ភ្នំពេញៈ កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​ (WFP) ​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា​ (MoEYS) ​កំពុង​ចាប់ផ្ដើម​បើក​យុទ្ធនាការ​ទំនាក់​ទំនង​ ដើម្បី​ផ្លាស់ប្តូរ​ឥរិយាបថ​សង្គម​ទាក់ទង​នឹង​របប​អាហារ​របស់​កុមារ​ក្នុង​វ័យ​សិក្សា ខណៈ​នៅ​កម្ពុជា សិស្ស​សាលា​ទទួលរង​នូវ​បញ្ហា​អាហារូបត្ថម្ភ​ផ្សេងៗ​ដូចជា កង្វះ​មីក្រូ​សារជាតិ​កម្រិត​ខ្ពស់ អត្រា​លើស​ទម្ងន់ ធាត់​ជ្រុល និង​កង្វះ​អាហារូបត្ថម្ភ​យូរអង្វែង​ជាដើម​។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ (WFP) ​ពីថ្ងៃ​ទី​ ១៣ ​ខែ​កញ្ញា​បាន​ឱ្យដឹងថា ផែនការ​យុទ្ធនាការ​លើកកម្ពស់​អាហារូបត្ថម្ភ​ក្នុង​សាលារៀន​នេះ ត្រូវបាន​បង្កើតឡើង​ដោយ​ WFP និង​ MoEYS នៅក្នុង​សិក្ខាសាលា​មួយ​នៅ​ចុង​សប្តាហ៍​មុន​ដែល​មាន​ការចូលរួម​ពី​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ អង្គការ សង្គម​ស៊ីវិល ក្រសួង​សុខាភិបាល និង​ការិយាល័យ​អប់រំ​ខេត្ត​កំពង់ឆ្នាំង កំពង់ធំ និង​សៀមរាប​។

លោកស្រី គ្លែរ កូណាន់ តំណាង​របស់ WFP ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែងថា​ ​មាន​កត្តា​ជាច្រើន​ដែល​រួមចំណែក​ឱ្យ​កុមារ​ក្នុង​វ័យ​សិក្សា​មាន​អាហារូបត្ថម្ភ​មិនល្អ ហើយ​ឥរិយាបថ​របស់​ពួកគេ និង​អ្នក​ថែទាំ​ពួកគេ​គឺជា​កត្តា​កំណត់​មួយ​ក្នុងចំណោម​កត្តា​កំណត់​ទាំងឡាយ​។ ​យុទ្ធនាការ​នេះ​នឹង​ក្លាយជា​ចំណុច​សំខាន់​មួយ​ក្នុងការ​រួមចំណែក​​អភិវឌ្ឍ​សុខភាព​រយៈពេល​វែងរ​បស់​ពួកគាត់​។

លោកស្រី​ថ្លែងថា​៖ «​បន្ថែម​ទៅលើ​ការចូលរួម​ដ៏យូរអង្វែង​កន្លងមក​របស់​យើង​ក្នុង​កម្មវិធី​ផ្ដល់​ស្បៀងអាហារ​តាម​សាលារៀន​ឥឡូវនេះ យើង​កំពុង​សហការ​ជាមួយ​នាយកដ្ឋាន​សុខភាព​សិក្សា​ និង​ដៃគូ​នានា ដើម្បី​បង្កើត​យុទ្ធនាការ​ដែល​លើកទឹកចិត្ត​ឱ្យមាន​ការបង្កើន​ការបរិភោគ​ផ្លែឈើ បន្លែ និង​ប្រូតេអ៊ីន​»​។

«​នៅ​កម្ពុជា សិស្សសាលា​ទទួល​​រង​នូវ​បញ្ហា​អាហារូបត្ថម្ភ​ផ្សេងៗ ដូចជា កង្វះ​មីក្រូ​សារជាតិ​កម្រិត​ខ្ពស់ អត្រា​លើស​ទម្ងន់ និង​ធាត់​ជ្រុល និង​កង្វះ​អាហារូបត្ថម្ភ​យូរអង្វែង​។ ​ការកើនឡើង​យ៉ាង​ឆាប់រហ័ស​នូវ​ប្រជាប្រិយភាព​របស់​អាហារ​កែច្នៃ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​គុណភាព​របប​អាហារ​»​។ នេះ​បើ​​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។

