​ដាច់​ផ្លូវលំ​ជនបទ​សរុប​ប្រវែង ជាង​ ២ ០០០​ ម៉ែត្រ​។​

លោក​បាន​បញ្ជាក់ថា​៖ «​ទោះយ៉ាងណា ​ការ​ជន់​លិច នៅ​មិនទាន់​ដល់​កម្រិត​ដែល​តម្រូវឱ្យមាន​ការជម្លៀស​ប្រជាពលរដ្ឋ​ពី​លំនៅឋាន​ទៅកាន់​ទីទួល​សុវត្ថិភាព​នៅឡើយ​ទេ​»​។​

បើតាម​លោក ហាន នៅពេលនេះ អាជ្ញាធរ​មូលដ្ឋាន​កំពុង​ប្រើ​គ្រឿងចក្រ ជួសជុល​ខ្នង​ទំនប់​នោះ​ឡើងវិញ ដើម្បី​រក្សា​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​នៅ​រដូវប្រាំង​នាពេលខាងមុខ​។

ទន្ទឹមនឹងនេះ លោក​បាន​និយាយថា ទឹក​ដែល​បាន​ធ្លាយ​ចេញពី​សំណង់​ទំនប់​អូរសណ្ដាន់ កំពុង​ហូរ​ចុះទៅ​កាន់​សំណង់​ទំនប់​បង្ហៀរទឹក​ព្រែក​សឿ ដែល​ស្ថិតនៅក្នុង​ឃុំ​សឿ ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ​។ អាស្រ័យ​ដូចនេះ ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ក្នុងភូមិ​សាស្ត្រ​ខាងលើនេះ គប្បី​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​។

ជុំវិញ​ករណីនេះ លោក ជា ទី មេឃុំ​សឿ នៃ​ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​រសៀល​ថ្ងៃទី​ ១២ ខែកញ្ញា​ថា ទឹក​ដែល​ហូរ​ចាក់​ពី​ស្រុក​ប​វេ​ល ខេត្តបាត់ដំបង និង ទឹក​ហូរ​ចាក់​ពី​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ កំពុង​បង្ក​ជា​ទឹកជំនន់​ជន់​លិច ផ្ទះ​អ្នកភូមិ​មួយចំនួន​ក្នុង​ឃុំ​សឿ ជាពិសេស ផ្ទះ​អ្នក​ដែល​សង់​នៅ​ប្រប ជាប់​ដងស្ទឹង​មង្គលបុរី រួមមាន ភូមិ​អូរ​ជួប​ថ្មី និងភូមិ ប​ល្ល័ង្ក​ជ្រៃ​។

លោក​ថ្លែងថា​៖ «​ឥឡូវ​ទឹកបាន​ជន់​លិច​ប៉ះពាល់​លំនៅឋាន​ប្រជាពលរដ្ឋ ចំនួន ​៣០​ គ្រួសារ​ នៅក្នុង​ភូមិ​អូរ​ជួប​ថ្មី និង ភូមិប​ល្ល័ង្កជ្រៃ ប៉ុន្តែ​មិនទាន់​ដល់​កម្រិត​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​នៅឡើយ​ទេ​»​។

ចំណែក លោក ស្វាយ ជា អភិបាលស្រុក​ម៉ាឡៃ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ស្ថានភាព​ទឹក​នៅតាម​អូរ​ព្រំដែន មានការ​ស្រក​ចុះឡើង​វិញ​ហើយ ខណៈអាកាសធាតុ ផ្ទៃមេឃ​មាន​ភាព​អាប់អួប៉ុន្តែ​គ្មាន​ភ្លៀង​ធ្លាក់នោះទេ៕