ភ្នំពេញៈ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ណែនាំ​ឱ្យ​សាលា​រាជធានី​ភ្នំពេញ​ ពិនិត្យ​លទ្ធភាព​បញ្ចេញ​រថយន្ត​ក្រុង​ដឹក​ពលរដ្ឋ​ដោយ​ឥត​គិត​ថ្លៃ​ ដើម្បី​បង្ការ​ការ​ឡើង​ថ្លៃ​សេវា​រថយន្ត​ឈ្នួល​ក្នុង​ឱកាស​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ​ហើយ​លោក​ក៏​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន និង​ការពារ​ខ្លួន​ពី​ជំងឺ​កូវីដ ១៩ ក្នុង​ពេល​ជួបជុំ​គ្នា​ផង​ដែរ។

លោក​ ហ៊ុន សែន បាន​ថ្លែង​នៅ​ក្នុង​សារ​សំឡេង​ពិសេស​នៅ​ថ្ងៃ​ទី ១២ ​កញ្ញា យ៉ាង​ដូច្នេះ​ថា៖ «សូម​ឱ្យ​សាលា​រាជធានី​ភ្នំពេញ​ពិនិត្យ​លទ្ធភាព​ក្នុង​ការផ្តល់​មធ្យោ​បាយ​ដឹក​ជញ្ជូន​នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ​ដោយ​បញ្ចេញ​រថយន្ត​ទៅ​តាម​បណ្តា​ខេត្ត ​ដូច​ដែល​យើង​បាន​ធ្វើ​នៅ​មុន​កូវីដ ១៩ បាន​មក​ដល់ ដើម្បី​កាត់បន្ថយ​នូវ​ការ​ដំឡើង​ថ្លៃ​របស់​រថយន្ត​ឈ្នួល​ទាំង​ឡាយ​»។

លោក​បាន​បន្ត​ថា សាលា​រាជធានី​ភ្នំពេញ​មាន​លទ្ធភាព​នឹង​ធ្វើ​បែប​នោះ ដើម្បី​ជួយ​កម្មករ​កម្ម​ការិនី ជួយ​ដល់​ប្រជា​ពលរដ្ឋ ដែល​ចង់​ធ្វើ​ដំណើរ​ទៅ​តាម​មូលដ្ឋាន​នានា ដើម្បី​ឱ្យ​ពួក​គាត់ អាច​មាន​លទ្ធភាព​ធ្វើ​ដំណើរ និង​ចៀសវាង​បាន​នូវ​ការ​ដំឡើង​ថ្លៃ​នៃ​ការ​ធ្វើ​ដំណើរ​របស់​ម្ចាស់​រថយន្ត​ឈ្នួល ឬ​តាក់ស៊ី​។

ក្រៅ​ពី​ដាក់​ចេញ​វិធានការ​ទប់ស្កាត់​ក្នុង​ការ​ឡើង​ថ្លៃ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ក៏​បាន​អំពាវនាវ​ដោយ​ផ្ទាល់​ទៅ​កាន់​ម្ចាស់​ឡាន​ឈ្នួល​ទាំង​ឡាយ​កុំឱ្យ​ដំឡើង​ថ្លៃ​នៅក្នុង​រយៈពេល​បុណ្យ​ភ្ជុំបិណ្ឌ​ ដើម្បី​ឱ្យ​ប្រជាជន​មាន​លទ្ធភាព​ក្នុង​ការ​ធ្វើ​ដំណើរ​ ហើយ​លោក​ក៏​បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ពិនិត្យ​ការពារ​សន្តិសុខ​ឱ្យ​បាន​ល្អ​បំផុត​សម្រាប់​ប្រជាពលរដ្ឋ​នៅ​តាម​ទី​អារាម​នានា​ក៏​ដូចជា​ កន្លែង​កម្សាន្ត​នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ផង​ដែរ​។

លោក​ ហ៊ុន សែន បាន​បញ្ជាក់​ថា៖ «បើ​ទោះ​បី​ថា​ជំងឺ​ឆ្លង​នេះ ស្ថិត​នៅ​ហានិភ័យ​ទាប​ក៏ដោយ​ចុះ ខ្ញុំ​នៅតែ​បន្ត​អំពាវនាវ​ទៅ​ដល់​ព្រះតេជ​ព្រះគុណ​គ្រប់​ព្រះអង្គ​នៅ​តាម​ទី​អារាម​នានា ពិសេស​ព្រះចៅ​អធិការ​វត្ត ក៏​ដូចជា​ប្រជាពលរដ្ឋ​ដែល​ទៅ​ធ្វើ​បុណ្យ​ទាន​ត្រូវ​បន្ត​រក្សា​វិធានការ​សុខាភិបាល ហើយ​យក​ចិត្ត​ទុក​ដាក់ ទៅលើ​ការ​ការពារ​កុំឱ្យ​មាន​ការ​រីករាល​ឆ្លង​ទៅ​តាម​ទីអារាម និង​ពី​ទី​វត្ត​អារាម​មក​កាន់​លំនៅ​ឋាន​វិញ»។

