ភ្នំពេញៈ ធនាគារ​វិនិយោគ​អឺរ៉ុប ​គ្រោង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ ជាពិសេស​លើ​គម្រោង​វិនិយោគ​បៃតង​ ក្រោយពី​រយៈពេល​កន្លងមក ​ធនាគារ​វិនិយោគ​អឺរ៉ុប ​បាន​វិនិយោគ​លើ​គម្រោង​នានា មាន​ទំហំ​ទឹកប្រាក់​សរុប ២៤០ ​លាន​អឺរ៉ូ តាមរយៈ​កិច្ចសហ​ប្រតិបត្តិការយ៉ាង​ល្អ​ជាមួយ​កម្ពុជា​។

​ការបង្ហាញ​គម្រោង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ របស់​ធនាគារ​វិនិយោគ​អឺរ៉ុប​នេះ តាមរយៈ​ជំនួប​ជាមួយ​លោក ​សាយ សំអាល់ ​រដ្ឋមន្ដ្រី​ក្រសួង​បរិស្ថាន ​និង​គណៈប្រតិភូ​ធនាគា​រ​វិនិយោគ​អឺរ៉ុប ​(European Investment Bank) ​ដឹកនាំ​ដោយ​លោក ​Kris Peeters ​អនុប្រធាន​ធនាគារ​វិនិយោគ​អឺរ៉ុប ​កាលពី​ថ្ងៃទី​ ១១ ខែ​ កញ្ញា ​ឆ្នាំ​ ២០២២ នា​ទីស្តីការ​ក្រសួង​បរិស្ថាន​។

ក្នុង​ជំនួប ​លោក​ សាយ សំអាល់ ​បាន​លើក​អំពី​ស្ថានភាព​កម្ពុជា​ថា ​មកទល់​បច្ចុប្បន្ន ​កម្ពុជា​បាន​កសាង​មូលដ្ឋាន​គ្រឹះ​នៃ​ជាតិ​ និង​រដ្ឋ​មួយ​រឹងមាំ ​ដែលមាន​ឯករាជ្យ ​សន្តិភាព ​អធិបតេយ្យ ​ឯកភាព​ជាតិ ​បូរណភាព​ទឹកដី​ពេញលេញ ​និង​ការអភិវឌ្ឍ​គ្រប់​វិស័យ ​ដែល​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រជាង​ ៥០០​ ឆ្នាំ ​ចុងក្រោយ​របស់​ខ្លួន​។ លោក​ក៏បាន​លើកឡើង​ពី​ភាពជោគជ័យ​ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ទទួលបាន ​ក្នុង​ការទប់ស្កាត់​ការរាតត្បាត​ជំងឺ​កូវីដ១៩ ​និង​យុទ្ធសាស្ត្រ​ស្តារ​សេដ្ឋកិច្ច ​ក្រោយ​វិបត្តិ​កូវីដ១៩ ​ដែល​ធ្វើឱ្យ​កម្ពុជា​នៅតែ​បន្ត​មាន​កំណើន​សេដ្ឋកិច្ច​វិជ្ជមាន​។​

​លោក ​Kris Peeters ​បាន​អបអរសាទរ​ចំពោះ​ភាពជោគជ័យ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ​ដែល​សម្រេចបាន​នាពេល​កន្លងមក ​និង​កិច្ចសហប្រតិបត្តិការ​យ៉ាង​ល្អ​ជាមួយ​ធនាគារ​វិនិយោគ​អឺរ៉ុប​លើ​គម្រោង​នានា ​ដែលមាន​ទំហំ​ទឹកប្រាក់​សរុប​ ២៤ ០លាន​អឺរ៉ូ​។

លោក​ថ្លែងថា​៖ «ធនាគារ​វិនិយោគ​អឺរ៉ុប​ គ្រោង​នឹង​ពង្រីក​វិនិយោគ​បន្ថែម​នៅ​កម្ពុជា ​ជាពិសេស​លើ​គម្រោង​វិនិយោគ​បៃតង​ និង​ការប្រឹក្សា​យោបល់​បន្ថែម ​ដើម្បី​ទទួល​កម្ចី ​និង​ហិរញ្ញប្បទាន​បៃតង»។

