The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - លោក ហ៊ុន សែន អំពាវនាវ​ដល់​បណ្តា​ប្រទេស​អាស៊ាន បញ្ចៀស​ឱ្យ​បាន​នូវ​សង្គ្រាម ដែល​បង្ក​ឱ្យ​វិនាស និង​បាត់បង់​ជីវិត​មនុស្ស

លោក ហ៊ុន សែន អំពាវនាវ​ដល់​បណ្តា​ប្រទេស​អាស៊ាន បញ្ចៀស​ឱ្យ​បាន​នូវ​សង្គ្រាម ដែល​បង្ក​ឱ្យ​វិនាស និង​បាត់បង់​ជីវិត​មនុស្ស

Content image - Phnom Penh Post
លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចូលរួម​ក្នុង​ពិធី​ភាព​ជា​អ្នក​ដឹកនាំ និង​ភាព​ជា​ដៃគូ​អាស៊ាន ឆ្នាំ ២០២២ នាថ្ងៃទី១២ កញ្ញា​​។ រូបថត SPM

លោក ហ៊ុន សែន អំពាវនាវ​ដល់​បណ្តា​ប្រទេស​អាស៊ាន បញ្ចៀស​ឱ្យ​បាន​នូវ​សង្គ្រាម ដែល​បង្ក​ឱ្យ​វិនាស និង​បាត់បង់​ជីវិត​មនុស្ស

ភ្នំពេញៈ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ អំពាវនាវ​ដល់​បណ្តា​ប្រទេស​អាស៊ាន ​បញ្ចៀស​ឱ្យបាន​នូវ​សង្គ្រាម ​ដែល​គ្មាន​អ្នក​ឈ្នះ​ អ្នក​ចាញ់ ​ដោយ​លោក​បញ្ជាក់​ថា ​សង្គ្រាម​មាន​តែ​នាំឱ្យ​វិនាស​ហិនហោច ​និង​ការបាត់បង់​អាយុ​ជីវិត​របស់​ប្រជាជន​។

ការអំពាវនាវ​នេះ​ធ្វើឡើង​ក្នុង​ពិធី​បើក​វេទិកា​ភាពជា​អ្នក​ដឹកនាំ ​និង​ភាពជា​ដៃគូ​អាស៊ាន​ ឆ្នាំ​ ២០២២ ​ក្រោម​ប្រធានបទ «​ភាពជា​ដៃគូ​សម្រាប់​អាស៊ាន​ដែល​មាន​ភាព​ស្អិតល្មួត និង​ឆ្លើយតប​រហ័ស​» នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​១២ ខែកញ្ញា​។

លោក ហ៊ុន សែន ថ្លែង​ថា​៖​«ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​មិន​អាច​សម្រេច​បាន​ឡើយ ​ដរាបណា​មិនមាន​ស្ថិរភាព ​និង​សុខសន្តិភាព​ពេញលេញ​។ ក្នុង​ន័យ​នេះ ​អាស៊ាន​ត្រូវ​បញ្ចៀស​ឱ្យ​បាន​នូវ​ភ្លើង​សង្គ្រាម ដែល​គ្មាន​អ្នក​ឈ្នះ​ និង​អ្នក​ចាញ់​»។

