កំពង់ឆ្នាំងៈអ្នក​ជំនាញ​ផ្នែក​កសិ​កម្ម លោក សួង ណយ បាន​ណែនាំ​កសិករ​ឱ្យ​ងាក​ទៅ​ប្រើប្រាស់​ប្រព័ន្ធ​សូឡាក្នុង​ការបូម​ទឹក​ដាក់​ស្រែ​ចម្ការ ជំនួស​ឱ្យការ​ប្រើម៉ា​ស៊ីន​ក្នុង​ការ​បូម​ទឹក។ ការណែ​នាំនេះ​ធ្វើឡើង​ក្រោយ​ពីអ្នក​ជំនាញ​រូប​នេះ បាន​ឆ្លង​កាត់​ការ​អនុវត្ត​លើ​ចម្ការ​របស់​ខ្លួន​ផ្ទាល់ និង​បាន​ឃើញ​ពី​ផល​ចំណេញ​ជាក់​ស្ដែង​។

ជាមួយ​នឹង​បទ​ពិសោធ​ជាង ​១០ ឆ្នាំ នៅក្នុង​វិស័យ​កសិក​ម្ម លោក សួង ណយ បាន​ឱ្យដឹង​ថា មួយ​ផ្នែក​ដែល​ចំណេញ​ជាង​គេ​​ពីការ​ប្រើប្រាស់​សូឡាគឺ​វាមាន​រយៈ​ពេល​កំណត់​នៃ​ការ​ប្រើប្រាស់​រហូត​ទៅដល់ ​២០ ​ឆ្នាំ។ នៅក្នុង​ចន្លោះ​ ២​០ ឆ្នាំ​ នៃការ​ប្រើប្រាស់​នេះទៀត​សោត គឺអស់​ថ្លៃ​ចំណាយ​ទាប​បំផុត បើធៀប​ទៅនឹង​ការ​ប្រើប្រាស់​​ម៉ាស៊ីន​បូម​ទឹក​ ដែល​ត្រូវ​ចំណាយ​លើប្រេង​សាំង​ជាប្រ​ចាំ​។

លោក សួង ណយ បាន​មាន​ប្រសាសន៍​ថា៖ «ថ្វីដ្បិត​តែ បង​ប្អូន​កសិករ​ត្រូវ​ចំណាយ​ច្រើនបន្តិច​នៅក្នុង​ដំណាក់​កាល​ដំបូងតែ​បន្ទាប់​ពី​ដំឡើង​សូឡារួច​ហើយ បង​ប្អូន​នឹង​ទទួល​បាន​ផល​ចំណេញ​មក​វិញ​»។

ស្រដៀង​គ្នា​នេះ កសិករ​ម្នាក់​ឈ្មោះ ឌួង អឿន ដែល​មាន​ដីចម្ការ ២​០ ហិក​តា នៅក្នុង​ស្រុក​ទឹក​ផុស ខេត្ត​កំពង់​ឆ្នាំង បាន​រៀបរាប់​ពីអ្វីដែ​ល​លោក​សង្កេត​ឃើញ​ថា ខ្លួន​លោក​ទើបតែ​ទិញ​ដី និង​ជ្រើស​រើសដាំដំណាំដូ​ងក្រ​អូប ព្រម​ទាំង​ជ្រើស​រើស​សូឡា​មក​ប្រើ​តែម្ដង​។ មូល​ហេតុ​ដែល​លោក​សម្រេច​ចិត្ត​ចំណាយ​ទុនដំ​ឡើង សូឡាជា​ច្រើន​ផ្ទាំង​នៅ​លើដីចំការ​របស់​លោក ក៏ដោយ​សារ​តែ​លោក​មាន​ប្អូន​ប្រុស​ជាគំរូ​។

ជាគំរូ​ មិន​មែន​ដោយសារ​តែប្អូន​របស់​លោក​ប្រើ​ប្រាស់​សូឡានោះ​ទេ តែ​ដោយ​សារ​ប្អូន​ប្រុសរ​បស់​លោក ប្រើម៉ា​ស៊ីន​សម្រាប់​បូម​ទឹក ហើយ​បាន​ចំណាយ​ប្រាក់​អស់​ជាច្រើន​សម្រាប់​ទិញ​ប្រេង​សាំង​។

លោក​ ឌួង អឿន បាន​រៀបរាប់​ថា៖ «ខ្ញុំ​ឃើញ​ប្អូន​ខ្ញុំគាត់​ចំណាយ​លុយ​ទិញ​ប្រេង​សាំងជា​រៀង​រាល់​ថ្ងៃ ត្រូវនឹ​ងប៉ុន្មាន​ខែ​មុន​សាំង​ក៏ឡើង​ថ្លៃទៅ​ទៀត។ ក្រោយ​មក ខ្ញុំក៏​បាន​សិក្សារ​កវិធី​ផ្សេង​ក្រៅ​ពីប្រើប្រេង​សាំង ក៏ឃើញ​ថា គេធ្វើ​បាន​ជោគ​ជ័យ​ពិត​មែន ទៅ​លើការ​ប្រើសូ​ឡា ហើ​យពេល​នេះ មិន​ត្រឹម​តែខ្ញុំដែល​ប្រើ សូម្បីប្អូន​ខ្ញុំក៏ចាប់​ផ្ដើម​ដំឡើង​សូឡាដែ​រ»។

លោក ឌួង អឿន ក៏បាន​បញ្ជាក់​ផង​ដែរ​ថា លោកបា​នចំណាយ​ប្រាក់​ដើម្បីដំឡើង​សូឡានៅ​លើដី​ចម្ការ​របស់​លោក​អស់​ប្រមាណ​ជាង​ ៩ ពាន់​ដុល្លារ​ឯណោះ ក៏ប៉ុន្តែលោក​ថា លោក​មិន​មា​នអ្វី​ត្រូវចាយ​បន្ទាប់​ពីនោះទៀត​ទេ។ សំខាន់​បំផុត​គឺ លោក​បាន​ធូរ​ចិត្ត​ច្រើន ដោយ​សារ​ទំហំ​ទឹក​ដែលបូម​បាន​គឺគ្រប់​គ្រាន់​សម្រាប់​តម្រូវ​ការ​ដាំដុះ និង​ថែទាំដំ​ណាំរបស់​លោក​។

មួយផ្នែក​ទៀត លោក​ក៏បាន​ចំណេញ​ទៅលើកម្លាំង​ពល​កម្ម ព្រោះការ​ប្រើសូ​ឡានេះ​ មិន​ត្រូវ​ការមនុស្ស​នៅចាំ​មើល ឬ​ចាំចាក់​សាំង​ឡើយ ពោល​គឺកម្លាំង​ទាំង​ប៉ុន្មាន ​ត្រូវ​បាន​ប្រើប្រាស់​ទៅលើការ​មើល​ថែដំ​ណាំ ដូង​ក្រអូប​របស់​លោកសុ​ទ្ធសាធ​តែម្ដង​។

កសិករ​ដាំដូង​ក្រអូប​រូប​នេះ ដាក់ការ​រំពឹង​ខ្ពស់​ទៅលើ​ផល​ដំណាំ ​របស់​លោក ក្រោយ​ការដំ​ឡើង​ផ្ទាំង​សូឡា​រួច ព្រម​ទាំង​ណែនាំ​បន្ត​ទៅកសិករ​ផ្សេង​ទៀត ឱ្យ​ពិចា​រណា មក​ប្រើសូឡា​វិញ​ម្ដង ​ដើម្បី​ផល​ចំណេញ​រយៈ​ពេល​វែង៕