ភ្នំពេញៈ អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​ កិច្ចការ​ប្រកួតប្រជែង ​និង​បង្ក្រាប​ការក្លែងបន្លំ ​(កបប) ​បង្កើន​ការចុះ​ត្រួតពិនិត្យ​នៅតាម​ទីផ្សារ ​និង​ទីតាំង​អាជីវកម្ម​ម្ហូបអាហារ​នៅ​ទូទាំង​ប្រទេស ​ដើម្បី​ធានា​សុវត្ថិភាព​ចំណីអាហារ​ក្នុង​ឱកាស​បុណ្យ​កាន់​បិណ្ឌ ​និង​ភ្ជុំបិណ្ឌ ​បន្ទាប់ពី​រយៈពេល​ ៨ ខែ​កន្លងមក​នេះ ​មន្ត្រី​ស៊ើបអង្កេត​បាន​បង្ក្រាប ​និង​ដកហូត​ទំនិញ​មិន​អនុ លោម​តាមច្បាប់​ជាង ​៣ ០០០ តោន។

​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​ ក.ប.ប. ​ដែល​ ភ្នំពេញ ​ប៉ុស្តិ៍ ​ទទួលបាន​ នៅ​ថ្ងៃទី ១៣ ​កញ្ញា ​ឱ្យដឹង​ថា​ ក្នុង​រយៈ​ពេល​ ៨ ខែ ​ឆ្នាំ ២០២២ ​នេះ ​មន្ត្រី​ស៊ើបអង្កេត​របស់​អគ្គនាយក​ដ្ឋាន ​ក.ប.ប. ​បាន​បង្ក្រាប​ទំនិញ​ខូច​គុណ​ភាព​ គ្មាន​ស្លាក​សញ្ញា​ ឬ​ស្លាក​សញ្ញា​មិន​អនុលោម​តាម​បញ្ញត្តិ ​មាន​សារធាតុគីមី​ហាមឃាត់ ​ឬ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ជាង ​១៩ តោន​ យក​មក​កម្ទេច​ចោល។

បើ​តាម​របាយការណ៍​ដដែល​ ក្នុង​រយៈពេល​ ៨ ខែ​ មន្ត្រី​បាន​ចុះបង្ក្រាប​ទំនិញ​ពាក់ព័ន្ធ​នឹង​ការបំពាន​ម៉ាក​ ចំនួន​ ១១៦ លើក​ ដោយ​បាន​ឃាត់ទុក​បណ្តោះអាសន្ន​ទំនិញ​ប្រមាណ​៣ ២៧២ តោន ​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត ​ខណៈ​បទល្មើស​ពាក់ព័ន្ធ​នឹង​ទំនិញ​ក្លែងក្លាយ ​មន្ត្រី​បានធ្វើការ​ពិន័យ​អន្តរការណ៍ ​ទៅតាម​នីតិវិធី​ជា​ធរមាន ​ដោយ​មិនទាន់​មាន​ករណី​បណ្តឹង​ទៅ​តុលាការ​នៅ​ឡើយ។

របាយ​ការណ៍​របស់​អគ្គ​នាយកដ្ឋាន​ ក.ប.ប.​ បញ្ជាក់ថា​៖ «រហូតមក​ដល់ពេល​នេះ ​ទំនិញ​ក្លែងក្លាយ​នៅតែ​មាន​ចរាចរ​ណ៍​លើ​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា​នៅឡើយ ​ដោយយោង​លើ​កត្តា​ច្បាប់​ និង​ការអនុវត្ត​ច្បាប់​នៅ​ប្រទេស​កម្ពុជា ​ ទើបតែ​ចាប់ផ្តើម​ក្នុង​រយៈពេល​ខ្លី ​បើ​ប្រៀបធៀប​ជាមួយ​បណ្តា​ប្រទេស​នៅលើ​ពិភពលោក»។

របាយ​ការណ៍បន្តថា​៖ «ការយល់ដឹង​ពាក់ព័ន្ធ​នឹង​ទំនិញ ​និង​សិទ្ធិអំណាច​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍ ​ដែល​ប្រជាពលរដ្ឋ​ដែលជា​អ្នកប្រើប្រាស់​ទទួលបាន​នៅមាន​កម្រិត។ ប្រជាពលរដ្ឋ​នៃ​ប្រទេស​កម្ពុជា​មាន​កម្រិត​ជីវភាព​ក្រីក្រ ​ងាយស្រួល​នឹង​ទទួល​ការបោក​បញ្ឆោត​របស់​អាជីវករ​ខិលខូច​មួយ​ចំនួន»។