លោក​ សាយ សំអាល់ ​ក៏បាន​ឆ្លើយតប​ទៅ​ភាគី​ធនាគារ​អឺរ៉ុប ​ពី​លទ្ធភាព​ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង​បរិស្ថាន​លើ​គម្រោង​អាទិភាព​មួយចំនួន ​ដូចជាការលើកកម្ពស់​សេដ្ឋកិច្ច​មូលដ្ឋាន ​តាមរយៈ​ការទិញ​ផលិតផល​សហគមន៍​នៅក្នុង ​និង​ជុំវិញ​តំបន់​ការពារ​ធម្មជាតិ​។

ការជួយ​ស្វែងរក​ទីផ្សារ​សម្រាប់​ផលិតផល​កសិកម្ម ​ការទិញ​ឥណទាន​កាបូន ​ការវិនិយោគ​លើ​ថាមពល​កកើត​ឡើងវិញ ​និង​បច្ចេកវិទ្យា​បៃតង​។ លោក​បញ្ជាក់ថា ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​កំពុង​រៀបចំ ​ភូមិ​រុន​តាឯក​ឱ្យ​ក្លាយជា​ភូមិ​ធម្មជាតិ​គំរូ​ផងដែរ​។​

តាម​របាយការណ៍​របស់​ក្រសួង​បរិស្ថាន​បច្ចុប្បន្ន ​ទីតាំង​ទេសចរណ៍​ធម្មជាតិ ​មាន​ប្រមាណ ​១០០​ ទីតាំង ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​សរុប​ ៧៦ ​ក្នុងនោះ​មាន​ ៤០​ ទីតាំង​កំពុង​ដំណើរការ​។ រីឯ ​២៦ ​ទីតាំង ​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​របស់​សហគមន៍​តំបន់​ការពារ​ធម្មជាតិ ​ដែល​គ្រប​ដណ្តប់លើ​ផ្ទៃដី ​៤០ ៣៤០​ ហិកតា ​ហើយ​មាន​ប្រជាជន​ចំនួន ​៦ ៣០៤ ​គ្រួសារ​ជា​អ្នក​ចូល​រួម​ដោយផ្ទាល់​។ ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​តំបន់​ទេសចរណ៍​ផ្សារភ្ជាប់​ទឹកដី​មាន​ការកើនឡើង​ក្នុង​ឆ្នាំ ​២០២២ ​ដែល​គិត​ត្រឹម​ខែមិថុនា​មាន​ចំនួន​ ៤១៥ ៤៦៥​ នាក់​។

ក្រសួង​បញ្ជាក់ថា ​ទោះបី​នៅមាន​ការងារ​ជាច្រើន​ទៀត​ដែល​ត្រូវ​បន្តធ្វើ​ក្នុងការ​អភិវឌ្ឍ​សហគមន៍​មូលដ្ឋាន​ក្តី ​ក្រសួង​បានសម្រេច​ប្រែក្លាយ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ទាំង​ ១៩០ ​ជា​បណ្តាញ ​និង​ជា​ដៃគូ​របស់​រាជរដ្ឋាភិបាល ​និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ​ដើម្បី​កសាង​ទំនុកចិត្ត ​រវាង​រដ្ឋបាល​មូលដ្ឋាន ​និង​សហគមន៍​។ សហគមន៍​តំបន់​ការពារ​ធម្មជាតិ ​១៩០ ​នេះ​គ្របដណ្ដប់​លើ​ផ្ទៃដី​ទំហំ ​៣២៤ ២៣៨​ ហិកតា ​នៅ​តំបន់​ការពារធម្មជាតិ ​ចំនួន ​៣៤ ​ក្នុងភូមិ​ចំនួន ​៣៥៦ ​ភូមិ ១១៤ ​ឃុំ ​និង ១៦ ​ខេត្ត​។

​ការចងក្រង​បណ្តាញ​សហគមន៍ ​ជា​យន្តការ​មួយ​ផ្តល់​ឱកាស​ដល់​សហគម​ន៍​មូលដ្ឋាន​ ធ្វើជា​ដៃគូ​ពិភាក្សា ​និង​ចរចា​ជាមួយ​រាជរដ្ឋាភិបាល​ទៅលើ​តម្រូវការ ​និង​បញ្ហា​នានា ​ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជា​សហគមន៍ ​និង​ពង្រឹង​កិច្ចការពារ​ និង​អភិរក្ស ​ធនធាន​ធម្មជាតិ​។​