សេចក្ដី​ប្រកាស​បានឱ្យដឹង​ថា របប​អាហារ​ចម្រុះ​នៅតែ​មាន​កម្រិត​ទាប​។ ការទទួលទាន​បាយ សាច់ និង​ត្រី មាន​បរិមាណ​ខ្ពស់ ចំណែក​ការទទួល​ទាន​ផ្លែឈើ បន្លែ និង​ប្រភេទ​ប្រូតេអ៊ីន​ផ្សេង​ដូចជា ទឹកដោះគោ ឬ​ស៊ុត នៅមាន​កម្រិត​ទាប​ខ្លាំង​ជាង​គោលការណ៍​អន្តរជាតិ​។

លោក ​ឆាយ គឹមសុធាវី ប្រធាន​នាយកដ្ឋាន​សុខភាព​សិក្សា​នៃ​​ក្រសួង​អប់រំ​ថ្លែង​ថា​៖ «​ករណីនេះ គឺជា​ក្ដីបារម្ភ​យ៉ាងខ្លាំង ពីព្រោះ​ទោះបី​ជា​មាន​វឌ្ឍនភាព​ខ្លះៗ​ក្នុង​ការកាត់បន្ថយ​អត្រា​នៃ​ភាពស្គមស្គាំង ក្រិស ក្រិន និង​ខ្វះ​ទម្ងន់​ក៏ដោយ កង្វះ​អាហារូបត្ថម្ភ​នៅតែ​ជា​បញ្ហា​ដែល​កំពុង​បន្ត​កើតមាន​នៅក្នុង​កម្រិត​គ្រួសារ​»​។

លោក​បានឱ្យ​ដឹងថា WFP ​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​បាននិង​កំពុង​ផ្តល់​ស្បៀងអាហារ​តាម​សាលារៀន​ដល់​សិស្ស​​បឋមសិក្សា និង​មត្តេយ្យ​សិក្សា​តាំងពី​ឆ្នាំ​ ១៩៩៩ ដោយ​បាន​រួមចំណែក​លើកកម្ពស់​លទ្ធ​ផល​ផ្នែក​អាហារូបត្ថម្ភ ក៏ដូចជា វត្តមាន​ការ​ផ្តោតអារម្មណ៍​នឹង​ការរៀនសូត្រ​របស់​សិស្ស​។

លោក​បន្តថា ទោះជា​យ៉ាងណា ការផ្ដល់​ស្បៀងអាហារ​តាម​សាលារៀន​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​នំចំណី​ដែល​មិនល្អ​ប៉ុណ្ណោះ​។ ដូច្នេះ​សាលារៀន​នៅតែ​ជា​វេទិកា​មួយ​ដែល​ផ្ដល់​លទ្ធភាព និង​ឱកាស​ក្នុង​ការលើក​កម្ពស់​របប​អាហារ​របស់​កុមារ​ឱ្យ​កាន់តែ​ទូលំទូលាយ​។

យុទ្ធនាការ​នេះ​នឹង​ជួយ​ជំរុញ​ដល់​គោលដៅ​របស់​គោលនយោបាយ​ជាតិ​ស្តីពី​សុខភាព​សិក្សា​ឆ្នាំ​ ២០១៩ ផែនការ​សកម្មភាព​ជាតិ​ស្តីពី​សុខភាព​ក្នុង​វ័យ​សិក្សា និង​គោលការណ៍​ណែនាំ​ស្ដីអំពី​បទដ្ឋាន​លើកកម្ពស់​សុខភាព​សិក្សា ដែល​ទាំងអស់​នេះ​មាន​រួមបញ្ចូល​នូវ​អាទិភាព​ជា​យុទ្ធសាស្ត្រ​ សម្រាប់​លើកកម្ពស់​ការកែលម្អ​ឥរិយាបថ​ទទួលទាន​អាហារ និង​ឥរិយាបថ​សុខភាព​របស់​សិស្សសាលា និង​អាណាព្យាបាល​។ ​នេះ​បើតាម​ការបញ្ជាក់​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​៕