ដើម្បី​កាត់បន្ថយ​បាន​នូវ​ការចរាចរទំនិញ​ក្លែងក្លាយ ​រំលោភ​កម្មសិទ្ធិ​បញ្ញា ​អគ្គនាយកដ្ឋាន ​ក.ប.ប. ​បានដាក់​ចេញ​នូវ​ផែនការ​សកម្មភាព​របស់​ខ្លួន ​បង្កើន​សកម្មភាព​ត្រួតពិនិត្យ ​ស៊ើបអង្កេត​តាម​បណ្តា​ផ្សារ ​ឃ្លាំង​ស្តុក ​និង​ទីតាំង​ផ្សេងទៀត​ និង​អនុវត្ត​វិធានការ​ច្បាប់​យ៉ាង​តឹងរ៉ឹង​បំផុត​ចំពោះ​បុគ្គល​ប្រព្រឹត្ត​ល្មើស។ ជាមួយគ្នា​នោះ ​នឹង​អនុវត្ត​ការងារ​ផ្សព្វផ្សាយ​ការយល់ដឹង​អំពី​ច្បាប់​ដល់​ប្រជាពលរដ្ឋ​ដែលជា​អ្នកប្រើប្រាស់ ​ផលិតករ ​អាជីវករ ​តាម​គ្រប់​មធ្យោបាយ។

លោក​ ផាន អូន ​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន ​កបប​ ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១៣​ កញ្ញា​ថា ​មន្ត្រី ​កបប ​រាជធានី​-ខេត្ត ​បាន​បង្កើន​ការចុះ​ត្រួតពិនិត្យ​ទំនិញ​គ្រប់​ប្រភេទ ​ដែល​ដាក់លក់​នៅតាម​ទីផ្សារ ​និង​ទីតាំង​អាជីវកម្ម​ម្ហូបអាហារ​នៅ​គោលដៅ​ផ្សេងៗ​គ្នា។ ការបង្កើន​ការចុះ​ត្រួតពិនិត្យ​នេះ​ ដើម្បី​ធានា​ការពារ​នូវ​ការចរាចរ​លក់​​ទំនិញ​ដែល​មិនមាន​អនុលោមភាព​ ជា​ទំនិញ​ដែល​ខូចគុណភាព ​និង​ហួស​កាលបរិច្ឆេទ ​ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់ ​ក៏ដូចជា​ការពារ​សិទ្ធិ​របស់​អ្នកប្រើប្រាស់​ផង​ដែរ។

លោក​បញ្ជាក់ថា​៖ «យើង​បង្កើន​ការចុះ​មើល​តាម​បណ្តា​ស្តង់​លក់​គ្រឿង​សមុទ្រ ​កន្លែង​លក់​បន្លែ​ផ្លែឈើ ​ហើយ​និង​ទ័យ្យ​ទាន​នៅ​កន្លែង​អ្នក​ដែល​លក់​តាម​បណ្តា​ផ្ទះ ​និង​តាម​បណ្តា​ទីផ្សារ​ សម្រាប់​ប្រគេន​ដល់​ព្រះសង្ឃ។ យើង​ត្រួតពិនិត្យ​នេះ​ ដើម្បី​ធានា​ឱ្យបាន​ថា ​គាត់​មិន​ឆ្លៀត​ឱកាស​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ ដើម្បី​ដាក់​របស់​ដែល​ខូចគុណភាព​ ឬ​អត់​គុណភាព​ ឬ​ហួស​កាលបរិច្ឆេទ​ការប្រើប្រាស់​ សម្រាប់​ព្រះសង្ឃ ​ដែល​ទាំងនេះ​ ជាបច្ច័យ​មិនល្អ​របស់​បងប្អូន​យើង​អ្នក​រកស៊ី»។

លោក ​ផាន អូន ​បង្ហាញ​ក្តីសង្ឃឹម​ថា ​អ្នក​ប្រកប​របរ​រកស៊ី ​ឬ​ធុរកិច្ចជន​ទាំងឡាយ ​នឹងមិន​ធ្វើអំពើ​ណាមួយ​ដែល​មិន​សុចរិត​ក្នុង​ឱកាស​ពិធី​បុណ្យជាតិ​នោះ​ទេ។ លោក​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ ក្នុង​ការប្រើប្រាស់​ ឬ​មាន​​ការសង្ស័យ​អាច​ដាក់​ពាក្យបណ្ដឹង​មកកាន់​អគ្គនាយកដ្ឋាន ​ក.ប.ប. ​ដើម្បី​រួមគ្នា​ទប់ស្កាត់​ឱ្យបាន​ទាន់ពេល​វេលា ​និង​ធានាបាន​សុវត្ថិភាព​អ្នក​បរិភោគ។