លោក​បាន​បញ្ជាក់​ថា​៖ «ចំណុច​នេះ​គឺ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ទាំងអស់​គ្នា​ទាំង​ព្រះសង្ឃ និង​គ្រហស្ថ ទាំង​គ្រប់​មជ្ឈដ្ឋាន ដែល​បាន​ពាក់ព័ន្ធ​ជាមួយ​ដំណើរ​សង្គម​សេដ្ឋកិច្ច​ និង​ដំណើរការ​ជា​ធម្មតា​របស់​ប្រជាពលរដ្ឋ​។ ខ្ញុំ​សង្ឃឹម​ថា ​ប្រជាពលរដ្ឋ​របស់​យើង​នឹង​យោគយល់​ចេះ​ការពារ​ខ្លួន​ និង​តាម​ទី​អារាម​នានា​រៀបចំ​ឱ្យ​បាន​ល្អ​ជាមួយ​នឹង​ការយក​ចិត្ត​ទុក​ដាក់​របស់​អាជ្ញាធរ​ដែល​ត្រូវ​ពិនិត្យ​មើល​ជា​ប្រចាំ និង​ជាពិសេស​»។

បើ​តាម​ប្រសាសន៍​លោក​នាយក​រដ្ឋមន្ត្រី កម្ពុជា​ពុំ​មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ ១៩ ចាប់​តាំងពី​ខែ​មេសា រហូត​មក​ទល់​បច្ចុប្បន្ន ហើយ​រយៈពេល​ ៥២ ​ថ្ងៃ កម្ពុជា​គ្មាន​តួលេខ​អ្នក​ឆ្លង​ជំងឺ​នោះ​ទេ ​បើទោះ​ជា​បច្ចុប្បន្ន កម្ពុជា​មាន​ការ​ឆ្លង​ឡើង​វិញ ប៉ុន្តែ​ស្ថិត​នៅក្នុង​កម្រិត​តិចតួច និង​ស្រាល​។

លោក ម៉េត មាសភក្តី អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃ​ទី ១២ កញ្ញា​ថា សាលា​រាជធានី​ភ្នំពេញ កំពុង​រៀបចំ​រថយន្ត​តាម​ការណែនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី​។ លោក​បាន​បន្ត​ថា ក្រុម​ការងារ​កំពុង​បែង​ចែក​គន្លង​ផ្លូវ​ទៅ​បណ្ដា​ខេត្ត​នានា​ដើម្បី​ឱ្យ​មាន​ភាព​ងាយ​ស្រួល និង​សុវត្ថិភាព​។

លោក​ ឃួង​ ស្រេង អភិបាល​រាជធានី​ភ្នំពេញ ​បាន​ជូន​ដំណឹង​ពី​ការ​ត្រៀម​រថយន្ត​ក្រុង​ចំនួន​ ១៧៥ ​គ្រឿង​ សម្រាប់​ដឹក​ពលរដ្ឋ​ទៅ​ស្រុក​កំណើត​ដោយ​គិត​ថ្លៃ​ចាប់ពី​ថ្ងៃ​ទី​ ២៣-២៧ ​ខែ​កញ្ញា​នា​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​ខាង​មុខ​។

លោក​បាន​ឱ្យ​ដឹង​ថា៖ «រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ត្រៀម​រថយន្ត​ក្រុង​ចំនួន​ ១៧៥ ​គ្រឿង​សម្រាប់​ដឹក​ប្រជាពលរដ្ឋ​ទៅ​ស្រុក​កំណើត​នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​រយៈ​ពេល​ ៥ ថ្ងៃ​ ដែល​ក្នុង​នោះ​មាន​នៅ​រាជធានី​ភ្នំពេញ​ចំនួន​ ៥៥ ​គ្រឿង និង​អ្នក​ដែល​នឹង​ធ្វើ​ដំណើរ​ទៅ​ និង​មក​តាម​បណ្តា​ខេត្ត​មាន​ចំនួន ១២០ គ្រឿង​។ រថយន្ត​ទាំងនោះ​នឹង​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​ ១ ដល់​ផ្លូវ​ជាតិ​លេខ​ ៧ »​។

លោក ថែម សារី កម្មករ​រោងចក្រ​ម្នាក់​ក្នុង​រាជធានី​ភ្នំពេញ​ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ឆ្នាំង​បាន​ថ្លែង​ថា វិធានការ​របស់​លោក​នាយក​រដ្ឋមន្ត្រី គឺជា​វិធីសាស្ត្រ​មួយ​ដែល​ជួយ​ដល់​ពលរដ្ឋ​ទូទៅ មិនថា​តែ​កម្មករ​ប៉ុណ្ណោះ​ទេ​ដែល​អាច​សន្សំ​លុយ​ពី​ការ​ធ្វើ​ដំណើរ​ទាំង​នេះ​សម្រាប់​ចាយ​នៅ​ស្រុក​កំណើត​ តែ​រថយន្ត​ឈ្នួល​អាច​នឹង​មិន​ហ៊ាន​ដំឡើង​ថ្លៃ​ខ្ពស់​ព្រោះ​ពលរដ្ឋ​មាន​ជម្រើស​។

លោក​បាន​បញ្ជាក់​ថា៖ «សម្រាប់​ខ្ញុំ​យល់​ឃើញ​ថា​ ល្អ ព្រោះ​ដោយសារ​អី​ ក្រុម​កម្មករ​កម្មការិនី បាន​ឡាន​អ៊ី​ចឹង​ជិះ អត់​មាន​អស់​លុយ។សម្រាប់​ពួកគាត់​ខ្លះ មិន​មាន​ឡាន មិន​មាន​ម៉ូតូ​ជិះ​ទៅ​ស្រុក អ៊ីចឹង​មាន​ឡាន​ជិះ​ទៅ​ស្រុក​អត់​អស់​លុយ​អី​អ៊ីចឹង គឺ​ស្រួល​ធ្វើ​ដំណើរ​»៕