ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​(គជប )​ ប្រកាស​ជ្រើសរើស​សមាសភាព​ក្រុម​ចុះឈ្មោះ​បោះឆ្នោត ​(កចប) ​ចំនួន​ ៣ ៣០៤ ​នាក់​ ជាម​ន្ត្រី​ជាប់​កិច្ចសន្យា​រយៈពេល​ខ្លី ​ដើម្បី​បម្រើ​ការងារ​នៅតាម​ឃុំ​-សង្កាត់ ​ចំណុះ​រាជធានី​-ខេត្ត ​ដោយ​ក្នុង​ ១ ​ឃុំ​-សង្កាត់​ ត្រូវ​ជ្រើសរើស​ចំនួន ​២ រូប​ ជា​ប្រធាន​ក្រុម​ចុះឈ្មោះ​បោះឆ្នោត ​និង​សមាជិក​ក្រុម​ចុះឈ្មោះ​បោះឆ្នោត ​ជា​ការីកុំព្យូទ័រ។​

សេចក្តី​ជូនដំណឹង​របស់ ​គជប ​ចុះហត្ថលេខា ​ដោយ​ប្រធាន ​គជប ​លោក ​ប្រាជ្ញ ចន្ទ ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី ១៣ ​ខែកញ្ញា ​បញ្ជាក់ថា​ សាធារណជន​ដែលមាន​បំណង​ដាក់ពាក្យ​សុំចូល​បម្រើការងារ​តាម​មុខតំណែង ​ខាងលើ ​អាចទាក់ទង ​ទទួល ​និង​ដាក់ពាក្យ​ចូល​បម្រើ​ការងារ​នៅ​រៀងរាល់​ម៉ោង​ធ្វើការ​នៅតាម​សាលាឃុំ​-សង្កាត់ ​ឬ​/និង ​ទីសាធារណៈ​ក្នុង​ឃុំ​-សង្កាត់ ​ដែល​កំណត់​ដោយ ​លេខាធិការដ្ឋាន​រាជធានី​-ខេត្ត​រៀបចំ​ការបោះឆ្នោត​(លធ.ខប) ​ពាក់ព័ន្ធ​។​

បើតាម​សេចក្តី​ជូនដំណឹង​នេះ ​ការចាប់ផ្តើម​ចែក​ពាក្យ ​និង​ទទួល​ពាក្យ ​នៅ​ថ្ងៃទី ១៧ ​ដល់​ថ្ងៃ​ទី ២៣​ ខែកញ្ញា ​ឆ្នាំ​ ២០២២​។ ដោយឡែក​ការបិទ​ផ្សាយ​បញ្ជី​ឈ្មោះ​បេក្ខជន ​ដែល​ត្រូវ​ប្រឡង ​QCM និង​ធ្វើតេស្ត​កុំព្យូទ័រ ​នៅ​ថ្ងៃទី ២៨ ​ខែកញ្ញា ​ឆ្នាំ​ ២០២២​ នៅតាម​សាលាឃុំ​-សង្កាត់ ​ចំណុះឱ្យ​រាជធានី​-ខេត្ត​។ ជាមួយគ្នា​នេះ ​ការប្រឡង ​QCM ​និង​ធ្វើតេស្ត​កុំព្យូទ័រ ​នៅ​ថ្ងៃទី ៣០​ ខែកញ្ញា ​ឆ្នាំ​ ២០២២ ​ធ្វើ​នៅតាម​មណ្ឌល​ប្រមូល​ផ្តុំ ​ក្រុង​ ស្រុក ​និង​ខណ្ឌ​។​

លោក​ សោម សូរីដា ​អ្នក​នាំ​ពាក្យ​ គជប ​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​នៅ​ថ្ងៃ​ទី ១៣​ ខែកញ្ញា​ថា ​ការជ្រើសរើស​មន្ត្រី​ជាប់​កិច្ចសន្យា​ជាង​ ៣ ៣០០​ នាក់​នេះ​ សម្រាប់​បម្រើឱ្យ​ការពិនិត្យ​បញ្ជី​ឈ្មោះ ​និង​ចុះឈ្មោះ​បោះឆ្នោត​ក្នុង​ឃុំ​-សង្កាត់​ចំនួន​ ១ ៦៥២ ​នៅ​ទូទាំង​ប្រទេស ​ដែល​ឃុំ​-សង្កាត់​នីមួយៗ​ជ្រើសរើស​មន្ត្រី​ចំនួន​ ២ រូប​។ ការជ្រើសរើស​នេះ ​ក៏​ដើម្បី​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ ​និង​ចុះឈ្មោះ​បោះឆ្នោត ​ឆ្នាំ​ ២០២២ ​សម្រាប់​រៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី ​សម្រាប់​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ​នីតិកាល​ទី៧ ​ដែល​នឹង​ប្រព្រឹត្តទៅ​ នៅ​ថ្ងៃទី​ ២៣​ ខែកក្កដា ​ឆ្នាំ ២០២៣។