ជាមួយ​គ្នានេះ ​ក្រសួង​ទេសចរណ៍ ​ក៏​បានចេញ​សេចក្តីណែនាំ​ស្តីពី​ការរៀបចំ​គ្រប់គ្រង​ក្នុង​ចរន្ត​ភ្ញៀវទេសចរ ​និង​ការ​ពង្រឹង​គុណភាព​ផលិតផល​ទេសចរណ៍​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ ដែល​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី ២៤-២៦ ​ខែកញ្ញា​។

ក្រសួង​ទេសចរណ៍ ​ណែនាំ​ដល់​មន្ទីរ​ទេសចរណ៍​ទូទាំង​រាជធានី-​ខេត្ត ​ត្រូវ​បន្ត​ជំរុញ​ការអនុវត្ត​ឱ្យបាន​យ៉ាង​ខ្ជាប់ខ្ជួន ​និង​ម៉ឺងម៉ាត់​នូវ​វិធានការ​ទាំងឡាយ ​ដែល​បាន​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល ​ក្នុង​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវីដ ១៩​ ព្រមទាំង​ពង្រឹង​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ ​និង​នីតិវិធី​ស្តង់ដា​ ប្រតិបត្តិ​អប្បបរមា ​(SOP) ​តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​ផង​ដែរ។

ក្រសួង​បញ្ជាក់ថា​៖ «ណែនាំ​ទៅដល់​មន្ទីរ​ទេសចរណ៍​ទូទាំង​រាជធានី​-ខេត្ត ​ត្រូវ​បន្ត​ជំរុញ​ឱ្យ​ម្ចាស់​អាជីវកម្ម ​និង​គោល​ដៅ​ទេសចរណ៍​នានា ​រៀបចំ​ឱ្យមាន​កម្មវិធី​លើកទឹក​ចិត្ត​ចំពោះ​ភ្ញៀវទេសចរ​ ដែល​បាន​ចាក់​វ៉ាក់​សាំង ​ខណៈ​ដែល​បុគ្គលិក​បម្រើការ​ទាំងអស់ ​ត្រូវ​ទទួល​បាន​ការចាក់​វ៉ាក់​សាំង​តាម​ការកំណត់​របស់​ក្រសួង​សុខាភិបាល»។

ក្រៅពី​នេះ ​ក្រសួង​ទេសចរណ៍ ​ក៏បាន​ណែនាំ​ឱ្យ​អាជ្ញាធរ ​ក្រោម​ចំណុះ​ក្រសួង ​ត្រូវ​សហការ​ជាមួយ​អាជីវករ ​និង​ប្រតិបត្តិ​ករ​ទេសចរណ៍ ​ក្នុង​ការពង្រឹង​គុណភាព​ផលិតផល​ទេសចរណ៍ ​ថែរក្សា​បរិស្ថាន ​អនាម័យ ​រក្សាតម្លៃ​ផលិតផល ​និង​សេវា​ឱ្យ​បាន​សមរម្យ។ ត្រូវ​ណែនាំ​ម្ចាស់​ទូកដ​ កាណូត​ទេសចរណ៍ ​និង​មធ្យោបាយ​ដឹកជញ្ជូន​ទេសចរណ៍​តាម​ផ្លូវទឹក​នានា​ ដែល​ធ្វើ​អាជីវកម្ម​ដឹក​ភ្ញៀវ​ទេសចរ​កាត់​សមុទ្រ ​ទន្លេ ​ស្ទឹង ​និង​បឹង ​មិន​ឱ្យ​ផ្ទុក​លើស​ចំណុះ​ និង​ត្រូវ​បំពាក់​សម្ភារ​សង្គ្រោះ​ចាំ​បាច់​នានា។

ក្រសួង​ទេសចរណ៍​បញ្ជាក់​ថា​៖ «រាល់​តម្លៃ​ស្នាក់នៅ ​ម្ហូបអាហារ ​និង​សេវា​ផ្សេងៗ​ត្រូវ​សរសេរ​ឱ្យ​បាន​ច្បាស់​ដាក់​ក្នុង​តារាង​ ដើម្បី​ជម្រាប​ជូន​ភ្ញៀវ​ឱ្យ​បាន​ដឹង​ជាមុន ​ចៀសវាង​ការកំណត់​ថ្លៃ​ខ្ពស់​ហួស​ហេតុ។ ករណី​មិន​អនុវត្ត​តាម​តារាង​ដែលបាន​បិទផ្សាយ ​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម ​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន»៕