ភ្នំពេញៈ ​ក្រសួងបរិស្ថាន និង​អង្គការ​សង្គម​ស៊ីវិល នឹង​រួមគ្នា​ប្រារព្វ​ទិវា​សម្អាត​ភពផែនដី ឬ World Cleanup Day នា​ថ្ងៃ​ ១៧ ខែកញ្ញា​ខាងមុខ ដោយ​រំពឹងថា ទិវា​នេះ គឺជា​សារ​មួយ​ដើម្បី​រំឭក​ដល់​ពលរដ្ឋ​ឱ្យមាន​ការយកចិត្តទុកដាក់​ពី​បញ្ហា​សំរាម ដែល​កំពុង​បង្ក​ផលប៉ះពាល់​ដល់​ភពផែនដី​។​

លោក នេត្រ ភ​ក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១២ ខែកញ្ញា​ថា កម្ពុជាបាន​ចូលរួម​ប្រារព្វ​ទិវា​សម្អាត​ភពផែនដី​នេះ​ជា​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃទី ១៧ ខែកញ្ញា ចាប់​តាំងពី​ឆ្នាំ​ ២០១៨​ មក​ម៉្លេះ ព្រោះ​ទិវា​នេះ គឺជា​និមិត្តរូប​នៃ​ការចូលរួម​សម្អាត​ភពផែនដី​។ លោក​បន្តថា ការចួលរួម​ប្រា​ព្វ​ទិវា​នេះ​ជាមួយ​ពិភពលោក គឺ​ដើម្បី​រំឭក​ឱ្យ​ពលរដ្ឋ​ចាំបាច់​ត្រូវ​ចូលរួម​សម្អាត​អនាម័យ​បរិស្ថាន និង​បង្កើន​ការយកចិត្តទុកដាក់​ប​ន្ថែ​ម​ទៀត​។

​លោក​បន្តថា​៖ «​ការសម្អាត​ភពផែនដី សម្អាត​បរិស្ថាន និង​ទីក្រុង​អីហ្នឹង គឺ​យើង​បានធ្វើ​ឡើងជា​ប្រចាំ (​រៀងរាល់ថ្ងៃ​)​។ គ្រាន់តែ​ការកំណត់​យក​ថ្ងៃទី ១៧ ខែកញ្ញា ជា​ទិវា​សម្អាត​ភពផែនដី ដើម្បី​បង្កើន​ការយកចិត្តទុកដាក់ និង​ចូលរួម​បន្ថែមទៀត​។ (​ទិវា​នេះ​) ក៏​រំឭកឱ្យ​ពលរដ្ឋ​ចាំបាច់​ត្រូវ​ចូលរួម​សម្អាត​អនាម័យ​បរិស្ថាន ដើម្បី​ធ្វើឱ្យ​ភព​ផែន​ដីយើង​ស្អាត និង​មាន​ផាសុកភាព​ក្នុងការ​រស់នៅ​»​។​

តាម​ការប្រកាស​របស់​អង្គការ​សម្អាត​ទន្លេ​សមុទ្រ បានឱ្យដឹងថា ការជួបជុំ​ប្រារ​ព្វ​ទិវា​សម្អាត​ភពផែនដី នឹងត្រូវ​ធ្វើឡើង​នៅតាម​តំបន់​គោលដៅ​នីមួយៗ​ទូទាំងប្រទេស ខណៈ​រាជធានី​ភ្នំពេញ នឹងមាន​ការជួប​ជុំគ្នា​ចាប់ពី​ម៉ោង ៧ ដល់​ម៉ោង ​១១ ព្រឹក នៅ​តំបន់​ជ្រោយចង្វារ ​ជិត​សណ្ឋាគារ​សុខា​ភ្នំពេញ​។​

ទិវា​សម្អាត​ភពផែនដី ឬ World Cleanup Day គឺជា​ទិវា​មួយ​ដែល​ត្រូវបាន​ប្រទេសក្នុងពិភពលោក ១៨០ ប្រទេស រួមគ្នា​ប្រារព្វ​ធ្វើឡើង​ក្នុង​ថ្ងៃ​តែមួយ ដើម្បី​ចូលរួម​សកម្មភាព​នៃ​ការសម្អាត​ភពផែនដី ហើយ​វា​ត្រូវបាន​បង្កើត​ឡើងជា​លើកដំបូង​កាលពី​ឆ្នាំ ២០១៨ ដោយ​អង្គការ LET’S DO IT WORLD ដែលមាន​ទីតាំងនៅ​ប្រទេស​អេស្តូនី (Estonia)​។