លោក​បាន​ថ្លែង​ថា ​រយៈពេល​ ៥៥ ​ឆ្នាំ​កន្លង​មក​នេះ ​អាស៊ាន​បាន​ក្លាយជា​សហគមន៍​មួយ​ដែល​ពោរពេញ​ដោយ​សន្តិភាព​ សន្តិសុខ​ ស្ថិរភាព​ជីវភាព ​និង​វិបុលភាព​។ ស្រប​ពេល​ដែល​អាស៊ាន​បាន និង​កំពុង​ងើប​ចេញពី​វិបត្តិ​នៃ​ជំងឺ​កូវីដ ១៩ ​ឆ្ពោះ​ទៅរក​កំណើន​សេដ្ឋកិច្ច​ឡើងវិញ។ ​ស្ថានភាព​សង្គម​សេដ្ឋកិច្ច ​បច្ចុប្បន្ន​ នៅក្នុង​តំបន់​អាស៊ាន ​ក៏ដូចជា​សកលលោក​ទាំង​មូល ​នៅតែ​មាន​ភាព​ផុយស្រួយ​ និង​ងាយ​បែក​ខ្ញែក។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ក៏​បាន​លើក​ពី​ករណី​ជាក់ស្តែង​ គឺ​ការបន្ត​អូសបន្លាយ​ នៃ​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន ​ដែល​បាន​បន្ទច់​បង្អាក់​ការស្តារ​សង្គម​សេដ្ឋកិច្ច​ឡើងវិញ​។ មួយវិញ​ទៀត ​ភាព​តាន​តឹង ​នៃ​ការប្រកួត​ប្រជែង​ផ្នែក​ភូមិ​សាស្ត្រ​នយោបាយ​ក្នុង​តំបន់​យុទ្ធសាស្ត្រ​មួយ​ចំនួន ​រួមទាំង​ក្នុង​ទ្វីប​អាស៊ី​ផងដែរ​នោះ​ ក៏​នឹង​បន្ត​ចោទ​ជា​បញ្ហា ​និង​ហានិភ័យ​ដល់​ស្ថិរភាព​ និង​វិបុលភាព​ ក្នុង​តំបន់ ​និង​សកល​។

លោក​រំឭក​ដែរ​ថា ​កម្ពុជា ​ជា​ប្រទេស ​ដែល​ធ្លាប់​បាន​ឆ្លងកាត់​ប្រវត្តិ​ជូរចត់​ជាច្រើន ​ដោយសារ​សង្គ្រាម​។ ការដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ​និង​ដោយ​ការយោគយល់​គ្នា​ទៅ​វិញ​ទៅ​មក ​និង​ការកំណត់​សុខុមាលភាព​ប្រជាជន​ដែល​ជា​អាទិភាព ​​ចម្បង​បំផុត​ គឺជា ​នយោបាយ​ឈ្នះ​ ឈ្នះ ​នាំ​ទៅរក​សុខ​សន្តិភាព ​និង​វិបុលភាព​យ៉ាងពិត​ប្រាកដ​។

ខណៈ​ការប្រកួត​ប្រជែង​ភូមិសាស្ត្រ​នយោបាយ​កំពុង​តែមាន​ភាព​ក្តៅគគុក ​លោក​នាយក​រដ្ឋមន្ត្រី​អំពាវនាវ​អាស៊ាន​ត្រូវ​ធ្វើ​ខ្លួន​ជា​តំបន់​គំរូ ​និង​ត្រូវ​រួមគ្នា​ធានា​ឱ្យបាន​សន្តិភាព ​ស្ថិរភាព ​និង​វិបុលភាព​ក្នុង​តំបន់​។ លោក​ជំរុញ​ដល់​អាស៊ាន​ធ្វើការ​ពង្រឹង​ឯកភាព ​និង​មជ្ឈភាព​អាស៊ាន ​ដោយ​ប្រកាន់​ខ្ជាប់​ជានិច្ច​នូវ​ភាព​ជា​ដៃគូ ​និង​យន្តការ​ពហុភាគី​និយម​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​។

លោក ហ៊ុន សែន ថ្លែង​ថា​៖«​អាស៊ាន​ក៏ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ភាពជា​កណ្តាល ​ និង​ដើរ​តួនាទី​ជា​វេទិកា​រួម​មួយ​សម្រាប់​ការសន្ទនា ​និង​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​នឹង​ការពង្រឹង​និម្មាបនកម្ម​តំបន់ ​ដែលមាន​លក្ខណៈ​បើកចំហ​ តម្លាភាព ​បរិយាប័ន្ន ​និង​យក​ច្បាប់​ជា​គោល»។

លោក​នាយក​រដ្ឋមន្ត្រី ​លើក​ឡើង​ថា ​កម្ពុជា​ចង់​ឃើញ​តំបន់​អាស៊ាន ​ក៏​ដូចជា​សកលលោក ​មាន​សន្តិភាព ​ស្ថិរភាព ​និង​ ​វិបុលភាព ​តាមរយៈ​ការគោរព​អធិបតេយ្យ​ភាព​នៃ​ប្រទេស​នីមួយៗ ​ការ​អនុវត្ត តាម​ច្បាប់​អន្តរជាតិ ​និង​ការ​ប្រកាន់​ខ្ជាប់​ជានិច្ច​នូវ​យន្តការ​ពហុ​ភាគី​និយម ​ការចូលរួម​សន្ទនា​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ​និង​ការរួម​គ្នា​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ប្រឈម​ដោយ​សន្តិវិធី ​ដោយ​បើក​ចំហ​យោគយល់ ​អត់ធ្មត់​ឱ្យ​គ្នា​ទៅវិញ​ទៅ​មក​។

