
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គជប។ រូបថត ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ មន្ត្រីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានអះអាងកាលពីម្សិលមិញថា ការជ្រើសរើសមន្ត្រីបម្រើឱ្យដំណើរការបោះឆ្នោតឆ្នាំ ២០២៣ បានប្រព្រឹត្តដោយត្រឹមត្រូវតាមច្បាប់ ដោយច្រានចោលសំណើរបស់គណបក្សនយោបាយចំនួន ៤ ដែលបានសុំឱ្យការជ្រើសរើសមន្ត្រីទាំងនោះមានភាពត្រឹមត្រូវ មិនលម្អៀងទៅខាងគណបក្សកាន់អំណាច។
ការបដិសេធនេះ ធ្វើឡើងបន្ទាប់ពី គណបក្សក្រៅរដ្ឋាភិបាលមួយចំនួនចំនួន ៤ ស្នើឱ្យ គជប កុំជ្រើសរើសមន្ត្រីនៅតាមលេខាធិការដ្ឋានរាជធានី-ខេត្តរៀបចំការបោះឆ្នោត និងមន្ត្រីបោះឆ្នោតនៅតាមឃុំ-សង្កាត់ ដែលបានជាប់ពាក់ព័ន្ធនឹងគណបក្ស។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គជប ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១២ ខែកញ្ញាថា គជប បានធ្វើតាមនីតិវិធីនៃការចាត់ចែងក្នុងការជ្រើសរើសធនធានមនុស្សដែលបម្រើឱ្យសេវាកម្មបោះឆ្នោត មានភាពលម្អិត ដោយមានការទទួលខុសត្រូវចំពោះមុខច្បាប់។
លោក ពុទ្ធា ថ្លែងថា៖ «ការចោទប្រកាន់ គជប ថា ជ្រើសរើសមន្ត្រី គជប មកពីគណបក្សកាន់អំណាចមិនត្រឹមត្រូវ និងមិនដឹងថា ពួកគាត់ (គណបក្សនយោបាយទាំង ៤ នោះ) ផ្អែកលើមូលដ្ឋានអ្វីខ្លះនោះទេ»។
លោកបន្តថា ចំពោះការប្រើប្រាស់អារម្មណ៍ផ្ទាល់ខ្លួនថា សំណើររបស់ខ្លួនត្រូវតែធ្វើតាមនោះ គឺមិនត្រឹមត្រូវនោះទេ ព្រោះការប្រកាសជ្រើសរើសមន្ត្រីបោះឆ្នោតរបស់ គជប ត្រូវបានធ្វើឡើងជាសាធារណៈ ដោយមិនបានសង្កត់ធ្ងន់ទៅលើគណបក្សណាមួយនោះទេ។
លោកថ្លែងថា៖ «មួយវិញទៀត អ្នកណាក៏ដោយ មកពីណាក៏ដោយ ឱ្យតែចូលបម្រើជាមន្ត្រីបោះឆ្នោតរបស់ គជប ទី១ ទទួលបានការបណ្តុះបណ្តាល ទី២ អនុវត្តទៅតាមបទបញ្ជា និងនីតិវិធីដែល គជប មានដូចជារទេះភ្លើងដែលលើកដាក់លើផ្លូវដែករត់ទៅតាមផ្លូវដែកនោះ»។
លោក ហង្ស ពុទ្ធា ថ្លែងថា គជប ត្រៀមជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ជិត ៧ ពាន់នាក់ សម្រាប់ដំណើរការការពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោត។
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ១១ ខែកញ្ញាថា គណបក្សភ្លើងទៀននឹងទទួលលទ្ធផលល្អពីការបោះឆ្នោត បើសិនជា គជប ជ្រើសរើសមន្ត្រី ជាពិសេសនៅតាមរាជធានី-ខេត្ត មិនជាប់ពាក់ព័ន្ធនឹងគណបក្សនយោបាយជាពិសេសគណបក្សកាន់អំណាច។
លោកថ្លែងថា៖ «គជប ដាក់មន្ត្រីឱ្យល្អបន្តិចទៅយើងសង្ឃឹមថា នឹងទទួលបានជោគជ័យ»។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សភ្លើងទៀន គណបក្សកែទម្រង់កម្ពុជា និងគណបក្សឆន្ទៈខ្មែរ បានដាក់សំណើទៅ គជប កាលពីខែសីហា ឆ្នាំ ២០២២ ដើម្បី ឱ្យស្ថាប័ននេះ ធានាភាពមិនលម្អៀងរបស់មន្ត្រី គឃ/សប និង គធ/ខប ទៅរកគណបក្សនយោបាយ ជាពិសេសគណបក្សកាន់អំណាច និងជ្រើសរើសមន្ត្រីទាំងនេះមកពីប្រភពឯករាជ្យ មិនជាប់ពាក់ព័ន្ធនឹងគណបក្សនយោបាយ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១២ ខែកញ្ញាថា គជប នៅគ្រប់ជាន់ថ្នាក់កើតឡើងចេញពីច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គជប ដូច្នេះនៅក្រោយពេលដែលជាប់ឆ្នោតជា គជប គឺអត់សមាជិករបស់គណបក្សណាមួយនោះទេ គឺធ្វើការដោយឯករាជ្យ និងឥតលម្អៀង។
លោកបន្តថា ចំពោះការជ្រើសរើសមន្ត្រីបោះឆ្នោតនៅតាមរាជធានី-ខេត្ត គជប ប្រកាសជាសាធារណៈ គេរើសទៅតាមលក្ខណៈវិនិច្ឆ័យ និងការធ្វើតេស្ត ដែលកំណត់ដោយ គជប។ បន្ទាប់ពីជ្រើសរើសហើយគេបើកវគ្គបំប៉នទៀត ឱ្យយល់ដឹងពីគោលការណ៍ និងនីតិវិធីបោះឆ្នោត មុននឹងចុះទៅអនុវត្តផ្ទាល់។
លោកថ្លែងថា៖ «អ៊ីចឹងការចោទប្រកាន់វាមិនត្រូវ»៕