
ទិដ្ឋភាពមើលពីលើនៃតំបន់អភិវឌ្ឍន៍ធម្មជាតិ រុនតាឯក។ រូបថត SPM
សៀមរាបៈ រាជរដ្ឋាភិបាលនឹងកែប្រែតំបន់រុនតាឯកពីជនបទឱ្យទៅជាទីក្រុងមួយ ដែលមានឈ្មោះថា «ក្រុងរុនតាឯក» ព្រមទាំងប្រកាសផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារក្រីក្រដោយផ្តល់បណ្ណក្រីក្រ និងជួយឧបត្ថម្ភស្ត្រីមានផ្ទៃពោះនៅតំបន់នោះដោយចាប់អនុវត្តពីខែតុលាតទៅ។ នេះជាការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក ហ៊ុន សែន បានថ្លែងបែបនេះនៅថ្ងៃទី ១៣ កញ្ញា ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។
លោកបានលើកឡើងពីការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅតំបន់នេះត្រូវមានទឹកស្អាត ផ្លូវ អគ្គិសនី ផ្សារ មណ្ឌលសុខភាព និងសាលារៀន ដែលសាលារៀននោះទៀតសោតលោកបានចាត់ចែងឱ្យមានទាំងថ្នាក់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យផងដែរ។ ជាមួយគ្នានោះដើម្បីសម្រួលដល់ការស្នាក់នៅសម្រាប់គ្រូបង្រៀន លោកក៏បានឱ្យសាងសង់អន្តេវាសិកដ្ឋានចំនួន ១ ខ្នង ២ ជាន់ មាន ២០ បន្ទប់។
លោកមានប្រសាសន៍ថា៖ «តំបន់នេះមានប្រជាជននៅចូលដល់ពាន់គ្រួសារហើយហ្នឹង ជាកូនក្រុងមួយហើយ ឥឡូវបន្តិចទៀតឡើងដល់ ៦ ពាន់គ្រួសារ ហើយនៅតំបន់ជិតខាងហ្នឹងថែមទៀតនោះ ដូច្នេះវាក្លាយទៅជាតំបន់មួយថ្មី ដែលទីក្រុងនេះនឹងរីក»។
បន្ថែមលើនេះលោក ហ៊ុន សែន ក៏បានប្រកាសផ្តល់ការឧបត្ថម្ភដល់ប្រជាពលរដ្ឋ ដែលមកតាំងលំនៅឋានថ្មីនៅរុនតាឯកចំនួន ១ ១១៧ គ្រួសារ រួមមានអង្ករ ៥០ គីឡូក្រាម មី ៦ កេសតូច ត្រីខ ១ កេសធំ ថវិកា ២០ ម៉ឺនរៀល និងឧបត្ថម្ភថវិកាសម្រាប់ការរុះរើផ្ទះ ១ លានរៀល។ លោកក៏ប្រកាសឧបត្ថម្ភស័ង្កសីជូនពលរដ្ឋ ១ គ្រួសារ ៣០ សន្លឹក និងថវិកាសម្រាប់ធ្វើបង្គន់អនាម័យចំនួន ២០ ម៉ឺនរៀល។
ជាមួយគ្នានោះ លោក ហ៊ុន សែន ក៏បានប្រកាសផ្តល់បណ្ណសមធម៌ [បណ្ណក្រីក្រ] និងដល់ស្ត្រីមានផ្ទៃពោះជូនដល់ពលរដ្ឋទាំងអស់ ដែលយល់ព្រមផ្លាស់ប្តូរលំនៅពីតំបន់រមណីយដ្ឋានអង្គរ មកកាន់ភូមិធម្មជាតិរុនតាឯកនេះ។ លោកបានណែនាំឱ្យរដ្ឋមន្ត្រីសង្គមកិច្ច ចាត់ចែងរៀបចំបណ្ណសមធម៌ និងបណ្ណស្ត្រីមានផ្ទៃពោះជូនពលរដ្ឋទាំងអស់ដែលយល់ព្រមផ្លាស់ប្តូរលំនៅពីតំបន់រមណីយដ្ឋានអង្គរ មកកាន់ភូមិធម្មជាតិរុនតាឯកដែលផ្តល់សុពលភាព ១០ ឆ្នាំ។
លោកបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំពុងចិញ្ចឹមប្រជាពលរដ្ឋដែលរងគ្រោះដោយវិបត្តិកូវីដ ៧០ ម៉ឺនគ្រួសារ ស្មើនឹងមនុស្សជិត ៣ លាននាក់ដោយឡែកអ្នកដែលមិនទាន់បានទទួល [អ្នកដែលរើចេញពីតំបន់អង្គ] ត្រូវចាប់ផ្តើមទទួលអាចចន្លោះពីខែតុលាខាងមុខ។
លោកបញ្ជាក់ថា៖ «ចាប់ពីខែ ១០ [តុលា] ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រូវបង្កើនថវិកា ជូនពលរដ្ឋចំនួន ២ ពាន់គ្រួសារ ហើយនិងកើនឡើងបន្តបន្ទាប់ទៀតដល់កម្រិតប្រហែលជា ៦ ពាន់គ្រួសារ។ គ្មានអ្វីដែលត្រូវខ្លាចទេ ព្រោះយើងកំពុងចិញ្ចឹមដល់ទៅជិត ៧០ ម៉ឺនគ្រួសារ រឿងអីទៅខ្លាចថែម ៦ ពាន់គ្រួសារ»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលម្សិលមិញ។ រូប SPM
ចំណែកស្ត្រីមានផ្ទៃពោះគឺត្រូវជួយឧបត្ថម្ភចាប់តាំងពីមានផ្ទៃពោះ ជាបន្តបន្ទាប់រហូតដល់កូនមានអាយុ ២ ឆ្នាំ ដើម្បីធានាសុវត្ថិភាពនៃការគាំពារសង្គមជូនប្រជាពលរដ្ឋ ជាពិសេសអ្នកដែលគ្រប់លក្ខខណ្ឌ និងបានមករស់នៅទីតាំងត្រឹមត្រូវនៅតំបន់រុនតាឯក។
លោកថ្លែងថា៖ «ពេលចាប់ផ្តើមមានផ្ទៃពោះភ្លាមមុនឆ្លងទន្លេត្រូវជួយ ៤ ដង បានសេចក្តីថា មុនឆ្លងទន្លេត្រូវពិនិត្យសុខភាព ពិនិត្យផ្ទៃពោះទៅពិនិត្យម្តងបានលុយម្តង ដល់ពេលឆ្លងទន្លេ ត្រូវជួយឧបត្ថម្ភម្តងទៀតអាហ្នឹងត្រូវឧបត្ថម្ភច្រើនបន្តិច ដល់ឆ្លងទន្លេហើយត្រូវឧបត្ថម្ភ ៨ ដងទៀត ទាល់តែកូនអាយុគ្រប់ ២ ឆ្នាំ»។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់តាមហ្វេសប៊ុករបស់លោកនៅយប់ថ្ងៃទី ១២ ខែកញ្ញាថា រាជរដ្ឋាភិបាលកាលពីខែសីហាកន្លងទៅ តាមរយៈគណៈកម្មការអន្តរក្រសួងដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកយុទ្ធនាការទ្រង់ទ្រាយធំ ក្នុងការវាស់វែង កំណត់និយាមកាក្បាលដីក្នុងរមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក៏ដូចជារុះរើសំណង់ខុសច្បាប់ចេញពីតំបន់ទាំងនេះ។
