
មន្ត្រីផ្ដល់ប្រាក់ឧបត្ថម្ភដល់និវត្តន៍ជននៅខេត្តស្វារៀង កាលពីខែសីហា ឆ្នាំនេះ។ រូបថត SAF
ភ្នំពេញៈ លោក សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជាតិជំនួយសង្គមថ្លែងថា និវត្តន៍ជនពិតជាបានរួមចំណែកក្នុងការកសាងប្រទេសជាតិឱ្យរីកចម្រើន និងសន្តិភាពរហូតមកទល់ថ្ងៃនេះ ហេតុនេះពួកគាត់គួរតែទទួលបានការយកចិត្តទុកដាក់ពីសង្គមជាតិវិញឱ្យបានសមរម្យ។
លោក សំហេង បុរស បានលើកឡើងបែបនេះ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «នីតិវិធីផ្តល់តាវកាលិកកម្មវិធីជំនួយសង្គម និងរបបឧបត្ថម្ភគោលនយោបាយសម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន» ដែលធ្វើឡើងនៅសាលប្រជុំធំទីស្តីការរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្ងៃទី ១២ ខែកញ្ញា ដោយមានអ្នកចូលរួមសរុប ជាង ១១០ នាក់។
លោកថ្លែងថា៖ «និវត្តន៍ជនរបស់យើងពិតជាបានរួមចំណែក្នុងការកសាងប្រទេសជាតិបានរីកចម្រើន និងសុខសន្តិភាពរហូតដូចសព្វថ្ងៃនេះ ដូចនេះពួកគាត់គួរតែត្រូវបានយកចិត្តទុកដាក់ ទោះក្នុងតម្លៃណាក៏ដោយ»។
លោកបានឱ្យដឹងថា មន្ត្រីរាជការស៊ីវិលគិតត្រឹមអាយុ ៦០ ឆ្នាំ នឹងត្រូវដល់អាយុចូលនិវត្តន៍។ដោយឡែកកងកម្លាំងប្រដាប់អាវុធទាំងខាងក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ នឹងត្រូវដល់អាយុចូលនិវត្តន៍ទៅតាមប្រភេទឋានន្តរស័ក្តិតែមិនលើសអាយុ ៦០ ឆ្នាំទេ។
បើតាមលោក សំហេង បុរស ក្នុងពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹត្យលេខ ១៦២ អនក្រ.បក ចុះថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២២ ស្តីពីការបន្ថែមរបបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជន និងឧបត្ថម្ភអ្នកបម្រើជូនជនពិការ និងជនបាត់បង់សមត្ថភាពការងារថ្នាក់ទី១ ដែលការបន្ថែមនេះបែងចែកជា ២ ។
ទី១ កម្រិតរបបសន្តិសុខសង្គមដែលត្រូវបន្ថែមសម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន៖ ក្នុងនោះកម្រិត១របបសន្តិសុខសង្គមសរុបប្រចាំខែបច្ចុប្បន្នទាបជាងឬស្មើ ៦៧០ ០០០ រៀល ត្រូវបន្ថែមឱ្យដល់ត្រឹម ៦៩០ ០០០ រៀល ក្នុង ១ ខែ។ កម្រិត ២ របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នក្នុងចន្លោះចាប់ពី ៦៧០ ០០១ រៀលដល់ត្រឹម ៨០០ ០០០ រៀល ត្រូវផ្តល់ជូនបន្ថែមចំនួន ២០ ០០០ រៀល ក្នុង ១ ខែ។
ចំណែកកម្រិត ៣ របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នក្នុងចន្លោះចាប់ពី ៨០០ ០០១ រៀលដល់ត្រឹម ៨១០ ០០០ រៀល ត្រូវបន្ថែមឱ្យដល់ចំនួន ៨២០ ០០០ រៀល ក្នុង ១ ខែ និង កម្រិត ៤ របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នក្នុងចន្លោះចាប់ពី ៨១០ ០០១ រៀល ឡើងទៅ ត្រូវផ្តល់ជូនបន្ថែមចំនួន ១០ ០០០ រៀល ក្នុង ១ ខែ ។
ដោយឡែកការបន្ថែមទី២ ឧបត្ថម្ភចំពោះជនពិការនិងជនបាត់បង់សមត្ថភាពការងារថ្នាក់ទី១ ជាអតីតយុទ្ធជនដែលបានធ្វើសមារណកម្មមុនឆ្នាំ ២០១៥ ត្រូវបន្ថែមរបបឧបត្ថម្ភជូនអ្នកបម្រើក្នុង ១ នាក់ ២០០ ០០០ រៀល ក្នុង ១ ខែ។
លោក សំហេង បុរស បានលើកឡើងផងដែរថា វគ្គបណ្តុះបណ្តាលនេះ ជាវគ្គបណ្តុះបណ្តាលផ្ទៃក្នុងដែលមានគោលបំណងលើកកម្ពស់ការយល់ដឹងពីកម្មវិធីនានា ដែលក្រុមការងារអតីតនាយកដ្ឋានសុខុមាលភាពសង្គម បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល ប.ជ.ស. និងបេឡាជាតិអតីតយុទ្ធជន ប.ជ.អ. បាននិងកំពុងអនុវត្ត ដូចនេះបន្ទាប់ពីចប់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងទទួលបាននូវចំណេះដឹងគ្រប់ផ្នែកទាំងអស់។
លោកថ្លែងថា៖ «ខ្ញុំសូមសម្តែងនូវការកោតសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាពេលកន្លងទៅ។ ការរួមចំណែករបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារទាំងអស់ ពិតជាបានធ្វើឱ្យកម្មវិធីនានាសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ»។
លោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមូលនិធិជាតិជំនួយសង្គមថ្លែងថា គោលដៅសំខាន់ នៃការច្របាច់បញ្ចូលគ្នានូវស្ថាប័នចំនួន ៣ បង្កើតបានជាមូលនិធិជាតិ ជំនួយសង្គម គឺសំដៅបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាជូនក្រុមជនគោលដៅជាពិសេសនិវត្តន៍ជន ២ ប្រភេទ គឺអតីតយុទ្ធជននិងអតីតមន្ត្រីរាជការស៊ីវិលក៏ដូចជា ជនរងគ្រោះនិងងាយរងគ្រោះផ្សេងទៀត។ នេះជាភាពចាំបាច់ក្នុងការពង្រឹងសមត្ថភាពមន្ត្រីមូលនិធិជាតិជំនួយសង្គមឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត៕