លោក​ថ្លែងថា​៖« ក្រុមមន្ត្រី​ចុះឈ្មោះ​បោះ​ឆ្នោ​នេះ ​មាន​ភារកិច្ច​នៅក្នុង​ការពិនិត្យ​បញ្ជី ​និង​ចុះឈ្មោះ​បោះឆ្នោត ​ឆ្នាំ​ ២០២២ ​ហើយ​តាម​កម្មវិធី​ការងារ ​ក្រុម​ចុះឈ្មោះ​បោះឆ្នោត​នេះ​ នឹង​អនុវត្ត​កិច្ចការ​របស់​ខ្លូន ​ចាប់ពី​ថ្ងៃទី​ ២០​ ខែតុលា ​រហូតដល់​ថ្ងៃទី ​៨​ ខែធ្នូ ​ឆ្នាំ​ ២០២២​ គឺមាន​ពេល ៥០ ​ថ្ងៃ​»។​

បើ​តាមលោក​ សោម សូរីដា ​ក្នុងអំឡុង​ខាងលើ​នេះ ​ប្រជាពលរដ្ឋ ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ​ត្រូវ​ទៅពិនិត្យ​មើល​ឈ្មោះ​របស់​ខ្លួន ​ក្នុង​បញ្ជី​បោះឆ្នោត​ចុងក្រោយ ​ដែល​មាន​បិទ​ផ្សាយ​នៅ​សាលាឃុំ​-សង្កាត់ ​ឬ​នៅ​ទីប្រជុំជន​ក្នុង​ឃុំ​-សង្កាត់​នោះ ​ដើម្បីឱ្យ​ប្រាកដថា ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ពិតប្រាកដ ​រួមទាំង​ទិន្នន័យ​ត្រូវបាន​កត់ត្រា​ត្រឹមត្រូវ​។ ចំណែក​ប្រជាពលរដ្ឋ ​ដែលមាន​អាយុ​ ១៨ ​ឆ្នាំ ​ដល់​ថ្ងៃ​បោះឆ្នោត ​អ្នក​មិន​ធ្លាប់​ចុះឈ្មោះ ​និង​អ្នក​ផ្លាស់​លំនៅ ​ចូលទៅ​ក្នុង​ឃុំ​-សង្កាត់​ថ្មី ​ គឺ​អាច​ចុះឈ្មោះ​ក្នុងអំឡុង​ពេល​នេះ ។

លោក​ ឈីម ចាន់​ធឿន ​ប្រធាន​លេខាធិការដ្ឋាន​ខេត្ត​កំពង់ចាម ​ប្រាប់​ភ្នំពេញ​នៅ​ថ្ងៃទី ​១៣​ ខែកញ្ញាថា ​ខេត្តកំពង់ចាម ​ដូច​បណ្តា​រាជធានី​-ខេត្ត​ផ្សេង​ទៀត​ដែរ ​បាន​បិទ​ផ្សាយ​សេចក្តីណែនាំ​របស់​ គជប ​នៅតាម​សាលាឃុំ​-សង្កាត់ ​សាលាក្រុង​-ស្រុក ​ទីប្រជុំជន ​ផ្សព្វផ្សាយ​តាម​វិទ្យុ ​និង​ផ្សព្វផ្សាយ​នៅតាម​ផេច​ផ្លូវការ ​របស់​លេខាធិការដ្ឋាន​ខេត្ត ​ដើម្បីឱ្យ​សាធារណជន​ទទួលបាន​ព័ត៌មាន។

លោក​បន្តថា ​កិច្ចការ​នេះ ​លេខាធិការដ្ឋាន​ខេត្ត​បាននិង​កំពុង​ចាប់ផ្តើម​ផ្សព្វផ្សាយ ​និង​ចែក​ពាក្យ​ជា​បណ្តើរៗ​ទៅកាន់​អ្នក ដែល​មាន​បំណង​បម្រើ​ការងារ​ជាមួយ ​គជប​។ នៅពេល​ដែល​ពួកគាត់​ដាក់ពាក្យ​មក ​នឹង​អនុវត្ត​ទៅតាម​នីតិវិធី​របស់​ គជប ​គឺ​ជម្រុះ​អ្នក​មិនមាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់ ​ទុក​តែម​នុស្ស​ចំនួន ២ ​រូប ​ដែលមាន​សមត្ថភាព​គ្រប់គ្រាន់​ប៉ុណ្ណោះ ​តាមរយៈ​ការធ្វើ​តេស្ត​។​

លោក​ថ្លែងថា​៖ «សម្រាប់​ខេត្ត​កំពង់ចាមមាន ​១០៩ ​ឃុំ​-សង្កាត់ ​ យើង​រើស​៣​នាក់ ​នៅ​ក្នុង​ ១ ​ឃុំ​-សង្កាត់​នីមួយៗ ​ប៉ុន្តែ​អនុប្រធាន​ត្រូវ​តែងតាំង​ ស្មៀន​ឃុំ​-សង្កាត់​។ ដូច្នេះការជ្រើសរើស​ ២១៨ នាក់ ​សម្រាប់​ប្រធាន ​និង​ការី​កុំព្យូទ័រ ​ប៉ុណ្ណោះ»៕