ការបើកយុទ្ធនាការនេះបានធ្វើឡើង បន្ទាប់ពីប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ បានរងការព្រមានពីអង្គការយូណេស្កូ ក្នុងការដកប្រាសាទតំបន់រមណីយដ្ឋានអង្គរចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ព្រោះតែសំណង់ជាច្រើន ត្រូវបានសង់ឡើងនៅតំបន់រមណីយដ្ឋានអង្គរ ផ្ទុយពីលក្ខខណ្ឌកំណត់ដោយអង្គការយូណេស្កូ ក្រោយពេលដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនាថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ១៩៩២។
គិតចាប់ពីថ្ងៃទី ១៨ ខែសីហា ដល់ថ្ងៃទី ១០ ខែកញ្ញា ក្រុមការងារបានបញ្ចប់ការវាស់វែងក្បាលដី និងស្រង់ព័ត៌មានអ្នកកាន់កាប់ដីនៅភូមិគោលដៅទាំង ១១៤ ភូមិ ក្នុងឃុំចំនួន ១៧ សង្កាត់ចំនួន ៧ ក្រុងចំនួន ១ និងស្រុកចំនួន ៤ ដោយវាស់វែងក្បាលដីបានសរុប ៩៣ ៣៥១ ក្បាលដី ទំហំ ១០ ៩៤៥ ហិកតា។ ក្នុងនោះក្បាលដីមានសំណង់ចំនួន ៣៩ ០៤០ ក្បាលដី ក្បាលដីគ្មានសំណង់ចំនួន ៤៧ ៣៤០ ក្បាលដី និងក្បាលដីជាំដីស្រែចម្ការចំនួន ៦ ៩៩១ ក្បាលដី។
លោក ចាន់ ចំរើន មន្ត្រីសមាគមអាដហុកប្រចាំខេត្តសៀមរាបថ្លែងនៅថ្ងៃទី ១៣ ខែកញ្ញាថា ក្នុងនាមអង្គការសង្គមស៊ីវិល លោកគាំទ្រចំពោះការអភិវឌ្ឍ ប៉ុន្តែសូមដោះស្រាយបញ្ហាផលប៉ះពាល់ឱ្យបានចប់សព្វគ្រប់ ដើម្បីឱ្យប្រជាពលរដ្ឋនៅមូលដ្ឋាន និងអ្នកពាក់ព័ន្ធដទៃទៀតទទួលបានផលប្រយោជន៍ស្មើគ្នា បន្ទាប់ពីមានការអភិវឌ្ឍ។
លោកថ្លែងថា៖ «យើងសាទរព្រោះការអភិវឌ្ឍធ្វើឱ្យមានការរីកចម្រើន ប៉ុន្តែរាល់ការអភិវឌ្ឍសូមធ្វើយ៉ាងណាដោះស្រាយបញ្ហាឱ្យអ្នកនៅមូលដ្ឋាន ជាពិសេសដីធ្លីហ្នឹងតែម្តង។ ការអភិវឌ្ឍបើទាក់ទងនឹងដីធ្លីសូមដោះស្រាយដោយសន្តិវិធីមានន័យថា អ្នកនៅមូលដ្ឋានក៏ទទួលបានផល អ្នកផ្សេងខាងក្រៅក៏ទទួលបានផលប្រយោជន៍ទាំងអស់គ្នា បន្ទាប់ពីការអភិវឌ្ឍហ្នឹង»។
លោកបញ្ជាក់ថា ការអភិវឌ្ឍនៅតំបន់រុនតាឯក គឺមានបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋមួយចំនួននៅមិនទាន់បានដោះស្រាយបញ្ចប់នៅឡើយ ហេតុនេះក្នុងនាមសង្គមស៊ីវិល លោកស្នើសុំឱ្យអាជ្ញាធរ ធ្វើការដោះស្រាយបញ្ចប់វិវាទជម្លោះដីធ្លីដែលនៅសេសសល់នោះឱ្យអស់ ដើម្បីធ្វើឱ្យការអភិវឌ្ឍទទួលបានផលទាំងអស់គ្នា៕