ភ្នំពេញៈ លោក​ ហេង សំរិន ប្រធាន​រដ្ឋ​សភា​កម្ពុជា បាន​ស្នើ​ដល់​រដ្ឋ​សភា​វៀត​ណាម ជួយ​ជំរុ​ញ​ការ​ចែក​រំលែក និង​ផ្លាស់​ប្តូរ​បទ​ពិសោធ​​ទាក់​ទង​នឹង​បច្ចេក​វិទ្យា​កសិកម្ម​ជា​មួយ​កម្ពុជា ដើម្បី​បង្កើន​ផលិត​កម្ម​ស្បៀង​នៅតំប​ន់​មេគង្គ ប្រែក្លាយ​ជាជង្រុក​សន្តិសុខ​ស្បៀង​តំបន់ និង​ពិភព​លោក។

លោក ហេង សំរិន បាន​លើក​ឡើង​យ៉ាង​ដូច្នេះ នៅថ្ងៃ​ទី ១២ ខែ​កញ្ញា ឆ្នាំ ២០២២​ នាឱកាស​ដែល​លោក​ដឹក​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​រដ្ឋសភា​ ទៅ​បំពេញ​ទស្សន​កិច្ច​ជាផ្លូវ​ការ និង​មិត្ត​ភាព នៅ​ប្រទេស​វៀត​ណាម។

ក្នុង​ជំនួប​ពិភាក្សា​ទ្វេ​ភាគី​ជាមួយ​តំណាង​រដ្ឋសភា​វៀត​ណាម​លោក ​ហេង សំរិន បាន​ស្នើទៅ​កាន់​ភាគី​វៀត​ណាម​ ឱ្យចូល​រួម​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួយ​កម្ពុជា​លើវិស័យ​កសិកម្ម​តាម​រយៈ​ការ​ចែក​រំលែក និង​ផ្លាស់​ប្តូរ​បទពិសោធ​អំពីបច្ចេក​វិទ្យា​កសិកម្ម ដើម្បី​ផ្លាស់​ប្តូរតំបន់​មេគង្គ​ទៅ​ជាជង្រុក​សន្តិសុខ​ស្បៀង​តំបន់ និង​ពិភព​លោក​។

ក្រៅ​ពីនេះ លោក​ ហេង សំរិន បាន​ស្នើដល់​រដ្ឋ​សភា​វៀត​ណាម​ បន្ត​ជួយ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស ដល់​រដ្ឋ​សភា​កម្ពុជា​បន្ត​ទៀត ព្រម​ទាំង​ថ្លែង​អំណរ​គុណ​ជាថ្មីម្តង​ទៀត ​ចំពោះរដ្ឋាភិបាល​​និង​ប្រជា​ជន​វៀត​ណាម ដែល​បាន​ផ្តល់​ជំនួយ​ឥតសំណង​ក្នុង​ការ​សាង​សង់អ​គារ​រដ្ឋបាល​ថ្មី​សម្រាប់​រដ្ឋ​សភា​កម្ពុជា ​ដែល​មក​ដល់​ពេល​នេះ​ ការសាង​សង់​អគារ​រដ្ឋបាល​ថ្មី​នេះ ​អាច​នឹង​បញ្ចប់​ការ​សាង់សង់​រួច​រាល់​នៅដើម​ឆ្នាំ​ ២០២៤ ខាង​មុខ​។

សូមបញ្ជាក់​ថា លោក ​ហេង សំរិន បាន​ដឹកនាំ​គណៈប្រ​តិភូជាន់​ខ្ពស់​រដ្ឋ​សភា​ ទៅបំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​និង​មិត្ត​ភាព​នៅប្រទេស​វៀត​ណាម​ និង​ឡាវ​ ចាប់​ពីថ្ងៃ​ទី ១២ ដល់ថ្ងៃ​ទី​ ១៦ ខែ​កញ្ញា ឆ្នាំ ២​០២២។

ឆ្លើយ​តប​នឹង​ប្រធា​ន​រដ្ឋសភា​កម្ពុជា សម​ភាគីវៀត​ណាម​ គឺលោក ​វឿន ឌិញ​ហ្វេ (VuongDinh Hue) បាន​សម្តែង​ក្តី​សោមនស្ស​រីក​រាយ​ចំពោះ​ចំណង​មិត្ត​ភាព​ និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​កម្ពុជា-វៀត​ណាម​ មាន​ការ​រីក​ចម្រើន​ ក្នុងឱកាស​ដែល​ប្រទេស​ទំាង ២ ​កំពុង​អបអរ​សាទរ​ខួប​ ៥៥ ​ឆ្នាំ នៃការ​បង្កើត​ចំណង​ទំនាក់​ទំន​ង​មិត្ត​ភាព​រវាង​គ្នា។​

ភាគីទាំង ២ ​បាន​ឯកភាព​គ្នា​បន្ត​ជំរុញ​អនុវត្ត​នូវ​កិច្ច​ព្រម​ព្រៀង ដែល​រដ្ឋសភា​ទាំង ​២​ ប្រទេស​បានឯក​ភាព​គ្នាក​ន្លង​មក និង​ពិនិត្យ​លទ្ធ​ភាព​បន្ថែម ដើម្បី​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិការ​ជាមួយ​គ្នា ក៏ដូច​ជាពិនិត្យ​កែសម្រួល​កិច្ច​ព្រម​ព្រៀង ដែល​មាន​ស្រាប់​ ឱ្យកា​ន់តែមា​ន​ភាព​ឆ្លើយ​តប​ខ្ពស់​ជាង​មុន ទៅ​នឹង​ស្ថាន​ភាព​ជាក់​ស្តែង​៕