ក្រសួង​ក៏បានផ្ដល់​ការគាំទ្រ​បច្ចេកទេស ​ថវិកា ​ពូជ​សត្វ​ ដំណាំ​ និង​កិច្ចសម្រប​សម្រួល ​ជាមួយ​ផ្សារ​ទំនើប​មួយចំនួន ​ដើម្បី​ដាក់លក់​ផលិតផល​សហគមន៍ ​ហើយ​កំពុង​បន្ត​ជំរុញ​លើកកម្ពស់​ស្ថានភាព​ជីវភាព​សហគមន៍ ​តាមរយៈ​ការសម្របសម្រួល​កិច្ចសហ​ប្រតិបត្តិការ​ជាមួយ​ក្រសួង ​ស្ថាប័ន ​អង្គការ ​ជា​ដៃគូ ​និង​ផ្នែក​ឯកជន​ពាក់ព័ន្ធ ​ក្នុងការ​អនុវត្ត​គោលនយោបាយ​នានា​របស់​រដ្ឋ​ជាអាទិ៍ ​កសិកម្ម​ទំនើប ​អភិវឌ្ឍន៍​ជនបទ ​ទេសចរណ៍​ធម្មជាតិ ​ការអប់រំ​សម្រាប់​ទាំងអស់​គ្នា ​សុខភាព​សហគមន៍​ មន្ទីរពេទ្យ ​បង្គន់​អនាម័យ ​ទឹកស្អាត ​និង​អាហារូបត្ថម្ភ​ជាដើម​។​

ក្រសួង​បាននិង​កំពុង​សម្របសម្រួល ​ដើម្បី​ប្រែក្លាយ​ការដាំ​ឈើ ​ដែលមាន​ការលូតលាស់​លឿន ​នៅតាម​សហគមន៍​តំបន់​ការពារ​ធម្មជាតិ ​ដែលមាន​លក្ខខណ្ឌ​ធម្មជាតិ​អំណោយផល ​និង​សក្តានុពល​សេដ្ឋកិច្ច​ខ្ពស់​ ទៅជា​ច្រក​យុទ្ធសាស្ត្រ​មួយ​ឆ្ពោះទៅ​កាត់បន្ថយ​សម្ពាធ​លើ​ព្រៃ​ធម្មជាតិ ​និង​បំពេញ​តម្រូវការ​ឈើ​ឧស្សាហកម្ម ​ដែលជា​និន្នាការ​ទីផ្សារ​សកល ​ក៏ដូចជា​ជួយ​ពង្រីក​មូលដ្ឋាន​សេដ្ឋកិច្ច​ជាតិ​។​

គួរ​បញ្ជាក់ថា ​គោល​នយោបាយ​ជាតិ​ស្តីពី​ការអភិវឌ្ឍ​បៃតង​របស់​កម្ពុជា ​បានកំណត់​និយមន័យ ​ការវិនិយោគ​បៃតង ​ដូច្នេះ​ថា​៖ «វិនិយោគ​បៃតង ​សំដៅ​ដល់​គម្រោង ​ឬ​សកម្មភាព​វិនិយោគ​លើ​ការអភិវឌ្ឍ​បៃតង ​ដោយ​ផ្តោតលើ​បច្ចេកវិទ្យា​បៃតង​ សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​បរិស្ថាន​បៃតង ​និង​ធនធាន​ធម្មជាតិ ​ធនធានទឹក ​និង​អនាម័យ ​សន្តិសុខ​ស្បៀង ​និង​សុវត្ថិភាព​ចំណីអាហារ ​ការប្រើប្រាស់​ដីធ្លី​ប្រកបដោយ​និរន្តរភាព ​គមនាគមន៍ ​ឧស្សាហកម្ម ​និង​ថាមពល ​និង​ទេសចរណ៍​បៃតង​» ។​

​គួរ​បញ្ជាក់ថា ​ធនាគារ​វិនិយោគ​អឺរ៉ុប ​បានផ្ដល់​ការគាំទ្រ​យ៉ាងសកម្ម​ដល់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា​ចាប់​តាំងពី​ឆ្នាំ​ ២០១៨ ​រហូត​មកដល់​ពេលបច្ចុប្បន្ន​។ នៅ​អំឡុង​ពេលនេះ​ ធនាគារ​វិនិយោគ​អឺរ៉ុប ​បានដាក់​ទុនវិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ​២៤០ ​លាន​អឺរ៉ូ ​ដើម្បី​បង្កើន​លទ្ធភាព​ទទួលបាន​ទឹកស្អាត ​ដែល​អាច​ទទួលទាន​បាន​នៅ​រាជធានី​ភ្នំពេញ​ និង​ការស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ​ឡើងវិញ​នៅតាម​ទីជនបទ​ជាដើម​៕