ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ជាថ្មី ដោយបដិសេធនៅពីក្រោយព្រឹត្តិការណ៍ដែលរៀបចំដោយលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ និងស្នើឱ្យមេបក្សដែលតាំងខ្លួនជាព្រហ្មរូបនេះចេញមុខបកស្រាយ ដើម្បីកុំឱ្យសាធារណជនបន្តមានការយល់ច្រឡំ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅឋាន ចេញពីតំបន់រមណីយដ្ឋានអង្គរនៅខេត្តសៀមរាប កាលពីថ្ងៃទី ១៣ ខែកញ្ញា លោកនាយករដ្ឋមន្ត្រីថ្លែងថា ក្នុងករណីនេះមានអ្នកចោទថា លោកនៅពីក្រោយព្រឹត្តិការណ៍នេះដើម្បីបន្លប់ព្រឹត្តិការណ៍អ្វីមួយ។ យ៉ាងណាមិញ លោក ហ៊ុន សែន បដិសេធនៅពីក្រោយខ្នងនៃព្រឹត្តិការណ៍នោះ និងបានផ្តាំផ្ញើទៅលោក ខឹម វាសនា គួរចេញមុខបកស្រាយជុំវិញករណីនេះដើម្បីកុំឱ្យមានការភាន់ច្រឡំ។
លោកថា៖ «គេបាននិយាយថា ខ្ញុំជាអ្នកបញ្ជាឱ្យ ខឹម វាសនា ដើម្បីធ្វើរឿងនេះ ដូច្នេះខ្ញុំអំពាវនាវទៅឯកឧត្តម ខឹម វាសនា និងអ្នកគាំទ្រ ឆ្លើយតបត្រឡប់ទៅវិញ ព្រោះគេចោទថា ខ្ញុំជាអ្នកបញ្ជាឱ្យបង្កើតព្រឹត្តិការណ៍នេះដើម្បីបង្វែរពីរឿងនេះរឿងនោះ។ អ៊ីចឹងមានតែឯកឧត្តម ខឹម វាសនាទេ តើឯកឧត្តម សុខចិត្តឱ្យគេចោទឯកឧត្តម ជាអាយ៉ងរបស់ខ្ញុំ អ្នកគាំទ្រឯកឧត្តម ជាអាយ៉ងរបស់ខ្ញុំ ឬក៏ឯកឧត្តម ចេញមុខបដិសេធ»។
ជាមួយគ្នានេះដែរ លោកបានគូសបញ្ជាក់ពីមូលហេតុដែលលោកមិនប្រើកម្លាំងទៅបង្ក្រាបការប្រមូលផ្តុំនោះ ដោយចាត់ទុកថា ព្រោះសុទ្ធតែជាប្រជាពលរដ្ឋស្លូតត្រង់ចាញ់បោក និងជឿអបិយជំនឿខុសរឿង។ បើសិនជារដ្ឋាភិបាលប្រើកម្លាំងបង្ក្រាបទៅការប្រមូលផ្តុំនៅចម្ការនោះនឹងមានមនុស្សស្លាប់ និងរបួសជាច្រើន ប៉ុន្តែករណីនេះមិនមែនជាជម្រើសល្អឡើយ។
លោកថា៖ «ខ្ញុំមិនយកកម្លាំងទៅបង្ក្រាបកម្លាំងដែលគ្រាន់តែមកជឿជំនឿខុសរឿង...បើធ្វើតាមការញុះញង់ ក្រុម ខឹម វាសនា មិនដឹងជារបួស ស្លាប់ អស់ប៉ុន្មាននាក់ទេ ព្រោះត្រឹមដីប៉ុន្មានហិកតាសោះ មានអីពិបាក បើសិនជាប្រើចុងកាំភ្លើង ប៉ុន្តែរឿងនេះមិនមែនជាជម្រើសរបស់ ហ៊ុន សែន ដែលត្រូវប្រើទេ។ ជម្រើស ហ៊ុន សែន ប្រើប្រាស់កម្លាំងប្រដាប់អាវុធ អ្នកណាចង់ផ្តួលរំលំ អ្នកនោះត្រូវទទួលរងនូវការប្រតិកម្មពីកម្លាំងប្រដាប់អាវុធ ព្រោះអ្នកឯងចង់ផ្តួលខ្ញុំ ហេតុអីខ្ញុំទុក វាមិនដែលធ្វើនាយករដ្ឋមន្ត្រីទុកឱ្យគេផ្តួលរំលំទេ»។ លោក ហ៊ុន សែន ក៏អំពាវនាវដល់ប្រជាពលរដ្ឋដែលជឿតាមការឃោសនាបែបអបិយជំនឿនោះ ឈានដល់ការបែកបាក់គ្រួសារ ប្តីប្រពន្ធ បែកបាក់កូន និងម្តាយ ត្រូវមានការយោគយល់គ្នា និងរួមរស់ជាមួយគ្នាសាជាថ្មី។
