ភ្នំពេញៈ កម្ពុជានឹង​ប្រកាស​អនុវត្ត​គម្រោង​លើកកម្ពស់​គុណភាព និង​សមធម៌​សុខាភិបាល​ដំណាក់កាល​ទី២ ​ជា​ផ្លូវការ​នា​ដើមខែ​តុលា​ខាងមុខ ​បន្ទាប់ពី​មន្ត្រីជាន់ខ្ពស់​សុខាភិបាល​កម្ពុជា​ និង​តំណាង​ប្រចាំ​តំបន់​អាស៊ី​បូព៌ា​ និង​ប៉ាស៊ីហ្វិក ​ព្រមទាំង​ក្រុម​ការងារ​ធនាគារ​ពិភពលោក​ បាន​ជួប​ពិភាក្សាគ្នា​កាលពី​ថ្ងៃទី ១២ កញ្ញា។

ក្នុង​កិច្ចពិភាក្សា​នោះ​បានធ្វើ​ឡើង ​រវាង​លោកស្រី​យក់ សម្បត្តិ ​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល ​និង​ជា​នាយក​គម្រោង​ចំនួន ៤​ រួមមាន ​គម្រោង​លើកកម្ពស់​គុណភាព ​និង​សមធម៌​សុខាភិបាល ​(H-EQIP) ​ទាំង ២​ ដំណាក់កាល ​គម្រោង​ឆ្លើយ​តប​បន្ទាន់​ទៅនឹង​ជំងឺ​កូវីដ ១៩ ​(COVID-19 ERP) ​និង​គម្រោង​អាហារូបត្ថម្ភ​នៅ​កម្ពុជា​(CNP) ​ជាមួយ​លោកស្រី​ Aparnaa Somanathan ​ប្រធាន​ផ្នែក​សុខភាព ​អាហារូបត្ថម្ភ ​និង​ប្រជាជន​ប្រចាំ​តំបន់​អាស៊ី​បូព៌ា​ និង​ប៉ាស៊ីហ្វិក​ ព្រមទាំង​ក្រុមការងារ​ធនាគារ​ពិភពលោក។

ក្រសួង​សុខាភិបាល​បានឱ្យដឹងថា ​ការជួប​ពិភាក្សា​នេះ ​គឺ​ផ្តោតលើ​ការងារ​ស្តីពី​ Health Nutrition and Population portfolio ​និង​បច្ចុប្បន្នភាព ​នៃ​ការអនុវត្ត​គម្រោង​ចំនួន ៤​ គឺ​គម្រោង​លើកកម្ពស់​គុណភាព ​និង​សមធម៌​សុខាភិបាល​ដំណាក់កាល​ទី១ ​និង​គម្រោង​លើកកម្ពស់​គុណភាព ​និង​សមធម៌​សុខាភិបាល​ដំណាក់កាល​ទី២ ​គម្រោង​ឆ្លើយតប​បន្ទាន់​ទៅនឹង​ជំងឺ​កូវីដ ១៩ ​និង​គម្រោង​អាហារូបត្ថម្ភ​នៅ​កម្ពុជា។

ក្រសួង​អះអាងថា ​ក្នុងនោះ ​ភាគី​ទាំង ២​ ក៏បាន​ប្រកាស​បន្ត​ក្នុងការ​អនុវត្ត​គម្រោង​លើកកម្ពស់​គុណភាព ​និង​សមធម៌​សុខាភិបាល​ដំណាក់កាល​ទី២ នា​ដើមខែ​តុលា​ខាងមុខ​ផងដែរ។

ក្រសួង​បាន​បញ្ជាក់ថា​៖ «គម្រោង​ H-EQIP ​ដំណាក់កាល​ទី២នេះ ​បាន​និង​កំពុង​អនុវត្ត​ហើយ​ ព្រោះ​គម្រោង​ H-EQIP ដំណាក់កាល​ទី១ ​បានបញ្ចប់។ ប៉ុន្តែ​(ក្រសួង) ​នឹង​ប្រកាស​ជា​ផ្លូវការនៅ​ខែ ១០ ខាង​មុខ​នេះ»។

