ភ្នំពេញៈ ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ ២ នាក់ ​ដែលជា​ភរិយា​សកម្ម​ជន​ជាប់ឃុំ​នៅ​ក្នុង​ពន្ធនា​គារ​ត្រពាំង​ផ្លុ​ង​បាន​សម្រេច​កោរ​សក់​ភ្លាមៗ​នៅ​ថ្ងៃទី​ ១៣​ ខែកញ្ញា ​ដើម្បី​ប្រឆាំង​នឹង​សេចក្ដី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ​ដែល​បាន​តម្កល់​សាល​ក្រម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ទុកជា​បាន​ការ​ ហើយ​បន្ត​ឃុំខ្លួន​ប្ដី​របស់​ពួក​គេ​និង​សកម្ម​ជន​បក្សប្រ​ឆាំង​សរុប​ ១៣ ​នាក់​ ឱ្យ​ជាប់​ពន្ធ​នា​គារ​ ៣ ​ឆ្នាំ​ ៨ ​ខែ​។

​ថ្លែង​ពី​ព្រះអង្គ​ដង​កើ ​ជាទី​ដែល​អ្នក​ស្រី អ៊ុក ច​ន្ធី និង​អ្នក​ស្រី ពៅ សារ៉ន លះ​បង់​សក់​ ស្ត្រី​ទាំង​ ២ បាន​អុជ​ធូប​បួង​សួង​សុំ​ឱ្យ​​ក្រសួង​មហាផ្ទៃ​បញ្ជូន​ប្ដី​និង​អ្នក​ជាប់​ឃុំ​ឯទៀត​សរុប​ ១៣​ នាក់​ មក​ឃុំខ្លួន​នៅ​ពន្ធនា​គារ​ព្រៃ​ស​រាជ​ធានី​ភ្នំពេញ​វិញ ​ដើម្បី​នៅ​ជិត​ងាយ​ស្រួលចុះ​ទៅ​ជួប​សុខ​ទុក្ខ​ និង​មិន​ចំណាយ​សោ​ហ៊ុយ​ធ្វើ​ដំណើរ​ឡើង​ចុះ​ច្រើន​។

​អ្នក​ស្រី ​អ៊ុក ចន្ធី ​និយាយ​ថា​៖ «​មានតែ​ព្រះអង្គ​ទេ​ ដែល​អាច​ជួយ​កូនចៅ​បាន ​ហើយ​កូន​ចៅ​សុំ​កោរ​សក់​ថ្វាយ​ព្រះអង្គ​ ដើម្បី​ទាម​ទារ​សិទ្ធិ​សេរី​ភាព​ដល់​ក្រុម​គ្រួសារ​ពួក​ខ្ញុំ​ត្រឡប់​មក​វិញ​ ព្រោះ​ប្ដី​របស់​ខ្ញុំ​បាន​ជាប់​គុក​ដោយ​អយុត្តិ​ធម៌​ជាង​២ឆ្នាំ​មក​ហើយ​​»។

​អ្នក​ស្រី អ៊ុក ច​ន្ធី បាន​លើក​ឡើង​ទៀត​ថា​ ប្ដី​របស់​អ្នក​ស្រី​ និង​អ្នក​ឃុំខ្លួន​ឯទៀត​ត្រូវ​រង​ការ​វាយ​ធ្វើ​បាប​នៅក្នុង​ពន្ធនា​គារ​ត្រពាំង​ផ្លុ​ង​ទើប​ជា​ហេតុ​មិន​អាច​ឡើង​មក​ស្ដាប់​សាល​ក្រម​របស់​សាលា​ឧទ្ធរណ៍ នៅ​ថ្ងៃទី​ ១៣ ​កញ្ញា​ ​បាន​។