កញ្ញា ភាព ច័ន្ទ​ជាលី​ន ជំនួយការ​ផ្នែក​ទីផ្សារ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នៃ​អង្គការ​សម្អាត​ទន្លេ​សមុទ្រ​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១២ ខែកញ្ញា​ថា ការជួប​ជុំគ្នា​ក្នុងពេល​ខាងមុខ នឹងមាន​មន្ត្រី​រដ្ឋាភិបាល វិស័យ​ឯកជន ប្រជាពលរដ្ឋ អ្នកស្ម័គ្រចិត្ត និង​​អង្គការ​សង្គម​ស៊ីវិល​នានាចូលរួម នឹងធ្វើ​ឡើង​ដោយ​សេរី ដើម្បី​រួមគ្នា​សម្អាត​បរិស្ថាន​នៅក្នុង​ប្រទេស​។

កញ្ញាថ្លែងដោយរំពឹង​ដែរ​ថា ការជួប​ជុំគ្នា​ក្នុង​ទ្រង់ទ្រាយ​ធំ​ឆ្នាំ​នោះ នឹង​ជា​សារ​មួយ ដើម្បី​បង្ហាញ​ទៅដល់​ប្រជាពលរដ្ឋ​ទូទៅ​កុំឱ្យ​បោះចោល​សំរាម​តាម​ទីសាធារណៈ​ផ្តេសផ្តាស និង​ងាក​មក​ស្រឡាញ់​ថែរក្សា​បរិស្ថាន​ទាំងអស់គ្នា ហើយ​ការចូលរួម​សម្អាត គឺ​មិនមែន​ធ្វើឡើង​តែ១​ថ្ងៃនេះ​នោះទេ គឺមាន​បំណង​ជំរុញ​ឱ្យ​ពលរដ្ឋ​រួមគ្នា​សម្អាត​រាល់ថ្ងៃ​។​

​កញ្ញា ភាព ច័ន្ទ​ជាលី​ន បាន​បញ្ជាក់ថា​៖ «​សម្រាប់​សារ​អំពាវនាវ​ទៅកាន់​ប្រជាពលរដ្ឋ​យើងទាំងអស់គ្នា នៅក្នុង​កម្មវិធី​ទិវា​សម្អាត​ភពផែនដី​នេះ គឺ​យើង​ស​ង្ឃឹ​ង​ថា នឹងមាន​ការចូលរួម​យ៉ាងច្រើន​កុះករ មិន​ថា​ពី​សំណាក់​មជ្ឈដ្ឋាន​ណា​ទេ គឺ​យើង​ចូលរួមចំណែក​ទាំងអស់​គ្នា ជាពិសេស​បងប្អូន​ប្រជាពលរដ្ឋ សិស្សានុសិស្ស យុវជន ចូលរួម​សម្អាត​ក្នុង​ថ្ងៃនោះ​។ កាលណា​យើង​ចូលរួម​ទាំងអស់គ្នា ធ្វើការ​រួមគ្នា នោះ​អ្វី​ក៏ដោយ​ក៏​យើង​អាចធ្វើ​វា​បាន និង​ទទួលបាន​ផល​»​។

យោងតាម​របាយការណ៍​របស់​អង្គការ UNESCO បាន​បង្ហាញថា សត្វ​សមុទ្រ​ប្រមាណ ១​ លាន​ក្បាល ដែល​ក្នុងនោះ​រួមមាន ថនិកសត្វ ត្រី​ចម្រុះ​នានា ត្រី​ឆ្លាម សត្វ​អណ្តើក និង​បក្សី ត្រូវបាន​បាត់បង់​ជីវិត​ជា​រៀងរាល់ឆ្នាំ ក្រោយ​ការ​លេប ឬ​ត្រួវបាន​ហ៊ុម​ព័ទ្ធ​ដោយ​សំរាម​ប្លា​ស្ទិ​កលើ​ផ្ទៃ និង​ក្នុង​សមុទ្រ​ផ្ទាល់​។​

ប្លា​ស្ទិ​កត្រូវបាន​អះអាងថា ជា​វត្ថុ​ធាតុ ដែល​មិន​រលាយ​ទៅក្នុង​ដី​ងាយៗ​ក្នុង​រយៈពេល​ខ្លី​នោះទេ ហើយ​ស្ទើរ​គ្រប់​ប្លា​ស្ទិ​ក​ដែល​បាន​ផលិត​ទាំង​ប៉ុន្មាន​កន្លងមក នៅតែមាន​វត្តមាន​នៅលើ​ពិភពលោក​យើង​ដដែល ដោយ​គ្រាន់តែ​វា​មិន​ស្ថិតនៅក្នុង​ទម្រង់ និង​កន្លែង​ដើម​ទាំងស្រុង​នោះទេ ព្រោះ​តាមរយៈ​ខ្យល់ ជាពិសេស​ភ្លៀង បាន​ពាំនាំ​ប្លា​ស្ទិ​ក​ទាំងនោះ ពី​កន្លែង​ដែល​មនុស្ស​បោះចោល ចូលទៅក្នុង​សមុទ្រ ឬ​ទន្លេ​នានា​។ នេះ​បើតាម​ការអះអាង​របស់​អង្គការ​ទាំងនោះ​៕