បើតាម​ក្រសួង​សុខាភិបាល ​គម្រោង​លើកកម្ពស់​គុណភាព ​និង​សមធម៌​សុខាភិបាល​នេះ ​គឺ​ដើម្បី​ធានា ​និង​បង្កើន​នូវ​ប្រសិទ្ធភាព​ គុណភាព ​និង​សុវតិ្ថភាព​ក្នុង​ការផ្តល់​សេវា​ជូន​ប្រជាជន​កម្ពុជា។ ក្រសួង​បន្តថា ​គម្រោង​ ១ ​នេះ ​គឺជា​គម្រោង ​១ ​ដែលមាន​ថវិកា​ចំនួន​ធំៗ​សម្រាប់​ដំណើរការ​អនុវត្ត គឺ​ទី១ ​កញ្ចប់​ថវិកា​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ទី២ ​កញ្ចប់​ថវិកា​ជំនួយ ​និង​ទី៣​ កញ្ចប់​ថវិកា​ដែលជា​គម្រោង​ឥណទាន​សម្បទាន​(កម្ចី)។

ក្នុង​ឱកាស​ជួបពិភាក្សា​នោះ ​លោកស្រី ​យក់ ​សម្បតិ្ត ​តំណាងឱ្យ​រដ្ឋមន្រី្ត​ក្រសួង​សុខាភិបាល ​ប្រកាស​សាទរ​ចំពោះ​លោក​ស្រី​ប្រធាន​ផ្នែក​សុខភាព ​អាហារូបត្ថម្ភ ​និង​ប្រជាជន ​ប្រចាំ​តំបន់​អាស៊ី​បូព៌ា ​និង​ប៉ាស៊ីហ្វិក ​ជាពិសេស​ធនាគារ​ពិភព​លោក ​ដែល​បាន​សម្របសម្រួល​ជាមួយ​ដៃគូ ​ក្នុងការ​អនុវត្តគ​ម្រោង​លើកកម្ពស់​គុណភាព ​និង​សមធម៌​សុខាភិបាល​នៅ​កម្ពុជា។

លោកស្រី​បញ្ជាក់ថា ​ការអនុវត្ត​គម្រោង​នេះ​ក្នុង​ដំណាក់កាល​ទី១ ​គឺ​ទទួលបាន​ការរីកចម្រើន ​និង​វឌ្ឍនភាព ​ហើយ​លោកស្រី ​អះអាងថា ​កម្ពុជា​នឹង​ខិតខំ​បន្ត​អនុវត្តសហការ​ជាមួយគ្នា​បន្ត​ទៀត។

លោកស្រី​ Aparnaa Somanathan ​បាន​ថ្លែង​កោតសរសើរ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​សុខាភិបាល ​ក្រុមការងារ​បច្ចេក​ទេស ​និង​អ្នក​អនុវត្តន៍​គម្រោង​ទាំងអស់ ​បន្ទាប់ពី​បាន​សហការ​យ៉ាង​ល្អ​ជាមួយនឹង​ដៃគូ​អភិវឌ្ឍន៍​នានា ​ជាមួយ​ធនាគារ​ពិភពលោក ​ក្នុង​កិច្ចសហ​ប្រតិបតិ្តការ​គ្នា​ក្នុងការ​អនុវត្ត​គម្រោង​ទាំង​៤នេះ។

តាម​ការប្រកាស​របស់​ក្រសួង​សុខាភិបាល ​នាពេល​កន្លងទៅ ​គម្រោង​លើកកម្ពស់​គុណភាព ​និង​សមធម៌​សុខាភិបាល​ ដំណាក់​កាលទី២ ​នឹង​មាន​រយៈពេល​ ៥ ឆ្នាំ ​ដែល​មាន​សុពលភាព​អនុវត្ត​ចាប់ពី​ថ្ងៃទី ៧ ​ខែ កក្កដា ​ឆ្នាំ ២០២២ ​តទៅ។

គម្រោង​នេះ ​នឹង​ចូលរួម​ផ្តល់​សេវា​ពិនិត្យ​រក ​និង​ព្យាបាល​ជំងឺ​មិន​ឆ្លង​ក្នុង​វិសាលភាព​ទូទាំង​ប្រទេស ​ជាពិសេស​នោះ ​គឺ​ផ្តោត​សំខាន់​លើ​សេវា​ពិនិត្យរក ​និង​ព្យាបាល​ការរលាក ​មុន​ដំណាក់កាល​មហារីក​មាត់​ស្បូន ​ខណៈ​គម្រោងថ្មី ​នឹង​ត្រូវ​ពង្រីក​បន្ថែម​ចំនួន ​៥០០ មណ្ឌល​សុខភាព ​និង​ ៦០​ មន្ទីរពេទ្យ​បង្អែក​ទូទាំ​ប្រទេស៕