ភ្នំពេញៈ គិត​មកដល់​ពេល​នេះ ក្រសួង​មហាផ្ទៃ​បាន​ទទួល​បណ្តឹង​ និង​ការរាយការណ៍​ពាក់ព័ន្ធ​បញ្ហា​ជួញដូរ​មនុស្ស​សរុប​ចំនួន​ ១៨៦ ​ករណី​។ នេះ​បើតាម​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការប្រយុទ្ធ​ប្រឆាំង​គ្រប់​ទម្រង់​នៃ​អំពើ​ជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម និង​អាជីវកម្ម​ផ្លូវភេទ​នៅ​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​ ១២ ខែកញ្ញា ឆ្នាំ​ ២០២២​។

នៅក្នុង​កិច្ចប្រជុំ​ទាក់ទិន​នឹង​បញ្ហា​ទប់ស្កាត់​បទល្មើស​ជួញដូរ​មនុស្ស​នេះដែរ លោក ស ខេង បាន​សង្កត់ធ្ងន់​ទៅលើ​ករណី​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា ដែល​កើតមាន​ជាពិសេស​ក្នុង​ខេត្ត​ព្រះសីហនុ​ដូច្នេះ​ថា​៖ «​កិច្ចប្រជុំ​នា​ថ្ងៃនេះ​ជា​ផ្នែក​មួយ​នៃ​ការជួយ​គាំទ្រ​បន្ថែមទៀត​ដល់​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ក្នុង​ខេត្ត​ព្រះសីហនុ​ដែល​មាន​ការប្រឈម​ទៅនឹង​បទល្មើស​ប្រភេទ​នេះ​»​។

គួរ​បញ្ជាក់ថា កន្លងមក ករណី​ជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម បាន​កើតមាន​ច្រើនជាងគេ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ ដែល​លោក ស ខេង បាន​ឆ្លើយតប​ទៅកាន់​អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​លោក​ វីទិត ម៉ុនតាប៊ន (Vitit Muntarbhorn) ថា បទល្មើស​ជួញដូរ​មនុស្ស​កើត​មាន​ច្រើន​ដោយសារ​ឧក្រិដ្ឋ​ជនបរទេស​យក​ទឹកដី​កម្ពុជា ជា​កន្លែង​ដើម្បី​ធ្វើការ​ឆបោក​ប្រព្រឹត្ត​អំពើ​ជួញដូរ​មនុស្ស​នេះ ជាពិសេស​ក្នុង​ខេត្ត​ព្រះសីហនុ​ផ្ទាល់​។

លោក អំ សំអាត នាយករង​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​អង្គការ​លីកាដូ​បាន​សម្ដែង​ក្ដី​ព្រួយបារម្ភ​ចំពោះ​ស្ថានភាព​ជួញដូរ​មនុស្ស​គ្រប់​ទម្រង់​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន​ ទោះបីជា​កន្លងមក រដ្ឋាភិបាល​បានដាក់​ចេញ​នូវ​វិធានការ​ទប់ស្កាត់​ និង​ប្រឆាំង​លើ​បទល្មើស​មួយ​នេះ​រួចហើយ​ក៏ដោយ​ ជាពិសេស​ករណី​ដែល​បង្កឡើង​ដោយ​ឧក្រិដ្ឋ​ជនបរទេស​លើ​ទឹកដី​កម្ពុជា ដែលជា​ហេតុ​បណ្ដាល​ឱ្យ​ប្រទេស​ផ្សេងៗ​អំពាវនាវ​ដល់​ប្រជាជន​ខ្លួន​ប្រុងប្រយ័ត្ន​ពី​ករណី​ឆបោក និង​ជួញដូរ​មនុស្ស​ពី​កម្ពុជា​។

នារយៈពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​ការបរទេស​បាន​បដិសេធ​ពី​ការលើកឡើង​នៃ​របាយការណ៍​នានា ចំពោះ​ស្ថានភាព​នៃ​អំពើ​ជួញដូរ​មនុស្ស និង​ឆបោក​នៅ​កម្ពុជា​ថា មាន​សភាព​ធ្ងន់ធ្ងរ​។

លោក ​អំ សំអាត បន្ថែមថា​៖ «​យើង​មើលឃើញ​ថា នាពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​ពិតជា​កំពុង​បង្កើន​យន្តការ និង​វិធានការ​ទប់ស្កាត់​បញ្ហា​ជួញដូរ​មនុស្ស​នេះ​ពិតមែន ប៉ុន្តែ​អ្វី​ជា​កត្តា​សំខាន់​នោះ​គឺ​ការតាំង​ចិត្ត និង​ការប្តេជ្ញាចិត្ត​អនុវត្ត​ជាក់ស្ដែង​»​។

មន្ត្រី​ជាន់ខ្ពស់​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ​រូបនេះ​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ពង្រឹង​ស្មារតី​លើ​ការអនុវត្ត​ច្បាប់​បន្ថែម លើ​ច្បាប់​ និង​យន្តការ​ដែល​មាន​ស្រាប់ និង​ជាពិសេស​ត្រូវ​ហ៊ាន​វែកមុខ​អ្នក​ជាប់​ពាក់ព័ន្ធ បើទោះបី​ពួកគេ​ជា​ជន​មាន​អំណាច​ក្តី​។ លោក​ថា ធ្វើ​នេះ គឺ​ដើម្បី​ឱ្យ​កម្ពុជា​វិល​មកជា​ទី​សុខ​សុវត្ថិភាព និង​ដើម្បី​មុខមាត់​ប្រទេស​ជាតិ​ដែល​បាន​បាត់បង់​ ដោយសារ​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​ និង​បទឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស​នេះ​។

គួររំឭកថា កាលពី​ថ្ងៃទី​ ២០ ខែកក្កដា ឆ្នាំ​ ២០២២ ក្រសួង​ការបទេស​អាមេរិក​បាន​ដាក់​កម្ពុជា​ក្នុង​បញ្ជីខ្មៅ​របស់​ខ្លួន​លើ​ផ្នែក​ជួញដូរ​មនុស្ស​នេះ ដោយ​សហរដ្ឋអាមេរិក​អះអាង​ថា ការជួញដូរ​ជនបរទេស​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​កំពុង​មាន​ការកើនឡើង​ជា​លំដាប់​។

កាលពី​ថ្ងៃទី​ ២៣ ខែកក្កដា ឆ្នាំ​ ២០២២ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ​បាន​បង្ហាញ​ពី​ការតាំង​ចិត្ត​ ដើម្បី​បន្ត​ស្វែងរក​មូលហេតុ​នៅ​ពីក្រោយ​បញ្ហា​ជួញដូរ​មនុស្ស និង​ការចាត់​ថ្នាក់​កម្ពុជា ក្នុង​បញ្ជីខ្មៅ​របស់​សហរដ្ឋអាមេរិក​ដូចនេះ ដើម្បី​ធ្វើ​ការកែលម្អ​ចំណុច​សេសសល់ ដោយ​បារម្ភ​ថា ចំណាត់ថ្នាក់​នេះ​អាច​ធ្វើឱ្យ​កម្ពុជា​រង​នូវ​ការដាក់​ទណ្ឌកម្ម​ និង​មានកេរ្តិ៍ឈ្មោះ​មិនល្អ​ផងដែរ​៕