​អ្នក​ស្រី​បន្ថែម​ថា​៖ «​ខ្ញុំ​ទទួល​យក​អត់​បាន​ទេ តាំងពី​តុលា​ការ​ជាន់​ទាប​រហូត​ដល់​តុលា​ការ​ជាន់​ខ្ពស់​មិន​ឯក​រាជ្យ​ទេ​។ បើ​គាត់​ឯករាជ្យ​គាត់​ទម្លាក់​ចោល​សេចក្ដី​សម្រេច​របស់​តុលា​ការ​សាលា​ដំបូង​ដោះ​លែង​ប្ដី​ពួក​ខ្ញុំ​ទៅ​»​។ បើ​តាម​អ្នក​ស្រី ​អ៊ុក ច​ន្ធី សវនា​ការ​នៅ​ព្រឹក​ថ្ងៃ​ទី​ ១៣ ​កញ្ញា ​មាន​តែ​សកម្ម​ជន ​៤ ​រូប​ប៉ុណ្ណោះ ​ដែល​បាន​ចូល​រួម​ស្ដាប់​សាល​​ដីកា​​​​​។

​យ៉ាង​ណាក្ដី​ អ្នក​នាំ​ពាក្យ​អគ្គ​នាយក​ដ្ឋាន​ពន្ធ​នាគា​រ​នៃ​ក្រសួង​មហា​ផ្ទៃ​លោក នុត សវ​នា ធ្លាប់​បាន​ថ្លែង​បក​ស្រាយ​ចំពោះការ​ចោទ​ប្រកាន់ ​ជុំវិញ​ការ​ប្រើ​ប្រាស់​ហិង្សា​លើ​សកម្ម​ជន​នយោបា​យ​ជាប់ឃុំ​​នៅ​ត្រពាំង​ផ្លុ​ង​។ លោក​ថា រឿង​ហេតុ​កន្លង​មក​ ផ្ដើម​ចេញ​ជម្លោះ​រវាង​អ្នក​ទោស ​និង​អ្នក​ទោស​ ពោល​គឺ​មិន​មែន​ជា​ការ​ចាត់​តាំង​ឡើយ​។

​យ៉ាង​ណា​មិញ​ ក្រុមគ្រួ​សារ​សកម្ម​ជន​ជាប់​ឃុំ​ ចាត់​ទុក​ការឃុំ​ខ្លួន​ប្ដី ឬ​ឪពុក​ពួក​គេថា ​ជា​រឿង​នយោ​បាយ​សុទ្ធ​សាធ​។

​លោក ​សុខ ឥសាន អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​បែប​នេះ​ដោយ​លោក​ថ្លែង​ដូច្នេះ​ថា៖ «​គ្មាន​ចរចា​ឱ្យ​មាន​ការ​ដោះ​លែង​ទេ​ ធ្វើបែ​បនេះ​រំលោភ​ច្បាប់ បើ​តុលា​ការ​កាត់​ទោស​ជា​រឿង​ច្បាប់​។ អ៊ីចឹង​រក​មេធាវី​ពូកែៗ​មក​តតាំង​ក្ដី​ជា​មួយ​តុលា​ការ​ ហើយ​គាត់​ចេះតែ​ស្រែក​ថា​ជា​រឿង​នយោ​បាយ​ ហើយ​ប្ដី​គាត់​អត់​ខុស ​បើ​អត់​ខុសគេ​ចាប់​ខ្លួន​ធ្វើ​អី​​»។

​ចំណែក​លោក​ ជិន ម៉ា​លីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិ​ធម៌ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ​កា​រសម្រេច​កោ​រសក់​របស់​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ ២ ​នាក់ ​ដែល​ជា​ភរិយា​សកម្ម​ជន​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនា​គារ​ត្រពាំង​ផ្លុង​នេះ ​គឺ​សិទ្ធិ និ​ង​សេរីភាព​របស់​ពួក​គាត់​ និង​ជា​សារ​នយោ​បាយ​ប៉ុណ្ណោះ ​ប៉ុន្តែ​វា​មិន​មែន​មធ្យោ​បាយ​តាម​ផ្លូវ​ច្បាប់​ក្នុង​ការ​ការ​ពារ​ជន​ជាប់​ចោទ​នោះ​ទេ​។​

