
នគរបាលកំពុងសម្រួលចរាចរណ៍នៅមុខវត្តលង្កានៅថ្ងៃទី ១២ កញ្ញា។ ហេង ជីវ័ន
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន បានណែនាំដល់អាជ្ញាធរ និងកងកម្លាំងនគរបាលទាំងអស់ឱ្យបង្កើនកិច្ចប្រតិបត្តិការល្អ ដើម្បីបម្រើពលរដ្ឋ និងផ្តោតសំខាន់លើការជួយសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍តាមដងផ្លូវ និងគោលដៅនានា ក្នុងរដូវបុណ្យភ្ជុំនេះដោយប្រើពាក្យសម្ដី និងកាយវិការឱ្យបានសមរម្យត្រឹមត្រូវ។
ក្នុងថ្ងៃទី ២ នៃពិធីកាន់បិណ្ឌ លោក ហ៊ុន សែន បានក្រើនរំឭកបន្ថែមទៀតដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈរបៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋ និងទេសចរក្នុងអំឡុងពេលបុណ្យភ្ជុំនេះ។
លោកនាយករដ្ឋមន្ត្រីបានបង្ហោះនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី ១២ កញ្ញាថា៖ «នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា»។
តាមរយៈសារសំឡេងផ្ញើជូននាយកដ្ឋាននគរបាលចរាចរណ៍ អង្គភាពក្រោមឱវាទអគ្គស្នងការនគរបាលជាតិ និងស្នងការរាជធានីខេត្ត នៅថ្ងៃទី ១១ ខែកញ្ញា លោក នេត សាវឿន បានបញ្ជាក់ថា នៅពេលរដូវភ្ជុំឆ្នាំ ២០២២ នេះ ប្រជាពលរដ្ឋទាំងអស់នឹងប្រមូលផ្ដុំធ្វើដំណើរតាមដងផ្លូវ ដើម្បីទៅស្រុកកំណើត និងទៅវត្តធ្វើបុណ្យទាន ដែលការធ្វើដំណើរនេះនឹងធ្វើឱ្យមានបញ្ហាការកកស្ទះចរាចរណ៍។
លោកថ្លែងថា៖ «ដូចច្នេះសូមឱ្យកម្លាំងយើងបង្កើនកិច្ចប្រតិបត្តិការល្អ ដើម្បីបម្រើប្រជាពលរដ្ឋនៅរដូវភ្ជុំបិណ្ឌនេះ។ សូមកែសម្រួលឥរិយាបថ ពាក្យសម្ដី អាកប្បកិរិយាឱ្យបានសមរម្យត្រឹមត្រូវ គោលការណ៍សំខាន់របស់យើងគឺសម្រួលចរាចរណ៍សម្រួលសន្ដិសុខសណ្ដាប់ធ្នាប់ ជូនអ្នកធ្វើដំណើរទាំងអស់តាមដងផ្លូវ ឬតាមគោលដៅនានា»។
លោក គឹម បញ្ញា នាយកប្រតិបត្តិអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) ថ្លែងនៅថ្ងៃទី ១២ ខែកញ្ញាថា លោកគាំទ្រចំពោះការណែនាំរបស់លោកអគ្គស្នងការនគរបាលជាតិ ខណៈក្នុងរដូវបុណ្យភ្ជុំតែងតែមានការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍កើតឡើង។
ដើម្បីដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍ នៅកន្លែងដែលធ្លាប់មានការកកស្ទះក្នុងឆ្នាំមុនៗអាជ្ញាធរពាក់ព័ន្ធគួរតែដាក់វិធានការ ២ បន្ថែមទៀត។ ទី១ គួរមានក្រុមល្បាតចល័តចាំជួយអន្តរាគមន៍សម្រួលចរាចរណ៍លើដងផ្លូវ និងទី២ ប្រើប្រាស់កាមេរ៉ាជាជំនួយក្នុងការសម្រួលចរាចរណ៍ ព្រោះព័ត៌មានតាមរយៈកាមេរ៉ានឹងផ្តល់ដំណឹងទាន់ពេលទៅក្រុមល្បាត ឬអាជ្ញាធរនៅក្បែរនោះអាចទៅសម្រួលចរាចរណ៍បានទាន់ពេល។
លោកប្រាប់ថា លោកនៅតែទទូចឱ្យស្ថាប័នរាជរដ្ឋាភិបាល ជាពិសេសអគ្គស្នងការនគរបាលជាតិ និងអាជ្ញាធរពាក់ព័ន្ធបន្តដាក់ការអនុវត្តច្បាប់ជាអាទិភាព ព្រោះតាមការសង្កេតឃើញជាក់ស្តែងនៅពេលរដូវបុណ្យទានម្តងៗឥរិយាបថរបស់ប្រជាពលរដ្ឋមួយចំនួន បានភ្លេចគោរពច្បាប់ និងវិធានសុវត្ថិភាព ដោយពួកគាត់ប្រឹងតែធ្វើយ៉ាងណាឱ្យឆាប់ដល់គោលដៅ។ «ទាំងការប្រើប្រាស់ល្បឿន ទាំងការពិសាគ្រឿងស្រវឹងហើយបើកបរ ការវ៉ាជែង ការគោរពសិទ្ធិអាទិភាពការគោរពទិសចរាចរណ៍អី ពួកគាត់លែងមានហើយ គឺគាត់លេងមួយឈ្នះដៃ រួមតាំងការមិនពាក់មួកសុវត្ថិភាពទៀតផង។ អ៊ីចឹងសំណូមពរឱ្យដាក់ការអនុវត្តច្បាប់ជាអាទិភាព»។
លោកបានស្នើឱ្យមន្ត្រីនគរបាលចរាចរណ៍ផ្សព្វផ្សាយបន្ថែមទៀត ឱ្យបានទូលំទូលាយអំពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ តាមរយៈវិទ្យុ ទូរទស្សន៍ ខិត្តប័ណ្ណ និងបណ្តាញសង្គមផ្សេងៗ។ ជាមួយគ្នានេះ លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូបចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នាផងដែរ។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិធ្លាប់បានគូសបញ្ជាក់ថា ការងារអប់រំផ្សព្វផ្សាយត្រូវបានបន្តធ្វើជាបន្តបន្ទាប់រហូត គ្រប់រូបភាពមានតាំងពីចុះផ្ទាល់ដល់មូលដ្ឋាន ដាក់បដាពាក្យស្លោក ពាក្យអប់រំ ខិត្តប័ណ្ណ ការផ្សាយតាមបណ្តាញសង្គម វិទ្យុ ទូរទស្សន៍ផងដែរ។ ជាមួយគ្នានោះ ការអនុវត្តច្បាប់ក៏នៅតែបន្តរហូតផងដែរ មិនដោយសារតែរដូវបុណ្យភ្ជុំ ឬចូលឆ្នាំប្រពៃណីជាតិ ហើយផ្អាកការអនុវត្តច្បាប់នោះទេ៕