ភ្នំពេញៈ រាជរដ្ឋាភិបាល​សម្រេច​ផ្តល់ប្រាក់​ឧបត្ថម្ភ​ចំនួន ​៥​ ម៉ឺន​រៀល​ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ជូន​ដល់​មន្ត្រីរាជការ​ស៊ីវិល មន្ត្រី​ជាប់​កិច្ចសន្យា និវត្តជន​គ្រប់មុខ​សញ្ញា និង​មន្ត្រី​កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ខណៈ​ពិធីបុណ្យ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​ ៣ ​ថ្ងៃ​ពីថ្ងៃ​ទី​ ២៤ ដល់​ថ្ងៃទី​ ២៦ កញ្ញា ឆ្នាំនេះ​។

យោងតាម​សេចក្តី​សម្រេច​ចុះហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​​ត្រូវបាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​ ១៣ ខែកញ្ញា បាន​ឱ្យ​ដឹងថា ការបើក​ផ្តល់ប្រាក់​ឧបត្ថម្ភ​ខាងលើ​ត្រូវ​បាន​អនុវត្ត​ឱ្យបាន​មុន​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​។ ជាមួយ​គ្នានេះ ប្រាក់ឧបត្ថម្ភ​នេះ​ក៏​នឹងត្រូវ​ផ្តល់ជូន​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ផងដែរ​។

លោក​ ផៃ ស៊ីផាន អ្នកនាំពាក្យ​​រាជរដ្ឋាភិបាល​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​១៣ ខែកញ្ញា ថា ការផ្តល់​ប្រាក់​ឧបត្ថម្ភ​នេះ​គឺជា​ទំនៀមទម្លាប់​មួយ​ សម្រាប់​ឱកាស​ពិធី​បុណ្យជាតិ​សំខាន់​ទៅតាម​លទ្ធភាព​ដែល​រាជរដ្ឋាភិបាល​បាន​សន្សំសំចៃ​ ដើម្បី​ចែករំលែក​ដល់​មន្ត្រីរាជការ​គ្រប់​ប្រភេទ​។

លោក​បន្តថា ការផ្តល់​ប្រាក់​ឧបត្ថម្ភ​ចំនួន ៥ ​ម៉ឺន​រៀល​នេះ​មិនជា​ច្រើន​ទេ ប៉ុន្តែ​បើ​ធៀប​ជាមួយ​នឹង​ការចំណាយ​ថវិកា​របស់​រាជរដ្ឋាភិបាល​គឺមាន​ចំនួន​ច្រើន​ និង​បង្ហាញ​ពី​ព្រហ្មវិហារធម៌​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។

លោក​ថ្លែងថា​៖ «​ប្រាប់​ឧបត្ថម្ភ​នេះ​​នឹងត្រូវ​បាន​ផ្តល់​ទៅឱ្យ​មន្ត្រី​ទាំងអស់​ដែល​ស្ថិតក្រោម​ការគ្រប់គ្រង និង​ទទួលបាន​ប្រាក់បៀវត្សរ៍​ពី​រាជរដ្ឋាភិបាល​»​។

លោក យក់ ប៊ុនណា រដ្ឋលេខាធិការ​ក្រសួង​មុខងារ​សាធារណៈ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៣ ខែកញ្ញា​ថា ការផ្តល់​ប្រាក់​ឧបត្ថម្ភ​ទាំង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ និង​ចូល​ឆ្នាំ​នេះ​បាន​ចាប់ផ្តើម​តាំងពី​អាណត្តិ​មុនៗ​ក្នុង​ពិធីបុណ្យ​នីមួយៗ​មាន​ការ​ជួបជុំ​គ្រួសារ​ និង​​កម្មវិធី​ផ្សេងៗ​ដែល​មាន​ការចំណាយ​ច្រើន​ផងដែរ​។

លោក​ថា​៖ «​នេះ​គឺជា​ការលើក​ទឹកចិត្ត​របស់​រាជរដ្ឋាភិបាល ក៏​​ដូចជា សម្តេច​តេជោ ហ៊ុន សែន​។ មិន​ត្រឹមតែ​ផ្តល់ប្រាក់​ឧបត្ថម្ភ​នៅក្នុង​ពិធីបុណ្យ​ជាតិ​តែ​​ប៉ុណ្ណោះ​ទេ យើង​ឃើញ​នៅក្នុង​ស្ថាន​ភាពលំបាក​ក្នុង​ពេល​កើត​កូវីដ​ក៏ដោយ ក៏ប៉ុន្តែ​សម្តេច​នៅ​​តែ​ផ្តល់ប្រាក់​ឧបត្ថម្ភ​»​។

បើតាម លោក យក់ ប៊ុនណា មន្ត្រីរាជការ​ស្ថិតក្នុង​ក្របខ័ណ្ឌ​សរុប​ទាំងអស់​មាន​ប្រមាណ​ជាង​ ៤០ ​ម៉ឺន​នាក់ ដែល​នឹង​ទទួល​បាន​នូវ​ប្រាក់ឧបត្ថម្ភ​នេះ​។

អ្នកគ្រូ ណុប ស្រីហាក់ គ្រូបង្រៀន​សាលាបឋមសិក្សា​ ១ ​ក្នុង​ខេត្ត​​កំពង់ស្ពឺ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា អ្នកគ្រូ​មាន​ក្ដី​រីករាយ​ និង​អរគុណ​រាជរដ្ឋាភិបាល​ចំពោះ​ការផ្តល់ប្រាក់​ឧបត្ថម្ភ​ក្នុង​ពិធីបុណ្យ​ជាតិ​នេះ​។ អ្នកគ្រូ​ថ្លែងថា ទោះបីជា​ប្រាក់​ឧបត្ថម្ភ​នេះ​មាន​ចំនួន​តិចតួច ប៉ុន្តែ​ក៏បាន​ចូលរួម​ការចំណាយ​ផ្សេងៗ​ផងដែរ​៕