​លោក​បន្ត​ថា ៖«​សកម្ម​ភាព​នេះ ​គ្មាន​ឥទ្ធិ​ពល​ដល់​ការ​សម្រេច​របស់​តុលា​ការ​នោះ​ទេ ហើយ​យើង​សុំ​ស្នើឱ្យ​មាន​ការ​ចូលរួ​ម​ក្នុង​ដំណើ​ការ​នីតិ​វិធី និង​ការ​ការពារ​ខ្លួន​តាម​ផ្លូវ​ច្បាប់ ​និង​បង្ហាញ​ទឡ្ហី​ករ​ណ៍ និង​អំណះ​អំណាង​តាម​ផ្លូវ​ច្បាប់​ក្នុងការ​ដោះ​បន្ទុក​ គឺជា​មធ្យោ​បាយ​តែ​មួយ​គត់​ក្នុង​ការ​ជួយ​ដល់​ជន​ជាប់​ចោទ​»​។​

​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ១៣​ ខែកញ្ញា​ ​បាន​បើក​សវនា​ការ​លើ​បណ្ដឹង​ឧទ្ធរណ៍​របស់​មេធាវី​ការ​ពារ​ក្ដី​ឱ្យ​សកម្ម​ជន​បក្ស​សង្គ្រោះ​ជាតិ ​បន្ទាប់​ពី​ពួក​គេ​មិន​សុខ​ចិត្ត​នឹង​សេចក្ដី​សម្រេច​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ដែល​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនា​គារ​ជាប់​ពន្ធ​នា​គារ ​៥ ​ឆ្នាំ និង​អនុ​វត្ត​ទោស​ក្នុង​ពន្ធនា​គារ​ចំនួន​៣​ឆ្នាំ​ ៨ ​ខែ​។​

សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃទី​ ១៧ ​ខែមីនា ​ឆ្នាំ​ ២០២២​ បាន​ផ្ដន្ទា​ទោស​ថ្នាក់​ដឹក​នាំ​និង​សកម្ម​ជន​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ ២១​​ នាក់​ ឱ្យ​ជាប់​ពន្ធនាគា​រចន្លោះ ៥​ ដល់ ១០ ​ឆ្នាំ ពាក់​ព័ន្ធ​គម្រោង​ចូល​ស្រុក​របស់​លោក​ សម រង្ស៊ី កាល​ពី​ថ្ងៃទី ​៩ ខែ​វិច្ឆិកា ​ឆ្នាំ​ ២០១៩​។​

​ក្នុង​ចំណោម​មនុស្ស ​២១ ​នាក់ ​មាន ​៧ ​នាក់​ ត្រូវ​បាន​តុលា​ការ​សម្រេច​ផ្ដន្ទា​ទោស​ចំនួន​ ១០ ​ឆ្នាំ ក្រោម​បទចោទ​ប្រកាន់ «​ញុះ​ញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ ​ញុះ​ញង់​ឱ្យ​យោ​ធិន​មិន​ស្ដាប់​បញ្ជា ​និង​រួម​គំនិត​ក្បត់​»​។​ ចំណែក​ ១២​នាក់​ និង​អតីត​មន្ត្រី​ក្រសួង​មហាផ្ទៃ​ម្នាក់​ដាក់​ពន្ធនាគា​រ​ម្នាក់ៗ ៥ ​ឆ្នាំ ក្រោម​បទ «​រួម​គំនិត​ក្បត់ ​និង​ញុះ​ញង់​បង្កឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិ​សុខ​សង្គម​» ប៉ុន្តែ​អនុវត្ត​ទោស​ក្នុង​ពន្ធ​នាគារ​ចំនួន ​៣ ឆ្នាំ​ ៨ ​ខែ​៕