ភ្នំពេញ ប៉ុស្តិ៍ មិនទាន់អាចសុំការបកស្រាយពីលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងលោក នី ចាន់ពិនិត្យ ដែលជាតំណាងគណបក្សបាននៅឡើយទេ នៅថ្ងៃទី ១៣ ខែកញ្ញា។
នាពិធីនោះ លោក ហ៊ុន សែន បានថ្លែងធ្ងន់ៗថា មិនថានរណាក៏ដោយ ដែលប៉ុនប៉ងរំលាយកម្លាំងអង្គរក្សដែលការពារនាយករដ្ឋមន្ត្រី ត្រូវចាត់ទុកថា ប៉ុនប៉ងធ្វើរដ្ឋប្រហារ ហើយរដ្ឋាភិបាលនឹងប្រតិកម្មវិញដោយវិធានការក្តៅដូចគ្នា។
លោកថា៖ «អ្នកណាក៏ដោយប្រឆាំងទៅនឹងអង្គរក្សការពារនាយករដ្ឋមន្ត្រី គឺអ្នកឯងប៉ុនប៉ងធ្វើរដ្ឋប្រហារ ព្រោះអង្គរក្សត្រូវការពារបើការពារនាយករដ្ឋមន្ត្រីមិនបានប្រទេសនោះគឺច្របូកច្របល់ភ្លាម ប៉ុន្តែអ្នកណាដែលប៉ុនប៉ង រំលាយកម្លាំងអង្គរក្សដែលការពារខ្ញុំ គឺអ្នកនោះប៉ុនប៉ង ធ្វើរដ្ឋប្រហារ ឬប៉ុនប៉ងសម្លាប់ខ្ញុំ»។
ការព្រមានធ្ងន់ៗនេះ បន្ទាប់ពីលោកអះអាងថា ត្រូវបានគេប៉ុនប៉ងធ្វើឃាតជាច្រើនលើកច្រើនសាមកហើយ។ លោកថា៖ «គេប៉ុនប៉ងធ្វើឃាតច្រើនលើកពេកនៅពេលបុណ្យកងទ័ពជើងគោក ខ្ញុំបាននិយាយហើយ ថាខ្ញុំត្រូវគេធ្វើរដ្ឋប្រហារចាប់ឃុំក្នុងផ្ទះម្តង ធ្វើរដ្ឋប្រហារ ៣ ដង និងការប៉ុនប៉ងសម្លាប់ខ្ញុំថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ១៩៩៨ នៅខេត្តសៀមរាប ដូច្នេះបានជាខ្ញុំតាំងចិត្តថា ដរាបណា ហ៊ុន សែន នៅក្នុងតំណែងដរាបនោះមិនអនុញ្ញាតឱ្យនរណាធ្វើរដ្ឋប្រហារដាច់ខាត»។
លោកបញ្ជាក់ថា៖ «កម្លាំងប្រដាប់អាវុធមានសិទ្ធិ ទទួលការពារជាតិ ការពារប្រជាជន ក្នុងនោះមួយចំណែកណាត្រូវទទួលបន្ទុកការពាររាជធានី-ភ្នំពេញការពារក្បាលម៉ាស៊ីនដឹកនាំក្នុងនោះក៏មាននាយករដ្ឋមន្ត្រីដែរ ហើយកម្លាំងនេះមានតែនាយករដ្ឋមន្ត្រី តែ ១ គត់ដែលមានសិទ្ធិបញ្ជា អត់ឱ្យអ្នកណាមានសិទ្ធិបញ្ជាទេ»។
សូមបញ្ជាក់ថា ការប្រមូលផ្តុំនៅចម្ការលោក ខឹម វាសនា បានរំសាយវិញត្រឹមថ្ងៃទី ៥ កញ្ញា៕
វីដេអូ៖