លោក តាន់ ​ស្រ៊ី មីឆែល យ៉េវ ​(Tan Sri Michael Yeoh) ​ប្រធាន​វិទ្យាស្ថាន​យុទ្ធសាស្ត្រ ​KSI ​ដើម្បី​អាស៊ី​ប៉ាស៊ីហ្វិក ​(KSI Strategic Institute for Asia Pacific) ​នៃ​ប្រទេស​ម៉ាឡេស៊ី ​ថ្លែង​ក្នុង​ពិធី​នេះ​ថា​ អាស៊ាន​ត្រូវតែ​ផ្តល់​អាទិភាព​ទៅលើ​សហគមន៍​ ការត​ភ្ជាប់​មជ្ឈភាព ​និង​ធម្មនុញ្ញភាព ​ដែល​ទាំងអស់​នេះ​គឺជា​ចំណុច​គន្លឹះ​ដ៏​សំខាន់​សម្រាប់​តំបន់​អាស៊ាន​ ដើម្បី​សម្រេចបាន​នូវ​សន្តិភាព ​និង​វិបុលភាព​។ អាស៊ាន​បាន​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុងការ​លើក​កម្ពស់​នូវ​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ ​បន្ទាប់ពី​ការឆ្លង​រាលដាល​នៃជំងឺ​កូវីដ ១៩​។

លោក​យ៉េវ​ ដែលជា​ស្ថាបនិក ​និង​ជាប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​វេទិកា​ភាពជា​អ្នក​ដឹកនាំ ​និង​ភាពជា​សហភាព​ដៃគូ​អាស៊ាន​ផងដែរ​នោះ ​បាន​ថ្លែង​តាមរយៈ​អ្នក​បកប្រែ​ថា​៖​«ក្នុង​ដំណើរ​ឆ្ពោះ​ទៅមុខ ​អាស៊ាន​ត្រូវតែ​បន្ត​សម្រេច​បាន​នូវ​ចំណុច​មជ្ឈភាព​ នៃ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ចំណុច​ T ​ទាំង ៣ ​បច្ចេកវិទ្យា ​ភាព​ជឿជាក់ ​ហើយ​និង​សមត្ថភាព»​។

លោក​ គិន ភា ​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា ​ថ្លែង​ថា ​ការបង្ការ​សង្គ្រាម ​ហើយ​រក្សា​សន្តិភាព ​គឺជា​សារៈសំខាន់​ សម្រាប់​បណ្តា​រដ្ឋាភិបាល ​ក៏​ដូចជា​តំបន់ ​និង​ពិភពលោក​ទាំង​មូល។ ការរក្សា​សុខ​សន្តិភាព​បាន​ ទើប​អាច​ជំរុញ​ដល់​ការ​អភិវឌ្ឍ ​ការគោរព​សិទ្ធិមនុស្ស ​និង​ជំរុញ​ដល់​ការបណ្ដុះ​បណ្ដាល​ធនធាន​​មនុស្ស​។

លោក​បញ្ជាក់​ថា​៖ «ប្រសិនជា​អត់​មាន​សន្តិភាព ​អត់​មាន​ស្ថិរភាព​នយោបាយ​ទេ ​គឺ​យើង​មិន​អាច​និយាយ​ពី​ការអភិវឌ្ឍ ​យើង​អត់​អាច​និយាយ​ពី​សិទ្ធិ​មនុស្ស​ប្រជាធិបតេយ្យ ​នីតិរដ្ឋ​អី​បាន​ទេ។ អ៊ីចឹង​ហើយ​បាន​ជា​ថា ​ការរក្សា​សន្តិភាព​ គឺជា​សកម្មភាព​ដ៏​មាន​សារៈសំខាន់ ​ជាជាង​នៅពេល​ដែល​សង្គ្រាម​ផ្ទុះ​ហើយ ​យើង​នាំគ្នា​ទៅ​ពន្លត់​សង្គ្រាម​ វា​អត់​ងាយ​ស្រួល​ទេ»៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